ទំព័រដើមសិល្បៈមរតករស់សិល្បៈដាប់ស្បែកនៃ​ល្ខោន​ស្បែកខ្មែរ

សិល្បៈដាប់ស្បែកនៃ​ល្ខោន​ស្បែកខ្មែរ

ល្ខោន​ស្បែក​ក្នុងសិល្បៈខ្មែរ​មាន​បីទម្រង់ គឺស្បែក​ធំ ស្បែកតូច និង​ស្បែក​ពណ៌ ​ដែលមាន​តួ​អង្គ​មនុស្ស​ សត្វ និងទេពនិករ​ផ្សេងៗ ដាប់​ឆ្លាក់​​ពីស្បែកគោ ឬ​ស្បែក​សត្វម្រឹគនានា។ ល្ខោន​ទាំង​បីប្រភេទ ត្រូវ​ការ​ផ្ទាំង​ស្បែក​ច្រើន ​មាន​​​​តូចមាន​ធំ​​ អាស្រ័យ​​តាម​​អន្លើរឿង​លើក​មក​សម្តែង។ ​

ជាទូទៅ ​​ដើម្បី​​ដាប់​បាន​​ស្បែក​មួយ​ផ្ទាំង​តំណាង​​តួ​អង្គ ​ឬ​ត្រង់​​ព្រឹត្តិការណ៍​ណា​មួយ គេត្រូវឆ្លង​កាត់​បច្ចេក​​ទេស​​​​សំខាន់​​​​ពីរ​គឺ ការ​សម្លាប់​ស្បែក និង​ដាប់​ស្បែក​​។ ​ចំពោះតួអង្គ​សំខាន់ៗ​​ ឬតួអង្គទេព​ គេ​ត្រូវ​ធ្វើកិច្ច​​​តាម​​ទំនៀម​ទាំង​ពេល​ឆ្លាក់ និង​មុន​ពេល​សម្តែង។

ដូច​បាន​បញ្ជាក់​ត្រួសៗ​​ខាងលើ ផ្ទាំងស្បែក​សម្រាប់​សម្តែង​ល្ខោន​ស្បែក​មាន​ច្រើន​ រហូត​ដល់​​រាប់​រយ​ផ្ទាំង​ក៏មាន​។​ ប្រសិនបើ​លើកមក​​និយាយ​តែ​ល្ខោន​ស្បែក​ធំ ជាល្ខោន​សក្ការៈ​ដែល​​​លើក​សម្តែង​តែ​រឿង​រាមកេរ្តិ៍​ក្នុង​​ព្រះរាជពិធី ឬពិធីបុណ្យជាតិធំៗ ​គេ​​ត្រូវការ​ស្បែក​​ច្រើន​​ផ្ទាំងណាស់សម្រាប់​សម្តែង​​ត្រង់​​អន្លើ​​​​ណា​មួយ​​​នៃរឿងនោះ។ ចំនួន​​ស្បែក​ក្នុង​មួ​យ​ឈុត​​អាច​មាន​ជាង១០០ រហូតដល់​២០០​ផ្ទាំង។ ប៉ុន្តែ​មុននឹង​បាន​ផ្ទាំង​ស្បែក​ដ៏ល្អ​ឆើតដែល​ប្រកប​ដោយ​ទឹកដៃសិល្បៈ​យ៉ាង​រស់​រវើក​​តំណាង​តួអង្គ​នីមួយៗនោះ គេត្រូវ​ឆ្លងកាត់​ដំណាក់​​កា​ល​បច្ចេក​ទេស​សំខាន់​ខាង​លើ​ ពោលគឺសម្លាប់ស្បែក​ជាមុនសិន។ សម្លាប់ស្បែក​មានន័យថា ជា​ការ​សម្អាត​ស្បែក​គោស្រស់​ឱ្យ​​ស្អាត​ ពោលគឺ​សម្អាត​សាច់​​ដែល​​ជាប់​សេស​សល់ ឬសរសៃ​សំណល់​​​ផ្សេងៗ​​​​ជាប់​ស្បែក​គោ​ស្រស់​នោះ ហើយ​ ដាក់​​​ហាល​ឱ្យ​ស្ងួត មុននឹងដាប់​ឆ្លាក់​ជាតួអង្គ។ ដើម្បី​​​ងាយ​ស្រួល​សម្អាត គេ​ត្រូវ​​ចង​ទាញ​បន្តឹង​ផ្ទៃស្បែក​ ឬចោះជាយ​ស្បែក​បោះ​បង្គោល​​សន្ទឹង​បន្តឹង​ផ្ទាល់​ដីក៏បាន។ បន្ទាប់ពីសម្អាត​រួច គេ​ត្រូវ​​យក​ស្បែក​​នោះ​​ទៅ​ត្រាំទឹក​សំបក​ឈើ​។

ចំពោះសំបកឈើ​ដែល​ត្រូវ​យកមកស្ងោ​ត្រាំស្បែក​ ច្រើនជា​ប្រភេទ​សំបក​ឈើមាន​រស​ជាតិ​ជូរ ចត់ និង​ល្វីង​ខ្លាំង ​ធ្វើ​​ឱ្យ​ស្បែក​ស្វិតមាំល្អផង និង​ការ​ពារ​សត្វ​ល្អិត​ស៊ី​បំផ្លាញ​ផង។ មិន​តែប៉ុណ្ណោះ ​បុរាណតែង​យក​ប្រភេទសំបក​ឈើ​ណា​​ដែល​អាច​ចេញ​ជាតិ​​ផ្តល់ជា​​ពណ៌​ល្អ​ទៅ​​លើ​ស្បែក​​នោះ​មក​​ប្រើ​​​ផងដែរ។ ​សំបក​​ឈើ​​ដែល​គេ​​សង្កេត​​ឃើញ​​ប្រើ​សំខាន់​ជាង​គេ គឺ​សំបក​​​​កណ្តោល។ រយៈ​ពេល​ត្រាំស្បែកក្នុង​ទឹកសំបកឈើ អាចចាប់​ពី​​​៤​ ឬ៨​ម៉ោង ឬអាច​ត្រាំ​​ទុក​រហូត​​ដល់​​មួយ​ថ្ងៃ ឬពីរថ្ងៃ​ក៏បាន។ ​ប៉ុន្តែ​យ៉ាង​ណាក៏​ដោយ​​ ផុត​ពីនោះ​គេត្រូវ​យក​ស្បែក​​ទាញ​ចង​​លាត​ត្រដាង​សន្ធឹង​​ឱ្យ​ស្មើល្អ ហើយបោះ​ស្នឹង​បន្តឹង​​ស្បែក​នោះ​​ហាលថ្ងៃឱ្យ​ស្ងួតល្អ ឬចោះ​ជាយ​​ស្បែក​ចង​បន្តឹង​​ហាល ​ដូចកាល​​ពេល​សម្អាត​ស្បែក​​ក៏បាន​​។ ក្នុង​​ដំណាក់​កាល​សម្លាប់​ស្បែកដូចរៀបរាប់ខាងលើនេះ ប្រសិន​បើ​គេមិនទាន់​មាន​ពេល​គ្រប់​គ្រាន់ គេអាច​យកស្បែក​ស្រស់​​នោះ​ទៅ​ខ្ចប់​នឹង​​ផេះ​មួយ​រយៈ​សិន ដើម្បីកុំឱ្យ​ស្បែក​​​សាយ​ក្លិន​ស្អុយ។ បន្ទាប់ពី​នោះ​មក គេត្រូវ​យក​ទៅ​សម្អាត និងត្រាំទឹក​សំបក​ឈើ​ដូច​រៀប​រាប់​ខាង​លើ។ បន្ទាប់​ពីស្បែក​ស្ងួត​ល្អហើយ ទើប​គេ​ចាប់​ផ្តើម​កោស​សម្អាត​រោម​​ចេញ​ និង​កោស​​ផ្ទៃស្បែក​ឱ្យ​ស្មើ​គ្នា​ល្អមុន​នឹង​យក​ទៅ​ដាប់ឱ្យ​ចេញ​ជារូប​។

តាម​​ទំនៀមបុរាណ ​ចំពោះ​​ស្បែក​រូប​ព្រះ​ប្លែង​ដូចជា​ព្រះមុនី​ឥសី ព្រះឥសូរ​សម្តែង​ឫទ្ធិ និងព្រះនារាយណ៍​សម្តែង​​ឫទ្ធិ​ជាដើម គេតែង​យក​ស្បែក​ខ្លាធំ ឬខ្លាឃ្មុំ ឬស្បែក​គោ​តៃសាក (ងាប់ឯង) មក​ធ្វើ។ ឯការដាប់​ឆ្លាក់​​ស្បែក​តួ​អង្គទាំង​នោះ​ ត្រូវ​រៀបចំ​គ្រឿង​សក្ការៈ​​​

ថ្វាយ​ព្រះ​ពិស្ណុការ​​ជា​មុន​សិន ហើយ​តួ​អង្គមួយ​ត្រូវ​គូរ ​និង​​​ដាប់​មួយថ្ងៃឱ្យហើយ​រួច​ស្រេច។ ផ្ទាំង​ស្បែក​តំណាងតួអង្គសំខាន់ៗនេះ ក៏ត្រូវ​ថែរក្សា​ និង​ទុកដាក់​ហ្មត់ចត់​​ជាង​ផ្ទាំង​ស្បែក​តំណាង​តួ​អង្គ​ផ្សេងៗដែរ។ ដោយឡែក ចំពោះ​ការ​ដាប់ស្បែក​ឱ្យ​ចេញ​ជា​រូបតំណាងតួអង្គ ឬទិដ្ឋភាពអ្វីមួយជា​​ដំណាក់​កាល​សំខាន់ណាស់។ សិល្បករត្រូវ​​គិតនិង​​គូរ​​ឱ្យ​បាន​ហ្មត់​ចត់​ល្អិត​ល្អន់ជាមុន ​ទាំង​ពណ៌ធម្មជាតិ​របស់​ស្បែក ឬពណ៌​​ពី​សំបក​ឈើ និង​ត្រូវ​លៃ​ប៉ាន់​ប្រមាណ​ទាំង​​​ទំហំ ដោយ​គិត​ធ្វើ​យ៉ាងណាឱ្យ​ស្បែក​ដាប់​ចេញ​សមនឹង​តួអង្គ​នីមួយៗ ពោល​​​​គឺ​ត្រូវ​​ដឹង​ថា ​ផ្ទៃ​ណា​​​ត្រូវ​​ដាប់ចេញ ផ្ទៃណាត្រូវ​រក្សា​ទុក។

ក្នុង​ស្បែក​មួយផ្ទាំង ក្រៅពីបង្ហាញ​រូប​តួអង្គ​ នីមួយៗ​ក្នុង​សាច់រឿង សិល្បករ​តែង​លម្អ​បន្ថែម​រូប​ដើមឈើ ឬ​ក្បាច់​ផ្កាភ្ញី​ ជាពិសេស​ច្រើន​មាន​រូប​នាគ​ជា​ទម្រ​ចំពោះ​តួអង្គ​ខ្លះ។ លោកព្រឹទ្ធាចារ្យ​ ឆេង​ ផុន ធ្លាប់​មានប្រសាសន៍ថា ​ការ​ដាប់​ស្បែក​ គឺជាការ​បញ្ចូល​ព្រលឹង​ឱ្យ​ទៅ​តួ​​អង្គនោះឱ្យ​មាន​ជីវិត ដែល​រាប់តាំងពីអ្នក​គូរ និង​អ្នក​​ដាប់។

តាម​ការ​សង្កេត​ ការ​ដាប់​ស្បែក​នីមួយៗ ច្រើន​ចម្លងតាម​គំរូ​ស្បែក​ចាស់ ហើយ​រូប​រាង​តួ​អង្គ​​​ច្រើន​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​នឹង​រូប​គំនូរបុរាណ​ ខុសត្រង់​ពុំមាន​ពណ៌​ជា​​អត្តសញ្ញាណតាមតួអង្គដូចជា ព្រះរាមពណ៌បៃតង ឬព្រះលក្ស្មណ៍មានពណ៌​ស្បែក​ដូច​​សាច់​​ជាដើម។​ ប៉ុន្តែចំពោះស្បែកពណ៌ ដែល​សម្តែង​ពេលថ្ងៃ គេអាច​ប្រើពណ៌ និង​ជក់គូរ​កាត់​សសៃ​តាម​តួអង្គនីមួយៗបាន។ ទន្ទឹម​នឹង​នោះ ពេល​ដាប់​ចេញ​ជារូប​តួ​អង្គ ឬ​ទិដ្ឋភាព​អ្វីមួយតាម​សាច់រឿងហើយ គេត្រូវ​យក​ផ្ទាំង​ស្បែក​​ទៅ​កៀបនឹងបន្ទះ​ឫស្សី​មួយ​ដើម ឬពីរដើម​ អាស្រ័យ​តាម​ទំហំផ្ទាំង​ស្បែក​ ដោយ​​​លៃយ៉ាងណា​ឱ្យ​ស្បែក​មួយ​ផ្ទាំង​នោះ​មាំល្អ និងមាន​លំនឹងក្នុង​ពេល​ជើត​​សម្តែង។​ ជារួមមក ទម្រង់ល្ខោនស្បែក​ខ្មែរ ​មានខ្លឹមសារ​សំខាន់ទាំង​​ក្នុង​បរិបទ​ជំនឿ ទំនៀម​ទម្លាប់ ជាសិល្បៈ​សក្ការៈ និង​សិល្បៈកម្សាន្ត​អប់រំ។ ដូច្នេះសិល្បៈ​ដាប់ឆ្លាក់ស្បែក​គ្រប់​ទម្រង់​ ក៏បង្ហាញ​ដែល​បង្ហាញ​ឱ្យ​ឃើញ​ពីគំនិត​ច្នៃ​ប្រឌិត​ និង​ទេពកោសល្យ​ខ្ពស់​របស់​សិល្បករ​គួរ​ឱ្យ​​កោត​សរសើរ។ សូមរំឭកថា ល្ខោនស្បែក​ធំឬល្ខោន​ស្រមោល​​ស្បែក​ធំ ​​បាន​ចុះ​ក្នុង​​បញ្ជី​មត៌ក​​​​វប្ប​ធម៌​​​អរូបី​នៃ​មនុស្ស​​ជាតិ​អង្គការ​យូណេស្កូ កាល​​ពីថ្ងៃទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០០៥​៕

——————————-

Khmer shadow theatre

Cambodia has three forms of shadow theatres, Sbek Thom (large leather hide), Sbek Touch (small leather hide), and Sbek Por (Coloured leather hide). They have various characters, humans, animals, and deities that are made from cow skin or other quadrupeds. The size of the hide could be big or small depending on the story. As mentioned early shadow theatre could be many. However, Sbek Thom is a secret theatre played during the royal ceremony and national events. A set of leather hide could be 100 to 200 pieces. 

Generally, to have a scene depicting a story, the skin must be killed and carved. Also, the main characters such as the deities must be passing a ritual. Killing the skin means cleaning and removing the remaining flesh of the fresh cow’s skin and then drying it well before carving. In order to make the cleaning easy, the skin must be pinched and stretched in all directions. After cleaning, the skin will be soaked in water from tree’s barks for 4 to 8 hours or between one day to two days. The tree’s barks tend to sour and bitter taste. It is beneficial for the skin to be tough and strong. Additionally, it is resistant to insect attacks. The most important bark is Kandorl (Careya Sphaerica). After the skin will be stretched to dry. However, if there is no time for cleaning, the skin will dip into the ash for a certain time before killing. 

After the skin is dried, the hairs are removed and carved. In the past, the figure of a hermit, Shiva and Narayana were carved on a big hide of a tiger, bear, and cow’s skin (the cow that died naturally). Most important, the craftsmen have to prepare a ritual for the Hindu God Vishwakarma which must be carved in only one day. Also, it has well preservation compared to other characters. 

The leather and its colours are important for craftsmen. It affects the size and the character. Normally, not only the character, but craftsman depicts the trees, flowers, and figure of the snake (Naga). According to Cheng Phon, carving the leather is to give the soul to it. Generally, carving on the leather is copying the previous forms. The look of the characters is close to the old characters. The difference is that now there is coloured leather. After carving, the leather will be attached to one or two sticks for performance. 

In conclusion, Khmer shadow theatre is important in the aspects of religion, custom, and entertainment. It expresses creative and high craftsmanship. Remarkably, the Sbek Thom theatre was listed in the world intangible cultural heritage of UNESCO on November 15, 2005.

អត្ថបទដើម៖ ហៀង​ សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!