ទំព័រដើមប្រវត្តិសាស្ត្រអាថ៍កំបាំងកំពូលរបស់ប្រាសាទអង្គរវត្ត

អាថ៍កំបាំងកំពូលរបស់ប្រាសាទអង្គរវត្ត

អាថ៍កំបាំងកំពូលរបស់ប្រាសាទអង្គរវត្ត តើកំពូលអង្គរវត្តមានចំនួនប៉ុន្មាន? ក្នុងទស្សនៈប្រជាជនខ្មែរភាគច្រើន និងបរទេសមួយចំនួនតែងយល់ថា ប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌតំណាងឱ្យជាតិកម្ពុជាមានកំពូល ឬប្រាង្គចំនួន៥ ដូចគ្នាទៅនឹងនិមិត្តរូបលើទង់ជាតិកម្ពុជា។ ជាក់ស្តែង ប្រាសាទអង្គរវត្តមានកំពូលរហូតទៅដល់១២ គឺកំពូល៩ឋិតនៅលើសំណង់ធំរបស់ប្រាសាទ រីឯកំពូល៣ទៀត គឺឋិតនៅលើខ្លោងទ្វារចូលសំខាន់នៅទិសខាងលិច។ តើហេតុអ្វីបានជាស្តេច (ព្រះបាទសូរ្យវរ្ម័នទី២) មិនបញ្ជាឱ្យគេស្ថាបនាប្រាសាទអង្គរវត្តអោយមានកំពូល១២នៅលើសំណង់ធំតែម្តង? ហេតុអ្វីក៏ទ្រង់ឱ្យគេរៀបចំបែបនេះ? ហើយហេតុអ្វីក៏ខ្លោងទ្វារចូលនៅតាមទិស៣ផ្សេងទៀត (កើត ត្បូង និងជើង) មិនមានកំពូលដូចខ្លោងទ្វារខាងលិច?

ទាំងនេះ គឺជាចំនុចពិសេសនៃទស្សនៈនៃការស្ថាបនាប្រាសាទអង្គរវត្ត។ អង្គរវត្តជាប្រាសាទហិណ្ឌូសាសនានិកាយព្រះវិស្ណុមួយយ៉ាងធំក្នុងប្រវត្តិសាស្ត្រកម្ពុជា (ក៏អាចនិយាយបានថាធំជាប្រាសាទនានាលើពិភពលោក) ដែលត្រូវបានកសាងឡើងក្នុងទស្សនៈយល់ឃើញផ្ទាល់របស់ព្រះបាទសូរ្យវរ្ម័នទី២ ដោយអាចមានការផ្តល់ជាយោបល់របស់ព្រះរាជគ្រូព្រះអង្គឈ្មោះ ទិវាករបណ្ឌិត ក្នុងគោលដៅអនាគតនៃសេចក្តីស្លាប់របស់ព្រះអង្គ។ ពោលគឺថា ប្រាសាទអង្គរវត្ត គឺត្រូវបានស្ថាបនាឡើងទុកជាទីដំកល់ព្រះសពព្រះអង្គ និងវង្សត្រកូលរបស់ព្រះអង្គ ក្រោយពីព្រះអង្គសោយទីវង្គត់។

ទស្សនៈបែបនេះទើបព្រះអង្គឱ្យគេរៀបចំស្ថាបនាប្រាសាទអង្គរវត្តខុសប្លែកពីប្រាសាទផ្សេងៗ គឺ(ទី១)បែរមុខទៅទិសខាងលិច (ការលិចនៃព្រះអាទិត្យ ជាដំណើរនៃការស្លាប់របស់មនុស្សក្នុងជំនឿខ្មែរ និងជាទីឋានរបស់ព្រះវិស្ណុដែលគង់នៅបែកខាងលិចនៃចក្រវាឡ) (ទី២)រចនាសម្ព័ន្ធសំខាន់ គឺកំពូលទាំង៩ខាងក្នុង និងទាំង៣ខាងក្រៅជាអ័ក្សចែកគ្នា នៃដំណើរគោចររបស់ព្រះអាទិត្យក្នុងរយៈពេល១ឆ្នាំ ឬ១២ខែ ជាទីប្រសព្វនៃព្រះអាទិត្យដែលរះចំកំពូលកណ្តាលឆ្លុះមកកំពូលកណ្តាល របស់ខ្លោងទ្វារខាងលិច គេតែងហៅថា សមរាត្រី គឺរយៈពេលថ្ងៃ និងរយៈពេលយប់ស្មើគ្នា ចន្លោះថ្ងៃទី២១ដល់២៣នៃខែមិនា និងកញ្ញា (ទី៣)ការរៀបចំផ្ទាំងចម្លាក់នៅលើជញ្ជាំងថែវទី១តាមលំនាំនៃពិធីបុណ្យសព (ប្រសវ្យ) ពោលគឺត្រូវដើរទស្សនាចម្លាក់តាមទិសដៅដូចគ្នាទៅ និងពិធីដង្ហែសព៣ដងជុំវិញទីបូជា ឬមេរុ (ទី៤)ការបង្ហាញពីទិដ្ឋភាពឋានសួគ៌និងឋាននរកនៅលើជញ្ជាំងខាងត្បូង ស្លាបខាងកើត ជាការរំលឹកដាស់តឿនអំពីផលបុណ្យ និងផលកម្មរបស់មនុស្សដែលបានធ្វើនិងទទួលក្រោយការស្លាប់ (ទី៥) ប្រាង្គកណ្តាលជាទីដំកល់ព្រះសពព្រះអង្គ ជាប្រាង្គតំណាងអោយភ្នំព្រះសុមេរុ ទីឋាននៃពពួកទេពទាំងឡាយក្នុងអត្ថន័យបញ្ជាក់ថា ព្រះអង្គ និងបានទៅដល់ឋានទេព ឬឋានសួគ៌ា (៦)ឯកសារលោកជីវតាក្វាន់គេស្គាល់ថាអង្គរវត្ត (នាសម័យនោះ) ជាផ្នូររបស់ព្រះបាទសូរ្យវរ្ម័នទី២ (ទី៧)ចម្លាក់ឋានសួគ៌ និងនរកបង្ហាញពីព្រះបាទសូរ្យវរ្ម័នទី២អង្គុយធ្វើការជាមួយព្រះយមក្នុងការជម្រះកម្មផលដែលរាស្ត្ររបស់ព្រះអង្គសាងនៅពេលនៅរស់។​

ការស្ថាបនាប្រាសាទអង្គរវត្តឱ្យមានកំពូល១២ គឺជាទស្សនៈមួយរបស់ព្រះបាទសូរ្យវរ្ម័នទី២ ដែលទ្រង់គោរពខ្លាំងទៅលើព្រះអាទិត្យ ដែលជាភាគមួយរបស់ព្រះវិស្ណុ។ បើយើងវិភាគលើព្រះនាមរបស់ព្រះអង្គ គឺសូរ្យ/សូរិយា គឺមានន័យថា អាទិត្យ ឬព្រះអាទិត្យ ដូចនេះការរៀបចំស្ថាបនាប្រាសាទនេះ គឺពឹងផ្អែកលើទស្សនៈមូលដ្ឋាននៃសូរិយាគតិ គឺចំនួន១២ខែក្នុង១ឆ្នាំ។ ហេតុដូចនេះហើយទើបព្រះអង្គបញ្ជាឱ្យគេស្ថាបនាប្រាសាទនេះមានប្រាង្គឬកំពូលសំខាន់ចំនួន១២។

កំពូលទាំង៩របស់ប្រាសាទអង្គរវត្ត មិនត្រឹមតែជានិមិត្តរូបនៃកំពូលភ្នំព្រះសុមេរុប៉ុណ្ណោះទេ តែវាក៏ជានិមិត្តរូបតំណាងឱ្យផ្កាយនព្វគ្រោះ ឬទេពទាំង៩ដែរ។ កំពូលទាំង៩នេះអាចតំណាងឱ្យផ្កាយនព្វគ្រោះទាំង៩ ដែលភាគច្រើនក្នុងទីប្រាសាទគេតែងស្ថាបនាចម្លាក់ក្រឡោតខ្ពស់នៅលើថ្មមួយផ្ទាំងធំបង្ហាញពីទេព និងអសុរចំនួន៩។ នៅជ្រុងពាយ័ព្យនៃថែវទី១ ក៏មានចម្លាក់ផ្កាយនព្វគ្រោះនេះដែរ ប៉ុន្តែមានរហូតដល់១០។ កំពូលទាំង៩នេះអាចផ្តោតជាសំខាន់ទៅលើនវទេព គឺទេពទាំង៩ ដែលរក្សានៅទិសទាំងឡាយ គឺព្រះឥន្ទ្រនៅទិសខាងកើត ព្រះអាគ្និនៅទិសអាគ្នេយ៍ ព្រះយមនៅទិសខាងត្បូង ព្រះនិរតិនៅទិសនិរតី ព្រះភិរុណនៅទិសខាងលិច ព្រះពាយនៅទិសពាយ័ព្យ ព្រះកុវេរនៅទិសខាងជើង ព្រះចន្ទ្រ ឬព្រះឥសូរនៅទិសឦសាន និងព្រះអាទិត្យឬព្រះវិស្ណុនៅចំកណ្តាល។ ប្រាសាទអង្គរវត្តសាងឡើងក្នុងគោលដៅនៃសេចក្តីស្លាប់ តែក៏ជាការឧទ្ធិសដល់ព្រះវិស្ណុផងដែរ។ ទោះពុំមានបដិមាជាព្រះវិស្ណុសម្រាប់តម្កល់ក្នុងប្រាសាទនេះ តែចម្លាក់ទាំងឡាយនៅក្នុងប្រាសាទនេះ គឺបង្ហាញពីព្រះវិស្ណុ ដំណើររឿងទេវកថាទាក់ទង និងព្រះវិស្ណុ និងអវតារបស់ព្រះអង្គ មិនតែប៉ុណ្ណោះព្រះបាទសូរ្យវរ្ម័នទី២បានភ្ជាប់ព្រះនាមព្រះអង្គក្រោយសេចក្តីស្លាប់ ទៅនឹងព្រះវិស្ណុ ពោលគឺព្រះអង្គបានយាងទៅកាន់ឋានរបស់ព្រះវិស្ណុ ដែលមាននាមថា វ្រះបាទកម្រតេងអញបរមវិស្ណុលោក។ ចំនុចពិសេសមួយទៀតដែលទាក់ទង និងចំនួន៩ ហើយយើងពុំធ្លាប់ឃើញនៅតាមប្រាសាទផ្សេងៗនោះ គឺចម្លាក់នវទេព (ទេពចំនួន៩) ដែលគេឆ្លាក់នៅលើផ្តែរទ្វារ។

នៅប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត តាមទ្វារទាំង៤ទិសមានផ្តែរដែលបង្ហាញពីព្រះវិស្ណុ ជាទូទៅព្រះវិស្ណុនៅចំកណ្តាល និងអមដោយទេព៤សង្ខាង គឺសរុបមានចំនួន៩។ ផ្តែរនៅទិសខាងលិចបង្ហាញពីរូបព្រះវិស្ណុអង្គុយចំកណ្តាលមានព្រះហស្ថ៤ នៅសង្ខាងមានទេព៤ម្ខាង។ ទេពទាំងនោះជាអវតារបស់ព្រះអង្គ ដែលយើងអាចសម្គាល់បានខ្លះថាជា (ខាងស្តាំដៃព្រះវិស្ណុ) វរហនរសិង្ហ បរសុរាម​ កលកិន (នៅខាងឆ្វេងដៃ) ព្រះវិស្ណុដៃ៨​ (កុម៌?) នរសិង្ហ ក្រឹស្ណៈ និងព្រះរាមមានកាន់ធ្នូនិងព្រួញ។ ផ្តែរនៅទិសខាងជើង បង្ហាញពីចម្លាក់នៃដំណើររឿងកូរសមុទ្រទឹកដោះ ព្រះវិស្ណុនៅចំកណ្តាល និងមានតួអង្គ៤នៅសង្ខាង។ នៅខាងស្តាំដៃព្រះវិស្ណុ គឺជាក្រុមអសុរ ទី១មានមុខប្រហែល២០ដៃ៨ ទី២មានមុខប្រហែល២០ឬ១៩ដៃ៦ ទី៣មុខ១ដៃ២ជាពលយក្ស និងទី៤មានមុខប្រហែល១២និងដៃ៨។ នៅខាងឆ្វេងដៃជាក្រុមសុរៈ (តែមានចូលរួមដោយយក្ស១) ទី១គឺអសុរៈ (យក្ស)ប្រហែលជារាហ៊ូ ទី២គឺព្រះព្រហ្ម ទី៣គឺពលទេព ទី៤គឺស្វា។  នៅលើផ្តែរទ្វារខាងកើត បង្ហាញពីចម្លាក់ព្រះវិស្ណុដៃ៨ និងអមដោយទេពប្រណមចំនួន៤សង្ខាង។ ផ្តែរទ្វារខាងត្បូងបង្ហាញព្រះវិស្ណុផ្ទុំលើនាគអនន្ត អមដោយទេពប្រណមចំនួន៤សង្ខាង ហើយមានរូបព្រះនាងលក្ម្សីនៅក្បែរចុងជើង និងព្រះព្រហ្មចេញពីផ្ចិត រួមនិងយក្សពីរនាក់សង្ខាងផងដែរ។

នេះជាទស្សនៈលើចំនួន៩នៃប្រាង្គ ឬកំពូលរបស់ប្រាសាទអង្គរវត្ត។ ដោយសារតែក្នុងអត្ថន័យជាភ្នំព្រះសុមេរុ កំពូលទាំង៩នេះបានក្លាយជាការពេញនិយមរបស់ខ្មែរសម័យក្រោយក្នុងការប្រារព្ធធ្វើពិធីផ្សេងៗ ដែលតម្រូវឱ្យមានចំនួន៩ ដូចជាការធ្វើបាយសី (៩ថ្នាក់) ការធ្វើស្លាធម៌ដែលមានកំពូល៩តំណាងឱ្យប្រាសាទអង្គរវត្ត និងការដេកអង្កររាបក្នុងពិធីកោរជប់ ពិសេសគឺការធ្វើមេន(មេរុ) ភ្នំយោង ឬសាលាមុខដាច់ ដែលមានប្រាង្គចំនួន៩សម្រាប់បូជាសព ឬព្រះសព (១កណ្តាលជាទីបូជា និង៨តូចៗជានិមិត្តរូបនៅតាមទិសទាំង៨)។

អត្ថបទដើម៖ លោក សុខ កែវ សុវណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!