ប្រាសាទបាយ័ន្ត ជាប្រាសាទភ្នំមួយដែលបានកសាងឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័ន ទី៧ (គ.ស១១៨១ដល់គ.ស១២២០) ឧទ្ធិសដល់ពុទ្ធសាសនាមហាយាន ពិសេសគឺមានតម្ពល់ព្រះពុទ្ធរូបដ៏ធំមួយមានឈ្មោះថា ជ័យពុទ្ធមហានាថ។ ប្រាសាទនេះមានរចនាសម្ព័ន្ធយ៉ាងស្មុគស្មាញ ដោយមានកំពែងខាងក្រៅ ថែវចំនួន២ជាន់ និងបន្ទប់ជាច្រើន។ តាមរយៈសិលាចារឹកជាច្រើននៅលើជញ្ជាំងបន្ទប់ទាំងនោះ បញ្ជាក់ថា បន្ទប់នីមួយៗត្រូវបានគេប្រើសម្រាប់ដំកល់បដិមាជាព្រះពុទ្ធ និងទេពផ្សេងៗដែលគេបានអញ្ជើញពីតំបន់នានាក្នុងអាណាចក្រខ្មែរ ឱ្យមកនៅជុំគ្នាក្នុងប្រាសាទបាយ័ន្តនេះ។ អ្វីគួរឱ្យចាប់អារម្មណ៌នោះ គឺកំពូលនីមួយៗរបស់ប្រាសាទមានលម្អដោយព្រះភក្រ្ត ឬព្រះភ័ក្ត្ររបស់ទេព (ជាទូទៅមាន៤ គឺបែរទៅរកទិសធំនីមួយៗ) ដែលអ្នកសិក្សាស្រាវជ្រាវនៅតែមានគំនិតខ្វែងគ្នាក្នុងការឱ្យសម្មតិកម្មលើព្រះភក្រ្ត និងកំពូលទាំងនោះ។
តើព្រះភក្រ្តនោះជារបស់ទេពអ្វី? តើកំពូលដែលមានព្រះភក្រ្តទាំងនោះមានចំនួនប៉ុន្មាន?
អ្នកស្រាវជ្រាវភាគច្រើន និងប្រជាជនទូទៅតែងហៅព្រះភក្រ្តទាំង៤នោះថា ជាព្រះភក្រ្តព្រហ្ម ឬព្រះព្រហ្ម ដែលជាទេពមានព្រះភក្រ្ត៤តំណាងឱ្យព្រហ្មវិហារធម៌ទាំង៤ គឺមេត្តា ករុណា មុតិតា និងឧបេក្ខា។ ព្រះភក្រ្តទាំងនេះតំណាងឱ្យការការពារទិសទាំង៤។ ដោយសារជំនឿបែបនេះធ្វើឱ្យមានការសាងសង់សំណង់ផ្សេងៗ ពិសេសវិហារ និងសំណង់ក្នុងរាជវាំងគេតែងធ្វើកំពូលដោយលម្អជាមួយនឹងព្រះកេសព្រហ្មព្រះភក្រ្ត៤។ ក្រៅពីនេះ អ្នកមួយចំនួនបានគិតថា ព្រះភក្រ្តទាំង៤នោះតំណាងឲ្យព្រះពោធិសត្វលោកេស្វរៈ នៃព្រះពុទ្ធសាសនាមហាយាន ហើយអ្នកខ្លះទៀតគិតថា ជារូបតំណាងព្រះបាទជ័យវរ្ម័នទី៧។ ផ្ទុយទៅវិញ ព្រះភក្រ្តទាំងបួនដែលយើងឃើញនៅប្រាសាទបាយ័ន្ត និងបណ្តាសំណង់ប្រាសាទដែលមានព្រះភក្រ្ត៤ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ គឺមិនមែនជាព្រះភក្រ្ត ឬព្រះភ័ក្ត្ររបស់ព្រះព្រហ្មទេ។ ព្រះភក្រ្តទាំង៤នោះ គឺជា ព្រះភ័ក្ត្ររបស់ទេពមួយក្នុងពុទ្ធសាសនាមហាយាន ដែលគេស្គាល់ និងហៅថា ហេវជ្រ។ ចំណុចសំខាន់ និងខុសគ្នារវាងព្រះភក្រ្តព្រះព្រហ្ម និងព្រះហេវជ្រ គឺត្រង់ភ្នែកទី៣នៅលើថ្ងាស។ ព្រះព្រហ្មពុំមានភ្នែកទី៣ទេ ចំណែកព្រះហេវជ្រ គឺមានភ្នែកទី៣បញ្ឈរត្រង់លើថ្ងាសដូចព្រះនេត្រទី៣របស់ព្រះសិវៈ ឬឥសូរដែរ។ ព្រះភក្រ្តទាំង៤របស់កំពូលទាំងអស់នៃប្រាសាទបាយ័ន្ត និងប្រាសាទដទៃទៀតក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ សុទ្ធតែមានព្រះនេត្រទី៣នៅលើថ្ងាស។ តើព្រះហេវជ្រជានរណា?
![](https://asset.ams.com.kh/khmercivilization/media/sites/3/រូបលេខ១-copy-641x1024.jpg)
ហេវជ្រ គឺជាទេពចំបង និងសំខាន់ក្នុងពុទ្ធសាសនាតន្រ្តៈ ដែលជាទេពតំណាងឱ្យសម្បជញ្ញៈ និងការបង្រៀន។ ក្នុងសិល្បៈខ្មែរ ហេវជ្រត្រូវបានគេបង្ហាញតាមរយៈបដិមា ភាគច្រើនតូចធ្វើអំពីសំរឹទ្ធ និងជួនកាលជាក្រឡោតទាបតាមជញ្ជាំងប្រាសាទដែរ។ ព្រះអង្គ គឺជាអាទិទេពមានតួនាទីដូចព្រះសិវៈ គឺបំផ្លាញរាល់ភាវៈអាក្រក់។ ក្នុងសាសនាហិណ្ឌូមានចម្លាក់មួយគេហៅថា ចណ្ទកាក្យាយិនី ជាចម្លាក់ព្រះសិវៈ និងនាងឧមាអោបរឹតគ្នា។ សិលាចារឹកខ្មែរ K.១០២៨ និយាយពីការស្ថាបនា ចណ្ទកាក្យាយិនី ជាព្រះសិវៈ និងនាងឧមា។ គេហៅថា លទ្ធិវជ្រយាន ដែលហេវជ្រត្រូវបានជំនួសដោយហេវជ្រក្នុងពុទ្ធសាសនាមហាយាន រីឯព្រះនាងឧមាជំនួសដោយប្រាជ្ញាបារមីតា។ ក្នុងសម័យវប្បធម៌បាយ័ន្ត គេបានប្រទះឃើញចម្លាក់ហេវជ្រទ្រង់ប្រថាប់ឈរ លើបល្ល័ង្កជាផ្កាឈូក មានព្រះសិរសាប្រាំបីត្រួតលើគ្នា ព្រះហស្ថដប់ប្រាំមួយ។
ចំពោះកំពូលរបស់ប្រាសាទបាយ័ន្ត ក៏នៅតែមានការឱ្យសម្មតិកម្មខុសគ្នាដែរអំពីចំនួនរបស់ប្រាសាទនេះ។ តាមអត្ថបទរបស់អ្នកស្រាវជ្រាវសម័យមុនៗបានផ្តល់នូវយោបល់ខុសៗគ្នា។ លោក Maurice. Glaize ថាមានចំនួន៥០ ។ លោក B.P Groslier ថាមានចំនួន៥២ (ប្រាង្គដែលមានព្រះភក្រ្ត)។ លោក Poul Mus ថាមានចំនួន៥៤។ លោក H. Stierlin ថាមានចំនួន៥៤។ លោក J. Dumarçay ថាមានចំនួន៤៩ (៣៩ប្រាង្គមានព្រះភក្រ្ត៤ ឯ១០ទៀតមានព្រះភក្រ្ត២ ឬ៣)។ លោក Olivier Cunin បានធ្វើការសិក្សាថ្មីនេះ បានបកស្រាយអំពីកំពូលដែលមានព្រះភក្រ្តរបស់ប្រាសាទបាយ័ន្ត គឺមានចំនួន៤៩ដូចគំនិតលោក Dumarçay ដែរ តែបើគិតទាំងប្រាង្គដែលជាសម្មតិកម្មនៅជាន់ទី១ និងជាន់ទី៣ ដែលមានចំនួន១០ទៀត គឺមានរហូតដល់៥៩។
ក្នុងចំណោមសម្មតិកម្មរបស់អ្នកស្រាវជ្រាវទាំងអស់នេះ មានតែសម្មតិកម្មរបស់លោក Dumarçay ដែលត្រឹមត្រូវ គឺប្រាសាទបាយ័ន្តមានកំពូលដែលមានព្រះភក្រ្តចំនួន៤៩ តែលោកវិភាគខុសបន្តិចចំពោះព្រះភក្រ្តដែលមានព្រះភក្រ្ត២ ព្រះភក្រ្ត៣ និងព្រះភក្រ្ត៤។ លោក Maurice. Glaize បានធ្វើការជួសជុលប្រាង្គលេខ៥២ (ប្លង់ដើមរបស់បារាំង) ហើយបានរកឃើញដុំថ្មដែលធ្លាក់មានព្រះភក្រ្ត ទើបលោកសន្និដ្ឋានថាបាយ័ន្តមានកំពូលដែលមានព្រះភក្រ្តចំនួន៥០។ លោក B.P Groslier គិតថានៅចន្លោះប្រាង្គលេខ១៨ និងប្រាង្គលេខ៤៣ (ជាមណ្ឌប) គឺមានប្រាង្គ១ទៀត ហើយនៅទិសឥសាន្តនិងអាគ្នេយ៍នៃ ប្រាង្គលេខ៣៥ គឺមានកំពូល២ទៀត ដូចនេះហើយលោកគិតថាវាមានរហូតដល់៥២។ លោក Olivier Cunin បានរួមបញ្ចូលកំពូលនៃខ្លោងទ្វារទាំងប្រាំរបស់ក្រុងអង្គរធំ ហើយលោកសរុបថា កំពូលដែលមានព្រះភក្រ្តរបស់អង្គរធំទាំងមូលគឺ៦៤។
ដោយឡែកតាមការសិក្សាស្រាវជ្រាវរបស់ខ្ញុំ កំពូលដែលមានព្រះភក្រ្តជាក់ស្តែងរបស់ប្រាសាទបាយ័ន្ត គឺមានចំនួន៤៩ (៤៨+១=៤៨ ឬ១៦x៣+១=៤៩) ក្នុងនោះកំពូលចំនួន៣៨មានព្រះភក្រ្ត៤ កំពូលចំនួន១មានព្រះភក្រ្ត៣ (ប្រាង្គលេខ១៨) កំពូលចំនួន២មានព្រះភក្រ្ត២ (ប្រាង្គលេខ៤២ និង៤៣) និងកំពូលចំនួន៨មានព្រះភក្រ្ត១ (ប្រាង្គលេខ៣៤ដល់៤១) (រូបលេខ៤)។
![](https://asset.ams.com.kh/khmercivilization/media/sites/3/រូបលេខ៤-copy-1.jpg)
ជាភស្តុតាងជាក់ស្តែងកំពូល៨ដែលមានព្រះភក្រ្តតែមួយ គឺអាចមានព្រះភក្រ្ត៣ តាមរយៈថ្មដែលគេតម្រៀប តែកំពូលទាំងនោះត្រូវបានគេឆ្លាក់តែព្រះភក្រ្តមួយ ដោយសារតែវាចង្អៀតពិបាកនឹងដាប់ឆ្លាក់។ ថ្មីៗនេះក្រុមការងាររបស់សាកលវិទ្យាល័យវ៉ាសេដា នៃប្រទេសជប៉ុនបានធ្វើការរៀបចំថ្មដែលធ្លាក់រ៉ាយប៉ាយជុំវិញប្រាសាទបាយ័ន្ត និងបានផ្គុំថ្មមួយចំនួន ហើយបានរកឃើញថាថ្មមួយចំនួនអាចផ្គុំបានជាព្រះភក្រ្តរបស់កំពូលប្រាសាទ។ របាយការណ៌ មួយចំនួនរបស់លោក បានបង្ហាញអំពីការរើថ្មដែលធ្លាក់នៅទីធ្លាចន្លោះខឿនទី១ និងទី២ ក៏បង្ហាញអំពីថ្មដែលអាចផ្គុំជាព្រះភក្រ្តផងដែរ។ ជាក់ស្តែង ស្ថានភាពបច្ចុប្បន្ននៃកំពូលប្រាសាទ បាយ័ន្ត គឺកំពូលខាងលើបង្អស់បានធ្លាក់បាត់អស់នៃថ្មដែលជាផ្ទៃព្រះភក្រ្ត (ចំនួន៤ទិស ឬព្រះភក្រ្តទាំង៤) ហើយកំពូលនៅជ្រុងអាគ្នេយ៍នៃជាន់ទី២ ក៏ធ្លាក់បាត់ព្រះភក្រ្តមួយផ្នែកដែរ។ ហើយការយល់ឃើញរបស់ខ្ញុំមួយទៀត ក្នុងករណីបំណែកថ្មរកឃើញនៅបរិវេណខាងក្រៅ នៃប្រាសាទបាយ័ន្តមិនមែនជាថ្មដែលជាព្រះភក្រ្តរបស់កំពូលកណ្តាល និងកំពូលនៅជាន់ទី៣នោះ ក៏អាចជាថ្មព្រះភក្រ្តនៅថែវទី១មានព្រះភក្រ្តដូចកំពូលដទែនៅជាន់ទី២ ទី៣ និងទី៤ដែរ។ ក្នុងករណីនេះ កំពូលនៅថែវទី១នេះ ក៏អាចមានចំនួន ១៦ដែរ គឺខុសពីការស្រាវជ្រាវរបស់លោក Olivier Cunin ដែលបង្ហាញក្នុងអត្ថបទរបស់គាត់ គឺមានចំនួនតែ៨ទេនៅថែវ ឬថ្នាក់ទី១។ បើដូចនេះ កំពូលប្រាសាទបាយ័ន្តអាចមានរហូតទៅដល់៦៥ (៦៤+១=៦៥ ឬ១៦x៤+១=៦៥) មិនគិតពីកំពូលរបស់ខ្លោងទ្វារក្រុងអង្គរធំ។
![](https://asset.ams.com.kh/khmercivilization/media/sites/3/រូបលេខ៦-copy-1.png)
ចំណុចនេះយើងក៏អាចនិយាយអំពីទស្សនៈវិស័យ នៃការស្ថាបនាប្រាសាទបាយ័ន្តជាមួយនឹងចំនួន១៦ គឺខុសពីការស្ថាបនាប្រាសាទអង្គរវត្ត ដែលជាទូទៅយើងឃើញថាមានការទាក់ទងជាមួយនឹងចំនួន១២។ ការរចនាប្លង់ប្រាសាទបាយ័ន្តមានលក្ខណៈស្មុគស្មាញបន្តិច តែបើយើងពិនិត្យមើលទៅ គឺនៅតាមជាន់ ឬថ្នាក់នីមួយៗគេរៀបចំឱ្យមានកំពូលចំនួន១៦ ដែលអាចមើលឃើញកំពូលចំនួន៥ពីទិសនីមួយៗ។ នៅជាន់៣ និងទី៤ ទោះការរៀបប្លង់មិនបានជាជួរដូចជាន់ទី១ និងទី២ តែគេបានស្ថាបនាកំពូលផ្សេងទៀតដើម្បីបង្គ្រប់ឱ្យបានចំនួន១៦ដែរ។ សរុបកំពូលដែលមានព្រះភក្រ្តនៅជាន់ទី២ ទី៣ និងទី៤គឺមាន៤៨កំពូល រួមនឹងកំពូលមួយនៅខាងកើត ចន្លោះជាន់ទី១ និងទី២ គឺ៤៩។ តែបើថែវទី១មានកំពូលចំនួន១៦ទៀត គឺសរុប៦៥កំពូលដែលមានព្រះភក្រ្ត។ តើចំនួន១៦មានអត្ថន័យអ្វី? វាអាចទាក់ទងនឹង ទម្រង់ទី៤នៃទេពហេវជ្រ ឬក៏អាចនឹងប្រភេទនៃយ័ន្តមួយបែបដែលគេហៅថា ស្រិចក្រយន្ត្រ ឬក៏អាចទាក់ទងនឹងពិធី សង្ក្ររ (saṃskāra) ក្នុងលិទ្ធិព្រាហ្ម ឬហិណ្ឌូ ដែលទាក់ទងនឹងដំណើរនៃជិវិតមនុស្សដែលត្រូវឆ្លងវ័យចំនួន១៦លើក តាំងពីកើតរហូតដល់ស្លាប់វិញ។
សរុបមកខ្ញុំគិតថា ប្រាសាទបាយ័ន្តមានកំពូលដែលមានព្រះភក្រ្តចំនួន៤៩ដូចសម្មតិកម្មរបស់លោក J. Dumarçay ។ ក្នុងករណីទី២ គឺប្រាសាទបាយ័ន្ត ដើមឡើយអាចមានកំពូលដែលមានព្រះភក្រ្តចំនួន៦៥ (៦៤+១=៦៥ ឬ១៦x៤+១=៦៥)។
អត្ថបទដើម៖ លោក សុខ កែវ សុវណ្ណារ៉ា