ក្នុងសង្គមអ្នកស្រាវជ្រាវ ឬអ្នកសិក្សាប្រវត្តិសិល្បៈ គេតែងដឹងឮនិងស្គាល់ស្ទើរគ្រប់ៗគ្នាអំពីផ្តែរទ្វារមួយឈ្មោះថា “ផ្តែរវត្តអង្គខ្នារ” ដ្បិតនៅផ្នែកខាងលើនៃផ្តែរទ្វារនោះមានចម្លាក់រឿងសសរភ្លើង ឬរឿងទេវកថាកំណើតលិង្គ ដែលជាភាសាសំស្រ្កឹតហៅថា “លិង្គោទ្ភវ”។ តាមពិតទៅផ្តែរទ្វារនេះមានប្រភពដើមនៅវត្តមហរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ហើយគេដឹកយកទៅវត្តឥន្ទកុមារ ឬហៅឥន្ទខ្មារ ចុងក្រោយក៏ដឹកយកទៅរក្សាទុកនិងដាក់តាំងបង្ហាញនៅសារមន្ទីរជាតិភ្នំពេញ។ ពាក្យ “ឥន្ទខ្មារ” នេះហើយដែលបារាំងច្រឡំទៅជា “អង្គខ្នារ”។ ជាទូទៅចម្លាក់សសរភ្លើងនៅសម័យមុនអង្គរស.វ.ទី៧មានលក្ខណៈកម្រខ្លាំងណាស់នៅក្នុងសិល្បៈខ្មែរ ពោល បើរាប់ឲ្យមែនទែនទៅគេស្គាល់តែចម្លាក់លើផ្តែរទ្វារនេះមួយប៉ុណ្ណោះ។ សសរភ្លើងនេះហើយដែលយើងស្គាល់គ្រប់គ្នាថា “លិង្គ” ដែលជារូបស្នងនៃព្រះឥសូរ។ ព្រះឥសូរ គឺជាអាទិទេពធំបំផុតដែលជាអ្នកបង្កើតលោក និងបំផ្លាញលោក ដែលគេចាត់ទុកដូចជាលោកធាតុនៃចក្រវាលជីវិតកើតនិងស្លាប់នៃជីវិតទាំងឡាយដែលរស់នៅលើផែនដី ដ្បិតលិង្គតែងមានទម្រជាយោនី ដូចក្នុងជំនឿជីវចលគេជឿថា ដុំថ្ម ទីទួល កូនភ្នំ គេចាត់ទុកជាអ្នកតាឬអាទិទេពប្រុស ហើយចំណែកអាទិទេពភេទស្រីវិញគេប្រៀបធៀបទៅនឹងរូងភ្នំឬដីដែលជានិម្មិតរូបនៃផ្ទៃមាតា។
តាមពិតទៅ ផ្តែរទ្វារមានចម្លាក់សសរភ្លើងរបៀបនេះ ខ្ញុំធ្លាប់ឃើញមួយទៀតនៅវត្តស្លែង ដែលមានទីតាំងស្ថិតនៅភូមិស្លែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ផ្តែរទ្វារនេះ គេទើបយកចេញពីទួលប្រាសាទបុរាណមួយនៅទិសនិរតីវត្តស្លែង ដែលមានឈ្មោះថា “ទួលអន្សាស្លែង” ចម្ងាយប្រមាណ ៥០០ម៉ែត្រពីវត្តស្លែង។ ទីតាំងវត្តស្លែងនេះ ហាក់ដូចនៅឆ្ងាយពីក្រសែភ្នែកអ្នកស្រាវជ្រាវមកពីតំបន់អឺរ៉ុបកាលពីរវាងដើមស.វ.ទី២០ ដ្បិតបើយើងយោងលើបញ្ជីសារពើភណ្ឌរបស់អ្នកស្រាវជ្រាវល្បីល្បាញពីររូបគឺលោក Étienne Aymonier និងលោក Lunet De Lajonquière មិនមានចុះបញ្ជីបុរាណដ្ឋានវត្តស្លែងឡើយ។ តែយ៉ាងណានៅទសវត្សរ៍១៩៧០ លោកស្រី Mireille Bénisti ធ្លាប់បានសិក្សាផ្តែរទ្វារមួយនៅវត្តស្លែងនេះដែរ គ្រាន់តែមិនមែនផ្តែរដែលមានចម្លាក់សសរភ្លើង ដ្បិតផ្តែរនេះគេទើបយកមកដាក់សម័យក្រោយនេះទេ។
រឿងទេវកថាកំណើតសសរភ្លើងនេះមាននិយាយនៅក្នុងគម្ពីរ Vayu Purana ហើយ បើសង្ខេបមកមានសេចក្តីដំណាលថា៖
ដល់កាលវេលាមួយដែលលោកទាំងបីបានរលាយអស់ គឺត្រូវដល់ពេលបង្កើតអ្វីៗ ឡើងវិញពោល គឺត្រូវបង្កើតលោកទាំងបីឡើងវិញ ហើយលោកដែលចាប់កំណើតក្រោយ គេនោះ គឺស្ថានមនុស្ស។ ពេលនោះហើយដែលព្រះវិស្ណុផ្ទុំលើនាគអនន្តកណ្តាលមហាសមុទ្រ ដើម្បីបង្កើតលោក ហើយមានផ្កាឈូកមួយផុសចេញពីផ្ចិតព្រះវិស្ណុ ដែលខាងលើផ្កាឈូក នោះ គឺព្រះព្រហ្ម ពោល គឺមានន័យថាព្រះព្រហ្មកើតចេញពីផ្ចិតរបស់ព្រះវិស្ណុ។ មាន ពេលមួយព្រះវិស្ណុ និងព្រះព្រហ្ម បានឈ្លោះប្រកែកគ្នាថា “តើនរណាជាអាទិទេពធំជាង គេ? ប្រកែកចុះប្រកែកឡើងក៏កើតជាឆាកប្រយុទ្ធគ្នាកើតឡើងអស់រយៈកាល១០០០ឆ្នាំ នៅតែមិនឈ្នះមិនចាញ់។ កំពុងតែប្រយុទ្ធក៏មានសសរភ្លើងមួយផុសឡើងបំបែកទេព ទាំងពីរអង្គឲ្យឃ្លាតឆ្ងាយពីគ្នា ដែលសសរភ្លើងនោះជាលិង្គមានព្រះនាមថា “ឥស្វរ” ពោល
គឺជាព្រះនាមទីមួយនៃព្រះសិវក្នុងចំណោមព្រះនាមទាំង១០៨។ ព្រះវិស្ណុភ្ញាក់ព្រះកាយ សម្លឹងមើលទៅសសរភ្លើងដែលមានភ្លើងចម្រុះពណ៌ ហើយលើកដៃប្រណម្យសំពះ និង មានបន្ទូលប្រាប់ព្រះព្រហ្មថា សសរភ្លើងនេះជាអ្នកបង្កើតលោកទាំងបី តែព្រះព្រហ្មមិន ជឿឡើយ ហើយពេលនោះសសរភ្លើងមានព្រះបន្ទូលទៅទេពទាំងពីរថា “បើអ្នកមិនជឿ យើងដាក់បន្ទរពីរយ៉ាងឲ្យអ្នកស្រាយ បើអ្នកណាទៅរកភស្តុតាងនៅកំពូលសសរភ្លើង និង គល់សសរភ្លើងយើងថាកំពូល និងគល់សសរនេះហោះដល់ស្ថានណារកបានភស្តុតាង យើងនឹងជឿថាអ្នកនោះជាអ្នកបង្កើតលោក”។ ព្រះព្រហ្ម និងព្រះវិស្ណុក៏យល់ព្រម ហើយ ពេលនោះព្រះព្រហ្មបានក្រឡាខ្លួនជាសត្វហង្សហោះទៅរកកំពូលសសរភ្លើង រីឯព្រះវិស្ណុ ក៏ក្រឡាខ្លួនជាជ្រូកព្រៃខ្មុរចុះផែនដីទៅរកគល់សសរភ្លើង។ ទេពទាំងពីររកចុះរកឡើងយ៉ាងណាក៏នៅតែពុំឃើញ ហើយព្រះវិស្ណុក៏ព្រមចុះចាញ់ រីឯព្រះព្រហ្មបានប្រើល្បិចថា ខ្លួនបានរកឃើញកំពូលសសរភ្លើង។ ដោយព្រះព្រហ្មនៅតែមិនព្រមចុះចាញ់ ព្រះឥស្វរក៏ បានដាក់បន្ទរពីរបន្ថែមទៀត ពោល គឺទី១ ឲ្យទេពទាំងពីរចូលក្នុងសសរភ្លើង និងទី២ឱ្យ ទេពទាំងពីរចេញពីសសរភ្លើង។ ចុងក្រោយទេពទាំងពីរក៏យល់ព្រមចុះចាញ់ និងទទួល ស្គាល់ថាសសរភ្លើងនេះហើយដែលជាអ្នកបង្កើតលោកទាំងបី។
ផ្តែរទ្វារនៅវត្តស្លែងគេឆ្លាក់ រឿងទេវកថាសសរភ្លើងនៅផ្នែកខាងក្រោមចំពាក់កណ្តាល នៃផ្តែរដែលក្នុងនោះមានចម្លាក់តួអង្គចំនួន៥ ហើយនៅកណ្តាលជារូបសសរភ្លើងមានមុខ ព្រះឥស្វរ នៅខាងស្តាំសសរភ្លើងជារូបព្រះព្រហ្ម នៅខាងឆ្វេងសសរភ្លើងជារូបព្រះវិស្ណុ និងនៅសងខាងមានទេពពីរអង្គទៀតដែលយើងមិនដឹងថាជាទេពអង្គណានោះទេ។ ចម្លាក់ រឿងសសរភ្លើង នៅវត្តស្លែងមានភាពសឹករិចរិលច្រើន។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ចម្លាក់រឿងសសរភ្លើងនៅលើផ្តែរទ្វារទាំងពីរស្ថិតនៅក្នុងសម័យកាលតែមួយ ពោល គឺ រចនាបថព្រៃក្មេង នាស.វ.ទី៧ដូចគ្នា។ ប៉ុន្តែលក្ខណៈខុសគ្នានោះ គឺចម្លាក់រឿងទេវកថា សសរភ្លើងនៅលើផ្តែរទ្វារវត្តអង្គខ្នារ គេឆ្លាក់នៅផ្នែកខាងលើនៃផ្តែរ ពោល គឺត្រង់ក្បាច់ត្បូង ខ្លះហៅក្បាច់រាងរង្វង់ ឬខ្លះហៅក្បាច់មេដាយ៉ុង ក្នុងលក្ខណៈសសរភ្លើងមានព្រះភក្រ្ត ព្រះឥស្វរនៅកណ្តាល នៅខាងឆ្វេងជាព្រះវិស្ណុ និងខាងស្តាំជារូបព្រះព្រហ្ម ហើយនៅ ខាងចុងផ្តែរមានទេពពីរអង្គដូចផ្តែរទ្វារនៅវត្តស្លែងដែរ។
ផ្តែរទ្វារទាំងពីរនេះ គឺជាតឹកតាងយ៉ាងសំខាន់មួយដែលបញ្ជាក់ថានៅសម័យបុរាណ ខ្មែរជ្រួតជ្រាបព្រហ្មញ្ញសាសនារឹងមាំណាស់ ហើយជានិច្ចកាលខ្មែរតែងតែយករឿងទេវកថា ដែលមានចែងនៅក្នុងគម្ពីរផ្សេងៗមកឆ្លាក់លើថ្មបង្ហាញអំពីខ្សែរឿងទាំងនោះ។ ផ្តែរទ្វារចម្លាក់ សសរភ្លើងនៅវត្តស្លែង គឺភស្តុតាងមួយថ្មីដែលស្តែងឲ្យឃើញអំពីឥទ្ធិពលនៃរឿងសសរ ភ្លើងក្នុងសង្គមខ្មែរនាស.វ.ទី៧។
អត្ថបទដើម៖ លោក ម៉ង់ វ៉ាលី