ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ គឺជាអតីតទីប្រជុំជនដ៏សំខាន់នៅសម័យអង្គរ។ ហេតុដូច្នេះហើយ សំណង់ប្រាង្គប្រាសាទបុរាណជាច្រើនបានកសាងឡើងនៅជំនាន់នោះ។ ប៉ុន្តែ ក្នុងចំណោមនោះ ប្រាសាទដែលសាងឡើងអំពីឥដ្ឋនៅសល់រូបរាងពុំមានច្រើននោះទេ។ នៅក្នុងអត្ថបទមុនយើងបានបង្ហាញប្រាសាទឥដ្ឋមួយរួចមកហើយដែលមានឈ្មោះថា «ប្រាសាទក្រហម»។ ដោយឡែក នៅក្នុងអត្ថបទនេះ យើងនឹងបង្ហាញអំពីប្រាសាទឥដ្ឋមួយទៀតដែលស្ថិតនៅមិនឆ្ងាយពីប្រាសាទក្រហម មានឈ្មោះថា «ប្រាសាទកូនដំរី»។ ការហៅឈ្មោះដូច្នេះ ប្រហែលមកពីការពីដើមមកអ្នកស្រុកធ្លាប់ឃើញចម្លាក់ដំរីតូចមួយនៅប្រាសាទនេះ ដែលជាអាចជាបដិមាទោល ឬចម្លាក់រូបដំរីព្ធវ៌តនៅលើផ្តែរទ្វារជាដើម។ តើប្រាសាទកូនដំរី មានប្រវត្តិ និងលក្ខណៈបែបណាខ្លះ?
ប្រាសាទកូនដំរី មានទីតាំងស្ថិតនៅភូមិគោករមៀត ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ចម្ងាយប្រមាណ ១,២ គីឡូម៉ែត្រ ភាគអាគ្នេយ៍ប្រាសាទក្រហម និងចម្ងាយប្រមាណ ២៣ គីឡូម៉ែត្រ ភាគនិរតីក្រុមប្រាសាទបន្ទាយឆ្មារ។ ប្រាសាទនេះក៏មិនខុសអំពីប្រាសាទក្រហមដែរ ពោលគឺកាលពីរវាងចុងស.វ.ទី១៩ ដើមស.វ.ទី២០ ក្នុងអំឡុងពេលដែលអ្នកស្រាវជ្រាវជនជាតិបារាំង ចាប់ផ្តើមចុះបញ្ជី និងសិក្សាស្រាវជ្រាវប្រាសាទបុរាណនៅកម្ពុជា គេមិនទាន់បានចុះបញ្ជីប្រាសាទនេះឡើយ។ យើងមិនដឹងច្បាស់ប្រាសាទកូនដំរី មានប្រាង្គប៉ុន្មានឱ្យប្រាកដឡើយ ព្រោះប្រាង្គដែលនៅមើលឃើញមានចំនួន ២ ដែលប្រាង្គមួយនៅសល់ពាក់កណ្តាល (ប្រាង្គខាងជើង) និងប្រាង្គមួយទៀតនៅសល់តែគ្រឹះប៉ុណ្ណោះ ហើយយើងមិនដឹងច្បាស់ថានៅខាងជើងមានប្រាង្គមួយទៀតឬអត់នោះឡើយ ដោយសារតែសព្វថ្ងៃបាត់ដានទាំងស្រុងទៅហើយ។ ប៉ុន្តែ បើយោងទៅតាមឯកសាររបស់សាលាបារាំងចុងបូព៌ាប្រទេស និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ រៀបរាប់ថា ប្រាសាទកូនដំរីមានប្រាង្គបី។ ប្រាសាទកូនដំរី សង់នៅលើទីទួលមួយដែលគេលើកចេញជារាងបួនជ្រុងទ្រវែងប្រវែងប្រមាណ ៥០ ម៉ែត្រ x ៦០ ម៉ែត្រ មានផ្លូវចូលនៅទិសខាងកើត ហើយហ៊ុមព័ទ្ធដោយកសិន្ធុដែលមានប្រវែង ១០០ ម៉ែត្រ x ១០០ ម៉ែត្រ។ ប្រាង្គដែលនៅឈរ គឺសល់ត្រឹមតែជញ្ជាំងមួយចំនួនប៉ុណ្ណោះ ពោល គឺផ្នែកខាងក្រោយបាក់ជញ្ជាំងស្ទើរទាំងស្រុង។ ប្រាង្គនេះមានទំហំប្រមាណ ៤ ម៉ែត្រ x ៤ ម៉ែត្រ ដែលមានច្រកចូលនៅទិសខាងកើត និងជញ្ជាំងទិសផ្សេងទៀតលម្អជាទ្វារបញ្ឆោត ហើយបែរមុខទៅទិសខាងកើត ពោល គឺផ្ទុយពីប្រាសាទក្រហមដែលនៅមិនឆ្ងាយពីគ្នាបែរជាបែរមុខទៅទិសខាងជើងទៅវិញ។ សព្វថ្ងៃ នៅក្បែរប្រាសាទមានខ្ទមអ្នកតាមួយ ការប្រណិប័តន៍ជំនឿនៅទេវស្ថាននេះនៅតែមាន ទោះបីមិនមាននៅសល់ទេពក្នុងសាសនាណាមួយក៏ដោយ ក៏ទីនេះអ្នកស្រុកយល់ថាជាកន្លែងពិសិដ្ឋ ឬជាកន្លែងមានអមនុស្សចាំថែរក្សា។
ដោយប្រាសាទបាក់បែកស្ទើរអស់ទៅហើយ យើងពុំឃើញមានក្បាច់លម្អនៅលើប្រាសាទណាមួយគួរកត់សម្គាល់ជាពិសេសនោះឡើយ។ លើកលែងតែវត្ថុសិល្បៈមួយចំនួនដែលធ្វើអំពីថ្មដែលបាក់បែកយកមកបង្គរនៅជិតប្រាសាទ។ វត្ថុសិល្បៈទាំងនោះ សុទ្ធសឹងធ្វើឡើងអំពីថ្មភក់ដែលជាប្រភេទសសរពេជ្រមានរាងប្រាំបីជ្រុង និងមានក្បាច់លម្អជាលក្ខណៈសសរពេជ្រនៅស.វ.ទី១០។ ហេតុដូច្នេះហើយ ប្រសិនបើយើងចង់កំណត់អំពីអាយុកាលរបស់ប្រាសាទកូនដំរី គឺមានតែពិនិត្យមើលទៅលើទំហំឥដ្ឋ ការរៀបចំប្លង់ សិល្បៈក្បាលសសរនៅតាមទ្វារបញ្ឆោត និងសសរពេជ្រធ្វើអំពីថ្មដែលដាក់នៅខាងមុខប្រាសាទផ្ទាល់។ តាមរយៈរូបរាងបែបនេះ គឺមានលក្ខណៈស្រដៀងជាមួយប្រាសាទជាច្រើននៅក្នុងរចនាបថប្រែរូប ស.វ.ទី១០ រវាងឆ្នាំ៩៤៤ ដល់ ៩៦៧ ក្នុងរជ្ជកាលព្រះបាទស្រីរាជេន្រ្ទវរ្ម័ន។ លើសពីនេះ យើងមិនមានភស្តុតាងណាមួយជាក់លាក់សម្រាប់កំណត់តួនាទីរបស់ប្រាសាទបានឡើយ។ ប្រសិនបើយើងគិតថា បើប្រាសាទនេះមានប្រាង្គ ២ មែន គឺច្រើនតែជាប្រាសាទដែលឧទ្ទិសដល់ព្រះវិស្ណុ ដូចអ្វីដែលលោក សុខ កែវសុវណ្ណារ៉ា បានសិក្សាកន្លងមក ឧទាហរណ៍ ប្រាសាទព្រះឥន្រ្ទកោសីយ៍ ខេត្តសៀមរាប ប្រាសាទនាងខ្មៅ ខេត្តតាកែវ ។ល។ ប៉ុន្តែ ប្រសិនបើប្រាសាទនះមានប្រាង្គ ៣ វិញ គឺអាចជាប្រាសាទឧទ្ទិសដល់ព្រះសិវ ក្នុងលទ្ធិព្រហ្មញ្ញសាសនា ឬជាប្រាសាទឧទ្ទិសដល់ទេពនៅក្នុងព្រះពុទ្ធសាសនានិកាយវជ្រយានក៏អាចថាបាន ព្រោះនៅក្នុងស.វ.ទី១០ ប្រាសាទដែលមានប្រាង្គ ៣ មួយចំនួន ឧទ្ទិសដល់ព្រះពុទ្ធសាសនា និកាយវជ្រយាន ឧទាហរណ៍ ប្រាសាទភ្នំត្រប់ ខេត្តកំពង់ចាម, ប្រាសាទបាតជុំ ខេត្តសៀមរាប។
ជារួមមក ដោយសារតែប្រាសាទកូនដំរី ពុំមានសេសសល់សិលាចារឹក យើងមិនអាចដឹងព័ត៌មានប្រវត្តិសាស្រ្តអំពីប្រាសាទនេះបានច្រើននោះឡើយ ហើយការកំណត់អាយុកាល និងតួនាទីរបស់ប្រាសាទ មិនមែនជាការងាយស្រួលឡើយ។ យើងគ្រាន់អាចសន្និដ្ឋានបានថា ប្រាសាទកូនដំរី ទំនងកសាងឡើងនៅរវាងពាក់កណ្តាល ដល់ចុងស.វ.ទី១០ ដែលអាចស្ថិតនៅក្នុងរជ្ជកាលព្រះបាទស្រីរាជេន្រ្ទវរ្ម័ន (គ.ស.៩៤៤ ដល់ ៩៦៧) ឬ ព្រះបាទស្រីជ័យវរ្ម័នទី៥ (គ.ស.៩៦៨ ដល់ ១០០០) ដោយយោងទៅលើទំហំឥដ្ឋ រូបរាងប្រាសាទ ការរចនាទ្វារបញ្ឆោត និងសសរពេជ្រដែលមានរាងប្រាំបីជ្រុងជាដើម។ ចំណែក តួនាទីរបស់ប្រាសាទកូនដំរី យើងមិនមានអ្វីអាចបញ្ជាក់បានថាតើប្រាសាទនេះឧទ្ទិសដល់អាទិទេពក្នុងព្រហ្មញ្ញសាសនា ឬព្រះពុទ្ធសាសនាឡើយ។
————
The Prasat Kon Domrei Temple
The Prasat Kon Domrei Temple is located in the Banteay Meanchey province’s Kok Romiet commune, Thmor Pouk district. The temple consists of two or three brick sanctuaries, facing to the east. This temple has struggled to identify its historical art and religious significance since it lacks information from the inscriptions. However, it has been determined that Prasat Kon Domrei possibly have been constructed in the tenth century based on the temple’s design and octagonal pillars, and dedicated to Hinduism or Buddhism.
អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី