ប្រាសាទឥដ្ឋនៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលនៅសល់រូបរាង គឺមានត្រឹមតែ ៣ ប្រាសាទប៉ុណ្ណោះ ពោល គឺប្រាសាទក្រហម ប្រាសាទកូនដំរី និងប្រាសាទគោករមៀត។ នៅក្នុងអត្ថបទកន្លងទៅ យើងបានបង្ហាញរួចមកហើយអំពី ប្រាសាទក្រហម និងប្រាសាទកូនដំរី។ ដូច្នេះ នៅក្នុងអត្ថបទនេះ យើងនឹងបង្ហាញអំពីប្រាសាទគោករមៀតមួយបន្ថែមទៀត ដែលស្ថិតនៅមិនឆ្ងាយពីទីប្រជុំជនឃុំគោករមៀតឡើយ។ តើប្រាសាទគោករមៀតមានប្រវត្តិ និងលក្ខណៈដូចម្តេចខ្លះ?
ការហៅប្រាសាទថា “គោករមៀត” ដូច្នេះ ទំនងគេហៅឈ្មោះប្រាសាទភ្ជាប់ឈ្មោះតំបន់តែម្តង ព្រោះទីតាំងប្រាសាទគោករមៀតបច្ចុប្បន្នស្ថិតនៅក្នុងភូមិគោករមៀត។ បន្ថែមពីនេះ អ្នកខ្លះហៅឈ្មោះប្រាសាទនេះថា “ត្រពាំងមមាំង” (សំនៀងអ្នកស្រុក) ដែលជាការហៅឈ្មោះប្រាសាទភ្ជាប់ជាមួយត្រពាំងធំមួយដែលស្ថិតនៅខាងកើតប្រាសាទ ចម្ងាយប្រមាណ ២០០ ម៉ែត្រ។ ឈ្មោះថា «មមាំង» ដូច្នេះអាចជាភាសាកម្លាយមកពីពាក្យថា «រមាំង» ដែលជាទូទៅគេស្គាល់ថាជាឈ្មោះសត្វចតុប្បាទព្រៃមួយប្រភេទ ដែលមានស្នែងបែកខ្នែងជាចម្ពាមដូចប្រើស តែចុងស្នែងសំប៉ែត។ ម្ល៉ោះហើយ ត្រពាំងរមាំង អាចជាហៅឈ្មោះត្រពាំងភ្ជាប់ជាមួយឈ្មោះសត្វ។ ប៉ុន្តែ ត្រពាំងរមាំងក៏អាចមានន័យផ្ទុយពីនេះដែរ ព្រោះនៅតំបន់ខ្លះត្រពាំងដែលមានទឹកល្អក់កករ ឬមិនសូវថ្លា គេហៅថា «រមាំង» ដូចគ្នាដែរ ពោល មិនសំដៅលើឈ្មោះសត្វឡើយ។
ប្រាសាទគោករមៀត មានទីតាំងស្ថិតនៅភូមិគោករមៀត ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ចម្ងាយប្រមាណ ១ គីឡូម៉ែត្រ ភាគពាយព្យវត្តគោករមៀត និងចម្ងាយប្រមាណ ៣ គីឡូម៉ែត្រ ភាគឦសានប្រាសាទក្រហម។ ប្រាសាទនេះក៏មិនខុសអំពីប្រាសាទក្រហម និងប្រាសាទកូនដំរីដែរ ពោលគឺកាលពីរវាងចុងស.វ.ទី១៩ ដើមស.វ.ទី២០ ក្នុងអំឡុងពេលដែលអ្នកស្រាវជ្រាវជនជាតិបារាំង ចាប់ផ្តើមចុះបញ្ជី និងសិក្សាស្រាវជ្រាវប្រាសាទបុរាណនៅកម្ពុជា គេមិនទាន់បានចុះបញ្ជីប្រាសាទនេះឡើយ។ ប្រាសាទគោករមៀត ជាសំណង់ទោលសាងអំពីឥដ្ឋ ស្ថិតនៅលើទីទួលមួយដែលគេលើកឱ្យមានរាងបួនជ្រុងស្មើប្រវែង ៣០ ម៉ែត្រ x ៣០ ម៉ែត្រ។ ប្រាសាទនេះ មានរាងបួនជ្រុងទ្រវែង (៤ ម៉ែត្រ x ៣ ម៉ែត្រ) និងផ្នែកខាងក្នុងរាងបួនជ្រុងស្មើ (២,៥ ម៉ែត្រ x ២,៥ ម៉ែត្រ) បែរមុខទៅទិសខាងកើត ហ៊ុមព័ទ្ធដោយកសិន្ធុ និងមានត្រពាំងធំមួយនៅខាងកើត(អ្នកស្រុកហៅ ត្រពាំងមមាំង) ប្រវែង ១០០ ម៉ែត្រ x ៥០ ម៉ែត្រ។ បច្ចុប្បន្ន ស្ថានភាពរបស់ប្រាសាទគោករមៀត នៅរក្សារូបរាងបានល្អប្រសើរច្រើន ពោល មានតែផ្នែកកំពូលប៉ុណ្ណោះដែលបាក់បែក ហើយក្រៅអំពីនេះពុំមានការបែកបាក់គួរកត់សម្គាល់ឡើយ។ ទោះបីជាប្រាសាទគោករមៀត មានទ្វារចូលនៅទិសខាងកើតដូចប្រាសាទផ្សេងៗក៏ដោយ ប៉ុន្តែទិសទាំងបីផ្សេងទៀតឥតមានលម្អជាទ្វារបញ្ឆោតឡើយ។ ជញ្ជាំងនៅតាមទិសទាំងបីផ្សេងទៀត គឺលម្អជាផ្ទៃជញ្ជាំងឥដ្ឋលាតស្មើ និងលម្អត្រឹមតែក្បាច់សសរផ្អោបនៅតាមជ្រុងប៉ុណ្ណោះ។ ការបង្ហាញជញ្ជាំងឥដ្ឋលាតស្មើ និងរៀបជាក្បាច់សសរផ្អោបជ្រុងបែបនេះ យើងធ្លាប់ឃើញមានបង្ហាញតាំងពីស.វ.ទី៧មកម្ល៉េះ ដូចឃើញនៅតំបន់ប្រាសាទសំបូរព្រៃគុក (ប្រាសាទសំបូរ ប្រាង្គ N9 និង N10)។
ចំណុចមួយគួរកត់សម្គាល់ ប្រាសាទនេះក៏មិនខុសគ្នាពីប្រាសាទក្រហមដែរ ពោល គឺក្បាច់លម្អនៃសំណង់មិនទាន់ឆ្លាក់រួចរាល់ជាស្ថាពរនៅឡើយទេ។ រាប់តាំងពីផ្នែកខាងលើដល់ផ្នែកខាងក្រោម គឺមិនមានលម្អជាក្បាច់លម្អអ្វីឡើយ។ សូម្បីស៊ុមទ្វារ ផ្តែរទ្វារ និងសសរពេជ្រនៅច្រកចូលខាងកើតដែលសុទ្ធសឹងធ្វើអំពីថ្មភក់ គឺទើបតែបានដាប់ឆ្លាក់ឱ្យចេញជារាងប៉ុណ្ណោះ ប៉ុន្តែមិនទាន់បាមនឆ្លាក់លម្អអ្វីឡើយ។ យើងមិនមានព័ត៌មានណាមួយដែលអាចពន្យល់បានថា តើកត្តាអ្វីខ្លះដែលនាំឱ្យប្រាសាទនេះសាងសង់មិនទាន់រួចរាល់ឡើយ។
នៅច្រកចូលប្រាសាទ មានសេសសល់អក្សរចារឹកចំនួន ៤ បន្ទាត់ ដែលគេចារឹកនៅលើមេទ្វារខាងជើង។ អក្សរចារឹកនេះឆ្លាក់លើថ្មមេទ្វាររាក់ពេក ដែលជាហេតុនាំឱ្យពិបាកមើលឱ្យដាច់ថាជាអក្សរអ្វីខ្លះឡើយ ហើយសូម្បីតែផ្តិតរួចក៏ពិបាកអានដូចគ្នា។ ដូច្នេះ មកទល់សព្វថ្ងៃ មិនទាន់មានអ្នកជំនាញផ្នែកសិលាចារឹករូបណាអាចប្រែអត្ថន័យអក្សរចារឹកនេះបានឡើយ។ ប៉ុន្តែ គេអាចគ្រាន់តែដឹងថា អក្សរចារឹកទាំង ៤ បន្ទាត់នេះសរសេរជាភាសាសំស្រ្កឹត ដែលជាប្រភេទកំណាព្យសំស្រ្កឹតបែបអតិធ្ឬតិឆន្ទ មានចំនួន ១៩ ព្យាង្គ។ លោក កំ វណ្ណារ៉ា យល់ថា តាមរយៈអក្សរចារឹកនេះអាចជាអក្សរមានអាយុកាលនៅសម័យអង្គររវាងចុងស.វ.ទី១០ ដើមស.វ.ទី១១។
ជារួមមក យោងទៅតាមទម្រង់នៃអក្សរចារឹក និងផ្នែកជាច្រើននៃប្រាសាទមានលក្ខណៈប្រហាក់ប្រហែលប្រាសាទក្រហម (សសរពេជ្រ ប្លង់ទូទៅនៃប្រាសាទ ជើងទម្រ) យើងអាចសន្និដ្ឋានបានថា ប្រាសាទគោករមៀត ទំនងកសាងឡើងនៅរវាងចុងស.វ.ទី១០ ដើមស.វ.ទី១១ ដែលអាចស្ថិតនៅក្នុងរជ្ជកាលព្រះបាទស្រីជ័យវរ្ម័នទី៥ (គ.ស.៩៦៨ ដល់ ១០០០) ឬ ព្រះបាទស្រីសូរ្យវរ្ម័នទី១ (គ.ស.១០០២ ដល់ ១០៤៩)។ ដោយឡែក ដោយសារតែអក្សរចារឹកមានភាពរលុបខ្លាំងដែលជាហេតុធ្វើឱ្យអ្នកស្រាវជ្រាវមិនទាន់មានលទ្ធភាពអាចប្រែសម្រួលអត្ថន័យបាន យើងពុំដឹងច្បាស់អំពីតួនាទីរបស់ប្រាសាទគោករមៀតថាយ៉ាងណានោះដែរ ពោល គ្រាន់តែអាចសន្និដ្ឋានបានថា ប្រាសាទនេះទំនងជាទេវស្ថាន ឬទីសក្ការបូជាដែលប្រហែលពាក់ព័ន្ធជាមួយលទ្ធិព្រហ្មញ្ញសាសនា ឬព្រះពុទ្ធសាសនា។
![](https://asset-api.ams.com.kh/khmercivilization/media/1-2-1024x683.jpg)
![](https://asset-api.ams.com.kh/khmercivilization/media/2-2-1024x683.jpg)
![](https://asset-api.ams.com.kh/khmercivilization/media/3-2-1024x683.jpg)
![](https://asset-api.ams.com.kh/khmercivilization/media/4-2-1024x683.jpg)
![](https://asset-api.ams.com.kh/khmercivilization/media/5-1-1024x683.jpg)
![](https://asset-api.ams.com.kh/khmercivilization/media/6-1-1024x768.jpg)
—————–
The Prasat Kok Romiet Temple
The Prasat Kok Romiet Temple is located in the Banteay Meanchey province’s Kok Romiet commune, Thmor Pouk district. The temple is a brick sanctuary, facing to the east and surrounded by a rectangular moat. According to the inscription on the doorjamb and some elements of the temple, it has been determined that Prasat Kok Romiet was possibly constructed in the late tenth and eleventh centuries. Moreover, this temple is probably dedicated to Hinduism or Buddhism.
អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី