វត្តអំពិល ឬហៅថាវត្តអំពិលពោធិប្រាក់ ស្ថិតនៅក្នុងភូមិសាស្រ្តឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មានព្រំប្រទល់ជាប់ស្រុកក្រឡាញ់ ខេត្តសៀមរាប។ វត្តនេះកសាងនៅប្របដងស្ទឹងក្រឡាញ់ ពោលគឺនៅខាងជើងវត្តទន្ទាប់ចម្ងាយប្រហែល៥ គីឡូម៉ែត្រ។ យោងតាមឯកសារឱ្យដឹងថា ព្រះវិហារវត្តនេះកសាងនៅដើមសតវត្សទី២០ ហើយគំនូរក្នុងព្រះវិហារគូរក្នុងឆ្នាំ១៩៤១។ ក្រោយឆ្លងកាត់សង្រ្គាម និងការបំផ្លិចបំផ្លាញ ទើបចូលមកដល់ដើមសតវត្សទី២១ ព្រះវិហារវត្តនេះបានជួសជុលរចនាសម្ព័ន្ធ និងគ្រឿងលម្អផ្នែកដំបូល ដោយរក្សាលំនាំស្ថាបត្យកម្មដើម ព្រមទាំងជួសជុលកែលម្អកសាងបន្ថែមខឿនជុំវិញព្រះវិហារ និងកសាងបល្ល័ង្កព្រះជីវ៍ថ្មី។
ព្រះវិហារវត្តអំពិល ជាទម្រង់វិហារជហ្វាបួន ដែលលក្ខណៈសំណង់ទូទៅស្រដៀងនឹងព្រះវិហារបុរាណមួយចំនួននៅក្នុងខេត្តបាត់ដំបង និងសៀមរាប។ សម្ភារៈ សំណង់ជាទូទៅប្រើជាគ្រឿងបង្គុំនៅផ្នែកដំបូល និងសសរជាឈើ ហើយផ្នែកជញ្ជាំងជុំវិញជាឥដ្ឋបូកកំបោរបាយអ។ តាមរយៈរូបថតសាលាបារាំងថតឆ្នាំ១៩២៩ (EFEO_CAM15633) បង្ហាញឱ្យឃើញថាព្រះវិហារនេះកសាងលើកូនទួលមួយ ព័ទ្ធដោយចេតិយតូចៗជុំវិញ។ ដំបូល ប្រក់ក្បឿងស្រកាលេញ បំពាក់ជហ្វា២ នៅចុងមេដំបូលខាងកើត និងជហ្វា២ ទៀតនៅចុងមេដំបូលខាងលិច ដោយរចនាចុងដំបូល និងជហ្វាទាំងសងខាងឱ្យខ្ពស់ស្រឡះឡើង។ រីឯហោជាងទាំងសងខាងនៃព្រះវិហារវត្តនេះ គេរចនាដោយសសរទម្រពី កើតជាចន្លោះលំហទំនេរ ពុំមានលម្អដោយក្បាច់រចនាអ្វីដូចវិហារបុរាណវត្តសំរោងក្នុង ឬវត្តបាឡាត់ ឬវត្តកណ្តឹងក្នុងខេត្តបាត់ដំបូងឡើយ។ ចំណែកផ្ទៃដំបូលចំហៀងរាងជ្រាលចុះ៣ថ្នាក់ ទ្រដោយសសរឈរចំនួន១២ដើមនៅខាងក្នុង និងសសរឈើចំនួន៣០ដើម តាមរបៀងបាំងសាច។ លក្ខណៈរចនាសម្ព័ន្ធទូទៅទាំងឡាយនេះ គេឃើញរក្សាបានស្ទើរទាំងស្រុង រហូតមកដល់សព្វថ្ងៃ (រូបលេខ១-២)។
ប៉ុន្តែទោះបីយ៉ាងណាក្តី ក្រោយមានការបំផ្លិចបំផ្លាញក្នុងសម័យសង្រ្គាម នៅក្នុងរវាងឆ្នាំ២០០០ ព្រះវិហារវត្តអំពិលនេះ បានចាប់ផ្តើមជួសជុលកែលម្អរចនាសម្ព័ន្ធជាច្រើនកន្លែង។ នៅផ្នែកដំបូល គេបានបំពាក់នាគដងក្តារថ្មី ជាក្បាច់ចាក់ពុម្ពស៊ីម៉ងត៍នៅតាមចែងដំបូលនីមួយៗ និងបានប្តូរសសរទ្រហោជាងពីឈើទៅជាបេតុង ព្រមទាំងលាបពណ៌ថ្មីផងដែរ។ លើសពីនេះគេថែមទាំងបានរៀបចំបន្ថែមបង្កាន់ដៃព័ទ្ធជុំវិញ ដោយមានជណ្តើរឡើងចុះនៅផ្នែកខាងមុខ២ និងខាងក្រោយពីរ។ ទន្ទឹមនឹងនេះ ចំពោះការ៉ូកម្រាលទាំងក្នុង និងខាងក្រៅក៏បានប្តូរមកប្រើប្រាស់ការ៉ូសម័យថ្មីផងដែរ (រូបលេខ៣-៤)។
ដោយឡែក ចំពោះហោជាងទាំងពីរនៃព្រះវិហារវត្តអំពិល ជាប្រភេទហោជាងឈើរចនាដោយក្បាច់ភ្ញីទេស ព្រមទាំងមានដុំកញ្ចក់លម្អផង។ ផ្ទៃហោជាងខាងកើត គេរចនាជារូបព្រះសក្យមុនីចេតិយ(?) មួយធំនៅចំកណ្តាល និងដងទង់ពីរអមសខាងខាង ព្រមទាំងរូបទេព្តាអង្គុយប្រណម្យនៅផ្នែកខាងក្រោម ព័ទ្ធលម្អដោយក្បាច់ភ្ញីទេស(រូបលេខ៥)។ ប្រធានបទលើផ្ទៃហោជាងនេះ ហាក់ស្រដៀងនឹងហោជាងផ្នែកខាងកើតនៃវិហារបុរាណវត្តល្អក់ ក្នុងខេត្តសៀមរាបដែរ។ ចំណែកឯនៅលើផ្ទៃហោជាងខាងលិច គេសង្កេតឃើញថាក្បាច់លម្អជាទូទៅពុកផុយជ្រុះធ្លាក់បាត់ដោយផ្នែក។ យ៉ាងណាក្តី នៅលើហោជាងនេះ គេរចនាជារូបទេពគង់លើគ្រុឌ(ព្រះវិស្ណុ?) ដោយនៅក្នុងព្រះហស្ថទាំងសងខាងមានកាន់កេតនភណ្ឌផង (រូបលេខ៦)។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ ហោជាងទាំងពីរនេះគេប្រើបន្ទះក្តារផ្តេក ហើយយកក្បាច់ ព្រមទាំងកញ្ចក់លម្អបិទភ្ជាប់ពីលើ។
ចំពោះជញ្ជាំងព្រះវិហារផ្នែកខាងក្រៅ ជាទូទៅមានផ្ទៃលាតគ្មានក្បាច់លម្អ ឬគំនូរអ្វីឡើយ ដោយនៅផ្នែកចំហៀងមានបង្អួចម្ខាង៥។ រីឯនៅលើជញ្ជាំងផ្នែកខាងមុខ មានទ្វារពីរ និងជញ្ជាំងខាងក្រោយមានទ្វារពីរ។ ទន្ទឹមនឹងនេះ នៅលើជញ្ជាំងខាងកើតគេឃើញមានផ្តែរប្រាសាទមួយត្រូវបានគេយករៀបភ្ជាប់នឹងផ្ទៃជញ្ជាំងផ្នែកកណ្តាលផង (រូបលេខ៧)។ ប៉ុន្តែដោយឡែក នៅលើសន្លឹកទ្វារ និងបង្អួចនីមួយៗនៃព្រះវិហារនេះ គេថែមទាំងបានរចនាលម្អដោយក្បាច់ផ្កាភ្ញី រួមទាំងតួអង្គហនុមាន ដែលគេស្គាល់ថាជាតួអង្គសំខាន់ៗមួយចំនួនក្នុងរឿងរាមកេរ្តិ៍ (រូបលេខ៨-១០)។
នៅផ្នែកខាងក្នុងព្រះវិហារ មានសសរឈើ៨ ជ្រុងពីរជួរអមសាងខាងល្វែងគ្រឹះ។ សសរនីមួយៗ ជាសសរលាត ពុំមានក្បាច់ ឬគំនូរលម្អអ្វីឡើយ។ រីឯផ្នែកខាងលើ គឺជាគ្រឿងបង្គុំឈើទាំងអស់ ហើយពិតានព្រះវិហារនេះក៏ជាពិតានឈើ ដែលគេដឹងថាទើបនឹងរៀបចំជួសជុលកែលម្អថ្មី (រូបលេខ១១)។ ចំពោះបល្ល័ង្កព្រះជីវ៍ នៃព្រះវិហារវត្តនេះ គេក៏ដឹងដែរថាជាបល្ល័ង្កដែលទើបនឹងរៀបចំកសាងថ្មីនៅក្នុងពុទ្ធសករាជ២៥៤៩ (ឆ្នាំ២០០៥) ដោយដាក់តម្កល់ព្រះពុទ្ធបដិមាព្រះជីវ៍ធំសាងអំពីសីម៉ងត៍ អមដោយព្រះពុទ្ធបដិមាក្នុងកាយវិការផ្ចាញ់មារបីព្រះអង្គ ជាព្រះបដិមាសាងអំពីស៊ីម៉ងត៍ (រូបលេខ១២)។ ដូច្នេះគេពុំដឹងថា ព្រះបដិមាព្រះជីវ៍ដើមនៃព្រះវិហារនេះមានលក្ខណៈដូចម្តេចឡើយ។












អត្ថបទដើម៖ កញ្ញា ហៀន សុវណ្ណមរកត