យោងតាមសិលាចារឹកប្រាសាទតាព្រហ្ម K.273 នៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នាចុងស.វ.ទី១២ ដើមស.វ.ទី១៣ (គ.ស.១១៨១ – ១២២០) មានមន្ទីរពេទ្យយ៉ាងតិច ១០២ ស្ថិតនៅរាយប៉ាយពាសពេញនគរ។ រាល់មន្ទីរពេទ្យនីមួយៗច្រើនតែស្ថិតនៅទីប្រជុំជន ឬស្ថិតនៅតាមបណ្តោយផ្លូវសំខាន់ៗ ហើយជាទូទៅមន្ទីរមួយត្រូវមានហោរបន់ស្រន់ចំនួន ១ (ប្រាសាទ)។ អគារមន្ទីរពេទ្យនៅសម័យនោះទំនងសាងសង់ឡើងអំពីឈើ រីឯហោរបន់ស្រន់ច្រើនសាងឡើងអំពីថ្មភក់ ឬថ្មបាយក្រៀម។ ដូច្នេះហើយ សព្វថ្ងៃយើងនៅមើលឃើញតែអគារហោរបន់ស្រន់នៃមន្ទីរពេទ្យប៉ុណ្ណោះ។ នៅក្នុងអត្ថបទខ្លីនេះយើងនឹងបង្ហាញអំពីប្រាសាទមួយដែលមានតួនាទីជាហោរបន់ស្រន់នៃមន្ទីរពេទ្យក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដែលមានឈ្មោះថា “ប្រាសាទក្រពុំឈូក ឬប្រាសាទខ្នារ” ដែលស្ថិតនៅឃុំរំដោះ ស្រុករវៀង ខេត្ពព្រះវិហារ។ តើប្រាសាទនេះមានប្រវត្តិ និងលក្ខណៈបែបណាខ្លះ?
ប្រាសាទក្រពុំឈូក ឬប្រាសាទខ្នារ ចាប់ផ្តើមមានការសិក្សាស្រាវជ្រាវដំបូងនៅរវាងចុងស.វ.ទី១៩ ដូចដែលគេឃើញបោះពុម្ពផ្សាយដំបូងក្នុងសៀវភៅរបស់លោក Etienne Aymonier នៅឆ្នាំ១៩០០ (ដើមស.វ.ទី២០)។ ក្នុងពេលនោះ លោកបានហៅប្រាសាទនេះថា “ប្រាសាទខ្នារ” ហើយអត្ថបទទាំងមូលរបស់លោក ពុំបានរំឭកដល់ឈ្មោះ “ក្រពុំឈូក” ឡើយ។ លោកបានរៀបរាប់យ៉ាងសង្ខេបបំផុតអំពីសំណង់នេះ និងប្រាប់ឱ្យដឹងថានៅទីនេះមានសិលាចារឹកមួយផ្ទាំងចារនៅស.វ.ទី១២ នៃមហាសករាជ ចារឹកអក្សរ ៤៨ បន្ទាត់ ប៉ុន្តែជាអកុសលនៅសល់តែអក្សរ ២ ឬ ៣ ប៉ុណ្ណោះដែលនៅមើលយល់ ដោយសារភាពខូចខាតរបស់ថ្ម។ ក្រោយមកបន្តិច នៅក្នុងឆ្នាំ១៩០២ លោក Lunet De Lajonquière បានបោះពុម្ពផ្សាយសៀវភៅបញ្ជីបេតិកភណ្ឌនៅកម្ពុជាដ៏សំខាន់មួយដូចលោក Etienne Aymonier ដែរ ហើយលោកក៏ហៅប្រាសាទនេះថា “ប្រាសាទខ្នារ” ដូចគ្នា។ ដោយសារលោកមានជំនាញស្ថាបត្យកម្ម ការសិក្សារបស់លោកពិតជាបានរៀបរាប់យ៉ាងលម្អិតអំពីរចនាសម្ព័ន្ធនៃសំណង់ប្រាសាទ ដោយបានគូរប្លង់រួម និងបែងចែកប្រាង្គនីមួយៗផ្សេងៗពីគ្នា ដើម្បីងាយស្រួលដល់ការសិក្សា ពោល គឺប្រាង្គសំខាន់នៅកណ្តាលតាងដោយអក្សរ A, ហោរត្រៃ ឬបណ្ណាល័យតាងដោយអក្សរ B, ប្រាង្គច្រកចូលខាងកើតតាងដោយអក្សរ C, កំពែងថ្មបាយក្រៀមតាងដោយអក្សរ E និងស្រះទឹកមួយតាងដោយអក្សរ H។ ជាងនេះទៅទៀត លោកក៏បានរៀបរាប់អំពីសិលាចារឹកដែលរកឃើញនៅទីនោះថែមទៀតផង។
អ្នកស្រាវជ្រាវជាច្រើនសន្និដ្ឋានថា ប្រាសាទក្រពុំឈូក ឬប្រាសាទខ្នារ គឺជាហោរបន់ស្រន់នៃមន្ទីរពេទ្យក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ ដូច្នេះហើយ រចនាសម្ព័ន្ធរបស់ប្រាសាទនេះ គឺមានទម្រង់មិនសូវខុសគ្នាប៉ុន្មានពីប្រាសាទដែលជាហោរបន់ស្រន់ផ្សេងទៀត ដូចគេធ្លាប់រកឃើញឡើយ (រូបលេខ១-២)។ ជាក់ស្តែង នៅប្រាង្គកណ្តាល គឺធ្វើឡើងដោយថ្មបាយក្រៀម ដែលរៀបចំឡើងជាបន្ទប់មានរាងបួនជ្រុងស្មើ ប្រវែង ១,៦០ ម៉ែត្រ និងមានយ៉លយចេញមកក្រៅឆ្ពោះទៅទិសខាងកើត (រូបលេខ៣-៤)។ អ្វីដែលគួរចាប់អារម្មណ៍ គឺប្រាង្គកណ្តាលនេះ គេរៀបចំឡើងដោយមានទ្វារចូលចំនួន ៤ ទិស ពោល គឺពុំមានលម្អជាទ្វារបញ្ឆោតដូចប្រាសាទហោរបន់ស្រន់ផ្សេងទៀតឡើយ (ឧទាហរណ៍ ប្រាសាទព្រះធាតុរកា ខេត្តកំពង់ធំ, ប្រាសាទបឹងស្រែខាងលិច ខេត្តព្រះវិហារ)។ ក្នុងករណីនេះដែរ ប្រាសាទប្រាង្គកណ្តាលដែលមានការរៀបចំជាទ្វារចេញចូល ៤ ទិសបែបនេះ យើងឃើញលេចឡើងដំបូងនៅក្នុងសិល្បៈខ្មែរតាំងពីស.វ.ទី៧ មកម្ល៉េះ ពោល ដូចឃើញមាននៅប្រាង្គកណ្តាលនៃក្រុមប្រាសាទសំបូរ (តំបន់ប្រាសាទសំបូរព្រៃគុក)។ ដោយឡែក ទ្វារចូលទាំងអស់នៃប្រាសាទក្រពុំឈូក ឬប្រាសាទខ្នារដែលកំពុងរៀបរាប់នេះ ពុំមាននៅសេសសល់ជាផ្តែរលម្អទ្វារអ្វីឡើយ។ ប៉ុន្តែ តាមការរៀបរាប់របស់លោក Lunet De Lajonquière គឺមានផ្តែរទ្វារនៅយ៉ខាងក្រៅ (មុខខាងកើត) របស់ប្រាង្គ ហើយផ្តែរនេះទៀតសោតក៏ពុំដឹងគេយកទៅទីណាដែរ។
ក្រៅពីប្រាង្គកណ្តាល អគារមួយទៀតនៅទិសអាគ្នេយ៍ គឺជាសមាសធាតុផ្សំដ៏សំខាន់នៃរចនាសម្ព័ន្ធរបស់ហោរបន់ស្រន់នៃមន្ទីរពេទ្យ។ អគារនេះ អ្នកស្រាវជ្រាវច្រើនហៅថា “ហោរត្រៃ” ឬ “បណ្ណាល័យ” ដែលជាទូទៅច្រើននៅទិសអាគ្នេយ៍នៃប្រាង្គកណ្តាល ហើយជានិច្ចកាលអគារនេះត្រូវបែរមុខបញ្ច្រាសទិសមករកប្រាង្គកណ្តាល ពោល គឺបែរមុខទៅទិសខាងលិច។ អគារហោរត្រៃនេះ ក៏សាងឡើងអំពីថ្មបាយក្រៀមដូចគ្នា មានប្លង់ជារាងបួនជ្រុងទ្រវែង ប៉ុន្តែមានយ៉លយមកខាងមុខដូចគ្នា គ្រាន់តែលយមកខាងលិច (រូបលេខ៥)។ ដោយឡែក កំពែងប្រាសាទក្រពុំឈូក ឬប្រាសាទខ្នារ យើងឃើញសិល្បកររៀបចំឡើងជាថ្មបាយក្រៀមត្រួតលើគ្នាយ៉ាងរឹងមាំ មានកម្ពស់ប្រមាណ ២,៥០ ម៉ែត្រ ហើយមានច្រកចូលតែទិសខាងកើតមួយប៉ុណ្ណោះ (សព្វថ្ងៃបាក់បែកស្ទើរអស់ទៅហើយ) (រូបលេខ៦)។ ច្រកចូលនេះ គឺជាប្រាង្គមួយដែលមានទ្វារចូលសងខាង (កើត-លិច) ដូចយើងឃើញធ្លាប់ឃើញតាំងពីស.វ.ទី៧ មកម្ល៉េះ (រូបលេខ៧)។ បន្ថែមពីនេះ បើពិនិត្យមើលទៅលើស្រះទឹកនៅទិសឦសានវិញ គឺគេបានតម្រៀបជាថ្មបាយក្រៀមថ្នាក់ៗព័ទ្ធជុំវិញ មានលក្ខណៈស្រដៀងស្រះទឹកនៅប្រាសាទជាច្រើនទៀតទូទាំងស្រុកខ្មែរ (រូបលេខ៨)។ ម្ល៉ោះហើយ យោងទៅតាមរចនាសម្ព័ន្ធរបស់ប្រាសាទក្រពុំឈូក ឬប្រាសាទខ្នារ គឺពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញអំពីប្លង់ជាទូទៅនៃសំណង់ហោរបន់ស្រន់យ៉ាងពិតប្រាកដ ពោល គឺ ទី១ មានសំណង់ប្រាង្គកណ្តាលរាងបួនជ្រុង ហើយមានយ៉លយទៅខាងកើត, ទី២ មានសំណង់ហោរត្រៃបែរមុខទៅទិសខាងលិច, ទី៣ មានកំពែងព័ទ្ធជុំវិញនិងមានច្រកចូលនៅទិសខាងកើត និងទី៤ គឺមានស្រះទឹកមួយនៅទិសឦសាន។
ជាទូទៅ រាល់ប្រាសាទដែលជាសំណង់ហោរបន់ស្រន់នៃមន្ទីរពេទ្យ គឺគេតែងតម្កល់សិលាចារឹកមួយផ្ទាំង ដែលច្រើនតែមានអត្ថន័យនៃសំណេរស្ទើរតែដូចគ្នាបេះបិទ ឧទាហរណ៍ សិលាចារឹកប្រាសាទព្រះធាតុរកា សរសេរជាសំស្រ្កឹតស្ទើរតែដូចគ្នាបេះបិទជាមួយសិលាចារឹកប្រាសាទសាយហ្វុង ដ្បិតទីតាំងទាំងពីរ គឺជាហោរបន់ស្រន់នៃមន្ទីរពេទ្យដូចគ្នា។ តាមការរៀបរាប់របស់លោក Lunet De Lajonquière បង្ហាញថា បើទោះបីសិលារឹកនេះរលុបអស់ទៅហើយក្តី តែលោក George Coedès បានកត់សម្គាល់ថា វាចារឡើងជាភាសាសំស្រ្កឹត។ បន្ថែមពីនេះ លោក បានកត់សម្គាល់ថា សិលាចារឹកនេះ ចុះបញ្ជីលេខ K.160 ចារឹកឡើងនៅឆ្នាំ១១០៨ នៃមហាសករាជ ដែលត្រូវនឹងគ្រីស្តសករាជឆ្នាំ១១៨៦ ពោល គឺជាពេលដែលព្រះបាទស្រីជ័យវរ្ម័នទី៧ ទើបឡើងសោយរាជ្យបានចំនួន ៥ វស្សា។ សព្វថ្ងៃ យើងមិនឃើញមានភស្តុតាងបដិមាសាស្រ្តដែលគេតម្កល់នៅប្រាង្គកណ្តាលរបស់ប្រាសាទក្រពុំឈូកឬប្រាសាទខ្នារឡើយ ប៉ុន្តែតាមព័ត៌មានបង្ហាញនៅក្នុងសិលាចារឹកប្រាសាទផ្សេងៗទៀតដែលជាហោរបន់ស្រន់នៃមន្ទីរពេទ្យដូចគ្នានោះ បង្ហាញថា នៅក្នុងប្រាង្គកណ្តាលគឺតម្កល់អាទិទេពនៃព្រះពុទ្ធសាសនាមហាយានចំនួន ៣ អង្គ រួមមាន ព្រះភៃសជ្យគុរុ (ព្រះពុទ្ធគ្រូថ្នាំ) ព្រះសូរ្យ (ព្រះអាទិត្យ) និងព្រះវៃរោចន (ព្រះចន្រ្ទ)។ ព៌តមាននៃសិលាចារឹកព្រះធាតុរកា មន្ទីរពេទ្យទាំងអស់មិនត្រឹមតែជាកន្លែងព្យាបាលរោគប៉ុណ្ណោះទេ ពោល វាជាកន្លែងដែលផ្តល់ជម្រករក និងម្ហូបអាហារដល់ជនដាច់សង្វែងថែមទៀតផង ហើយចំណាយរ៉ាប់រងក្នុងការព្យាបាលជំងឺនាសម័យនោះ គឺជាបន្ទុករបស់រាជការទាំងស្រុង។ ម្យ៉ាងវិញទៀត សិលាចារឹកក៏បង្ហាញថា ព្រះបាទជ័យវរ្ម័នទី៧ យកចិត្តទុកដាក់លើសុខទុក្ខរាស្រ្តយ៉ាងខ្លាំង ដូចដែលស្លោកមួយបានសរសេរថា “ទេហិនាន្ទេហរោគោ ន្មនោ[រោគោរុជត្តរាម៑] រាឞ្ឋ្រទុះខំ ហិ ភត៌្ឫណ ន្ទុះខន្ទុះ[ខន្តុនាត្មនះ]” ប្រែថា “រោគរាងកាយរបស់រាស្រ្ត គឺជារោគផ្លូវចិត្តដែលតែងឈឺចាក់ដោតក្រៃលែង ព្រោះសេចក្តីទុក្ខរាស្រ្ត ដែលមិនមែនជាសេចក្តីទុក្ខរបស់ស្តេច ក៏ជាសេចក្តីទុក្ខរបស់ស្តេចដូចគ្នា”។ បើយោងទៅតាមសិលាចារឹកដដែល មន្ទីរពេទ្យនីមួយៗនៅសម័យអង្គរ អាចមានអ្នកធ្វើការសរុបចំនួន ១០០ នាក់ រួមមាន គ្រូពេទ្យ អ្នកប្រចាំការ គ្រូថ្នាំកាន់ឃ្លាំង អ្នកដាំបាយដាំស្ល អ្នកសំអាត អ្នកបញ្ជូនថ្នាំដល់គ្រូពេទ្យ អ្នកដាំថ្នាំ ។ល។ ចំណែកឯថ្នាំព្យាបាលរោគ គេច្រើនច្នៃចេញពីធម្មជាតិ និងរុក្ខជាតិសំខាន់ៗ ដូចជា ក្រមួនឃ្មុំ ទឹកឃ្មុំ ប្រេង ម្ទេស ហិង្គុ អំបិល ផ្លែក្រវ៉ាន់តូច-ធំ ផ្លែកំញានទឹកត្នោត ផ្កា គ្រាប់ធានី សត្វរបោម ខ្ញីស្ងួត សំបកដំឡូង និងបន្លែងផ្សេង ។ល។
ជារួមមក ប្រាសាទក្រពុំឈូក ឬប្រាសាទខ្នារ ទំនងជាសំណង់ហោរបន់ស្រន់នៃមន្ទីរពេទ្យ ដែលកសាងឡើងនៅក្នុងគ.ស.១១៨៦ ក្នុងរជ្ជកាលព្រះបាទស្រីជ័យវរ្ម័នទី៧។ រចនាសម្ព័ន្ធទាំងមូលរបស់ប្រាសាទ គឺមានទម្រង់ស្រដៀងគ្នាច្រើនជាមួយសំណង់ហោរបន់ស្រន់ផ្សេងទៀតដែលរកឃើញនៅក្នុងតំបន់អង្គរ ខេត្តកំពង់ធំ ខេត្តឧត្តរមានជ័យ និងនៅទឹកដីសៀមបច្ចុប្បន្ន។ សំណង់ហោរបន់ស្រន់នៃមន្ទីរពេទ្យ គឺជាសក្ខីភាពមួយនៃការរីកចម្រើនវិស័យសុខាភិបាលនៅសម័យអង្គរ ក្នុងរជ្ជកាលព្រះបាទស្រីជ័យវរ្ម័នទី៧ ដែលគេបានរួមបញ្ចូលទាំងការព្យាបាលផ្នែកវិទ្យាសាស្រ្ត (ការប្រើប្រាស់ថ្នាំច្នៃចេញពីរុក្ខជាតិ) និងការប្រើប្រាស់ការព្យាបាលតាមបែបជំនឿ ដោយមានសាងជាហោរបន់ស្រន់មួយតម្កល់ទេពនៃព្រះពុទ្ធសាសនាមហាយាន ដើម្បីឱ្យអ្នកជំងឺ អាចចូលបន់ស្រន់ដល់ទេពទាំងនោះបាន។
———————
Prasat Krapum Chhuk
Prasat Krapum Chhuk or Prasat Khnar is an Angkorian laterite temple or ‘chapel’ of one of the 102 hospitals built by King Jayavarman VII throughout the kingdom. This temple housed the God Bhaisajyaguru, Surya, and Vairocana of Mahayana Buddhism. This temple can be distinguished as a chapel of one of the 102 hospitals built by King Jayavarman VII due to the structure of the temple includes, firstly, the central tower is a square structure with a balcony to the east, and secondly, there is a rectangular library building in the southeast and facing to the west, the thirdly has a laterite wall and has an entrance to the east, and the fourthly has a small pond to the northeast (outside the temple walls). The chapel building of the hospital is a testament to the growth of healthcare service in the Angkorian period during the reign of King Jayavarman VII, which included scientific therapies (the use of herbal remedies) and the use of faith therapies with a building of chapel to house the deities of Mahayana Buddhism so that patients can enter to pray to those deities.
អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី