យាយម៉ៅនៅភ្នំបូកគោ

ក្នុង​ខ្លឹមសារចម្រៀង​​អារក្សត្រង់​បទ “​ជំទាវម៉ៅ” ឬ “ម៉ៅ” គេ​តែង​ឮពាក្យ​​អំពាវនាវ​ហៅ​​​​​រក “យាយម៉ៅ”​។ ចំពោះអ្នក​ស្រុក​ប៉ែកខាងតំបន់ឆ្នេរ យាយម៉ៅ គឺជា​អមនុស្ស​​ដែល​គេ​គោរពប្រតិបត្តិ ជាពិសេស​អ្នកចុះ​ទូក​នេសាទ​ ឬដឹក​ជញ្ជូន​ឥវ៉ាន់​តាម​សមុទ្រ​។ ​កាល​ដើម​​ឡើយ​ គេ​សង្កេត​ឃើញថា​អមនុស្សនេះ​ឥតមាន​រូប​អ្វី​ជា​តំណាង​ទេ។ ដូច្នេះ​​គេ​ក៏ពុំដឹង​ប្រាកដ​ថា យាយម៉ៅ​មានរូប​រាង​ដូចម្តេច ហើយ​ស្ថិត​នៅកន្លែង​ណា​ខ្លះ​​ដែរ​។ ប៉ុន្តែ​បច្ចុប្បន្ន គេឃើញ​បាតុភូតថ្មីមួយ គឺការកសាង​រូប​សំណាក​យាយ​ម៉ៅ​ ឱ្យមាន​រូប​រាង​ជាមនុស្ស​ស្រី​ចំណាស់​អង្គុយ​ពែនព្នែន ឬបត់ជើង​ និង​តុបតែង​​អលង្ការ​ភ្លឺផ្លេក។

ក្នុង​បរិបទខាងលើនេះ ក្រៅពីជំនឿ និងការគោរពប្រតិបត្តិ​ អ្នក​ស្រុក​នៅ​​ចាំព្រេង​និទាន​ខ្លះអំពីយាយម៉ៅ។ ការនិទាន​នោះអាចខុសគ្នា តែន័យ​ខ្លឹមសារ​តែមួយ​ថា “ពីមុន​មក​យាយម៉ៅជាប្រពន្ធអ្នកដើរ​ទូកម្នាក់។ ថ្ងៃ​មួយ​​​ទូកលិចក្នុង​សមុទ្រ ហើយ​បុរស​ជា​ប្តី​​ក៏​លង់​ស្លាប់ទៅ។ តាំងពីថ្ងៃនោះមក យាយ​ម៉ៅរស់នៅ​ក្នុង​ការចងចាំ​ពីប្តី​គាត់​​ជានិច្ច។ ឯការ​ចងចាំ​សោតមិន​ត្រឹម​តែ​មនោ​សញ្ចេត​​នា​​​ប៉ុណ្ណោះទេ។ ស្រ្តីមេម៉ាយ​នោះ​រស់​នៅក្នុង​ភាព​ត្រេក​ត្រអាល​នៃចំណង់​ផ្លូវភេទ​ដែល​ពុំ​បាន​ដូចចិត្ត។ ហេតុដូច្នេះហើយ សព្វ​ថ្ងៃ​​មុន​នឹង​ចុះ​ទូក​នេសាទ ឬ ទៅធ្វើអ្វី​ផ្សេង​ទៀត គេ​តែង​ថ្វាយ​រូប​អង្គជាតិបុរស​​​ ឬ​គ្រឿង​​ក្រអូប ឬអលង្ការ​ទៅយាយម៉ៅជា​មុន ដើម្បីឱ្យ​គាត់​បាន​ស្ងប់ចិត្ត”។

រីឯការនិទាន​មួយ​ផ្សេងទៀតតំណាលថា កាល​ផ្លូវ​ជាតិ​លេខ៣ (កំពត-ភ្នំពេញ) មិន​​ទាន់​ស្ថាបនា នៅ​​ត្រង់​ចំណុចអ្នកតាទ្វារ​មាន​តែ​ផ្លូវ​រទេះ​គោកាត់​ព្រៃ​ស្រោង​ស្ងាត់​ជ្រងំ និង​ប្រកប​​ដោយ​​សត្វ​​​ព្រៃ​កាចសាហាវ​ជា​ច្រើន។ ថ្ងៃ​មួយមានតាម្នាក់ឈ្មោះ “ក្រហម​ក” ​ប្រពន្ធ​​​​​ឈ្មោះ​ “ម៉ៅ” បាន​ធ្វើ​ដំណើរ​កាត់​ព្រៃ​នោះ។ មកដល់​ត្រង់ចំណុចភ្នំទ្វារ យាយតានិង​​អ្នក​រួម​ដំណើរ​​បានលា​កញ្ចប់​បាយបរិភោគ ស្រាប់​តែមាន​ដំរី​មួយ​ហ្វូង​ចេញ​មក​ដេញព្រេច​ ធ្វើឱ្យ​ម្នាក់ៗ​​ប្រឹង​​​​​​រត់​ប្រាស​យកតែ​អាយុ​រៀង​ខ្លួន។ ចំណែក​យាយម៉ៅ ​រត់ទៅក៏​ជួប​នឹង​ខ្លា​ធំ​មួយ ហើយ​ត្រូវ​​​​ខ្លា​ខាំ​ស្លាប់​ទៅ។ លុះ​ចំណេរ​ត​មក អ្នក​ស្រុក​​ភូមិ​ជិត​ឆ្ងាយដែល​​ធ្វើ​ដំណើរ​​ឆ្លង​កាត់​​កន្លែង​​​​​​​នោះ​ខ្លាច​រអា និង​បារម្ភជួប​គ្រោះ​ថ្នាក់​ ហើយម្នាក់ៗ​តែង​តែ​បន់​ស្រន់​សុំ​​​ឱ្យ​បាន​​​​សេចក្ដី​​​​សុខ​​សប្បាយដោយ​មាន​ដាក់ដង្វាយ​ផ្សេងៗ​តាម​ដែល​ខ្លួន​មាន។ ដោយឡែកបើត្រឡប់មកនិយាយ​អំពីរូបសំណាកយាយ​ម៉ៅ ប្រហែល​​រូប​សំណាក​​នៅលើ​កំពូលភ្នំបូកគោ​ គឺជារូប​​​ធំ​​បំផុត​​ក្នុង​​បណ្តារូបសំណាក​យាយម៉ៅ​នៅ​ស្រុកខ្មែរ ដ្បិត​ក្រៅ​ពី​រូប​ដ៏​មហិមា​​​ខាង​លើ យ៉ាង​​ហោចណាស់គេដឹងថា​មាន​រូប ឬខ្ទម​យាយ​​ម៉ៅ​នៅ​ជ្រោះ​​ពេជ្រនិល ច្រក​ភ្នំ​ទ្វារ​​ខេត្ត​​កំពត មុខ​សាលា​ខេត្តកែប កោះទន្សាយ ម្តុំឆ្នេរ​អូរត្រែស​ខេត្ត​ព្រះសីហនុ និង​នៅ​ភូមិ​​ថ្នល់​ក្របី​ខេត្ត​កោះកុង​ជាដើម។ ចំពោះ​រូប​សំណាក​​នៅលើ​កំពូលភ្នំបូកគោ កសាងឡើង​នៅលើ​ផែន​ថ្មធំទូលាយ​មួយ បែរមុខ​សំដៅ​ទៅ​សមុទ្រ​ ស្ថិត​នៅ​ត្រង់​ចំណុច​គីឡូ​ម៉ែត្រទី២២ ទន្ទឹម​នឹង​អតីត​​​​ព្រះរាជ​ដំណាក់​​ស្លា​ខ្មៅ។​ រូបសំណាកនេះចាប់ផ្តើម​កសាងក្នុង​ឆ្នាំ​២០១០ និង​រួចរាល់ជាស្ថាពរ​ក្នុង​ឆ្នាំ​២០១២​។

ការកសាងរូបសំណាកយាយម៉ៅនៅត្រង់ចំណុច​គីឡូម៉ែត្រទី២២នេះ ប្រហែល​ពុំ​មែន​ជាការ​ចៃដន្យ​ពេកទេ។ តាមសង្កេត ដើម​ឡើយ​ចំណុចនេះជាទីចំណោត​ផ្លូវ​ចាស់​ខ្ពស់​មួយ ហើយបត់​កែង​ដៃខ្លាំងបំផុត។ លើសពីនេះ គេឃើញមាន​ខ្ទម​អ្នក​តា​មួយ​ផ្សេងទៀត​ តែពុំដឹងឈ្មោះអ្វីឱ្យប្រាកដ។​ បើ​មើល​លើ​​លក្ខណៈ​រូប​តំណាង​​ដាក់​តម្កល់​ក្នុង​ខ្ទម​នោះសព្វ​ថ្ងៃ ប្រហែល​គេហៅជា​ទូទៅថា “អ្នកតាដំបង​ដែក”​។ អ្នក​តា​នេះ​ទំនង​​មានខ្ទម​ចាស់​​​តាំង​ពី​មុន​យូរយា​រមក​ហើយ ត្រង់​ក្បែរ​គោលថ្មធំមួយនោះ ពោលគឺ​តាំង​ពី​មុន​​​ការ​កសាង​​​រូប​សំណាក​លោក​យាយម៉ៅ​​។

ចំពោះដង្វាយរូបសំណាក​យាយម៉ៅនៅលើ​ភ្នំបូកគោនេះ គេឃើញមានផ្កាភ្ញី ទៀន​ធូប ទឹក និង​ចេក​ជាធម្មតា។ ប៉ុន្តែនៅជិត​នឹង​បល័ង្កនោះ គេមានតម្កល់​រូប​លិង្គ​​ថ្ម​​ធំ​ពីរ​នៅ​លើទម្ររៀងខ្លួន។ ការសាងតម្កល់លិង្គថ្មនេះ ហាក់មាន​លំនាំទៅរក​រូបរាង​បុរាណ​​ច្រើន​​ ពោលគឺ​រូបរាង​សិវលិង្គតម្កល់លើ​យោនីនាង​ឧមា ដែល​ជា​និមិត្តរូប​នៃ​ភោគ​ផល។ ប៉ុន្តែរូបភាពនេះ ក៏ប្រហែលក្នុង​ជំនឿ​​យដែល​ល់ថា​ ដង្វាយជា​ពិសេស​របស់​យាយ​​ម៉ៅគឺ​ “អង្គ​ជាតិ​បុរស” ដែលគេច្រើន​និយាយ​ដោយពង្វាងថា “ប្រដាប់” ឬ “គ្រឿង​អលង្ការ”​។ នៅ​ទីនេះ ភ្ញៀវទេសចរណ៍​ច្រើន​ចូល​ទៅអុជធូប ថ្វាយ​ចេក​ ផ្កាភ្ញី រួច​យក​ទឹក​ស្រោច​ស្រព​លើ​លិង្គថ្ម។

យ៉ាង​ណាក៏ដោយ ក្រៅពី​រូប​សំណាក​យាយម៉ៅដែល​ធំ​មហិមា​នៅលើ​កំពូល​ភ្នំ នៅ​​ជើង​ភ្នំបូកគោ​នេះ គេ​ឃើញ​​មាន​ខ្ទមយាយ​ម៉ៅ​មួយ​ទៀត​​តាំង​នៅ​ចំណុច​ក្បែរ​​ជើង​ភ្នំ ត្រង់​​​ ក្បែរ​​ប៉ុស្តិ៍​ត្រួត​ពិនិត្យចាស់។ ខ្ទម​យាយ​ម៉ៅ​នៅចំណុច​នេះ ប្រហែល​មាន​យូរ​មកហើយដែរ​ ​តែ​គេ​ទើប​នឹង​​រៀបចំ​ជាខ្ទម​ថ្ម​ក្នុង​រវាង​ឆ្នាំ​២០០៦ ​មុនការកសាង​អភិវឌ្ឍ​ផ្លូវ​​ឡើងភ្នំ​ឱ្យ​ធំទូលាយ​ដូច​​សព្វថ្ងៃ​។ ​បើ​ធៀប​​ប្រជាប្រិយ​ភាព​រវាង​យាយ​ម៉ៅ​នៅលើ​កំពូល​​ភ្នំ ខ្ទម​យាយ​ម៉ៅនេះ​អ្នក​ដំណើរ​ច្រើនទៅហួស​មកហួស។ ប៉ុន្តែជារឿយៗ អ្នកដំណើរខ្លះ​​​តែង​​ចុះ​អុជ​ធូប​​សុំ​សេចក្តី​​សុខ និង​ដាក់​ដង្វាយ​ផ្សេងៗជា​ហូរហែដែរ​​ មុននឹង​បន្ត​ដំណើរ​ឡើង​​ទៅ​លើ​​កំពូល​​ភ្នំ។ អ្វីដែល​គួរ​ឱ្យ​កត់​សម្គាល់ គឺ​មាន​គេ​ចូលទៅដាក់ដង្វាយ​ពិសេស ពោល​គឺ​រូប​អង្គ​ជាតិ​បុរស លាបក្រែប ព្រម​ទាំង​ម្លូ និង​ស្លាជាដើម។

ចំណែកឯនៅ​ជិត​ខ្លោង​ទ្វារ​ចូល​វត្តសំពៅប្រាំ គេ​ឃើញ​មាន​ខ្ទម​​អ្នកតា​តូច​មួយដែរ​។​ក្នុង​ខ្ទម​នោះ ​គេ​តម្កល់​​រូប​សំណាក​បីធំៗដាក់ទន្ទឹមគ្នា និង​រូប​តូចមួយ​នៅខាងមុខ។ រូបទាំង​នោះជារូបចាក់​ពុម្ព​ស៊ីម៉ងត៍ ​ដែល​ជាបាតុភូតថ្មី​ទើប​ពេញនិយម ចាក់​ពុម្ព​លក់​​ប្រហែល​ជិត​២០​មុនមកនេះ។ យ៉ាង​ណាក៏ដោយ​ ក្នុង​ចំណោមរូប​ទាំង​នោះ គេ​ឧទ្ទិស​រូប​មួយ​​អង្គុយ​បត់​ជើង​ ពាក់​អាវ​បំពង់​ពណ៌​បៃតង និង​រូប​តូច​ជាងគេ​តំណាង​​ឱ្យ​យាយម៉ៅ។ ​​ប្រជា​ប្រិយ​នៃ​អ្នកតា​ក្នុង​ខ្ទម​នេះ រួម​ទាំង​យាយម៉ៅផង ហាក់មិនខ្លាំងក្លា​ដូច​នៅ​ទីផ្សេង​​ឡើយ។ អ្នក​ដំណើរ​ភាគ​ច្រើន​ប្រហែល​ពុំ​ដឹង​ផង។ រីឯ​អ្នកខ្លះ​ដែល​ទៅ​ប្រទះ​ភ្នែក​ដោយ​​ចៃដន្យ ក៏​ចូល​ទៅ​ដាក់​ដង្វាយ​តាម​ខ្លួនមាន​ជាប់ដៃ ដូចជាទឹកជាដើម។ ប៉ុន្តែ​បើ​សង្កេត​​បន្តិច គេឃើញ​មាន​សំណេរ​បញ្ជាក់​ម្ចាស់​សទ្ធា​កសាង​ខ្ទម​ថ្វាយ​ ជា​គ្រួសារ​អ្នក​ទៅ​ពីភ្នំពេញ​។ ទន្ទឹម​នឹង​នេះ​ គេ​ឃើញ​មាន​​អ្នក​ថ្វាយ​ពិតាន និង​ថ្វាយ​ស្លាធម៌ដូងហូរ​ហែគួរ​សម​ដែរ។

ជារួមមក វត្ត​មាន​រូប​សំណាកយាយម៉ៅនៅភ្នំបូកគោ ជាចំណែក​មួយ​នៃ​បាតុភូតថ្មី​ ហើយ​រីកសាយភាយលឿន​រហ័ស​​ណាស់ រហូតហួស​ដែន​ឆ្ងាយ​ពី​តំបន់​ឆ្នេរ ឬប៉ែកខាង​សមុទ្រ ​ដែល​អ្នក​ស្រាវ​ជ្រាវ​ធ្លាប់​សង្កេត​ឃើញ​ថាយាយម៉ៅ​ជាអមនុស្ស​សំខាន់​ចំពោះ​អ្នក​ចុះ​​ទូកនេសាទ ដូចបាន​និយាយ​មកខាង​លើ​។ ប៉ុន្តែនៅ​ទីនេះ មុខងារ​យាយម៉ៅហាក់​ជា​ផ្នែក​​មួយ​នៃ​ជំនឿ​របស់​អ្នក​ទេសចរណ៍​មក​កម្សាន្ត​ខេត្ត​ដែន​សមុទ្រដែល​មាន​ភ្នំ ​មាន​ជ្រោះ ​មាន​ព្រៃ មាន​ផ្លូវ​ឡើង​ចុះខ្ពស់ទាប សុំ​សុខសប្បាយ​ក្នុង​ដំណើរ​រៀងខ្លួន​។ រីឯ​ដង្វាយ​ជា​ពិសេស​​ដែល​គេ​ចាំ ​គឺ​រូប​អង្គជាតិ​បុរស​ ដូច​ដែល​ឃើញ​ជា​ហូរ​ហែ​មកខាងលើ។ ទិដ្ឋភាព​នេះ​ពុំ​ប្លែក​អ្វីឡើយ ដ្បិត​គេឃើញ​បែប​នេះ​នៅទីផ្សេងៗដែល​មាន​ខ្ទម​យាយម៉ៅដែរ៕

————————————–

Yeay Mao on Bokko Mountain

Chumteav Mao or Mao tends to hear in Arak’s song (the song used in spiritual ceremonies). She is the spirit that is worshipped along the coastline, especially for those who are fishermen, and cargo people. In the past, the spirit did not have a specific form. Therefore, no one knows what Chumteav Mao or Yeay Mao look like. However, recently Yeay Mao is an old woman who is sitting on cross legs or bending both legs to one side, with rich jewelry.

Some people still remember the story about Yeay Mao. They said Yeay Mao is a wife of a boatman. One day the boat sunk into the water and he died. Yeay Mao missed her husband and controlled the lust that did not fulfill. Hence, in the present, people offer her a Linga (Phallic object), a cosmetic, flower or jewelry in order to calm her mind. Another story says, before the construction of National Road number 3 and in the location of Neak Ta Tvea has an oxcart trail. That location was dangerous and always harmed by wild animals. One day A man named Kraham Ka and his wife, Mao arrived at that location. Both of them were attacked by an angry elephant. Kraham Ka and Mao were running separately. Unfortunately, Mao met a tiger and got killed. Later on, people prayed and offered Mao to protect them from incidents. 

The statue of Yeay Mao on Bokko mountain is the biggest statue in Cambodia. There are other statues of Yeay Mao and her shelters. For instance, in Pich Nil, the entrance of Phnom Tvea in Kampot, in front of Kampot town hall, Koh Tonsay (Rabbit Island), O Tresh in Sihanouk Ville, and Thnal Krabei village in Koh Kong.

The statue of Yeay Mao on Bokko mountain is placed on a huge stone floor, facing the sea at a point of 22 Kilometers next to the former royal resident, Damnak Sla Khmao. It started to build in 2010 and finished in 2012. The selection area was not in an accident. In fact, the location was a high and turning point. Additionally, there is a shrine of Neak Ta (spirit) and might be Neak Ta Dambang Dek close to it (the shrine of Neak Ta was there before the statue of Yeay Mao).

Here, the offerings for Yeay Mao are flower, candle, incent, water and banana. Close to the pedestal, there are two sandstone Lingas (Linga on Yoni). The Lingas are made in the ancient style of Shiva Linga. Besides, there is another shelter of Yeay Mao next to a police station at the foot of the mountain. It might be there for a long time. However, in 2016 the shelter was restored. By comparison, Yeay Mao in this shelter is not quite popular as the one on the top of the mountain. Furthermore, near the gate of Sampov Pram pagoda has a shelter of three big statues and a small statue in the front. Remarkably, a statue with a green shirt is Yeay Mao.  Again, all the statues in this shelter are not very popular as the big ones on the mountain.

In conclusion, the presence of the Yeay Mao statue on Bokko mountain is a new phenomenon and has spread rapidly beyond the coastline. She is a spirit that is worshipped by the boatman. Moreover, she becomes the belief of tourists who come to the sea, mountain, valley, forest, and up and down the road to ask for safety and happiness. The offerings mainly Linga is a casual object as it has seen in many places.

អត្ថបទដើម៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,700SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!