ទំព័រដើមសិល្បៈវិហារឈើវត្តវិហារគោក

វិហារឈើវត្តវិហារគោក

វត្តវិហារគោកមាន​វិហារបុរាណសង់អំពីឈើ ស្ថិត​នៅ​ខាងត្បូងវត្ត​វិហារសសរ​១០០ ក្នុង​ឃុំសំបូរ ស្រុកសំបូរ ខេត្ត​ក្រចេះ ដែល​អ្នក​ស្រាវជ្រាវ​យល់​ថា​​វត្ត​នេះកសាង​នៅលើ​​​​អតីត​​​តំបន់​​​បូជ​​នីយ​ដ្ឋាន​​​​ប្រវត្តិ​សាស្រ្ត​សម្ភុបុរី ជារាជធានី​មុន​សម័យ​អង្គរ។ វិហារ​វត្ត​នេះ​​មាន​ទីតាំងស្ថិត​នៅប្រប​ដងទន្លេមេគង្គ សង់​​​​បែរ​ឆ្ពោះទៅ​ទិស​ខាង​កើត ក្នុង​លំនាំ​​​ជា​សិល្បៈ​ស្ថាបត្យ​កម្ម​វិហារ​ជហ្វា​បួន​ ដែល​មាន​ហោជាង​​​​សង​ខាង​​ឆ្លាក់​អំពីឈើ ​ប្រកប​ដោយ​ក្បាច់​រចនា​​​យ៉ាង​ល្អ​វិចិត្រ។​ ផ្អែក​តាម​អក្សរ​​ចារឹក​​លើ​ហោជាងខាងមុខ​ឱ្យ​ដឹងថា វិហារដែល​នៅ​គង់​វង្ស​​មក​ដល់​សព្វ​ថ្ងៃនេះ កសាង​ឡើង​​​ក្នុង​ឆ្នាំ​​ឆ្លូវ ពុទ្ធសករាជ​២៤៦៨ ពោលគឺ​កសាង​ឡើង​បាន​ជិត​១​សតវត្ស​​កន្លង​​មក​​ហើយ​ (ប្រហែល​​នៅ​​ក្នុង​រវាង​ឆ្នាំ​​១៩២៥)។

យោងតាម​ឯកសារ​លោក​ Etienne Aymonier ផ្សាយក្នុង​ឆ្នាំ​១៩០០ ​ហៅ​បូជ​នីយ​ដ្ឋាន​​នេះ​ថា “ប្រាសាទ​គុក ឬវត្ត​វិហារ​គុក ឬ​ទួល​គុក​វិហារ” ដែល​ជា​អតីត​ទីតាំង​បុរាណដ្ឋាន​កសាង​​ក្នុង​​រវាង​សតវត្ស​ទី​៦ ឬទី​៧ ​នៃគ្រិស្តសករាជ​ ហើយមាន​សិលាចារឹក​ភាសា​សំស្រ្កឹត​​មួយ​ផ្ទាំង​តម្កល់​នៅ​​សារមន្ទីរ​ហ្គីមេត៍​ប្រទេស​បារាំង។ ក្នុង​ឯកសារ​​នេះដែរ លោក​ Aymonier បាន​សរសេរ​ឈ្មោះ​​ខាងលើ​ជា​ឡាតាំង​ថា “Prasat Kouk, Vat Prahéar Kouk ou Tuol Kouk”។ ពាក់​ព័ន្ធ​នឹង​បុរាណដ្ឋាន​ដដែល​​ នៅ​ក្នុង​ឆ្នាំ​១៩០២ លោក​​ Étienne Lunet de Lajonquière បាន​សរសេរ “Vat Praḥ Vihear Kuk” យ៉ាង​ដូច្នេះ ដែល​នាំ​ឱ្យ​យើងសង្កេត​ឃើញ​​​ថាក្នុង​សំណេរ​​ចាស់ហៅ “វិហារគុក” ​ហើយ​សព្វថ្ងៃក្លាយ​មក​ជា “វិហារ​គោក”។ តាម​រយៈ​​ឯកសារ​​ទាំង​ពីរ​ខាង​លើនេះ យើង​​អាច​ពិចារណា​​បាន​ថា ​មុន​មាន​​វិហារ​សព្វថ្ងៃវត្ត​វិហារ​គុក ឬវិហារ​គោក អាច​មាន​​វិហារ​ ឬ​សាឡុំ​ចាស់​​សម្រាប់​ប្រើប្រាស់​ក្នុង​កិច្ច​នានា​តាម​គន្លង​​ពុទ្ធសាសនាម្តងរួច​មក​ហើយ។

ផ្អែក​តាម​សារបាន​សង្ខេប​នៃអារាមវត្ត​វិហារគោកឱ្យ​ដឹង​ថា ក្នុង​សម័យ​កម្ពុជា​ប្រជា-​ធិបតេយ្យ​ វិហារនេះ​ត្រូវ​បានគេ​យក​អាចម៍ក្របី​ទៅ​លាប​លុបបំផ្លាញ​គំនូរ​​បុរាណ​ចោល បណ្តាល​ឱ្យ​ខូច​ខាត​​ស្ទើរ​​ទាំង​ស្រុង​។ មុនឆ្នាំ​១៩៩៨ បរិវេណ​វត្ត​នេះ ​​បាន​ប្រែ​ក្លាយ​ជា​​បន្ទាយ​​ទាហាន​​មួយ​រយៈ។ ប៉ុន្តែក្រោយ​ពីនោះមកគេ​ដឹង​ថា​វិហារ​​វត្ត​វិហារ​គោក​ ​ធ្លាប់​បាន​ជួស​ជុល និង​​កែ​​សម្រួល​រចនា​សម្ព័ន្ធ​ខ្លះៗម្ត​ងជា​ពីរ​ដងរួច​មកហើយ តែ​ទម្រង់​​ទូទៅនៃ​វិហារ​នៅរក្សា​តាម​​​​​​​លំនាំដើម ពោលគឺ​ជា​​ទម្រង់​វិហារ​​ជហ្វាបួន ប្រក់ក្បឿង​ស្រកា​លេញ ដំបូល​​ជ្រាល​បីថ្នាក់ ទ្រ​ដោយ​​សសរ​ឈើ៦០ ដើម ជញ្ជាំង​រៀបឥដ្ឋ ​បូក​កំបោរ​បាយអរ។ ក្នុង​ឆ្នាំ​២០០៥ វិហារវត្ត​វិហារ​​គោក​បាន​ជួសជុល​កែ​លម្អម្តង​ទៀត និងបាន​​ប្តូរ​សសរ​​របៀង​ជុំវិញ​​ទាំង​​​២៨​ដើម ព្រម​ទាំងប្តូរ​​ការ៉ូផងដែរ។

សសរឈើ​ជុំវិញរបៀងវិហារដែល​ប្តូរថ្មីក្នុងឆ្នាំ​២០០៥

ដោយ​ឡែក​ចំពោះ​រចនាសម្ព័ន្ធ​ និងការ​លម្អ​ផ្នែក​ដំបូល យើង​មើល​ឃើញ​ថា​នៅ​ផ្នែក​​ខាងមុខ គេបំពាក់​​​​ជហ្វា​​២ ផ្នែក​ខាង​ក្រោយ​បំពាក់​​​ជហ្វា​២ ​ហើយ​ហោ​ជាង​ខាងមុខ​​ឆ្លាក់​​ក្បាច់​ភ្ញី​ទេស​យ៉ាង​រស់​រវើក រំលេច​​ដោយ​ឆ័ត្រ​រួត ​​អម​សង​ខាង​ផ្លិត​យស និង​​​ផ្ទាំង​ចារឹក​មួយ​​ឃ្លាថា “ព្រះ​ពុទ្ធ​​សក្ខរាជ​​ព្រះ​​សាស្នា​​​២៤៦៨ព្រះ​វស្សា ឆ្នាំឆ្លូវសប្តសក្ស ព្រះអរី្យ​​និគម (សុក)”។ រីឯ​ហោជាង​​​​ខាង​ក្រោយ គេ​បាន​រចនាលម្អ​ដោយ​​​ក្បាច់​ភ្ញីទេស​ក្នុង​ទម្រង់​ប្រហាក់​ប្រហែល​នឹង​​​ហោជាង​ខាងមុខ ព្រម​ទាំង​​ឆ្លាក់​រំលេច​ដោយ​ឆ័ត្រ​​រួត​អម​សង​ខាង​​តួអង្គ​​​អង្គទ (?) ដែល​អង្គុយ​នៅ​​លើ​បល័ង្ក ដៃ​ស្តាំ​​កាន់ព្រះខាន់ ដៃ​ឆ្វេង​​កាន់​ទង់ ក្រោម​ ​ឆ័ត្រ​​រួតបីជាន់​នៅកណ្តាល​ផ្ទៃហោងជាង (រូបលេខ៧)​។

រចនាសម្ព័ន្ធ និង​ការ​លម្អ​ផ្ទៃជញ្ជាំង​ជុំវិញនៃផ្នែកខាងក្រៅវិហារ គេឃើញ​មាន​ទ្វារ​ចេញ​ចូល​នៅ​ផ្នែក​ខាង​មុខ​​ចំនួន​ពី នៅផ្នែក​ខាងក្រោយ​ចំនួន​ពីរ និង​ចំហៀងខាងជើង​ចំនួនមួយ (ជញ្ជាំង​ចំហៀង​ខាងត្បូង​ពុំមានទ្វារឡើយ) ព្រម​ទាំង​មាន​បង្អួច​ជុំវិញ​វិញ​ចំនួន​១៥។ ក្បាច់​​លម្អ​ស៊ុម​បង្អួច​នឹង​ទ្វារទាំង​នេះ គេបាន​រចនា​​ដោយ​ក្បាច់​ពុម្ព​ស៊ីម៉ងត៍​ ក្នុង​លក្ខណៈ​​ប្រហាក់​ប្រហែល​គ្នា (រូបលខ៨)។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់ គេ​ឃើញ​​មាន​រូប​ព្រះ​វិស្ណុ​ដៃបួន (?) ឈរ​លើ​​បល័ង្ក ដៃពីរខាងលើ​កាន់ត្រីសូល៍ ដៃពីរខាង​ក្រោម​ច្រត់​ជង្គង់។ រីឯ​នៅតាម​រង្វង់​ក្បាច់​អម​សងខាង​បល័ង្កនោះ គេឃើញ​មាន​ក្បាល​​មនុស្ស (?) ចំនួន​ពីរ​ពាក់​​មកុដ។​

ផ្នែក​ខាងក្នុង​នៃវិហារ គេឃើញ​មាន​សសរឈើ​ពីរជួរ សរុបចំនួន​១២ ដើម​ រត់​ត្រង់​អម​​សងខាង​​ល្វែង​គ្រឹះ ទ្រ​ពិតាន​ និង​គ្រឿង​បង្គំឈើ​នៅផ្នែកខាងលើ។ ប៉ុន្តែ​សសរ​ទាំងអស់ និង​គ្រឿង​បង្គំឈើ​នានានៅ​ផ្នែក​ខាងក្នុងនេះ​ យើង​ពុំ​ឃើញ​មាន​ការ​លម្អ​​ដោយ​ក្បាច់រចនា ឬ​គំនូរ​បុក ឬទឹប​ទឹក​មាស​ឡើយ។ ចំពោះ​ព្រះជីវ៍ និង​បល័ង្ក គេ​បាន​ជួស​ជុល​ កែលម្អ និង​លាបពណ៌​ថ្មីក្នុង​ឆ្នាំ​២០១៥។ ការ​រចនាលាបពណ៌​ថ្មីនៅលើ​បល័ង្ក និង​ព្រះជីវ៍នេះ គេសង្កេតឃើញ​ប្រើ​តែ​ពណ៌​ទឹក​មាស​តែម្យ៉ាង​គត់ ឥត​មាន​ពណ៌​ផ្សេងទេ។ នៅលើ​ព្រះជីវ៍ គេ​ចង​លម្អដោយ​ឆ័ត្ររួត​ប្រាំជាន់ភ្ជាប់ចេញពីពិតានឈើ។ ពិតាន​ឈើ​លើ​ព្រះជីវ៍​នេះសោត គេរក្សា​សភាពឈើដដែល ពុំមានគូរ ឬរចនាលម្អអ្វីឡើយ។

ដូច​បាន​បញ្ជាក់មកខាងដើមបន្តិចស្រេចថា គំនូរ​ដើម​នៃវិហារ​នេះបាន​បំផ្លិច​ផ្លាញ​នៅក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។ រីឯ​គំនូរលម្អ​លើ​ផ្ទៃ​ជញ្ជាំង​ផ្នែកខាងក្នុង និង​លើ​ពិតាន​​សព្វថ្ងៃ​ គូរនៅក្នុង​ឆ្នាំ​២០០៨។ ប្រធានបទគំនូរ​ទាំងនេះ ពុំខុស​អ្វីពីគំនូរ​តាម​វិហារ​ថ្មីៗ​ ដែល​កសាង​ក្នុង​សម័យ​បច្ចុប្បន្នឡើយ។ នៅលើ​ផ្ទៃពិតាន​មាន​គំនូរ​៦ផ្ទាំង ​និយាយ​អំពី​ព្រះច័ន្ទ្រ​ ព្រះអាទិត្យ ព្រះប្រាំព្រះអង្គ និងអន្លើ​ផ្សេងទៀត​ក្នុង​ពុទ្ធប្រវត្តិដូច​បណ្តា​វិហារ​ផ្សេងដែរ។ ទន្ទឹមនឹង​នេះ គំនូរ​នៅលើជញ្ជាំង​ យើង​សង្កេត​ឃើញ​​មាន​ពីរជួរ​លើ​ក្រោម​។ ជួរ​លើ​ផ្តើម​ចេញ​ពីត្រង់​ព្រះ​អង្គ​បរិនិព្វាន​នៅលើជញ្ជាំង​ខាង​មុខ​ឈម​នឹង​ព្រះជីវ៍ និង​ផ្ទាំង​ជា​បន្ត​បន្ទាប់មកទៀត​មាន​​ដូចជា ព្រះអង្គទ្រង់​ប្រសូត​ សម្តែង​ឫទ្ធិ រៀបអភិសេក ចេញបួស ធ្វើទុក្ខកិរិយា ត្រាស់​ដឹង​ ផ្ចាញ់មារ ប្រោសពុទ្ធមាតា ប្រោសពុទ្ធបិតា…ហូរហែ​តាម​លំដាប់​ពុទ្ធប្រវត្តិ​ រហូត​ដល់ព្រះ​​អង្គ​ទ្រង់​ប្រឈួន និង​បរិនិព្វាន។​ ចំណែក​ជួរ​ខាងក្រោម គឺជា​អន្លើនានា​ក្នុងទសជាតក។

គំនូរលើ​ពិតាននៃវិហារ​វត្ត​វិហារគោក

ដូច្នេះសរុបមក វិហារវត្តវិហារគោក​មាន​អាយុកាល​ជិត​១០០ឆ្នាំ ជាបូជនីយដ្ឋាន​ពុទ្ធសាសនា ​ដែល​បានកសាង​ឡើង​នៅលើបុរាណ​ដ្ឋានមុនសម័យអង្គរ ហើយបាន​​ជួស​ជុល​ កែលម្អ ថែទាំ​ជា​បន្ត​​បន្ទាប់​រហូត​មកគង់​វង្ស​ដល់​សព្វថ្ងៃ។ ប៉ុន្តែ​រចនាសម្ព័ន្ធ​សំណង់​ឈើ​ក្នុង​លំនាំ​ស្ថាបត្យក​ម្មប្រហាក់ប្រហែល​នេះ គេសង្កេត​ឃើញ​ថានៅមាន​សេសសល់​ពុំ​ច្រើន​ឡើយ​រហូត​មក​ដល់​បច្ចុប្បន្ន​។ ប៉ុន្តែមុនមាន​វិហារសព្វថ្ងៃ គេ​យល់​ថា​ប្រហែល​មាន​សំណង់វិហារចាស់ ឬសាឡុំ​ចាស់​សាង​សង់​ឡើង​ម្តង​រួច​មកហើយ ដ្បិត​សំណេរ​របស់​ Etienne Aymonier និង Étienne Lunet de Lajonquière សុទ្ធតែបាន​ពណ៌នា​អំពីបូជនីយដ្ឋាន​នេះ​​៕

អត្ថបទដើម៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!