ក្នុងពិធីមង្គលការ “ចងដៃ” ឬ “កួចដៃ” គឺជាកិច្ចមួយដែលមានទិដ្ឋភាពខ្លះគួរឱ្យចាប់អារម្មណ៍លើកមកពិចារណា ពោលគឺការបាចផ្កាស្លាឱ្យពរចងដៃ និងជំនឿនៃការប្រើអំបោះក្នុងកិច្ចដ៏សំខាន់នេះ។ តាមទម្លាប់កិច្ចនេះគេធ្វើបន្ទាប់ពីកិច្ចកាត់ខាន់ស្លា ហើយតែងមានកិច្ចតូចៗក្នុងពេលទន្ទឹមគ្នានោះដូចជា សំពះផ្ទឹម បង្វិលពពិល និងបាចផ្កាស្លា ដែលទុកថាជាកិច្ចសំខាន់ចុងក្រោយក្នុងពិធីមង្គលការ។ មិនតែប៉ុណ្ណោះ ទោះបីជាពិធីមង្គលការនោះរៀបចំឡើងដោយសង្ខេបកាត់កិច្ចនានាខាងដើមមកខ្លីៗ ឬធ្វើដោយពិស្តារ ក៏គង់ដល់កិច្ចចងដៃនេះស្ថិតនៅក្នុងថ្ងៃចុងក្រោយ ឬហៅថាថ្ងៃ “សំពះ”។ ទិដ្ឋភាពត្រង់នេះហើយ ទើបតំបន់ខ្លះហៅត្រឹមតែថា “ចងដៃ” ឬ “សំពះ” ក៏គង់គេយល់បានថាក្នុងនោះនឹងមានកិច្ចបន្ទាប់បន្សំបន្តបន្ទាប់ដូចរៀបរាប់ដោយត្រួសៗជាលំដាប់មកខាងលើ។
ដូចបានដឹងខ្លះរួចមកហើយថា ក្នុងពិធីមង្គលការខ្មែរគេចែកផ្កាស្លាជាបី គឺផ្កាស្លាច្បង ផ្កាស្លាកណ្តាល និងផ្កាស្លាពៅ។ ផ្កាស្លាទាំងបីនេះបុរាណលោកពន្យល់ថា ផ្កាស្លាច្បងមានស្លា២១ ម្លូ២១ តំណាងគុណឪពុក។ ផ្កាស្លាកណ្តាលមានស្លា១២ ម្លូ១២ តំណាងឱ្យគុណម្តាយ និងផ្កាស្លាពៅមានស្លា៦ ម្លូ៦ ទុកជាតំណាងគុណបង។ ផ្កាស្លាទាំងបីខាងលើគេតែងរៀបដាច់ដោយឡែកគ្នាដាក់លើជើងពាន ឬកូនតុ ដោយមានស្អិតស្អាងលម្អដោយផ្កាភ្ញីផ្សេងៗ។ តាមទំនៀម មុនពេលបាចផ្កាស្លា គេត្រូវធ្វើកិច្ចបង្គិលពពិលផង។ បន្ទាប់ពីបង្វិលពពិលរួចគេត្រូវស្រាយផ្កាស្លាកណ្តាល និងផ្កាស្លាពៅយកមកបាចឱ្យពរជ័យដល់កូនស្រីកូនប្រុសទាំងពីរ។ ក្នុងពេលកំពុងបាចផ្កាស្លានោះលោកអាចារ្យ តែងសូត្រប្រសិទ្ធីឱ្យពរសាមីពិធីទាំងពីរ ហើយភ្លេងក៏ត្រូវប្រគំបទកន្លង់ថោងកំដរពិធីដែរ។
ដោយឡែក ចំពោះអំបោះដែលប្រើសម្រាប់ចងដៃកូនប្រុសកូនស្រីក្នុងវេលានេះវិញគេសង្កេតឃើញមានទិដ្ឋភាពពីរបញ្ច្រាសគ្នា។ ពេលខ្លះគេប្រើអំបោះពណ៌ស និងពេលខ្លះគេប្រើអំបោះពណ៌ក្រហម។ ក្នុងចំណុចនេះ អ្នកខ្លះយល់ថាអំបោះពណ៌សជាអំបោះមង្គលត្រឹមត្រូវតាមប្រពៃណីខ្មែរ ហើយអំបោះពណ៌ក្រហម គឺនិយមយកតាមលំអានប្រពៃណី ឬជំនឿចិន ដែលយល់ថាក្រហមជាពណ៌ល្អ ឬជាពណ៌មង្គល។ ក្នុងសង្គមខ្មែរបច្ចុប្បន្ន ការចងអំបោះពណ៌ក្រហមនោះសោត ក៏ច្រើនឃើញចំពោះគ្រួសារណាដែលគេយល់ថាមានសែស្រឡាយជាប់ចិនដែរ។ ប៉ុន្តែទោះជាបែបណាក្តី នៅក្នុងទំនៀមប្រពៃណីខ្មែរ បុរាណលោកនិយមឱ្យប្រើអំបោះឆៅពណ៌ស ច្រើនជាងអំបោះពណ៌ក្រហម ឬពណ៌ផ្សេង។ រីឯការចូលចងដៃវិញ តំបន់ខ្លះមិនតម្រូវឱ្យប្អូនចងដៃបង ឬឱ្យអ្នកដែលគ្មានគូស្រករចូលចងដៃទេ។ ពាក់ព័ន្ធនឹងចំណុចនេះ គេក៏ពុំទាន់ឃើញមានឯកសារណាអធិប្បាយដែរ ដ្បិតទំនៀមទម្លាប់តែងខុសគ្នាបន្តិចបន្តួចពុំលែង។ ប៉ុន្តែទោះជាបែបណាក្តី ការប្រើអំបោះពណ៌ក្រហម ឬពណ៌ស ដើម្បីចងដៃបាចផ្កាស្លាដល់កូនប្រុសកូនស្រីនេះ គឺជានិមិត្តរូបពរជ័យស្រីសួស្ដី ជ័យមង្គល ចំពោះអ្នកទាំងពីរ ឱ្យចាប់ដៃរស់នៅជាមួយគ្នាក្នុងភាពត្រជាក់ត្រជុំ សុខដមរមនា ថែរក្សាគ្នារហូតចាស់ព្រឹទ្ធចាស់ព្រេងដរាបអវសានជីវិតរៀងខ្លួន ដូចពាក្យលោកអាចារ្យឱ្យពរថា “សូមឱ្យរស់នៅថែរក្សាគ្នាដល់ចាស់ព្រឹទ្ធចាស់ព្រេងខ្មោចវង្វេងរកមិនឃើញ ខាំចេករបូត ខាំពោតរបេះ ខ្មោចទាល់តម្រិះធ្វើមិនត្រូវ អណ្តែងដុះកុយ រុយដុះស្តែង…” ជាដើម។ ក្នុងពេលនោះ មេបាទាំងសងខាងក៏បានចាប់ដៃកូនស្រីកូនប្រុសដាក់ផ្គុំលើគ្នាឱ្យពរជ័យបញ្ជាក់ឱ្យឃើញពិតប្រាកដមែន។ ម្ល៉ោះហើយ ទើបយើងតែឮពាក្យនិយាយតៗគ្នាថា “ម៉ែឪចាប់ដៃផ្សំផ្គុំ” នោះឯង៕
អត្ថបទដើម៖ កញ្ញា ហៀន សុវណ្ណមរកត