ប្រាសាទចេកក្បូរ

ប្រាសាទចេកក្បូរ មានទីតាំងស្ថិតនៅភូមិឈូក ឃុំក្រសាំង ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលស្ថិតនៅចម្ងាយប្រមាណ ២,៥ គ.ម. ភាគអាគ្នេយ៍ប្រាសាទអំពិល។ នៅក្នុងឯកសាររបស់លោក Lunet De Lajonquière បានកត់ត្រាឈ្មោះប្រាសាទនេះថា “ជ័យក្បូរ” (CHEI KBO)។ ប៉ុន្តែ ឈ្មោះដែលអ្នកស្រុកហៅបច្ចុប្បន្នគឺ “ចេកក្បូរ” ដែលទំនងគេហៅសំដៅដល់ក្បាច់លម្អដ៏រស់រវើកនៅលើមេទ្វារប្រាង្គកណ្តាល។ តើប្រាសាទចេកក្បូរ មានប្រវត្តិ និងលក្ខណៈដូចម្តេចខ្លះ?

នៅរវាងចុងស.វ.ទី១៩ និងដើមស.វ.ទី២០ ប្រាសាទចេកក្បូរ ពុំសូវមានការស្រាវជ្រាវទូលំទូលាយដូចប្រាសាទដទៃទៀតឡើយ ពោល គឺមានតែឯកសាររបស់លោក Lunet De Lajonquière (អ្នកស្រាវជ្រាវជនជាតិបារាំង) និងរបាយការណ៍របស់លោក Henri Marchal (អ្នកអភិរក្សប្រាសាទជនជាតិបារាំង) ប៉ុណ្ណោះ។ ប្រាសាទចេកក្បូរ មានប្រាង្គចំនួន ៣ រត់ជួរគ្នាតាមអ័ក្សពីជើងទៅត្បូង បែរមុខទៅទិសខាងកើត និងមានកសិន្ធុហ៊ុមព័ទ្ធជុំវិញ។ ប្រាង្គទាំងបីរបស់ប្រាសាទចេកក្បូរ សុទ្ធសឹងកសាងឡើងអំពីឥដ្ឋ ដែលមានរាងបួនជ្រុងទ្រវែង ប្រវែង ៤ ម៉ែត្រ x ៥ ម៉ែត្រ កម្ពស់ប្រមាណ ១០ ម៉ែត្រ មានគម្លាតពីគ្នាប្រវែង ៣ ម៉ែត្រ ដោយកសាងឡើងនៅលើដីទួលមួយមានរាងបួនជ្រុងស្មើប្រវែងប្រមាណ ៣០ ម៉ែត្រ x ៣០ ម៉ែត្រ ហើយនៅទិសខាងកើតប្រាសាទ យើងឃើញមានត្រពាំងបុរាណមួយ។ ស្ថានភាពបច្ចុប្បន្នរបស់ប្រាសាទ យើងមើលឃើញថា ក្នុងចំណោមប្រាង្គទាំងបីនេះ ប្រាង្គកណ្តាលនៅមានស្ថានភាពល្អប្រសើរស្ទើរទាំងស្រុង រីឯប្រាង្គខាងជើងគឺនៅបាក់បែកផ្នែកកំពូល (នៅសល់ពាក់កណ្តាល) ហើយប្រាង្គខាងត្បូងវិញ គឺបាក់បែកស្ទើរទាំងស្រុងទៅហើយ (នៅសល់តែស៊ុមទ្វារ និងគ្រឹះ)។  

អ្វីដែលគួរកត់សម្គាល់នោះ ប្រាង្គទាំងអស់សុទ្ធសឹងមានទ្វារចូលនៅខាងកើត (សាងអំពីថ្មភក់) និងជញ្ជាំងនៅបីទិសផ្សេងទៀតគេលម្អជាទ្វារបញ្ឆោត។ ក្នុងនោះ ផ្តែរទ្វារនៅប្រាង្គខាងត្បូងកំពុងស្ថិតនៅជាប់នឹងទ្វារចូលនៅឡើយ បើទោះបីប្រាសាទបានដួលរលំអស់ក៏ដោយ ហើយចម្លាក់នៅលើផ្តែរទ្វារនេះនៅសល់ស្លាកស្នាមតិចតួចប៉ុណ្ណោះ តែយើងអាចនៅមើលយល់ថាជាចម្លាក់ដែលបង្ហាញអំពីឈុតទេវកថារឿងកូរសមុទ្រទឹកដោះ។ នៅខាងលើផ្តែរទ្វារ ត្រង់ផ្នែកខ្លះនៃហោជាងមាននៅសេសសល់ចម្លាក់មួយចំនួន ដែលបង្ហាញអំពីរូបភាពតួអង្គទេវកថាចំនួន ៣ កំពុងអង្គុយធ្វើអ្វីមួយ។ ចំណែក ផ្តែរទ្វារនៅប្រាង្គខាងជើង កំពុងស្ថិតនៅជាប់នឹងទ្វារចូលដូចគ្នា ប៉ុន្តែរលុបចម្លាក់អស់ទៅហើយ។ ក្រៅពីនេះ នៅខាងមុខប្រាង្គខាងជើង មានបំណែកផ្តែរទ្វារមួយទៀត (ប្រហែលជាផ្តែរទ្វាររបស់ប្រាង្គកណ្តាល) ដែលបង្ហាញអំពីចម្លាក់កិត៌ិមុខនៅចំកណ្តាលដែលកំពុងខាំឬខ្ជាក់ក្បាច់បន្ទាត់ធ្នូ (ខាងចុងលម្អជារូបនាគ) ហើយផ្នែកខាងក្រោមផ្តែរទ្វារលម្អជាចង្វាយក្បាច់អង្គរដែលយើងឃើញច្រើននៅស.វ.ទី១០។ ហេតុដូច្នេះហើយ តាមក្បាច់លម្អនៅផ្តែរទ្វារនេះ រួមជាមួយចម្លាក់នៅសេសសល់នៅលើផ្តែរទ្វារប្រាង្គខាងត្បូង យើងអាចសន្និដ្ឋានថា ចម្លាក់នេះទំនងស្ថិតនៅក្នុងរចនាបថប្រែរូបរហូតដល់ដើមរចនាបថឃ្លាំង ពោល គឺពាក់កណ្តាលស.វ.ទី១០ ដល់ចុងស.វ.ទី១០។ បន្ថែមពីនេះទៅទៀត មានវត្ថុសិល្បៈធ្វើអំពីថ្មផ្សេងទៀត ដែលកំពុងស្ថិតនៅលើទីទួលប្រាសាទ ដូចជា បំណែកហោជាង ក្បាច់កំពូល ។ល។

តាមរយៈការសិក្សាស្រាវជ្រាវកន្លងមក គេពុំធ្លាប់រកឃើញសិលាចារឹកនៅប្រាសាទនេះឡើយ ដូច្នេះដើម្បីកំណត់អាយុកាល និងតួនាទីរបស់ប្រាសាទ គឺពឹងផ្អែកទាំងស្រុងទៅលើប្រវត្តិសិល្បៈ។ យោងទៅតាមប្លង់ រូបរាង ចម្លាក់នៅលើហោជាង និងជាពិសេសចម្លាក់នៅលើផ្តែរទ្វារដូចបានបង្ហាញខាងលើ យើងអាចសនិ្នដ្ឋានថា ប្រាសាទចេកក្បូរ ទំនងរទំនងកសាងឡើងនៅវាងពាក់កណ្តាល​រហូតដល់ចុងស.វ.ទី១០ ពោល គឺក្នុងរវាងរជ្ជកាលព្រះបាទរាជេន្រ្ទវរ្ម័ន (គ.ស.៩៤៤ – ៩៦៧) ឬព្រះបាទជ័យវរ្ម័នទី៥ (គ.ស.៩៦៨ – ១០០០)។ ដោយឡែក តួនាទីរបស់ប្រាសាទវិញ យើងអាចសន្និដ្ឋានថា ប្រាសាទចេកក្បូរទំនងសាងឡើងឧទ្ទិសដល់ព្រហ្មញ្ញសាសនា ដោយយោងទៅលើសំណល់ចម្លាក់ខ្លះនៅផ្តែរទ្វារប្រាង្គខាងត្បូងដែលបង្ហាញអំពីឈុតទេវកថារឿងកូរសមុទ្រទឹកដោះ (រឿងកូរសមុទ្រទឹកដោះចាប់ផ្តើមលេចឡើងនៅក្នុងសិល្បៈខ្មែរចាប់ពីរវាងពាក់កណ្តាលស.វ.ទី១០ រហូតមក)។

————–

Prasat Chek Kbo

The Chek Kbo Temple is situated in Chhuk village, Krasang commune, Chong Kal district, Ouddor Meanchey province. The temple consists of three towers of bricks that are firmly positioned next to each other on an elevated platform, facing to the east, and surrounded by the moat. Of special note, one of southern tower was collapsed. The Chek Kbo Temple was most likely constructed in the Pre Roub or Banteay Srei style in the tenth century, possibly during the reign of King Rajendravarman (944-967 CE) and King Jayarvarman V (968–1000 CE), according to the carvings on the lintels and the pediments of the temple.

អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img
[td_block_social_counter custom_title="បណ្ដាញសង្គម" youtube="channel/UCQE2E5oPq8tW6l25lkBr5PA" style="style8 td-social-boxed td-social-font-icons" f_header_font_family="318" f_header_font_size="eyJhbGwiOiIyMiIsInBvcnRyYWl0IjoiMjAiLCJwaG9uZSI6IjE4In0=" header_color="#59090f" facebook="108963744277019" tiktok="@apsaramediaservices" tdc_css="eyJhbGwiOnsibWFyZ2luLXRvcCI6IjIwIiwiZGlzcGxheSI6IiJ9fQ=="]
- Advertisement -spot_img
error: Content is protected !!