ទំព័រដើមប្រវត្តិសាស្ត្របុរាណវិទ្យាការឃើញថ្មីនៃផូស៊ីលសត្វសមុទ្រនៅតំបន់ភ្នំពីរ ខេត្តមណ្ឌលគិរី

ការឃើញថ្មីនៃផូស៊ីលសត្វសមុទ្រនៅតំបន់ភ្នំពីរ ខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី​ស្ថិតនៅ​ភូមិភាគ​ឦសាន​​នៃ​ព្រះរាជាណាចក្រកម្ពុជា​ និងជា​​តំបន់​ដែល​សំបូរ​​​ដោយ​ភ្នំ​។​​ ធម្មជាតិ​មាន​ការ​ផ្លាស់​ផ្តូរ និងប្រែប្រួល ដូចជា​បន្ទុះ​ភ្នំ​ភ្លើង​ រលកយក្ស ព្យុះ​ ការបាក់​ស្រុត​នៃ​ស្រទាប់​ផែន​ដី​ ជីវិត សត្វ​ និងរុក្ខជាតិ​ជា​ដើម​។​  សណ្ឋាន​ដី​ប្រទេសកម្ពុជា​មាន​រាង​ផតកណ្តាល​ មានជួរ​ភ្នំ​ក្រវាញ និង​ភ្នំ​ដង​រែក និង​តំបន់​ភ្នំ​នៅ​ភូមិ​ភាគ​ឦសាននៅព័ទ្ធ​​ជុំ​វិញ។​ តាម​ការសិក្សា​ភូមិ​វិទ្យាកន្លង​មក​ គេថា​ប្រទេសកម្ពុជា​ធ្លាប់​ជាសមុទ្រ ចំណុច​នេះ​មាន​សិស្ស​​ជាច្រើន​តែង​តែមាន​ចម្ងល់​។

ឆ្នាំ​​២០១៩​ ក្រុមការងារ​សិក្សា​ស្រាវ​ជ្រាវ​អំពី​ផូស៊ីល​នៅ​កម្ពុជា ដោយមាននាយកដ្ឋាន​តំបន់​បេតិ​កភណ្ឌ​ នៃអគ្គ​នាយកដ្ឋាន​សហគមន៍​​មូលដ្ឋាន ក្រសួង​បរិស្ថាន​ ​សហការ​ជា​មួយ​មន្ទីរ​បរិស្ថានខេត្តមណ្ឌលគិរី​ និងអ្នកស្រាវជ្រាវសត្វ​មក​ពីសាកល​វិទ្យាល័យ​មាន​ជ័យ​​ បាន​ចុះ​សិក្សា​នៅតំបន់​ភ្នំ​ពីរ​ ភូមិសាស្ត្រស្រុក​កោះ​ញែក​ ក្នុង​ដែន​ជម្រកសត្វ​ព្រៃ “ស្រែពក​”។​  

លទ្ធផល​ឃើញថា​​​ភ្នំ​ពីរ​ ជាស្ថានីយន៍​​ផូស៊ីល​សត្វ​សមុទ្រដែល​លេចចេញមក​​នៅ​លើ​កូន​ភ្នំ​តូចៗ​ ​​ផូស៊ីល​មួយ​ចំនួន​កប់​នៅ​ក្នុង​ថ្ម​ និង​មួយ​ចំនួន​កប់​នៅ​ក្នុង​ដី​ ព្រមទាំងសំណាកផូស៊ីល​ជាច្រើននៅរាយ​ប៉ាយ​លើ​បរិ​វេណ​​ប្រមាណ​៥០០​ម៉ែត្រ។ សំណាក​ផូស៊ីលសត្វសមុទ្រដែលមានច្រើន​ជាង​គេ​ គឺ​ពពួក​អាម៉ូនី (Ammonite​) ព្រមទាំង​មាន​​ពពួកលាស​សមុទ្រ ខ្ចៅ ផ្កា​ថ្ម​ជាដើម​។​ អាម៉ូនី​ត ជា​ប្រភេទ​មួយ​នៅក្នុង​ក្រុម​ជា​មួយ​ពពួក​ម៉ឹក វា​​មាន​សំបក​ដូច​ខ្យង​ ក្នុងចំណាត់​ថ្នាក់​ Sub Class Ammonoidea, Class Cephalopoda, Phylum Mollusca។ ​អាម៉ូនីត​នៅ​ភ្នំ​ពីរ​មានប្រភេទផ្សេងៗគ្នា​ដែល​មាន​ទំហំ​ដល់​២០​ស.ម​។​

តាមការ​​ប្រៀប​ធៀប​ផូស៊ីល​អាម៉ូនីត​ យើង​អាច​យល់​បាន​ថា​ប្រភេទ​ដែល​យើងបាន​រក​ឃើញ​នេះ​​ គឺស្ថិតនៅ​ស័ក​ទី​២ ​(Mesozoic​ Era) ក្នុង​​សម័យ​ជូរ៉ា​សិក (Jurassic​​​ Period) ១៩៩.៦-១៦១.២លានឆ្នាំ​។​ ពពួកអាម៉ូនីត​​បានដាច់​ពូជ​​នៅ​ក្នុង​សម័យគ្រេតាស័រ (Cretaceous Period) ប្រមាណ​៦៦លាន​ឆ្នាំមុន​។ តាម​រយៈ​ឯកសារ​អាម៉ូនីត​មាន​​ជាច្រើន​ប្រភេទ ហើយ​ខ្លះមានទំហំជាង​មួយម៉ែត្រ​សម្រាប់​ការសិក្សា​នេះ ​យើង​ពុំទាន់​បាន​ធ្វើ​ការ​សិក្សា​ឱ្យ​ស៊ី​ជម្រៅ​នៅ​ឡើយទេ​​។​ បើ​ផ្អែក ទៅ​​លើ​ផែនទី​ភូគព្ភសាស្ត្រ​ នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ​តំបន់​ភ្នំ​ពីរ គឺស្ថិត​នៅ​តំបន់​ដែល​មាន​លេខ​សំគាល់ T3-J2SS ស្ថិត​នៅ​ចុង​​សម័យ​ទ្រី​យ៉ាស៊ីក(២៥១-១៩៩.៦លានឆ្នាំ​)​ និង​ពាក់កណ្តាល​ ​ជូរ៉ាសិក​ (១៩៩.៦-១៦១.២លានឆ្នាំ​)។​ ​ភ្នំ​ពីរ​មាន​កម្ពស់​​ជាង​៣០០​ម៉ែត្រ​ ធៀប​នឹង​ទឹក​សមុទ្រ​ក្នុង​ពេល​បច្ចុប្បន្ន​។

បើ​សិន​យើង​គិត​អំពី​នី​វ៉ូ​ទឹក​សមុទ្រ វា​ពិបាក​ណាស់​ថា​សមុទ្រ​អាច​លិច​ដល់​ខេត្ត​មណ្ឌល​គិ​រី​។​ តាម​ការ​សិក្សា​យើង​ឃើញ​ថា​ភ្នំ​នេះ​ មាន​ការ​ដោល​ឡើង​នៅ​ពេល​ណា​មួយ​​ ដោយ​មាន​ស្នាក​ស្នាម​ថ្ម​ដែល​រុញ​ឡើង​បញ្ឆិត​​ធ្វើ​ឱ្យ​ស្រទាប់ក្រោម​​ដែល​មាន​ផូស៊ីល​នោះ​ផុស​ចេញ​មក​ខាង​ក្រៅ​​ ​នេះអាចមាន​ន័យ​​នៅ​មុន​៦៦លាន​ឆ្នាំ​មុន​  ទីតាំង​ទាំង​នេះអាចនៅ​ជា​សមុទ្រ​នៅ​ឡើយ​។

អត្ថបទដើម៖ លោក លឹម វណ្ណច័ន្ទ

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!