ទំព័រដើមប្រវត្តិសាស្ត្រអំពីឈ្មោះ​ប្រាសាទភ្នំជីសូរ្យ

អំពីឈ្មោះ​ប្រាសាទភ្នំជីសូរ្យ

ភ្នំជីសូរ្យ ស្ថិតនៅក្នុងភូមិ​ស្លា ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ ទីនេះមានភាពល្បីល្បាញ​ ដ្បិតជាទីទេសចរនិយមមកលម្ហែផង មានវត្ត និងជាទីបុរាណដ្ឋាន​ដែលមានប្រាសាទបុរាណ​​យ៉ាងសម្បើមផងដែរ។ ឈ្មោះភ្នំនេះ អ្នកស្រុកតែងពន្យល់តាមរឿងព្រេង​ដូចមាននៅក្នុងសៀវភៅប្រជុំរឿងព្រេងខ្មែរ ​ភាគ៦ របស់ក្រុមជំនុំទំនៀមទម្លាប់​ខ្មែរ នៃ​វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។ យ៉ាងនេះក្ដី តាមការសិក្សាសិលាចារឹក បានបង្ហាញ​ពីឈ្មោះ​ “ជីសូរ្យ” នេះ ជាឈ្មោះបន្សល់មកតាំងពីបុរាណយ៉ាងជាក់ច្បាស់។

ប្រាសាទបុរាណ​នៅលើភ្នំនេះ មានកំពែងថ្មបាយក្រៀម​ព័ទ្ធជុំវិញ ខាងក្នុងមានតួប្រាសាទ​ជាច្រើន​ និងមានប្រាង្គសំខាន់នៅចំកណ្ដាល​ ដែល​អ្នក​ស្រុកហៅថា វិហារក្នុង ជាទីដែលគេជឿថាមានភាពសក្ដិសិទ្ធិ។ វិហារក្នុង ជាការកែប្រែប្រាង្គព្រហ្មញ្ញសាសនា​មកជា​ចេតិយ​តាមបែបពុទ្ធសាសនា​ ជាការ​ពេញនិយមនាសម័យកណ្ដាល។ ប្រាសាទនេះកសាង​នៅក្នុងរាជ្យរបស់ព្រះបាទសូរ្យវម៌្មទី១(១០០២-១០៥០គ.ស.) ដែលទំនងជាសាងសង់នៅលើទីតាំង​ប្រាសាទសម័យមុនអង្គរ ព្រោះយើងសង្កេតឃើញមានសម្ភារៈសំណង់សម័យ មុន​អង្គរ​នៅទីនោះផងដែរ។ បើឈរលើភ្នំចំខាងមុខរៀសាូវត» «អាទ្រិ» «គិរី៌ម្រមានរៀបរាប់​ប្រាសាទនេះ ​យើងឃើញមាន​ជណ្ដើរបុរាណ​សាងពីថ្មបាយក្រៀមចុះទៅដល់ជើងភ្នំ។ នៅជើងភ្នំទិសខាងកើ​តមានប្រាសាទពីរដែលជាច្រកចូលមកកាន់ប្រាសាទលើភ្នំ ហៅតាមពាក្យសំស្ក្រឹតថា គោបុរៈ។ អ្នកស្រុកហៅប្រាសាទទាំងពីរ​នោះថា ប្រាសាទសែនត្មុល និងសែនរវាំង ឬសែនភូវាំង។ នៅខាង​កើតប្រាសាទទាំងពីរនោះមានស្រះទឹកបុរាណមួយ អ្នកស្រុកហៅថា ទន្លេអុំ ដែល​ជា​បារាយណ៍ របស់ប្រាសាទនេះ គឺជានិមិត្តរូបតំណាងឱ្យមហាសាគរ។

នៅប្រាសាទនេះ​ គេបានរកឃើញ​សិលាចារឹក​ចំនួន​៤ផ្ទាំង ដែល​មាន​ចុះលេខ​បញ្ជី​ K. 31 K.32 K.33 និង K.34។ សិលាចារឹក K.31 ចុះកាលបរិច្ឆេទនៅឆ្នាំ​១០២៩គ.ស.ចារនៅលើមេទ្វារខាងជើងនៃតួប្រាសាទ​ខាងជើង ចារឹកអំពីដង្វាយរបស់ព្រះសូរ្យវម៌្មទី១ មានមនុស្សពីរនាក់មានឋានន្ដរនាម​ជា “ឆ្លោញ” និង “តេង” ព្រមទាំងដី១២កន្លែង និង​អម្រស់អម្ររបស់អ្នកបម្រើ ចំពោះ​ប្រាសាទ​នេះ។ សិលាចារឹក​ K.32 បច្ចុប្បន្ន​រក្សាទុក​នៅ​សារមន្ទីរ ជាតិ​អង្គរ​មាន​ចុះកាលបរិច្ឆេទនៅឆ្នាំ​១១១៦គ.ស ចារឹកអំពីដង្វាយ​របស់​ព្រះគម្ដែង​អញ​ភ្នំរហែក ជាតបស្វីរបស់រាជការ ថ្វាយជាដី ខ្ញុំបម្រើ​ និង​ភស្ដុភារ​សម្រាប់​ធ្វើ​ពិធីសង្រ្កាន្ដចំពោះ​ ប្រាសាទ​នេះ។ ចុងក្រោយមានពាក្យបណ្ដាសាដល់នរណា​ដែលបំផ្លាញបុណ្យ​ទាំងនោះឱ្យឆេះសន្ធោរសន្ធៅដូចភ្លើងនៅនរករោរព។ សិលាចារឹក K.33 រក្សាទុកនៅសារមន្ទីរហ្គីមេត៍ ប្រទេសបារាំង ចុះកាល​បរិច្ឆេទ​នៅឆ្នាំ​១០១៧គ.ស ផ្នែកដំបូង​ចាររំលឹក​ពីការជាវដីសាង​​អាស្រមឈ្មោះយោគិន្ទ្រាល័យ​ និង​​បន្ទាប់មកនៅឆ្នាំ​១០១៧គ.ស ​មាន​ស្ដែងអញសិវាចារ្យ​​ទូលសុំ​ឱ្យព្រះបាទ​សូរ្យវម៌្មទី១​ ចេញលិខិតព្រះអាលក្ស ដល់លោក​ដែលលោកបាន​ជាវ​ដី​យោគិន្ទ្រាល័យ និង​យោគិន្ទ្របុរកន្លងមក ដោយរៀបរាប់នូវទ្រព្យដែលបាន​ទិញដីនោះ​និងដង្វាយនានាថ្វាយព្រះ។ ចុងក្រោយ​ គឺជាបណ្ដាសាដល់អ្នកដែលបំផ្លាញ និងពរដល់អ្នកថែរក្សាទ្រព្យទាំងនោះ។ សិលាចារឹក K.34 បច្ចុប្បន្នរក្សាទុកនៅសារមន្ទីរហ្គីមេត៍ ប្រទេសបារាំង ចារឹកនៅស.វ.ទី១១ និយាយអំពីការធ្វើ​បុណ្យរបស់ទិវាករបណ្ឌិត​ និងដង្វាយ​ក្រុម​មនុស្ស​៦៨នាក់ដែលមានឋានន្តរនាមជា “លោញ”​ និង “តេង” ដើម្បីបម្រើ​នៅ​តំបន់​ រលាបទន្លា​ ដោយមានបញ្ជាក់ពីព្រំដី​រលាបទន្លា និងដីពីកន្លែងទៀតផង។ បន្ទាប់មកមានរៀបរាប់​អំពីដង្វាយនានា។ ខាងចុងបញ្ចប់អត្ថបទ ជាពរជូនដល់អ្នកបានថែរក្សាបុណ្យ​ និង​បណ្ដាសារដល់នរណាដែលបំផ្លាញបុណ្យដែលបានសាងនេះ។

សិលាចារឹក​ប្រាសាទភ្នំជីសូរ្យ K.31 K.32 និង K.34 បានបញ្ជាក់ថាប្រាសាទនេះមានឈ្មោះ

ដើម​ថា វ្រះកម្រតេង៑ជគត៑ឝ្រីសូយ៌្យបវ៌្វត សម្រួលជាអក្ខរាវិរុទ្ធទំនើបថា ព្រះគម្ដែងជគតស្រីសូរ្យបព៌ត។ ឯសិលាចារឹកប្រាសាទព្រះវិហារ K.380​ ហៅប្រាសាទ​នេះថា ឝ្រីសូយ៌្យាទ្រិ (ឝ្រីសូយ៌្យ + អទ្រិ) សម្រួលមកជាអក្ខរាវិរុទ្ធទំនើបថា សូរ្យាទ្រិ។ ចំណែកសិលាចារឹក​ប្រាសាទ​បាយ័ន K.293 វិញ ហៅប្រាសាទ​នេះថា វ្រះកម្រតេង៑ជគត៑ឝ្រីសូយ៌្យ គិរី សម្រួល​មក​អក្ខរាវិរុទ្ធទំនើបជា ព្រះគម្ដែងជគតស្រីសូរ្យគិរី

យើងសង្កេតឃើញថា ឈ្មោះប្រាសាទ​នេះមានធាតុសំខាន់ពីរគឺ «ឝ្រីសូយ៌្យ» (ស្រីសូរ្យ) ផ្សំនឹង «បវ៌្វត» «អទ្រិ» «គិរី»។ ពាក្យ «ស្រីសូរ្យ» នេះគឺសំដៅព្រះបាទសូរ្យវម៌្មទី១ ដែល​ទ្រង់​ជា​ស្ថាបនិកប្រាសាទនេះ។ ចំណែកឯពាក្យសំស្ក្រឹត «បវ៌្វត» «អទ្រិ» និង «គិរី» មានន័យ​ថាភ្នំដូចគ្នា។ ដូច្នេះឈ្មោះបុរាណរបស់ភ្នំជីសូរ្យដែលរៀបរាប់ក្នុងសិលាចារឹក​ខាង​លើ​មកនេះ​ មានន័យថា «ភ្នំព្រះស្រីសូរ្យ»«ភ្នំព្រះបាទសូរ្យវម៌្ម(ទី១)»

«ភ្នំជីសូរ្យ» ជាឈ្មោះបង្ហាញពីការចងចាំ​ឈ្មោះបុរាណរបស់ប្រាសាទ​នេះ​ថា «ស្រីសូរ្យបព៌ត» «ស្រីសូរ្យាទ្រិ» ឬ «ស្រីសូរ្យគិរី»។ ពាក្យ «ជី» អាចឱ្យយើងពិចារណាបានច្រើនយ៉ាង។ ករណីទី១ ពាក្យ «ជី» ជាពាក្យសម្គាល់ញាតិកាខាងលើចាប់​ពីពីរថ្នាក់ឡើងទៅ។ ដូច្នេះ «ភ្នំជីសូរ្យ»​ មានន័យយ៉ាងសាមញ្ញថាភ្នំរបស់តាសូរ្យ។ ករណីទី២ ពាក្យ «ជី» អាច​ជាពាក្យមានការវិវត្តសូរមកពីពាក្យ «ស្រី» ដែលជាពាក្យសំស្ក្រឹត​(អានថា ស៊្រី)។ អ្វីដែលយើង​គួរចាប់អារម្មណ៍ ជាទូទៅយើងសម្គាល់ឃើញថាសម្ដីអ្នកស្រុកតាកែវ-កំពត សូរព្យញ្ជនៈ “ស” បញ្ចេញជាសូរព្យញ្ជនៈ “ច/ជ” វិញ។ ដូច្នេះពាក្យ «ស្រី» នេះអាចក្លាយមកជាសូរ «ច្រី»«ជ្រី» ដែលមានការធ្លាក់ចុះសូរ “រ” ក្លាយជាសូរ «ជី»។  

អត្ថបទដើមដោយ៖ លោក ហ៊ុន ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!