ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿទៀនវស្សា និងទំនៀម​ក្នុងសង្គមខ្មែរ

ទៀនវស្សា និងទំនៀម​ក្នុងសង្គមខ្មែរ

ក្នុងសង្គមខ្មែរ ព្រះសង្ឃតែងនិមន្ត “​​​ចូលព្រះវស្សា” ឬ “គង់ចាំព្រះវស្សា”​​ រយៈ​ពេល​បី​ខែ ដោយ​កំណត់​ពី​ថ្ងៃ ​១រោច ខែអាសាឍ (រវាង​ខែ​កក្កដា) ដល់​​ថ្ងៃ ១៥កើត ខែ​​អស្សុជ (រវាងខែកញ្ញា)។ ទំនៀម​នេះ បានជាប់ជាប្រពៃណី​ប្រតិបត្តិ​រហូត​​មក​ ហើយទាំង​ព្រះ​មហា​ក្សត្រ និងរាស្រ្តសាមញ្ញទូទៅ តែង​ទំនុក​បម្រុង​គ្រឿង​​បរិក្ខា​​បូជា​ផ្សេងៗ​ចំពោះ​ព្រះ​សង្ឃ​ដែល​​គង់ចាំព្រះវស្សា​​ ​ដើម្បីបាន​​អានិសង្ស​​ដល់​ជាតិ​មុខ។ ក្នុង​​បណ្តា​គ្រឿង​បូជា​ទាំង​ឡាយ​នោះ គេ​ឃើញ​មាន “ទៀន​វស្សា” ជាវត្ថុ​សំខាន់​ដែល​ពុំ​​​មាន​​​បញ្ញត្តិ​​ក្នុង​គម្ពីរ​ពុទ្ធ​សាសនា តែ​ខ្មែ​រ​ប្រតិបត្តិ​ជា​ទំនៀមដល់សព្វថ្ងៃ។

ជាការពិត “ទៀន” ​ពុំមែនមានន័យតែម្យ៉ាងសម្គាល់​លើ​វត្ថុ​ប្រើ​ដើម្បី​អុជ​បំភ្លឺ​​ឡើយ តែ​នៅ​ក្នុង​វប្ប​ធម៌​​​ខ្មែរ​គេសង្កេត​ឃើញថា ទៀនជា​វត្ថុចាំ​បាច់​ក្នុង​ពិធី ជាគ្រឿងសក្ការបូជា​យ៉ាង​សំខាន់​ដែលមាន​ន័យ​ទាក់​​ទង​​នឹង​ពាក្យ​ថា “ទេព” (divinity)។ ​ទៀនក្នុង​សង្គមខ្មែរ​មាន​ច្រើន​បែប​ណាស់។ ចន្លុះ​ដែល​គេ​អុជ​ ហើយ​កៀស​ភ្លើង​កុំ​ឱ្យ​រលត់​ពេល​ហែ​សពហៅថា​“ទៀន​ត្បូង”។ “ទៀន​​ស្នែង​ក្របី” គេ​លញ់​​បត់ឱ្យកោងដូចជាស្នែង ប្រើនៅក្នុង​កិច្ច​សម្រាប់​អារក្ស។ ​“ទៀន​កល្ប” គេ​អុជ​សូត្រ​កាវដា​ពេលបុគ្គលរៀបស្លាប់ និង “ទៀន​វស្សា” ​ជា​ទៀន​ដែល​​​ត្រូវ​មាន​កម្ពស់​​៣៣​ធ្នាប់ និង​ទម្ងន់​២១ នាឡិ។

តាមសាត្រា​ “អានិសង្សទៀនវស្សា” ឱ្យ​ដឹង​ថា ការបូជា​ទៀនវស្សា​បានអានិសង្ស​​៨ កាល តាម​តែ​ប្រាថ្នា​អ្វីសឹង​បាន​ដូចសេចក្តី​ប្រាថ្នា​ទាំងអស់។ សេចក្តីនេះ មាន​ក្នុង​រឿង​បុរស​កំសត់​រកស៊ីកាប់អុស ហើយរើសយក​​អាចម៍​ខ្លាឃ្មុំ​ស្ល​យក​ក្រមួន​ លញ់ធ្វើទៀនថ្វាយ​​ព្រះ​ដ៏មាន​បុណ្យ។ ដោយ​អំណាច​បុណ្យរបស់បុរសនោះ ព្រះឥន្រ្ទាធិរាជ​ក៏ជប់​ប្រាសាទ​ប្រាក់ ឃ្លាំង​មាស ឃ្លាំង​ប្រាក់ ព្រម​ទាំង​សួន​ប្រកបដោយ​ដើម​ឈើ​ ពេញ​ដោយ​ផ្លែ​ផ្កា​សម្បូរ​ហូរ​ហៀរ មាន​ទាំង​អ្នក​គាល់​បម្រើ​ពុំមាន​ខ្វះ​អ្វីឡើយ។ ដោយឡែក ចំពោះភស្តុតាង​នៃការ​សាងទៀនវស្សា​ថ្វាយ​ព្រះពុទ្ធសាសនា​ ហាក់​ពុំ​អាច​កំណត់ពីត្រឹម​ណាជាក់លាក់បានទេ។ ប៉ុន្តែ​មានសំអាង​តគ្នាមកថា កាល​​ឆ្នាំ​១៩២៦ ព្រះរាជបណ្ណាល័យ​នៃពុទ្ធសាសនបណ្ឌិត្យ​ ធ្លាប់​ទទួល​​វត្ថុ​សិល្បៈ​មួយ​ពីវត្តលង្កាក្រៅ ​ខេត្ត​​សៀមរាប​ ដែល​​​អ្នក​ស្រី ម៉ាដឺបូអាហ៊្សែល ការប៉ឺឡែស ជា​បណ្ណារក្ស​​​​​សន្និដ្ឋានថា ​ជាជើង​ទៀនវស្សា។ វត្ថុនោះធ្វើពីថ្ម កម្ពស់​៣៤​សង់ទីម៉ែត្រ មានចែកជាពីរផ្នែក។ ផ្នែក​ទី១ កម្ពស់​៥​សង់ទីម៉ែត្រ មានលក​ប្រហោង​ខាងក្នុង។ ផ្នែកទី២ គឺជា​តួ​ដែលមាន​រចនា​រូប​​ព្រះរាម ព្រះ​លក្ស្មណ៍​ ហនុមាន និង​ទ័ពស្វា​​ជញ្ជូនថ្មធ្វើស្ពាន។ មកដល់ពេលនេះ គេ​រកពុំ​ឃើញ​រូប​​​ថត​ភស្តុតាង​នៃវត្ថុនោះឡើយ។ ប៉ុន្តែ​ទោះដូចម្តេចក្តី នៅក្នុងរូបថតសាលាបារាំង​ (EFEO) ថត​នៅ​ថែវព្រះពាន់ប្រាសាទ​អង្គរវត្ត​ បង្ហាញឱ្យឃើញ​វត្ថុមួយ​ចំនួន​រៀប​ជា​ជួរ​មុខព្រះ​បដិមា មានសណ្ឋានទំនង​ជា​ជើង​ទៀន​។

ព្រះពុទ្ធបដិមាតម្កល់បូជា​នៅថែវព្រះពាន់ប្រាសាទអង្គរវត្ត (រូប៖ EFEO_CAM05055)

បើផ្អែកតាម​សៀវភៅព្រះរាជ​ពិធីទ្វាទសមាស​ឱ្យដឹងថា កាលនៅ​ក្នុងរាជ្យ​ព្រះ​បរម​កោដ្ឋ​ (ព្រះ​អង្គឌួង) ទ្រង់​តែង​​ហែ​ទៀនវស្សា​ក្នុង​ថ្ងៃ​ ១៤កើត ខែអាសាឍ និង​​អុជ​ទៀន​វស្សា​ និមន្ត​ព្រះសង្ឃ​ចូលវស្សា​ នៅថ្ងៃ ១៥កើត ខែអាសាឍ។ លើសពីនេះ ក្នុងឯកសារ​ឱ្យ​ដឹង​ដែរថា រៀងរាល់ឆ្នាំ​ក្នុង​ខែ​អាសាឍ ព្រះមហាក្សត្រ​​តែង​យាង​​បំពេញ​ព្រះរាជ​កុសល​សិត​ទៀនវស្សា​ថ្វាយ​ព្រះរតនត្រ័យ នៅព្រះទីនាំង​ទេវាវិនិច្ឆ័យ។ ទំនៀមសិតទៀន​នេះ គឺ​យក​ក្រមួន​មកស្ងោរ​ឱ្យ​រលាយរាវ​ជាទឹក ហើយ​ចាក់ដាក់​ពុម្ព​ធ្វើ​ជាទៀន។ ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ទ្រង់​ស្តេច​យាង​ចេញ​ធ្វើ​ព្រះរាជ​កុសល​ផ្ទាល់​ព្រះអង្គ ដោយ​ជួប​ជុំ​ព្រះ​​រាជ​វង្សានុវង្ស គណរដ្ឋមន្រ្តី ព្រម​ទាំង​​នាហ្មឺន​សព្វមុខ​មន្រ្តីទាំងឡាយ។ កិច្ច​នេះក៏​ឃើញ​​មាន​ព្រះ​ឆាយាលក្ខណ៍ ព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ មុនីវង្ស កុសុមៈ​នារី​រតន៍ សិរី​វឌ្ឍនា ស្តេចយាង​សិតទៀនព្រះវស្សាដែរ។​​

ព្រះមហាក្សត្រីយានី ស៊ីសុវត្ថិ មុនីវង្ស កុសុមៈនារីរតន៍ សិរី​វឌ្ឍនា ស្តេចយាង​សិតទៀនព្រះវស្សា (រូបថត៖ Royal du Cambodge)

ទំនៀម​​សិតទៀន និងដង្ហែទៀន​ព្រះវស្សា​ព្រះរាជទ្រព្យ​​របស់​ព្រះមហាក្សត្រ​ ​នៅ​ក្នុង​ព្រះបរមរាជវាំង នៅ​តែ​បន្ត​ប្រតិបត្តិតាម​លំអានរហូតដល់សព្វថ្ងៃ។ ជាទូទៅ​ក្នុង​កិច្ច​សិត​​​ទៀនព្រះវស្សា​នេះ តែងមា​ន​វត្ត​មាន​ពួក​ព្រាហ្មណ៍​​ផ្លុំ​ស័ង្ខ និង​ភ្លេង​ពិណពាទ្យ​​​ប្រគំ​តាម​ទំនៀម។ ព្រះ​មហាក្សត្រ ស្តេច​យាង​ចាក់​ទឹក​ក្រមួន​តាម​ពុម្ពទៀន​ទាំងអស់ រួចហើយ​ទើប​ព្រះរាជ​វង្សានុវង្ស​ គណរដ្ឋមន្រ្តី នាហ្មឺន​សព្វមុខ​មន្រ្តី​ចូល​ទៅចាក់​តាម​​លំដាប់​លំដោយ​រហូត​ពេញ​គ្រប់​ពុម្ពទៀន។ បន្ទាប់មក ទៀន​ទាំង​​​​នោះ​ត្រូវ​ដង្ហែ​ជា​ទៀន​​​​វស្សា​​ព្រះរាជទ្រព្យ ​ឆ្ពោះ​ទៅកាន់​វត្ត​អារាម​ជិត​ឆ្ងាយ​ រួម​ជាមួយ​នឹង​ទេយ្យ​វត្ថុ​ផ្សេងៗ​តាម​​​ព្រះរាជសទ្ធា​របស់​ព្រះមហា​ក្សត្រ ប្រគេនដល់ព្រះសង្ឃ​ដែល​គង់​ចាំព្រះវស្សា​។

ដោយឡែក ក្រៅពីព្រះរាជពិធីសិតទៀន​វស្សា​ដែល​ព្រះមហាក្សត្រ​ទ្រង់​តែង​ប្រតិ​បត្តិ​ដូចរៀបរាប់ខាងលើ ក្នុង​រយៈកាលនេះ ប្រជារាស្រ្តជាពុទ្ធបរិស័ទក៏តែង​មាន​សទ្ធា​ជ្រះ​ថ្លា​ រៀបចំ​​​ដង្ហែ​ទៀនវស្សា និងទេយ្យ​វត្ថុ​ផ្សេងៗ​ប្រគេនដល់​ព្រះសង្ឃ​គង់​ចាំព្រះវស្សា​ តាម​បណ្តា​វត្ត​នានាផងដែរ។ ទៀនវស្សា និង​ទេយ្យ​វត្ថុ​ទាំងឡាយ​នោះ គេ​ត្រូវ​ហែ​ប្រទក្សិ​ណ​ព្រះ​វិហារ​៣ ជុំ ទើប​នាំចូល​ទៅ​វេរ​ប្រគេន​ព្រះសង្ឃ និង​ចាប់ផ្តើម​អុជ​ទៀន។

ទៀន​វស្សា​ និង​ទេយ្យ​វត្ថុ​ផ្សេងៗ​ដែល​ពុទ្ធបរិស័ទ​ដង្ហែ​ប្រគេនតាមវត្ត​
(រូបថត៖ AMS-Kien Sereyvuth)

ចំពោះ​​ខ្នាត​ទៀន​​​វស្សា​ ឯកសារ​​ព្រះរាជពិធី​ទ្វាទស​មាស​បញ្ជាក់ថា​ ទៀន​ខ្នាត​តូច​​មាន​​ទំហំ​២ចាប់ ឯ​ទៀន​ខ្នាត​ធំ​ មាន​ទំហំ​២ចាប់​កន្លះ កម្ពស់​២ ហត្ថ​ដូចគ្នា។ រីឯ​សេចក្តី​សង្កេត​របស់​អ្នកស្រី ពេជ្រ​ សល់​ ថា​ទៀន​​វស្សា​ធម្មតា​មាន​ទទឹង​មាត់​មួយតឹក ​និងកម្ពស់​២ ហត្ថ​ ធ្វើ​ដោយ​ក្រមួន​ឃ្មុំ ឬ​ក្រមួន​ចំបក់។ នៅគល់​ទៀន មាន​ជើង​ទ្រ​​​ធ្វើ​ពីឈើ មាន​ក្បាច់​ត្របក​ឈូក។ អ្នក​ខ្លះ​យក​ផ្កា​មាស​ ធ្វើ​ដោយ​ស្ពាន់​ក្រាប់​ទៅបិទ​ជា​លម្អ​លើ​តួ​ទៀន​ក៏មាន។ ប៉ុន្តែ​យ៉ាង​ក៏ដោយ សព្វថ្ងៃនេះ​គេ​សង្កេត​ឃើញ​ទៀន​វស្សា​មាន​ផលិត​ស្រាប់ៗ ដែល​ពុទ្ធ​បរិស័ទ​តែង​ទិញ​ដង្ហែ​ប្រគេន​ព្រះសង្ឃ​តាម​វត្ត​ជាធម្មតា។

ទៀនវស្សា​សព្វថ្ងៃដែល​ថ្វាយ​បូជា​នៅបូជ​នីយដ្ឋាន​វត្ត​ភ្នំ រាជធានីភ្នំពេញ

សង្ខេបមក ទៀនវស្សា​ដែ​លពុទ្ធ​បរិស័ទ​ក្នុងសង្គមខ្មែរ​​តែង​រៀបចំ​ដង្ហែ​ប្រគេន​​ព្រះ​សង្ឃ​គង់ចាំ​ព្រះវស្សា​ ជា​ទៀន​ធំ​សម្រាប់​អុជ​បូជា​រយៈ​ពេល ៣ខែ។ រីឯ​ទំនៀម​សិត​​ទៀន​សោត​ ជា​ព្រះរាជ​កិច្ច​ដែល​ព្រះ​មហាក្សត្រ​តែង​បំពេញ​រាល់ឆ្នាំ​ពុំ​ដែល​រំលង​ឡើយ។ ប៉ុន្តែ​មក​ដល់​សព្វថ្ងៃ ប្រជា​រាស្រ្ត​​ជា​ពុទ្ធបរិស័ទ​ភាគ​ច្រើន​​បាន​ងាក​មក​ប្រើ​ទៀន​នាំចូល​ស្រាប់ ដែល​មាន​លក់​លើ​ទីផ្សា​រ ជំនួស​ទំនៀម​សិតទៀន​ពីបុរាណមក៕

———————————,

Lent candles and traditions in Khmer society

In Khmer society, the monks are supposed to retreat to their months for three months. It takes from the 1st Roch of Asath of Luna calendar (July) to the 15th Ket of Asuch (September). This tradition is practised by the King to the ordinary people. During this period, Buddhists prepare a lot of offerings. Among them are Lent candles. This ceremony or offering does gain merit for the next life. 

A candle is not only used to enlighten the darkness. However, it has a meaning related to God. Candles have many types like Team Tbong (used when procession the dead body), Tean Sneng Krabei (used for Araka ritual), Tean Kab (used while chanting to a person before they die), and Team Vasa (Lent candles). The lent candles are measuring in 33 palms in height and 21 Neal in weight. According to the script “Anisan Tean Vasa”, offering lent candles will get 8 Anisan, and all the wishes will be fulfilled. Based on this concept, there is a story that says a man who works as a woodcutter found the dung of the bear and made it as lent candles to offer the god. The good act of this man makes Indra happy, and he wishes him for a gold resident, storage full of gold and silver, a beautiful and fruitful garden, and servants.

The commencement of making lent candles is unknown. However, it says that in 1926, The library of the Buddhist Institute received an object from the Lanka Krau pagoda in Siem Reap. A librarian suggests that it was the support of lent candles. It is made of stone, 34cm in height and has two parts. First, the part is 15cm and has a hole. The second part is the body which has the decoration with the figure of Rama, Laksmana, Hanuman, and the monkey armies making the bridge to Lanka. Unfortunately, the evidence is not available today. However, based on the photos from EFEO, there could be many lent candles supports installed in front of the Buddha statues in the Thousand Buddha gallery of Angkor Wat. 

According to the book calls ” Tvea Dasa Meas” or the twelfth month, King Ang Doung processed lent candles on the 14th Ket of Asath. He lighted them and invited the monks to chant on the 15th Ket of Asath. In Asath annually, the King makes Buddhist lent candles at Dheva Vinnichay (throne hall). To make Buddhist lent candles, the bee wax is melted and poured into the mold by the King. 

The tradition of making and processing the Buddhist lent candles and other offerings belong to the King and this tradition is still practiced in the present. The ritual of making Buddhist lent candles starts with Brahmans blowing the sound of Sanka (conch shell) and performing traditional Khmer instruments (Pin Peat). Next, the King pures hot liquid of bee wax into the molds. After the King, the royal family, and the officials fill the bee wax in the molds. After, Buddhist lent candles will be brought to the pagodas with other offerings. 

Besides the King, the ordinary Buddhists were able to process the lent candles. The processing will be done three times around a Vihara (praying hall) and then offered to the monk. Lent candles have two dimensions, small and big. The small one is about Pi Chab (15cm in diameter?), and the big one is about Pi Chab Kanlash (about 20cm in diameter?). 

In conclusion, the Buddhists lent candles are made to offer the monks who stay three months in the pagoda. Making Buddhist lent candles has been done every year by the King. In the present, every Buddhist could process Buddhist lent candles and offer them to the monks at the pagoda. 

អត្ថបទដើម៖ កញ្ញា ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!