ល្ខោនស្បែកតូច

ស្បែកតូច ជាប្រភេទទម្រង់ល្ខោនស្បែកដូចល្ខោនស្បែកធំនិងល្ខោនស្បែកពណ៌ដែរ ដោយគ្រាន់តែមានទំហំតូចជាងគេ ហើយខុសគេត្រង់ផ្ទាំងស្បែកតូចដែលធ្វើពីស្បែកគោស្ងួត មិននៅនឹងថ្កល់តែអាចធ្វើចលនាបានត្រង់ដៃនិងជើងអាចកម្រើកបាន និងមាត់អាចនិយាយឬច្រៀងបាន។ ម្យ៉ាងទៀត ល្ខោនស្បែកធំដែលជាសិល្បៈសក្ការៈសម្តែងតែរឿងដែលទាក់ទងនឹងសាសនា ជាពិសេសរឿងរាមកេរ្តិ៍ ដូច្នេះការសម្តែងតម្រូវឲ្យមានភាពជាក់លាក់ ហ្មត់ចត់ ល្ខោនស្បែកតូច មានលក្ខណៈប្រជាប្រិយសម្តែងរឿងបានច្រើនដូចជារឿងព្រេងនិទាន រឿងប្រវត្តិសាស្ត្រ និងរឿងពាក់ព័ន្ធនឹងព្រឹត្តិការណ៍និងបច្ចុប្បន្នភាពសង្គម ក្រមិចក្រមើម កំប្លុកកំប្លែង ងាយមើល ងាយស្តាប់​ និងងាយយល់។

នៅមុនសម័យប្រល័យពូជសាសន៍ខ្មែរក្រហម (១៩៧៥១៩៧៩) យើងមានក្រុម សិល្បៈល្ខោនស្បែកតូចនៅខេត្តសៀមរាប បាត់ដំបង និងក្រុងភ្នំពេញ។ ការហៅល្ខោនស្បែកតូចថា “អាយ៉ង” (មកពីពាក្យឥណ្ឌូណេស៊ីនិងម៉ាឡេ “វ៉ាយ៉ាង” (Wayang) ឬ “ម៉ាល់យ៉ង់” (Malyang)) និង​ “ណាំងកាលុង ឬណាំងតាលុង” (មកពីពាក្យថៃសំដៅទៅលើឈ្មោះតំបន់ ផាត់ថាលុង នៃភាគខាងត្បូងនៃទីក្រុងបាងកក) ជាការភ័នច្រឡំ ដែលយើងគួរកែមកហៅឱ្យត្រូវថា “ល្ខោនស្បែកតូច ឬ ស្បែកតូច” វិញទៅ។ ម្យ៉ាងវិញទៀត បើតាមប្រសាសន៍របស់លោក ពេជ្រ ទុំក្រវ៉ិល លោកបានអះអាងថា ដែលអ្នកខ្លះនិយមហៅទម្រង់សិល្បៈនេះថា “អាយ៉ង” ដោយសារត្លុក (ក្រៅពីក្រុមខេត្តសៀមរាបនិងបាត់ដំបង) ឈ្មោះ “អាយ៉ង” ដែលទស្សនិកជនស្រឡាញ់ ចាំជាប់នៅក្នុងចិត្ត ហើយក៏ទៅជាទម្លាប់រត់មាត់នាំគ្នាថា“តោះទៅមើលអាយ៉ង” តៗមក។ លោក ពេជ្រ ទុំក្រវ៉ិល ក៏បានមានប្រសាសន៍ជាបន្តថា នាសម័យកាលនោះ អ្នកដែលកាន់តួត្លុកនោះ គឺគាត់ឈ្មោះ “តាយ៉ង”។

តួត្លុក នៅក្នុងល្ខោនស្បែកតូច ដែលមានរូបរាងទាក់ទាញទស្សនិកជនគួរឱ្យចង់សើច ដោយមានគូថទយ ពោះកំប៉ោង ក្បាលត្រងោល ជាតួសំខាន់មួយនៅក្នុងទម្រង់សិល្បៈនេះ។ តាមការពិនិត្យទៅលើតួអង្គត្លុករបស់ក្រុមសិល្បៈល្ខោនស្បែកតូចខេត្តសៀមរាប ជាឧទាហរណ៍យើងឃើញថា គេច្រើនឱ្យឈ្មោះត្លុកដែលជាតួសំណព្វចិត្តរបស់ទស្សនិកជនដូចជា “អាប៉ក់” ឬ “អាសូរ” ឬឈ្មោះផ្សេងណាមួយ។

នៅសម័យដើម ល្ខោនស្បែកតូចសម្តែងនៅក្នុងពិធីបុណ្យប្រពៃណីជាតិនានា មានបុណ្យចូលឆ្នាំនៅតាមទីវត្តអារាម និងព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ តាំងតុ អុំទូក អកអំបុក សំពះព្រះខែ នៅទីលានខាងមុខព្រះបរមរាជវាំងនៃទីក្រុងភ្នំពេញសព្វថ្ងៃនេះ។ ក្រោយពីរបបប្រល័យពូជសាសន៍បានរលំបាត់បង់ទៅលុះមកដល់សម័យបច្ចុប្បន្ននេះ យើងឃើញនាយកដ្ឋានសិល្បៈទស្សនីយភាពដែលនៅក្រោមឱវាទនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏មានក្រុមល្ខោនស្បែកតូចមួយដែរ។ វង់ល្ខោនស្បែកតូច​ មានអ្នកពោលឆ្លាតវាងវៃ ប្រកបដោយសំនួនវោហារឥតព្រាងទុក មានគំនិតកំប្លុកកំប្លែង អាចទាក់ទាញអារម្មណ៍ទស្សនិកជនឲ្យសើចសប្បាយរីករាយ. ជាមួយនឹងការសម្តែងបាន។

យោងតាមឯកសារស្រាវជ្រាវ យើងឃើញថាវង់តន្ត្រីកំដរល្ខោនស្បែកតូច មិនមានភាពដូចគ្នាទាំងអស់នោះទេ ពោលគឺ ទស្សនីយភាពល្ខោនស្បែកតូចនៅខេត្តសៀមរាប និងក្រុងភ្នំពេញ គឺកំដរដោយវង់តន្ត្រីពិណពាទ្យវង់តូចដែលមានឧបករណ៍រនាតឯក១ ស្រឡៃធំ១ គងធំ១ សម្ភោរ១ និងស្គរធំ១គូ។ ឯល្ខោនស្បែកតូចខេត្តបាត់ដំបង គឺកំដរដោយវង់តន្ត្រី ដែលមានឧបករណ៍ស្រឡៃតូច១ គងដោះឬគងម៉ង់១ ស្គរដៃ១គូ ស្គរតូចរាងដូចស្គរធំពិណពាទ្យ១ និងពេលខ្លះមានទាំងកំណាត់ដើមឫស្សីមានគ្រាប់ខាងក្នុង១ផង។

អត្ថបទដើម៖ លោកបណ្ឌិត សំ សំអាង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!