ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿ“តាពេជ្រ”​ អ្នកតា​ប្រចាំខ្លោងទ្វារខាងត្បូងនៅអង្គរវត្ត

“តាពេជ្រ”​ អ្នកតា​ប្រចាំខ្លោងទ្វារខាងត្បូងនៅអង្គរវត្ត

អង្គរវត្ត ឬហៅតាមពាក្យបុរាណដែល​ជាប់​លើ​សិលាចារឹក​មកថា “ព្រះពិស្ណុលោក” ជាទីប្រជុំ​ទេពនិករ​ និង​អារក្ស​​​ អ្នក​តា ​​បង់បត់ផ្សេងៗ ​​ដែល​​​ខ្មែរ​ជឿ និង​គោរពបូជា​តាំង​ពី​បុរាណ​​កាល។ មក​ដល់​សព្វថ្ងៃ យើង​​ដឹង​ថា​មាន​តារាជ​​​ប្រចាំនៅ​ខ្លោង​ទ្វារ​ទិសខាងលិច តាពេជ្រ​នៅ​​​ខ្លោង​ទ្វារ​ទិសខាងត្បូង​ តាគូ​នៅខ្លោង​ទ្វារ​ទិស​ខាង​កើត និងតាឡឹក​​នៅ​ខ្លោង​ទ្វារ​​ទិស​ខាងជើង។ ក្នុង​បណ្តា​អ្នកតា​រក្សា​ខ្លោង​ទ្វារ​អង្គរ​វត្តទាំង​បួនទិស​ គឺមានតែ​តារាជ និង​​តាពេជ្រ​ដែលគេ​តែង​​ចេញ​ចូល​អុជធូប​បន់ស្រន់ និងថ្វាយដង្វាយ​​ស្ទើរ​មិនលុះ​ពេល។​​ ទិដ្ឋភាព​នៃជំនឿ និងការ​គោរពបូជា​នេះ គេឃើញ​មាន​​ទាំង​ទេសចរ​ណ៍​​​មក​​ពីនាយ និង​ជាពិសេស​​អ្នកស្រុក​អាយ​ដែល​រស់​នៅជុំវិញ​។ មិន​តែ​ប៉ុណ្ណោះ នៅរវាង​ដើម​ខ្នើត​ខែមាឃ អ្នក​ស្រុក​​តែង​មូល​មាត់​រៀបចំ​ពិធី​ឡើង​អ្នក​តាជុំវិញនេះតមកជា​ទំនៀម​ប្រចាំ​ឆ្នាំ​ទៀតផង។

តាពេជ្រ​ ជាអ្នកតា​ដែល​ស្ថិត​នៅ​ក្នុង​បន្ទប់​កណ្តាល​ ខ្លោង​ទ្វារខាង​ត្បូង​​នៃប្រាសាទ​អង្គរវត្ត ត្រង់ជ្រុង​​​អាគ្នេយ៍ធៀប​នឹង​​វត្តអង្គរខាងត្បូង។ ចំពោះ​​រចនាសម្ព័ន្ធ​ខ្លោងទ្វារ​តាពេជ្រ​ ហាក់​ប្លែកពីខ្លោងទ្វាផ្សេង ដ្បិតស្ទើរ​គ្រប់​បង្អួច​ខាងក្រៅ ដែល​​បែរ​ទៅ​កសិន្ទទឹក សុទ្ធតែមានស្លាកស្នាម​យក​ថ្ម​​បិទខ្ទប់ទាំងអស់ សូម្បីតែ​បន្ទប់​​ខាង​ក្រោយ និង​បន្ទប់​​ចំខាងមុខរូប​តាពេជ្រ ក៏ពុំមាន​ផ្លូវ​ចេញ​ចូល​។ លំនាំ​នេះគេ​ដឹង​ថា​ ភាគ​ច្រើន​​កើត​ឡើង​នៅរវាង​សតវត្សទី១៤ ឬទី១៥ ដែល​គេតែង​រៀបចំ​កែប្រែ​ផ្នែក​​ខ្លះ​នៃ​ប្រាសាទ​​​បុរាណ​​ឱ្យទៅជាកន្លែង​សក្ការៈ ដោយ​មាន​ការ​ចល័តបដិមា​ពី​ទីផ្សេង​មក​តម្កល់​ក្នុង​​បន្ទប់​​​ទាំងនោះ​ផងក៏មាន។ គេ​សង្កេត​ឃើញថា ទិដ្ឋភាពនេះច្រើន​កើត​ឡើង​ពេល​ដែល​​​ខ្មែរ​ងាក​មក​គោរពប្រតិបត្តិព្រះពុទ្ធសាសនា​ថេរវាទ ហើយគេ​ច្រើន​កែ​សម្រួល​​ប្រាង្គ​ប្រាសាទ​​​ទៅជាវិហារ ឬកន្លែងគោរពបូជាផ្សេងៗ។

រូបសំណាកតាពេជ្រ ជា​​បដិមា​​ព្រះ​ពុទ្ធប្រក់នាគ ដែល​​ពូនដីឡើង​​ស្រោប​តាំង​​ពី​ក្រោម​​​ដល់​​លើ​ សល់ត្រឹមតែ​រាង​ដើម​តិចតួច​ប៉ុណ្ណោះ។ ចំពោះអ្នក​ស្រុក​យល់​ថា​រូបតាពេជ្រ​កើត​ពីដីដំបូក​សុទ្ធសាធ ​ពូនឡើង​បាន​ជា​លំនាំដូច​សព្វថ្ងៃ ពោល​​​គឺ​ពុំមាន​ព្រះ​ពុទ្ធ​បដិមានៅ​ខាង​ក្នុង​​។ អ្នកខ្លះ​ជឿថា​​តាពេជ្រ​ជាគ្រូថ្នាំ ដែល​ជួយ​ឱ្យ​អ្នក​ឈឺ​បាន​​សះ​ស្បើយ ហើយខ្លះទៀត​យល់​​ថា ​​តាពេជ្រ​ជា​​មេទ័ព​​ខ្លាំង​ពូកែជាដើម។ យ៉ាង​ណា​ក៏ដោយ​ម​ក​ដល់​​បច្ចុប្បន្ន​ ឫទ្ធានុភាព​​​​របស់​តាពេជ្រ​ហាក់​​មិន​ថមថយ។ ទន្ទឹម​នឹងនេះ ​គេ​បាន​យក​ក្រណាត់​​​ចីវរ​​​​ពាក់​ឆៀង បំពាក់​កម្រងផ្កា និង​ថ្វាយ​គ្រឿងសក្ការៈ​ភ្លឺផ្លេក​ស្កេ​កស្កះតាម​សម័យ​​​និយម។ មិនតែ​ប៉ុណ្ណោះ​ នៅ​​ត្រង់​ទី​ដែល​​តាពេជ្រ​​គង់​​នៅ​សព្វថ្ងៃ អ្នក​​ផង​​ពុំ​ហ៊ាន​​សូម្បី​​ពាក់​​ស្បែក​ជើង ឬពាក់​​មួក​ដើរ​ឆ្លង​កាត់​ចេញ​​ចូល​​​ដូច​ខ្លោង​ទ្វារ​បី​ផ្សេង​​ទៀត​ឡើយ។

យ៉ាង​ណាក៏ដោយ កាល​ពីដើម​គេជឿថាតាពេជ្រ​មាន​បារមី និង​មាន​​ចរិក​កាច​ខ្លាំង​ណាស់ សូម្បី​​តែ​សត្វ​ស្លាប​ដែលហើរកាត់ក៏ត្រូវ​ធ្លាក់ងាប់ដែរ។ លើសពីនេះ គេតែងហាម​ស្រ្តី​មាន​ផ្ទៃពោះ​​មិន​ឱ្យ​ដើរ​ទៅ​ក្បែរ​​នោះសោះ​ឡើយ។ ​ជំនាន់បារាំង នៅក្នុងអាណត្តិ​ដែល​លោក ហង់រី ម៉ាកហ្សាល់ (Henri Marchal) ធ្វើជា​ប្រធាន​​អភិរក្សដ្ឋានអង្គរ (១៩១៦-១៩២០, ១៩២២-១៩៣៦ និង​១៩៤៨-១៩៥៣) គេហាម​​​​កម្មករ​មិនឱ្យ​ទៅក្បែរខ្លោង​ទ្វារ​តាពេជ្រ​ទេ។ កាល​នោះគេ​ថែម​ទាំង​​ជឿ​ថា មរណភាព​​របស់​លោក ហ៊្សក ទ្រូវេ (Georges Trouvé, 1902-1935) ដែល​​​ជាអ្នក​ស្រាវជ្រាវជាតិ​បារាំង​ មកស្លាប់​នៅស្រុក​ខ្មែរ​ទាំងក្មេងវ័យ គឺមកពី​ហេតុ​​​ធ្វើឱ្យ​ប៉ះ​ពាល់​ដោយ​​ប្រការណាមួយ​លើ​តាពេជ្រ។ បច្ចុប្បន្ន តាពេជ្រ​​​ពុំ​ល្បី​ល្បាញ​​​ដូច​តារាជ​ តែហាក់មិនកំបាំងភ្នែក​អ្នកផង​ដែល​មាន​​ជំនឿចូល​ទៅ​អុជ​ធូប​​បន់​ស្រន់​ដែរ៕

អត្ថបទដើម៖ កញ្ញា ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!