កណ្តោល

នៅក្នុង​អារ្យ​ធម៌ខ្មែរ កណ្តោល​ហាក់​មា​ន​សារៈ​សំខាន់​​គួរ​ឱ្យ​កត់​សម្គាល់ ដ្បិត​សម្បក​ដើមកណ្តោលអាច​​ជ្រលក់ក្រណាត់ ជ្រលក់សំណាញ់ ទ្រាប់កូបដំរី ធ្វើ​ឱសថ និង​សម្លាប់​ស្បែក​ប្រើក្នុង​សិល្បៈល្ខោន​ស្បែកជាដើម។ មិន​តែ​​ប៉ុណ្ណោះ​​ កណ្តោល​​មាន​និយាយ​ក្នុង​​ព្រេង​និទាន​រឿង “​ព្រះគោព្រះកែវ” ហើយ​​​​​ជា​ពិសេស​​​គេតែង​ឃើញ​​​​ដើម​​​កណ្តោ​លដុះ​​លូ​ត​លាស់​ជាហូរហែ​​នៅក្នុង​បរិវេណ​ប្រាសាទ​ក្នុង​​តំបន់​​​​អង្គរ​ដូចជា ប្រាសាទ​អង្គរ​​វត្ត អង្គរធំ និង​​ប្រាសាទ​​ប្រែរូបជាដើម (រូបលេខ១-៣)។ លើសពីនេះ កណ្តោល​ក៏មាន​​ជាប់​ជា​ស្ថាន​នាមផង (ឃុំកណ្តោល ស្រុកបុទុមសាគរ ខេត្តកោះកុង)​​ ហើយ​គេដឹងថាមានប្រាសាទ​តូច​មួយ (សព្វ​ថ្ងៃក្នុង​ទឹកដីថៃ) កសាង​​ក្នុង​រាជ្យ​ព្រះ​បាទ​ជ័យ​វរ្ម័នទី៧ ជាប់ឈ្មោះជាភាសា​ថៃ​ថា “គូក្រៈដូន” (กู่กระโดน) ដែល​មាន​​​ន័យថា​ “កណ្តោល”។

កណ្តោល ជា​ប្រភេទ​​ឈើ​ដែលតែង​សង្កេត​ឃើញ​ដុះ​នៅ​តាម​​ភ្លឺស្រែ បុះ ឬចម្ការ​ចាស់​ៗ ឬដុះ​ក្នុង​​​ព្រៃ​ក៏មាន។ វា​មាន​​​​​កម្ពស់ជា​មធ្យម​​ប្រហែល​៥-១០​ម៉ែត្រ សម្បក​ដើម​​​ក្រាស់ ស្លឹកធំ​ទ្រវែង ផ្កា​ពណ៌​ស​លាយ​ក្រហមស្រាល និង​​មាន​ផ្លែមូលៗ​ប៉ុន​កដៃ​ក្មេង តែ​ពុំ​អាច​​​ហូប​បាន​ឡើយ (រូបលេខ៤-៧)។ ជាទូទៅ កណ្តោលតែងជ្រុះស្លឹកមួយ​ឆ្នាំ​ម្តង​ ហើយ​​​ចេញ​​ផ្កា​ និង​ផ្លែ​មុន​រដូវ​ចូល​ឆ្នាំ​ខ្មែរ ហើយគេពុំចាត់ទុក​កណ្តោល​​ជា​ជំពូក​ឈើ​ប្រណីត ដែល​​អាចកែ​ច្នៃ​ប្រើ​ជា​​គ្រឿង​សំណង់ ឬគ្រឿង​សង្ហារិម​​​ឡើយ។ ប៉ុន្តែផ្នែក​ផ្សេងៗ​របស់​កណ្តោល​អាចប្រើ​ជា​ប្រយោជន៍​​ច្រើន​វិស័យ​។ នៅ​ក្នុង​វិជ្ជា​ឱសថបុរាណខ្មែរ គេ​យក​ស្លឹក​កណ្តោល​​​ព្យាបាល​ដំបៅ និងផ្សះ​របួស។ សម្បកដើមកណ្តោល​​ព្យាបាល​​ពិសពស់ ថ្លោះ​​គ្រេច រសេះរសោះ ធ្លាក់ស ​និង​ផ្សះទូទៅ។ ផ្កា​កណ្តោល​ គេច្រើន​ប្រើ​សម្រាប់​ព្យាបាល​ក្អក​ ផ្តាសាយ និង​លើក​កម្លាំង​ស្រ្តី​ក្រោយ​សម្រាលកូន។ រីឯគ្រាប់​កណ្តោល គេ​ប្រើ​​សម្រាប់​ព្យាបាល​ពិស​ និង​ផ្លែ​សម្រាប់​​ជួយ​រំលាយ​អាហារជាដើម។

នៅក្នុងកិច្ចការងារសិល្បៈដាប់ឆ្លាក់ស្បែក នៃវិស័យ​សិល្បៈល្ខោន​​ស្បែក ដែល​​​រួម​មាន​ស្បែក​តូច​ ស្បែក​ធំ និងស្បែក​ពណ៌ គេ​តែង​យក​សម្បក​ដើម​កណ្តោល និង​សម្បក​ដើម​ស្តៅ​ទុក​ជា​ឈើ​ពិសេស​​សម្រាប់ស្ងោរត្រាំសម្លាប់ស្បែក (ស្បែក​គោស្រស់) ដ្បិត​វា​​ជួយ​ឱ្យ​ស្បែក​មាន​ពណ៌​ក្រមៅ​ល្អ ​ស្វិត​ជាប់មាំ និងការ​ពារ​សត្វល្អិត​ស៊ីបំផ្លាញ (រូប​លេខ​​៨-១០)។ រីឯ​នៅ​ក្នុង​​កិច្ច​ការ​ជ្រលក់​ពណ៌ គេច្រើន​យក​សម្បក​ដើម​កណ្តោល​ទៅ​ជ្រលក់​​ក្រណាត់​ឱ្យ​បាន​ជា​ពណ៌​ក្រមៅ។ មិន​តែប៉ុណ្ណោះនៅក្នុង​​ផ្នែក​នេសាទ គេក៏​ច្រើន​យក​​សម្បក​​​កណ្តោ​ល​ទៅ​ជ្រលក់​សំណាញ់ ឬមងផងដែរ ដ្បិតដើម្បី​ឱ្យ​សាច់​សំណាញ់ ឬមង​​ថ្មី​នោះ​​ប្តូរទៅជា​ពណ៌​ក្រមៅ​។​​​ ការណ៍នេះ ទំនង​ដើម្បីឱ្យសសៃសំណាញ់​ជាប់​ស្វិត​ផង ឬ​ដើម្បី​​​ឱ្យ​សសៃ​មង​នោះ​ប្តូរពណ៌​ងាយ​បន្លំភ្នែកត្រីផង។ ចំពោះអ្នកដែល​ចិញ្ចឹម​ដំរី​ទុក​ជា​ជំនិះ គេតែង​យក​សម្បកដើមកណ្តោល​ទៅដំឱ្យ​ទក់ ទ្រាប់​ខ្នងដំរី មុនឹង​ដាក់​ចងកូប​ពី​លើ ដ្បិត​​សម្បកវាក្រា​ស់ និងស្វិតផង។​​

ដោយ​ឡែកនៅក្នុងអត្ថបទ​អក្សរសិល្ប៍រឿងព្រះគោ​ព្រះកែវ ពួកអ្នក​ស្រុក​​បាន​ចាប់​ព្រះគោ​ទៅចងនឹង​ដើម​កណ្តោល វាយ​ដំធ្វើទុក្ខទោស តែ​ព្រះគោ​បាន​ប្រឹង​ស្ទុះ​ហោះរហូត​សណ្តក​ដើមកណ្តោល​រួច​ទៅបាន។ ឃ្លា​ត្រង់​នោះ​ពោល​បានថា “ស្ទុះ​ហោះ​​​សណ្តក​ដើម​កណ្តោល អណ្តែត​ឡើង​ថ្គោល​ទៅ​ទាំង​មែក ហោះដល់​ទៅ​​បៀត​ស្រទាប់​មេឃ រយះ​ដាច់​មែក​បាក់​ខ្ទេច​ខ្ទី” (រូបលេខ១១-១២)។ មិនតែ​ប៉ុណ្ណោះក្នុង​ខ្លឹមសារ​ចម្រៀងខ្លះ ក៏មាន​បញ្ចូល​ទិដ្ឋភាពអនុស្សាវរីយ៍ដើម​កណ្តោល​ទៅក្នុងបទនិពន្ធ​ផង​ដែរ។

ដូច្នេះជារួមមក កណ្តោលពុំមែន​ជាឈើប្រណីតក្នុង​វិស័យសំណង់ទេ តែវា​​ហាក់​ដូចជា​សំខាន់ក្រៃលែង​ក្នុង​សង្គមខ្មែរ។ ​ ប្រហែល​ដោយ​សារ​កណ្តោលបានផ្តល់ប្រយោជន៍​ច្រើន​​ដូច​រាប់មក​ត្រួសៗខាងលើ ទើប​គេ​តែង​សង្កេត​ឃើញ​ដើម​កណ្តោល​នៅ​សេសសល់​​​ជា​ហូរហែនៅតាមភ្លឺស្រែ ឬជាយ​របងផ្ទះតាមស្រុកស្រែជនបទ។ ម្យ៉ាងទៀតទំនង​ជា​កណ្តោល​ជា​រុក្ខជាតិ​សំខាន់ក្នុង​គំនិត​ខ្មែរ​បែបនេះ ទើប​គេ​​នាំ​ឱ្យ​គេ​ស្គាល់​យ៉ាង​ច្បាស់​​​​ទាំង​ក្នុង​​ទិដ្ឋភា​ព​អក្សរ​សិល្ប៍ ​ជាពិសេស​ក្នុង​ការងារ​ជ្រលក់ពណ៌ត្បាញរវៃ និង​ប្រើ​ជា​​ឱសថ​ជាដើម៕

អត្ថបទដើម៖ កញ្ញា ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!