ទំព័រដើមទំនៀមទម្លាប់បុរាណវិហារវត្តព្រៃតាកុយ

វិហារវត្តព្រៃតាកុយ

កន្លងមក ខ្ញុំបានបង្ហាញជូនអំពីសិល្បៈស្ថាបត្យកម្មវិហារ​បុរាណ​វត្ត​កោះផ្តៅ ដែល​​​មាន​អាយុ​កាល​ជិត​១០០ឆ្នាំ ស្ថិត​ក្នុង​ស្រុកកំពង់ត្រាច ខេត្តកំពត។ ក្នុង​ពេលនេះ ខ្ញុំ​សូម​បង្ហាញជូន​វិហារ​បុរាណ​វត្ត​ព្រៃតាកុយ​ ស្ថិតក្នុងឃុំ​ពង​ទឹ​ក ស្រុក​ដំណាក់​ចង្កើរ ខេត្តកែប ដែល​​​គេ​យល់ថា​ មាន​លំនាំ​ស្ថាបត្យ​កម្ម​​ស្ទើរ​ដូច​​​វិហារ​វត្ត​កោះផ្តៅ។ ប៉ុន្តែបើ​ពិនិត្យលម្អិត​ គេ​សង្កេត​ឃើញ​ថា ទាំង​​​សម្ភារៈសំណង់ ​រចនាសម្ព័ន្ធ​ដំបូល និង​​ផ្នែក​ជា​ច្រើន​ទៀត​​​នៃ​​វិហារ​វត្ត​ព្រៃតាកុយ មាន​លក្ខណៈ​សិល្បៈ​ដោយ​ឡែក ហើយ​គំនូរ​ខាង​ក្នុង​វិហារ​​ទើប​នឹង​គូរ​​ក្នុងដើម​ទស​វត្ស​ទី​៩០ ហើយ​នៅក្នុង​ឆ្នាំ​២០០២ ព្រះសង្ឃ និ​ងពុទ្ធបរិស័ទ​ចំណុះ​ជើង​វត្ត​បាន​​ជួស​ជុល​​វិហារ​នេះម្តង។

វិហារវត្តព្រៃតាកុយជាវិហារ​​ជហ្វាបួន ឬ​ហៅ​ថា​វិហារ​បុរាណ។ វិហារ​នេះ​​សង់​លើ​ខឿន​ពីរថ្នាក់ ដំបូល​​ប្រក់​ក្បឿង​​ស្រកាលេញ បំពាក់ជហ្វា​ពីរ​​នៅចុង​មេដំបូល​ខាង​​មុខ និង​ជហ្វាពីរ​នៅចុង​មេដំបូលខាង​ក្រោយ។ ចំពោះរចនាសម័្ពន្ធផ្នែក​ខាងក្រោម គេឃើញ​មាន​ទ្វារ​ចេញ​ចូលពីរនៅផ្នែក​ខាងមុខ និ​ងពីរ​នៅផ្នែក​ខាងក្រោយ ព្រមទាំង​បង្អួច​​បីនៅជញ្ជាំង​ខាងត្បូង​ និង​បង្អួច​បី​នៅ​ជញ្ជាំង​ខាងជើង។ វិហារ​នេះ​ពុំមាន​បាំង​សាចទេ ពោលគឺ​គេ​កសាង​​​ឡើង​ឱ្យ​​មាន​តែល្វែង​គ្រឹះ​នៅកណ្តាល និង​របៀងសងខាងល្វែង​គ្រឹះប៉ុណ្ណោះ។ ទន្ទឹម​នឹង​នោះ ​តាម​សសរ​ជញ្ជាំង​ជុំវិញ ក៏ពុំមាន​ក្បាច់រចនាអ្វីដូច​វិហារ​វត្ត​កោះផ្តៅ។ ប៉ុន្តែ​ចំពោះ​ការ​និយម​រចនា​ជា​ល្បាក់​កោង​​ផ្កាប់ពាក់​កណ្តាលរង្វង់​លើទ្វារ​ និង​បង្អួច​គឺមាន​ដូច​គ្នា​ជាមួយ​នឹង​វិហារ​វត្ត​កោះ​ផ្តៅ។ លើសពីនេះគេដឹងថា នៅ​ឆ្នាំ​២០០៩ ព្រះសង្ឃ អាចារ្យ​ គណៈកម្មការ​ និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​បាន​រួម​កម្លាំង​គ្នា​រៀបចំ​ពង្រីក​ខឿន​ខាងក្រោម​ និង​ដាក់​បង្កាន់ដៃនាគជុំវិញ។

វិហារវត្តព្រៃតាកុយ (ខាងលិច)

ដោយឡែក ចំពោះហោ​ជាង​​ទាំង​ពីរ​ គេរចនា​ពីកំ​បោ​រ​​បាយ​អ ដែល​ឆ្លាក់ជា​ក្បាច់​រចនា​ក្នុង​លំនាំ​ស្ទើរ​ប្រហាក់​ប្រហែល​គ្នា​ទាំង​សងខាង។ ប៉ុន្តែនៅលើ​ហោ​ជាង​ទាំងនោះ​​ គេ​ពុំ​ឃើញ​​មាន​ចារឹក​ព័ត៌មាន​អ្វីអាចឱ្យ​យើង​ដឹង​ពី​ឆ្នាំ​កសាង​ពិត​ប្រាកដ ឬរចនា​ជា​រូប​ទេព​អ្វី​​ ដូច​​​​​បណ្តា​វិហារ​បុរាណ​​មួយ​ចំនួន​​ផ្សេង​ទៀត​ឡើយ។ ប៉ុន្តែ​តាមរយៈ​ការ​សិក្សា​​​របស់​ Daniel Guéret និង Dominique-Pierre Guéret យល់​ថា ​​វិហារ​វត្តព្រៃតាកុយ​សាងសង់​នៅឆ្នាំ​១៩៣៥ ពោលគឺសង់ក្រោយវិហារ​វត្ត​កោះ​ផ្តៅ​​ដែលស្ថិត​នៅ​ក្បែរ​គ្នា​នោះ​តែ​​៣ ឆ្នាំប៉ុណ្ណោះ។

ចំពោះផ្នែកខាងក្នុងវិហារ គេ​ឃើញ​មាន​សសរ​បេតុង​មូលពីរជួរ​ (១០ដើម) អម​សង​ខាង​ល្វែង​​គ្រឹះ​ ទ្រ​ធ្នឹម​បេបតុង និង​គ្រឿង​បង្គំ​ឈើ​ផ្នែក​ខាងលើ ហើយ​វិហារ​នេះ​ក៏ពុំមាន​ពិតាន ឬការគូរ​​លម្អជា​ក្បាច់រចនាលើ​សសរនីមួយៗដែរ។ ​អ្វីដែល​គួរឱ្យ​កត់​សម្គាល់​ គេសង្កេត​ឃើញ​គ្រប់​​គ្រឿង​បង្គំ​ឈើ​ទាំងអស់​នៃ​វិហារ​​នេះ ពុំនិយម​លម្អ​ក្បាច់​ទឹប​ទឹក​មាស​​ដូច​បណ្តា​សំណង់​វិហារ​​​បុរាណ​នានា​ឡើយ។ ប៉ុន្តែ​នៅ​តាម​​គល់​ជើង​គក​នីមួយៗ​ គេ​ឃើញមាន​​ឆ្លាក់​ជា​ក្បាច់​ត្របក​ឈូក​រាក់ៗ ពោលគឺ​ប្រហាក់​​ប្រហែល​ការ​លម្អ និង​ការ​​ប្រើ​ប្រាស់​​គ្រឿង​បង្គំ​ឈើ​​នៅ​វិហារ​​វត្ត​កោះ​ផ្តៅដែរ។

រីឯព្រះជីវ៍​​នៃវិហារ​វត្តព្រៃតាកុយនេះ ប្រហែល​ជា​ព្រះជីវ៍ថ្មី​​ដែល​ចាក់​ពុម្ពស៊ីម៉ងត៍​ តម្កល់​ក្រោយ​សម័យ​សង្រ្គាម​។ គេ​បាន​រៀបចំ​ដាក់​តម្កល់​ព្រះជីវ៍​គង់​ក្នុង​កាយវិការ​ផ្ចាញ់​មារ នៅ​​លើ​បល័ង្កខ្ពស់​មាន​ចន្លោះ​លំហ​ផុត​ផ្ទៃកម្រាល នៅ​ចន្លោះ​ល្វែង​គ្រឹះ ដែល​ដូច​គ្នា​នឹង​របៀបដាក់តម្កល់ព្រះជីវ៍​នៅវិហារវត្តកោះផ្តៅដែរ។ លក្ខណៈ​នៃការ​ដាក់​តម្កល់​​ព្រះ​ជីវ៍លើ​បល័ង្ក​ខ្ពស់​មាន​ចន្លោះ​លំហ​បែបនេះ គេ​​​ឃើញ​​មាន​នៅ​វិហារ​បុរាណ​វត្ត​សំបូរ​ ខេត្ត​កំពង់ធំ (ឆ្នាំ​១៩៤៤) និង​នៅវិហារ​​វត្ត​កោះស្នូក​ក្នុង​ខេត្ត​កំពត ដែល​ជា​វិហារ​កសាង​​ថ្មី (ឆ្នាំ​២០១៣)។

ព្រះជីវ៍​តម្កល់​លើបល័ង្ក​ខ្ពស់​ក្នុងវិហារ​វត្តព្រៃតាកុយ

ចំណែកឯ​ការ​គូរ​គំនូរ​ខាងក្នុងវិហារ គេដឹង​ច្បាស់ថា​ក្រោយសាងសង់​រួច​ វិហារ​នេះ​ពុំ​មាន​​គំនូរអ្វីឡើយ ពោលគឺ​ជា​ផ្ទៃជញ្ជាំង​ទទេ ដែល​ខុស​ពីវិហារ​វត្ត​កោះផ្តៅ​ គេ​បាន​គូរ​រឿង​​ពុទ្ធប្រវត្តិ​ និង​រឿង​ជាតក​ព្រម​គ្នា​នឹង​ការសាង​វិហារ​។ ប៉ុន្តែ​ចំពោះ​វិហារ​វត្ត​ព្រៃតាកុយ គេទើប​នឹង​ចាប់ផ្តើម​គូរ​ជា​រឿង​ពុទ្ធប្រវត្តិ និងរឿង​ជាតក​នានា​ក្នុង​ឆ្នាំ​១៩៩២ ទើប​ចាប់​ផ្តើម​គូរគំនូរ​ ដោយ​​មានជាង​ឈ្មោះ ភឿក ទ្រី។ សាច់រឿង​គំនូរ​ចាប់ផ្តើម​ពី​ជញ្ជាំង​ខាងកើត ដែល​មាន​រូប​ព្រះពុទ្ធបរិនិព្វានមួយ​ផ្ទាំង​ធំនៅជួរ​ខាងលើ និង​បន្តបន្ទាប់​មក​នៅ​​ជួរ​ខាងលើ​ គឺ​​ជា​អន្លើ​សំខាន់ៗនៃរឿង​ពុទ្ធប្រវត្តិ​​ដូចជា​ ទ្រង់សុបិន្តនិម្មិត ប្រសូត្រ ទាយ​ព្រះលក្ខណៈ សម្តែង​ឫទ្ធិ​ ទតសួន ចេញបួស​ ធ្វើទុក្ករកិរិយា ត្រាស់ដឹង​ ផ្ចាញ់មារ ប្រោស​ពុទ្ធ​មាតា​-បិតា​ ទទួល​ចង្ហាន់​នាយចុន្ទ និង​រហូត​ដល់​ទ្រង់ប្រឈួន។ រីឯ​ជួ​រខាងក្រោម​ គឺគេគូរបង្ហាញជារឿង​ជាតកដូចវិហារ​នានាដែរ។

ជារួមមកវិហារ​វត្ត​ព្រៃតាកុយ ជា​វិហារ​បុរាណ​ដែលមាន​អាយុកាល​ជិត​១សតវត្ស ពោលគឺកសាងឡើង​ និង​មាន​លំនាំស្ថាបត្យកម្មទូទៅ​ប្រហាក់ប្រហែល​នឹង​វិហារ​វត្តកោះ​ផ្តៅដែល​នៅក្បែរ​នោះ។ ប៉ុន្តែ​សម្ភារៈ​សិល្បៈ​ និងការតុបតែង​លម្អ​ក្បាច់រចនា​ផ្សេង​ៗ​នៅ​លើ​វិហារ​វត្ត​ព្រៃតាកុយ ហាក់ដូចជា​សាមញ្ញ ពោលគឺ​ពុំសូវ​លោភក្បាច់រចនាអ្វីឡើយ។ រីឯ​ការ​ទុក​ផ្ទៃជញ្ជាំង​ខាងក្នុង​ឱ្យទំនេរ​ តាំងពីដើម​រហូត​មកដល់​មុនដើម​ទសវត្សទី៩០ ហាក់​ដូច​ជា​លំនាំ​មួយ ​ដែល​ឃើញតែង​សង្កេត​ឃើញនៅវិហារ​បុរាណនានា​មួយ​ចំនួន តែង​ពុំ​សូវ​​និយម​គូរ​គំនូរ​អ្វីបន្ទាប់ពីកសាងរួច​៕​

អត្ថបទដើម៖ កញ្ញា ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!