ទំព័រដើមប្រវត្តិសាស្ត្រឈ្មោះប្រាសាទ “បេងមាលា” ឬ “បឹងមាលា”?

ឈ្មោះប្រាសាទ “បេងមាលា” ឬ “បឹងមាលា”?

ប្រាសាទនេះមានទីតាំងនៅប្រហែល៦០គីឡូម៉ែត្រ ភាគឦសាននៃក្រុងសៀមរាប ស្ថិតនៅក្នុងភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ តាមសិល្បៈ និងស្ថាបត្យកម្មនៃសំណង់ប្រាសាទនេះ អ្នកស្រាវជ្រាវបានកំណត់ថាសាងនៅសម័យ ដំណាលគ្នានៃប្រាសាទអង្គរវត្ត ពោលគឺនៅក្នុងរាជ្យរបស់ព្រះបាទសូរ្យវរ្ម័នទី២ នាដើម ស.វទី១២។

ថ្មីៗនេះមានការមិនយល់ស្របគ្នាខ្លះទាក់ទងនឹងឈ្មោះរបស់ប្រាសាទនេះ ថា តើត្រូវហៅ “បេងមាលា” ឬ “បឹងមាលា”។ អ្នកស្រាវជ្រាវផ្នែកបុរាណវិទ្យា និងនរវិទ្យា (ជា ពិសេសលោកសាស្ត្រាចារ្យ អាំង ជូលាន ដែលជាអ្នកស្រាវជ្រាវខ្មែរដ៏ល្បីផ្នែកនរវិទ្យា និង អារ្យធម៌ខ្មែរ) បានយល់ថាឈ្មោះប្រាសាទនេះគឺ “បេងមាលា”។

ខ្ញុំសូមធ្វើការវិនិច្ឆ័យ និងលើកតឹកតាងខ្លះៗមកបង្ហាញនៅទីនេះ។ ដំបូងយើងត្រូវ យល់អំពីន័យនៃពាក្យ “មាលា” ដែលភាគច្រើនច្រឡំទៅនឹងន័យ “កម្រងផ្កា”។ តាមពិត ឈ្មោះ “មាលា” នេះមានទាក់ទងនឹង ឬរំឭកដល់ព្រះនាមរបស់ស្ដេចនៅក្នុងរឿងព្រេងដ៏ ល្បីដែលគេបានតែងជាកំណាព្យនៅស.វទី១៧ នោះគឺកំណាព្យ “ល្បើកអង្គរវត្ត”។ កំណាព្យ “ល្បើកអង្គរវត្ត” នោះនិយាយអំពី “ព្រះកេតុមាលា” ដែលជាបុត្ររបស់ព្រះឥន្ទកាលពីអតីតជាតិ។ ខ្ញុំសូមសង្ខេបយ៉ាងខ្លីអំពីរឿងនេះ។ តាមរយៈកំណាព្យនោះ បាន រៀបរាប់ថាព្រះឥន្ទបានយាងចុះមកស្ថានមនុស្ស ហើយនាំយកបុត្រទៅស្ថានត្រៃត្រឹង។ ដោយសារព្រះកេតុមាលា ជាមនុស្សមានក្លិនខុសពីទេពនៅស្ថានត្រៃត្រឹង ដូច្នោះហើយ បានធ្វើឲ្យរំជើបរំជួលដល់ទេពទាំងឡាយ។ ព្រះឥន្ទក៏សម្រេចបញ្ជូនបុត្រឲ្យមកនៅស្ថាន មនុស្សវិញ ដោយបញ្ជាឲ្យ “ព្រះពិស្ណុការ” ដែលជាទេពនៃស្ថាបត្យកម្ម សាងព្រះរាជវាំង ឈ្មោះ “ពេជយន្ត” (ឈ្មោះវាំងរបស់ព្រះឥន្ទ) នៅស្ថានមនុស្សថ្វាយព្រះកេតុមាលា។

បើតាមអ្នកស្រុករស់នៅម្ដុំប្រាសាទបាននិយាយថា នៅក្នុងបរិវេណប្រាសាទធ្លាប់មានវត្តមួយឈ្មោះ “វត្តព្រះកេតុមាលា”។ ម្យ៉ាងទៀតមានផ្លូវបុរាណមួយឈ្មោះ “ផ្លូវបេង” ដែលជាផ្លូវភ្ជាប់ពីអង្គរ ទៅប្រាសាទដ៏ធំមួយសាងនៅក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ដែលអ្នកស្រុកហៅថា “ប្រាសាទបាកាន” ឬខ្លះហៅ “បន្ទាយបាកាន” (បារាំងហៅច្រឡំថា “ប្រាសាទព្រះខ័នកំពង់ស្វាយ” ដែលនាំឲ្យមានអ្នកហៅរត់មាត់តាមរហូតដល់សព្វថ្ងៃ)។ ផ្លូវបុរាណពីអង្គរនោះកាត់តាមប្រាសាទបាតជុំ ប្រាសាទចៅស្រីវិបុល និងប្រាសាទបេង មាលា។ លើសពីនេះ បើយើងពិនិត្យលើកំណាព្យរបស់ ឧកញ៉ា សុត្តន្តប្រិជាឥន្ទ អំពី “និរាសនគរវត្ត” ដែលបានតែងនៅដើមសតវត្សទី២០ បានសរសេរឈ្មោះ “បេងមាលា” ពុំបានសរសេរ “បឹងមាលា” ទេ។ ដូច្នេះហើយ បើយើងធ្វើការពិចារណា និងវិនិច្ឆ័យទៅលើ ឈ្មោះរបស់ប្រាសាទត្រូវហៅ “ប្រាសាទបេងមាលា”។ បើយើងហៅ ឬប្រើពាក្យ “បឹង” នោះវាមិនផ្តល់ន័យត្រឹមត្រូវដល់ឈ្មោះ “មាលា” នោះទេ។

អត្ថបទដើម៖ លោក ញឹម សុធាវិន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!