សំបូរព្រៃគុក ឬគេស្គាល់ឈ្មោះដើមថា “ឦសានបុរ” គឺជាអតីតទីតាំងរាជធានីរបស់ខ្មែរកាលពីរវាងចុងស.វ.ទី៦ ដល់ពាក់កណ្តាលស.វ.ទី៧នៃគ្រឹស្តសករាជ ហើយរីកចម្រើនខ្លាំងបំផុតនៅក្នុងរជ្ជកាលព្រះបាទឦសានវរ្ម័នទី១ (គ.ស.៦១៦-៦៣៧) ដែលអាចមើលឃើញតាមរយៈតឹកតាងសំណង់ស្ថាបត្យកម្ម និងអត្ថបទក្នុងសិលាចារឹក។ អ្វីដែលគួរកត់សម្គាល់ ទិន្នន័យសំណង់ស្ថាបត្យកម្ម ទិន្នន័យផ្នែកបុរាណវិទ្យា (ការកំណាយ) និងសិលាចារឹកមួយចំនួននៅមានកម្រិតស្តួចស្តើងបំផុតដើម្បីអះអាងថា អតីតរាជធានីនេះមានព្រឹត្តិការណ៍នយោបាយតាំងពីមុនរជ្ជកាលព្រះបាទឦសានវរ្ម័នទី១ ពោល គឺរជ្ជកាលព្រះបាទភវវរ្ម័នទី១ និងព្រះបាទមហេន្រ្ទវរ្ម័ន (ចិត្រាសេន)។ ទោះបីជាយ៉ាងណា មានសិលាចារឹកចំនួនពីរដែលបានរកឃើញនៅតំបន់ប្រាសាទសំបូរព្រៃគុក ដែលមានរៀបរាប់អំពីព្រឹត្តិការណ៍នយោបាយក្នុងរជ្ជកាលព្រះបាទភវវរ្ម័នទី១ និងព្រះបាទមហេន្រ្ទវរ្ម័ន គឺសិលាចារឹកចុះបញ្ជីលេខ K.151 (ប្រាសាទស្រីគ្រប់ល័ក្ខណ តួប៉ម L5) និង K.149 (ប្រាសាទជ្រៃ តួប៉ម N18)។១ ចំណែកភស្តុតាងផ្នែកបុរាណវិទ្យា តាមរយៈការកំណាយរបស់សាកលវិទ្យាល័យវ៉ាសេដានៅតាមកំពែងទីក្រុងឦសានបុរ និងទីតាំងដទៃទៀត លទ្ធផលឱ្យឃើញថា ស្ថានីយសំបូរព្រៃគុកមានមនុស្សរស់នៅតាំងពីស.វ.ទី៥មកម្ល៉េះ។២ ទិន្នន័យទាំងពីរនេះ ញ៉ាំងឱ្យអ្នកស្រាវជ្រាវកាន់តែជឿថា មុនចាប់រជ្ជកាលព្រះបាទឦសានវរ្ម័នទី១ នៅអតីតរាជធានីនេះមានព្រះមហាក្សត្រជំនាន់មុនមកតាំងទីរួចទៅហើយ។ នៅក្នុងអត្ថបទនេះ យើងនឹងបង្ហាញអំពីប្រាសាទមួយដែលអាចមានអាយុកាលចាស់ជាងគេនៅក្នុងក្រុមប្រាសាទសំបូរព្រៃគុក ហើយអាចសាងសង់ឡើងក្នុងរជ្ជកាលព្រះបាទភវវរ្ម័នទី១ (គ.ស.៥៩៨-៦០៦) និងព្រះបាទមហេន្រ្ទវរ្ម័ន (គ.ស.៦០៦-៦១៦) ពោល គឺប្រាសាទដងវែក។
ប្រាសាទដងវែក មានទីតាំងស្ថិតនៅក្នុងក្រុមប្រាសាទសំបូរ ឬក្រុមខាងជើង ដែលស្ថិតនៅឦសានតួប៉មកណ្តាល N1 និងស្ថិតនៅខាងក្រៅកសិន្ធុទឹកនៃក្រុមប្រាសាទសំបូរ។ តួប៉មនេះ សាងសង់ឡើងអំពីឥដ្ឋ មានរាងបួនជ្រុងស្មើ បែរមុខទៅទិសខាងលិច ពោល គឺជាតួប៉មតែមួយគត់នៅក្រុមខាងជើង ដែលបែរមុខទៅទិសខាងលិច (រូបលេខ១-៤)។ នៅផ្នែកខាងក្នុង សិល្បកររៀបជាបន្ទប់សក្ការៈមានរាងបួនជ្រុងស្មើ និងច្រកចូលខាងកើតសិល្បកររៀបជារាងសាជីចំហ ដើម្បីសម្រាលទម្ងន់ឥដ្ឋនៅខាងលើ។ តាមក្បាលជញ្ជាំងស្របនឹងស៊ុមទ្វារខាងលើ គេតម្រៀបជាក្បាច់រាងដូចបន្ទាត់ ខណ្ឌចែកជាមួយផ្នែកខាងលើ ហើយក្រៅពីនេះនៅផ្នែកខាងជើងពាក់កណ្តាលជញ្ជាំងប្រាសាទ មានសោមសូត្រមួយបង្ហូរទឹកមន្តទៅទិសខាងជើង (រូបលេខ៥) ដែលទបង្ហូរទឹកនេះហើយដែលអ្នកស្រុកយល់ថាជា “ដងវែក” រហូតដល់យកឈ្មោះនេះជាពាក្យហៅសំដៅឈ្មោះប្រាសាទតែម្តង។
ផ្នែកខាងក្រៅនៃប្រាសាទដងវែក សិល្បកររៀបជញ្ជាំងខាងជើង ខាងត្បូង និងខាងកើតជាក្បាច់សសរផ្អោប ដោយមិនមានទ្វារបញ្ឆោតដូចប្រាសាទដទៃទៀតឡើយ។ លក្ខណៈបែបនេះ វាមានលក្ខណៈស្រដៀងប្រាសាទផ្សេងៗទៀតក្នុងក្រុមខាងជើងដូចជា តួប៉ម N8, N12, N13 ។ល។ នៅខាងលើក្បាលសសរផ្អោបជាន់ទី១ គេរៀបឥដ្ឋដូចជាបន្ទះត្រង់ខណ្ឌចែកផ្នែកតួនិងដំបូលដែលលក្ខណៈបែបនេះមិនសូវមាននៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុកឡើយ។ ក្រៅពីនេះ នៅផ្នែកកំពូល គេមានលម្អជាក្បាច់គូឌុដែលមានឆ្លាក់រូបក្បាលមនុស្សឬទេពនៅក្នុងរាងជាក្រចកសេះ ដែលជាក្បាច់ដែលនិយមខ្លាំងនៅសំបូរព្រៃគុក និងទទួលឥទ្ធិពលពីសិល្បៈឥណ្ឌា (រូបលេខ៦-៧)។
ការរៀបចំសំណង់ជាទូទៅនៃប្រាសាទដងវែក មិនមានលក្ខណៈដូចគ្នាទាំងស្រុងជាមួយប្រាសាទណាមួយនៅក្នុងតំបន់ប្រាសាទសំបូរព្រៃគុកឡើយ ពោល គឺគ្រាន់តែស្រដៀងប្រាសាទមួយចំនួននៅក្នុងខាងជើង (តួប៉ម N8, N12, N13) និងក្រុមកណ្តាល (តួប៉ម C2 – C4)។ ដោយឡែក ប្រសិនបើយើងប្រៀបធៀបជាមួយសំណង់ប្រាសាទនៅតំបន់ថាឡាបរិវ៉ាត់វិញ យើងឃើញការលម្អសសរផ្អោបនៅតាមជញ្ជាំងខាងក្រៅ និងការលម្អក្បាច់គូឌុ មានលក្ខណៈស្រដៀងប្រាសាទព្រះគោ (រូបលេខ៨)។ ជាទូទៅបើគេយោងទៅលើសិលាចារឹកជាច្រើនដែលរកឃើញនៅថាឡាបរិវ៉ាត់ និងទិន្នន័យផ្នែកបុរាណវិទ្យា សំណង់ប្រាសាទនៅទីនោះអាចសាងសង់ឡើងចាប់ពីរវាងចុងស.វ.ទី៦ ឬដើមស.វ.ទី៧ ពោល ទំនងរជ្ជកាលព្រះបាទភវវរ្ម័នទី១ និងព្រះបាទមហេន្រ្ទវរ្ម័ន។ ម្ល៉ោះហើយ សំណង់ប្រាសាទដងវែក ទំនងជាសំណង់ប្រាសាទដ៏ចំណាស់ជាងគេនៅតំបន់សំបូរព្រៃគុក ដែលទំនងសាងសង់ឡើងតំណាលប្រាសាទមួយចំនួននៅតំបន់ថាឡាបរិវ៉ាត់ ក្នុងរវាងរជ្ជកាលព្រះបាទភវវរ្ម័នទី១ (គ.ស.៥៩៨-៦០៦) និងព្រះបាទមហេន្រ្ទវរ្ម័ន (គ.ស.៦០៦-៦១៦)៕
អត្ថបទដើម៖ ម៉ង់ វ៉ាលី