អក្សរខ្មែរវិវត្ត១០លើក?

នៅក្នុងសៀវភៅ វេយ្យាករណ៍ភាសាខ្មែរ «Grammaire de la langue khmère (cambodgien)» បោះផ្សាយនៅឆ្នាំ​១៩១៥ លោក ហ្ស៊ក ម៉ាស្ពេរ៉ូ (Georges Maspero) បានបង្ហាញអំពីប្រវត្តិអក្សរខ្មែរថាមកពីឥណ្ឌាភាគខាងត្បូង និងតារាងវិវត្តន៍អក្សរខ្មែរ​១០ប្រភេទ។  តារាងគំរូ​អក្សរ​ និងគំនិត​នេះ បាន​ជះឥទ្ធិពលមកលើអ្នកនិពន្ធសៀវភៅជាជនជាតិខ្មែរមួយចំនួននៅសម័យ​បន្ដបន្ទាប់មក ព្រម​ទាំង​បានចូលក្នុងប្រព័ន្ធអប់រំទាំងមូល ជាហេតុនាំឱ្យខ្មែរទូទៅ​ដឹងគ្រប់គ្នាថា អក្សរខ្មែរ​វិវត្ត​១០លើក មកហើយ។ នៅក្នុងអត្ថបទនេះ យើង​នឹង​ពិនិត្យ​​មើល​ទិន្នន័យ​ដែលលោក ហ្ស៊ក ម៉ាស្ពេរ៉ូ បានជ្រើសរើសមក ថាតើនៅតែបន្ដត្រឹមត្រូវដែរឬទេសម្រាប់​ប្រទេសកម្ពុជាបច្ចុប្បន្ន?

លោក ហ្ស៊ក ម៉ាស្ពេរ៉ូ បានជ្រើសរើសសិលាចារឹកចំនួន៩ និងគំរូអក្សរនាពេលនោះ​​មកធ្វើជាគំរូការវិវត្តអក្សរខ្មែរដូចខាងក្រោម៖

– បែបទី១ សិលាចារឹកហាន់ជ័យ K.81 (ប្រមាណជាស.វ.ទី៦គ.ស. )

– បែបទី២ សិលាចារឹកវាលកន្ទេលK. 359 (ប្រមាណស.វ.ទី៦​ឬដើមទី៧គ.ស. )

– បែបទី៣ សិលាចារឹកអង្គជំនីក K. 53 (ក្នុងគ.ស.៦៦៧ )

– បែបទី៤ សិលាចារឹកព្រះឥន្ទកោសិយក្នុង K. 263 គ.ស. ៩៧០

– បែបទី៥ សិលាចារឹកព្រះកែវឬប្រាសាទតាកែវ K. 275 គ.ស. ១០០២

– បែបទី៦ សិលាចារឹកព្រះងោក៣ K. 289គ.ស. ១០៦៦

– បែបទី៧ សិលាចារឹកបន្ទាយឆ្មារ K. 227 ក្នុងស.វ.ទី១២ឬទី១៣គ.ស. – បែបទី៨ សិលាចារឹកអង្គរវត្ត K. 300 ក្នុងស.វ.ទី១៣​គ.ស.

លោក ហ្ស៊ក ម៉ាស្ពេរ៉ូ បាន​អះអាងថាលោកបានចំណាយពេល​ជាងម្ភៃឆ្នាំដើម្បី​ស្រាវជ្រាវ ​និងសរសេរសៀវភៅវេយ្យាករណ៍ខ្មែរនេះ។ ប៉ុន្ដែបើយើងពិនិត្យមើលបញ្ហាទូទៅអំពីការស្រាវជ្រាវសិលាចារឹកនាជំនាន់នោះ យើងនឹងឃើញថាជម្រើសទិន្នន័យរបស់លោកហាក់​នៅចង្អៀតនៅឡើយ។ ចំណុចដំបូង គឺលោកបានជ្រើសរើស​យកតែសិលាចារឹក ដែល​រកឃើញនៅក្នុងប្រទេសកម្ពុជាសម័យនោះ ពុំបានយកពិនិត្យដល់សិលា​ចារឹកខ្មែរ​ដែលរកឃើញ​នៅប្រទេសវៀតណាម ឡាវ និងថៃនោះឡើយ។ បន្ថែម​ពី​នេះ សិលាចារឹកភាគច្រើនដែល​លោក​បាន​ជ្រើសរើស​ទៀតសោតនោះ ជាសិលាចារឹក​ភាសាសំស្ក្រឹត​។ ម្យ៉ាងវិញ​ទៀត លោកហាក់បីដូចជាពឹងផ្អែកលើតែម្យ៉ាង​លើ​ទិន្នន័យរូបសិលាចារឹក​ដែល​មាន​បោះផ្សាយនៅឆ្នាំ​១៨៨៥តែប៉ុណ្ណោះ បើទោះបី​នៅឆ្នាំ១៩០៨លោក ហ្ស៊ក សឺដែសបាន​ធ្វើបញ្ជីសិលាចារឹក​ខ្មែរ ​ដោយស្រង់​ចេញពីអត្ថបទចុះផ្សាយរបស់អ្នកសិក្សាជាតិបារាំង​ដូចជាលោក អៃម៉ូនីញ៉េរ ជាដើម មានចំនួនរហូតដល់ចំនួន៤២០ក៏ដោយ។

មានអត្ថបទសិក្សាសិលាចារឹកជាច្រើន ដែលចុះផ្សាយក្នុងទស្សនាវដ្ដីសាលាបារាំងចុងបូព៌ា ប្រទេស (BEFEO) មានភ្ជាប់នូវរូបចម្លង ឬសំណៅផ្ដិតសិលាចារឹក​ ប៉ុន្ដែលោកហាក់ពុំបាន​យក​ជាទិន្នន័យសម្រាប់ការសិក្សារបស់លោកឡើយ។ ចំណុចសំខាន់បំផុតមួយទៀត លោកទំនងជាភ្លេចគិត​ដល់​ទិន្នន័យ​សំខាន់ៗ​ ដែល​មានការ​សិក្សារួចហើយតាំងពីឆ្នាំ​១៨៩៣ ដោយលោក អាបែល ប៊ែរហ្គែញ (Bergaigne, M. Abel) គឺក្រុមសិលាចារឹក​នៅប្រាសាទលលៃ និងសិលាចារឹកដទៃទៀត របស់ព្រះបាទ​យសោវម៌្មទី១​ ដែលមានកាលបរិច្ឆេទ​ចុងស.វ.ទី៩។ ក្រុមសិលាចារឹកនេះ គឺជាសិលាចារឹកដែលមានទម្រង់អក្សរ​ថ្មី​ កែប្រែចេញពី អក្សរបល្លវៈ ដែលខ្មែរប្រើនៅសម័យមុនអង្គរ មានឈ្មោះថា «កម្ពុជាក្សរ»។ ចំណែកឯសិលាចារឹក​សម័យមុនអង្គរ និងអង្គរមួយចំនួន ហាក់ពុំមានទម្រង់ខុសប្លែកគ្នាដែល​នឹង​អាចចែកបានថាមានការវិវត្តនោះឡើយ ដូចជាសិលាចារឹក​ វាលកន្ទេល និងសិលាចារឹក​អង្គជំនីក សិលាចារឹក​ប្រាសាទ​តាកែវ និងសិលាចារឹកព្រះងោក​ជាដើម។ ក្នុងតារាងរបស់លោក ហ្ស៊ក ម៉ាស្ពេរ៉ូ ក៏មានតួអក្សរខ្លះពុំបានស្រង់ចេញពីសិលាចារឹកផងដែរ។

មកដល់បច្ចុប្បន្ននេះ មានសិលាចារឹកខ្មែរ​ជាច្រើនដែលមានរកឃើញនៅប្រទេសកម្ពុជា វៀតណាម ឡាវ និងថៃ ដែលបានចុះបញ្ជី​មានរហូតដល់ K. 1459 (សិលាចារឹក​ប្រាសាទ​ទន្លេស្ងួត)។ ចំនួនដ៏ច្រើនសន្ធឹកសន្ធាប់នេះ ជាទិន្នន័យសំខាន់សម្រាប់សើរើ និង​បំពេញ​បន្ថែមលើគំនិត​របស់លោក ហ្ស៊ក ម៉ាស្ពេរ៉ូ ដែលបានធ្វើកាលពី១០៥ឆ្នាំមុន។ លទ្ធ​ផល​ដែលលោកបានផ្ដល់ពេលនោះ លែងត្រឹមត្រូវសម្រាប់​យើងនាពេលបច្ចុប្បន្នទៀតហើយ។ យើងជឿជាក់ថាក្រោយការពិនិត្យឡើងវិញយ៉ាងច្បាស់លាស់នោះ យើងនឹងទទួលបាន​លទ្ធផល​ដ៏ល្អ និងច្បាស់ការសម្រាប់ប្រវត្តិអក្សរខ្មែរយើង។ យ៉ាងនេះក្ដី វាជាការងារដ៏ធំ ដែលទាម​ទារអ្នកចូលរួមក្នុងវិស័យផ្សេងៗគ្នា ដើម្បីជាធាតុចូលពិចារណាលើមូលដ្ឋានសំខាន់​ក្នុងការ​បែកចែកបញ្ញត្តិ «វិវត្តអក្សរ» និងចែកគ្នាពិនិត្យ​តាមផ្នែក និងសម័យនីមួយៗ​។

អត្ថបទដើម៖ លោក ហ៊ុន ឈុនតេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!