ប្រាសាទបាក់រូង

យ៉ាងហោចណាស់មានប្រាសាទបុរាណប្រមាណស្ទើរ ១០០ ទីតាំង នៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប។ ប៉ុន្តែ ប្រសិនបើគិតអំពីប្រាសាទដែលនៅឈរ និងមានរូបរាងល្អ គឺមានមិនច្រើននោះទេ។ នៅក្នុងអត្ថបទនេះ យើងនឹងណែនាំអំពីប្រាសាទមួយដែលមានទីតាំងស្ថិតនៅចម្ងាយ ១ គីឡូម៉ែត្រ ភាគពាយព្យវត្តខ្នារធ្នង់ ក្នុងភូមិគីឡូតាឈឹម ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ពោល គឺ “ប្រាសាទបាក់រូង”។ ប្រាសាទនេះ មានទីតាំងស្របទៅតាមផ្លូវបុរាណដែលចេញពីតំបន់អង្គរ ឆ្ពោះទៅកាន់កំពង់ក្តី ឬផ្លូវបុរាណឆ្ពោះទៅតំបន់ប្រាសាទបាកាណ ឬផ្លូវឆ្ពោះទៅកាន់តំបន់ខាងត្បូង​ប្រទេស។ តើប្រាសាទនេះ​មានប្រវត្តិ និងលក្ខណៈបែបណាខ្លះ?

នៅចុងស.វ.ទី១៩ ដើមស.វ.ទី២០ ក្នុងពេលដែលអ្នកស្រាវជ្រាវជនជាតិបារាំង រួមមានដូចជា​ លោក Etienne Aymonier លោក Lunet De Lajonquière ចុះបញ្ជីបេតិកភណ្ឌនៅទូទាំងប្រទេសកម្ពុជា លោកទាំងពីរមិនបានចុះបញ្ជីប្រាសាទនេះទេ ដែលប្រហែលមកពីទីតាំងប្រាសាទនេះពីមុនមានព្រៃដុះក្រាស់ពេកក៏អាចថាបាន។ ប៉ុន្តែ ប្រាសាទជាច្រើនទៀតដែលនៅមិនឆ្ងាយពីប្រាសាទបាក់រូង លោកទាំងពីរបានចុះបញ្ជីច្រើនណាស់ តួយ៉ាងដូចជា ប្រាសាទស្លាប់ប្តី ប្រាសាទបេង ប្រាសាទជីក្រែង ប្រាសាទប្រាប់ទិស ប្រាសាទពោធិរំចង់ ប្រាសាទត្រាំខ្នារ ប្រាសាទតាម៉េង ។ល។ ក្រោយមក នៅឆ្នាំ១៩៣៩ ទើបមានរបាយការណ៍របស់សាលាបារាំងចុងបូព៌ាប្រទេស បានកត់ត្រាអំពីប្រាសាទបាក់រូង។ ប្រាសាទបាក់រូង កសាងឡើងអំពីឥដ្ឋ បែរមុខទៅទិសខាងកើត កម្ពស់ប្រមាណ ៥,៥ ម៉ែត្រ មានទ្វារចូលនៅទិសខាងកើត និងទ្វារបីទៀតរចនាជាទ្វារបញ្ឆោត តែមិនមានលម្អអ្វីឡើយ។ ប្រាសាទបាក់រូងមានរាងបួនជ្រុងស្មើ ដែលទំហំខាងក្នុងមានប្រវែង ២,៥០ ម៉ែត្រ និងទំហំខាងក្រៅប្រវែង ៥,២០ ម៉ែត្រ ហើយនៅជុំវិញប្រាសាទ ហ៊ុមព័ទ្ធទៅដោយកសិន្ធុដែលមានប្រវែងប្រមាណ ៥០ ម៉ែត្រ គុណនឹង ៥០ ម៉ែត្រ។

អ្វីដែលយើងគួរកត់សម្គាល់ មេទ្វារខាងកើតប្រាសាទបាក់រូង គេយកថ្មភក់មានកម្រាស់យ៉ាងក្រាស់មកច្នៃជាទ្វារ ដែលមើលទៅមានលក្ខណៈប្លែកពីប្រាសាទផ្សេងៗដែលយើងធ្លាប់ឃើញ។ កាលពីរវាងឆ្នាំ២០០៥ ដល់ ២០០៨ នៅច្រកចូលខាងកើត មាននៅសល់ផ្តែរទ្វារ និងសសរពេជ្រចំនួន ២ ដើម (ទ្រពីក្រោមផ្តែរទ្វារ) ប៉ុន្តែ បច្ចុប្បន្ននេះ ផ្តែរទ្វារ និងសសរពេជ្រទាំងពីរដើមនេះ គេបានយកចេញពីប្រាសាទទៅរក្សាទុកនៅទីសុវត្ថិភាពហើយ។ បើយោងទៅតាមរបាយការណ៍របស់សាលាបារាំងចុងបូព៌ាប្រទេស ឆ្នាំ១៩៣៩ (ទំព័រទី៩) និងរូបភាពដែលផ្សាយនៅក្នុងគេហទំព័រ cisark.mcfa.gov.kh ផ្តែរទ្វារប្រាសាទបាក់រូង មានប្រវែង ១,៧៥ ម៉ែត្រ គុណនឹង ០,៦៧ ម៉ែត្រ ដោយមានលក្ខណៈសម្គាល់ដូចជា៖ ផ្នែកខាងលើលម្អជាក្បាច់សន្លឹកឈើតូចៗ ដោយខាងក្នុងសន្លឹកឈើមួយចំនួនមានលម្អដោយរូបទេពប្រណម្យ ហើយក្បាច់បន្ទាត់ធ្នូមានរាងដូចមែកឈើដែលចុងសងខាងមានលម្អ​ដោយក្បាច់ខ្យងហៀនគួចវង់ចូលក្នុង រីឯនៅខាងក្រោម គឺជាក្បាច់ចង្វាយខ្យងហៀន។ ក្នុងនោះ នៅចកណ្តាលផ្តែរ មានចម្លាក់តួអង្គទេវកថាចំនួន ២ អង្គ ដែលមើលទៅហាក់ដូចជាកំពុងប្រយុទ្ធគ្នា។ ដោយឡែក សសរពេជ្ររបស់ប្រាសាទបាក់រូងមានរាងជាប្រាំបីជ្រុងដែលជ្រុងនីមួយៗលម្អ ដោយស្លឹកឈើមួយសន្លឹកអមដោយសន្លឹកឈើពាក់កណ្តាល និងសងខាងវ័ណ្ឌនៃសសរពេជ្ររីកទំហំធំនិងញឹកដែលមើលទៅដូចថ្នាំងដើមអំពៅ។  សព្វថ្ងៃយើងអាចនៅឃើញតែបំណែកសសរពេជ្រមួយចំនួននៅប្រាសាទ ដែលទំនងជាអ្នកស្រុកយកមកពីបុរាណដ្ឋានណាមួយនៅក្បែរប្រាសាទបាក់រូង។ ចំណែក នៅផ្នែកខាងលើច្រកទ្វារខាងកើត និងច្រកទ្វារផ្សេងទៀត គេពុំទាន់បានរៀបចំជាក្បាច់ហោជាងរួចរាល់នៅឡើយទេ ពោល គឺមានតែរូបរាង និងគ្រោងក្បាច់ប៉ុណ្ណោះ។

ក្រៅអំពីវត្ថុធាតុដែលបានរៀបរាប់ខាងលើ តាមរបាយការណ៍របស់សាលាបារាំងចុងបូព៌ាប្រទេស​ នៅប្រាសាទបាក់រូង គេធ្លាប់រកឃើញបដិមាទេពប្រុសមួយអង្គ និងបដិមាគោនន្ទមួយ។ បដិមាទេពប្រុសនោះ គេមិនអាចសន្និដ្ឋានថាជាទេពណាមួយនៃសាសនាបានទេ ដ្បិតមិនមានអ្វីជាលក្ខណៈសម្គាល់ឡើយ។ ទេពប្រុសអង្គនេះ ពាក់ម្កុដរាងថ្នាក់ៗដូចភ្នំ (គិរីម្កុដ) មានព្រះភក្រ្តស្ងួត រូបនឹង គ្មានចលនា ចិញ្ចើមផ្តេកត្រង់រាងស្តួចចុង ច្រមុះធំ ព្រះនេត្រមានគំនូសពីរ បបូរមាត់ក្រាស់ ព្រះកាណ៌វែង ហើយស្លៀកសំពត់ខ្លីមានភ្លី មានជាយធ្លាក់សំយាកលើភ្លៅខាងឆ្វេង និងមានជាយធ្លាក់ចំពីមុខរាងដូចយុថ្កាពីរជាន់ (ខាងក្នុងវែងជាងខាងក្រៅ) ចងផ្អោបនឹងចង្កេះដោយខ្សែក្រវ៉ាត់។ រីឯ បដិមាគោនន្ទិ គេឆ្លាក់ពីថ្មភក់ដោយមានបន្ទះថ្មមួយពីក្រោម ហើយផ្នែកខាងក្បាលបានបាក់ពាក់កណ្តាលទៅហើយ។ នៅប្រាសាទបាក់រូង គេពុំបានប្រទះឃើញមានសិលាចារឹកណាមួយឡើយ ម្ល៉ោះហើយដើម្បីកំណត់អាយុកាលរបស់ប្រាសាទ យើងអាចពឹងទៅលើក្បាចផ្តែរទ្វារ សសរពេជ្រ បដិមា និងរូបរាងរបស់ប្រាសាទជាដើម។ ផ្អែកទៅលើក្បាច់ផ្តែរទ្វារ និងសសរពេជ្រ គឺមានលក្ខណៈដូចផ្តែរទ្វារប្រាសាទប្រែរូប ប្រាសាទមេបុណ្យ ប្រាសាទលាក់នាង ប្រាសាទបាតជុំ (ទាំងបួននេះនៅខេត្តសៀមរាប) ប្រាសាទភ្នំត្រប់ (ខេត្តកំពង់ចាម) ដែលអាចចាត់ចូលទៅក្នុងសិល្បៈរចនាបថប្រែរូប នាពាក់កណ្តាលស.វ.ទី១០ ក្នុងរជ្ជកាលព្រះបាទស្រីរាជេន្រ្ទវរ្ម័ន (គ.ស.៩៤៤ ដល់ ៩៦៧)។ ចំណែក សំពត់របស់បដិមា គឺមានលក្ខណៈដូចសំពត់បដិមាហយគ្រីវនៅក្រុមប្រាសាទសំបូរ នៃតំបន់ប្រាសាទសំបូរព្រៃគុក ប្រាង្គ N7 (សព្វថ្ងៃនៅសារមន្ទីរជាតិហ្គីមេត ប្រទេសបារាំង) និងបដិមាហយគ្រីវនៅប្រាសាទនាងខ្មៅ ខេត្តតាកែវ ដែលលោក Jean Boisselier ចាត់បញ្ចូលជាសិល្បៈរចនាបថប្រែរូប ដូចផ្តែរទ្វារខាងលើដែរ។

សរុបមក ប្រាសាទបាក់រូង គឺជាស្ថាបត្យកម្មប្រាសាទឥដ្ឋនៅសម័យអង្គរមួយ ដែលទំនង  កសាងឡើងនៅស.វ.ទី១០ ក្នុងរជ្ជកាលព្រះបាទរាជេន្រ្ទវរ្ម័ន (គ.ស.៩៤៤ ដល់ ៩៦៧) ហើយអាចចាត់បញ្ចូលក្នុងរចនាបថប្រែរូប។ ដោយហេតុថា ប្រាសាទនេះពុំមានព័ត៌មានពីសិលាចារឹក យើងមិនដឹងច្បាស់ថាប្រាសាទនេះឧទ្ទិសដល់សាសនាណាមួយប្រាកដឡើយ។ ប៉ុន្តែ តាមរយៈក្បាច់លម្អនៅលើផ្តែរទ្វារ និងបដិមាគោនន្ទិដែលរកឃើញនៅទីនោះ យើងអាចសន្និដ្ឋានបានថា ប្រាសាទនេះទំនងឧទ្ទិសដល់ព្រហ្មញ្ញសាសនា និកាយសៃវ (ការគោរពព្រះឥសូរ) ដូចប្រាសាទប្រែរូប និងប្រាសាទមេបុណ្យខាងកើត ដែលកសាងដំណាលគ្នាដែរ។ នៅសម័យបច្ចុប្បន្ននេះ ដោយហេតុថាប្រាសាទនេះពុំមានការយកចិត្តទុកដាក់ខ្លាំង នាំឱ្យស្ថានភាពប្រាសាទកាន់តែទ្រុឌទ្រោមបនិ្តចម្តងៗជាលំដាប់។

រចនាសម្ព័ន្ធប្រាសាទបាក់រូង ស្រុកជីក្រែង ខេត្តសៀមរាប

ផ្តែរទ្វារប្រាសាទបាក់រូង ខេត្តសៀមរាប (រូបថត៖ ciisark.gov.kh)

បដិមាគោនន្ទិរកឃើញនៅប្រាសាទបាក់រូង (រូបថត៖ Collection EFEO)

បដិមាទេពប្រុសរកឃើញនៅប្រាសាទបាក់រូង (រូបថត៖ Collection EFEO)

អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី

Prasat Bak Roung Temple

Prasat Bak Roung Temple is situated along the ancient road from Angkor to Kampong Kdei. The temple is a brick single tower, square, facing to the east, possibly built in the 10th century CE in the reign of King Rajendravarman (944 to 967 CE) and it is probably classified in the Pre Roub style. Due to this temple not having information from the inscriptions, it has faced difficulties to recognize the art historical and the role of the temple in religion. However, according to the reliefs on the lintel and the statue found in the temple, it has been concluded that Prasat Bak Roung is possibly dedicated to the Hinduism of the Saiva sect (the Shiva worshiping), such as the Prasat Pre Roub and the Eastern Mebon temple.

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
18,300SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!