ល្ខោនខោល គឺជាល្ខោនមួយមានអាយុកាលចំណាស់ជាងគេ និងមានការពេញនិយមខ្លាំងក្នុងសង្គមខ្មែរនាសម័យបុរាណ ដោយលំនាំនៃសាច់រឿង គឺដកស្រងចេញពីរឿងរាមកេរី៍្តរបស់ឥណ្ឌាសុទ្ធសាធ។ ជាក់ស្តែងបើយើងសង្កេតមើលនៅតាមប្រាសាទបុរាណនានា (ប្រាសាទអង្គរវត្ត និងប្រាសាទបន្ទាយស្រីជាដើម) និងនៅតាមវត្តបុរាណមួយចំនួនដែលសង់ក្នុងសតវត្សទី១៩ក្នុងស្រុកខ្មែរ (វត្តរាជបូព៌ ថែវព្រះវិហារព្រះកែវមរកតក្នុងព្រះបរមរាជវាំង និងវត្តដំរីសជាដើម) មានបង្ហាញពីឈុតឆាកប្រយុទ្ធគ្នារវាងមនុស្សពាក់មុខស្វា និងយក្ស ជាច្រើនបែបក្នុងរឿងរាមកេរ្តិ៍។
ពាក្យថាខោ ឬល្ខោនខោល ជាពាក្យបង្ហាញពីក្រុមល្ខោនដែលរាំសុទ្ធតែតួអង្គប្រុសក្នុងរឿងរាមកេរិ៍្ត។ អ្នកស្រាវជ្រាវខ្លះយល់ថាល្ខោនខោល ជាប្រភេទល្ខោនសម្តែងដោយមានអ្នកពោលពីដំណើររឿង នៃរឿងរាមកេរ្តិ៍ ហើយប្រហែលជាមានដើមដំណើតតាំងពីសម័យអង្គរមកម្លេះ។ បើពិនិត្យក្នុងសិលាចារឹកK.1229 នៅប្រាសាទត្រពាំងខ្នារខេត្តសៀមរាប ចារិកក្នុងគ្រិស្តសករាជ៩៧៩បានប្រទះឃើញមានប្រើពាក្យថា ខោល ។ មួយវិញទៀត សិលាចារិកK-99 និងK-270 ក្នុងសតវត្សទី១០ មាននិយាយពីទម្រង់ល្ខោនឈ្មោះ ភាណី ដោយពាក្យនេះ សំដៅទៅល្ខោនពោល ឬនិយាយ ហើយអ្នកសម្តែងសុទ្ធតែប្រុសៗ នេះអាចមានន័យថាទម្រង់ល្ខោនភាណី និងទម្រង់ល្ខោនខោល គឺជាទម្រង់ល្ខោនតែមួយ។
លុះមកដល់សតវត្សទី១៩ ទម្រង់ល្ខោនខោលមានច្រើនក្រុម និងសកម្មភាពសម្តែងមានលក្ខណៈខុសប្លែកគ្នាបន្ដិចបន្ដួចទៅតាមតំបន់នីមួយៗ។ ដោយក្រុមទាំងនោះរួមមាន ក្រុមល្ខោនខោល ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តពោធិសាត់ ភ្នំពេញ និងខេត្តកណ្តាល(វត្តស្វាយអណ្តែត)។ តួយ៉ាងក្រុមល្ខោនខោលដែលសម្តែងក្នុងព្រះបរមរាជវាំងដោយគេហៅថា ល្ខោនហ្លួង ឬល្ខោនបុរាណ។
ដោយមិនយូរប៉ុន្មានក្រុមល្ខោនខោលទាំងនោះ បានបាត់បង់នៅសកម្មភាពសម្តែង ដ្បិតអីពេលនោះខ្មែរមានសង្គ្រាមក្នុងស្រុក ពោល គឺក្នុងរបបខ្មែរក្រហម។ ក្រោយមកទៀត យើងឃើញមាននៅសល់តែក្រុមសិល្បៈល្ខោនខោលវត្តស្វាយអណ្តែតខេត្តកណ្តាលដែលបានចាប់ផ្តើមហាត់ និងធ្វើសកម្មភាពសដ្តែងរហូតមកដល់សព្វថ្ងៃ ព្រមទាំងបានក្លាយជាសម្បត្តិបេតិកភណ្ឌអរូបីពិភពលោកក្នុងឆ្នាំ២០១៨ដែលតំណាងឱ្យល្ខោនខោលនានាក្នុងស្រុកខ្មែរទាំងមូល។
ទម្រង់ល្ខោនខោល ជាទម្រង់សិល្បៈល្ខោនរាំមួយបែបដែលមានលក្ខណៈខុសប្លែកពីទម្រង់ល្ខោនដ៏ទៃ ដ្បិតទម្រង់ល្ខោនខោលនេះ គឺតួអង្គទាំងអស់សុទ្ធតែជាមនុស្សប្រុសសម្តែងពាក់មុខខ្មុក (ស្មាច់ធ្វើពីក្រដាស) តំណាងជារូបក្បាលតួអង្គមានដូចជា ព្រះរាម ព្រះលក្ម្សណ៍ យក្ស ស្វា និងឥសីជាដើម។ រីឯកាលវេលាសម្តែងល្ខោន ឃើញមានសម្តែងនៅក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មមហាក្សត្រ ព្រះរាជពិធីបុណ្យតាំងតុ ព្រះរាជពិធីបុណ្យអុំទូក ពិធីចូលឆ្នាំ ថ្មីប្រពៃណីខ្មែរ ពិធីសុំទឹកភ្លៀង និងពិធីបួងសួងផេ្សងៗ ជាដើម។
មកដល់បច្ចុប្បន្នប្រពៃណីនៃការសម្តែងល្ខោនខោល គឺមានការធ្លាក់ចុះប្រជាប្រិយភាពច្រើននៅតាម បណ្តាស្រុកខេត្តនានាក្នុងស្រុកខ្មែរ។ ហើយការធ្លាក់ចុះនេះ ទំនងជាអ្នកសម្តែងពុំមានពេលវេលាគ្រប់គ្រាន់ ឬក៏ អាចមកពីប្រាក់ចំណូលទាបបើធៀបនឹងមុខរបរផេ្សងៗបច្ចុប្បន្ន ដោយភាគច្រើននៃការសម្ដែងល្ខោនគ្រាន់តែជាទស្សនីយភាពតែប៉ុណ្ណោះមិនមែនជាអាជីពទេ និងមួយទៀតអាចពុំសូវមានការគាំទ្រច្រើនពីមហាជនដូចសម័យកាលមុន។ ទោះបីជាការធ្លាក់ចុះនៃការសម្តែងល្ខោនខោលគួរឱ្យកត់សម្គាល់ក៏ពិតមែន តែយើងក៏ឃើញមានសល់នូវសកម្មភាពសម្តែងល្ខោនខោលខ្លះនៅវត្តស្វាយអណ្តែត ដោយបន្តជាហូរហែនៅឡើយរហូតមក ដល់ពេលនេះ និងថែមទាំងល្ខោននេះបានក្លាយជាសម្បត្តិបេតិកភណ្ឌអរូបីពិភពលោកផងដែរ។
អត្ថបទដើម៖ លោក ថាន់ មនោមយិទិ្ធ