ភាគទី៣
រាត្រីស្ងាត់។ ពន្លឺអគ្គីសនី ដែលបំភ្លឺផ្លូវធ្លា ចោលរន្ទះពណ៌មាសទៅក្នុងទឹកពណ៌ខ្មៅនៃស្ទឹងសង្កែ ដែលហូរត្រកួញខ្មាញ់។
ម៉ោង១០យប់ហើយ។ នៅត្រើយខាងកើតចង្រិតយំមួយៗ ហើយយូរៗម្តង មានរឺម៉ករត់រោទិ៍ឆ្លងស្ពានដែក ដឹកនាំអ្នកដែលត្រឡប់មកពីអាស្រ័យបបរសាមចូកនៅទីផ្សារ វិលទៅកាន់ភូមិឋានវិញ។ នៅតាមមាត់កំពង់ ដែលមានជួរដើមអំពិលធំត្រឈឹងត្រឈៃ ជាលម្អពួកក្មេងកំឡោះតែងមកប្រជុំគ្នានៅអង្គុយលើរានតូចៗ ដើម្បីយករំហើយ ហើយនិយាយកំសាន្តរទូៗ។
នៅភូមិវត្តពោធិក្នុង ត្រង់កំពង់ចម្លងទៅឆ្ពោះទៅសាលារៀន ក៏មានកូនរានមួយជ្រកក្រោមអំពិលផ្អែមមួយដើមដែរ។ តែដោយភូមិនេះពុំមានក្មេងកំឡោះដូចភូមិឯទៀត កូនរាននេះក៏នៅទំនេរ ឥតមាននរណាមកអ៊ូអែឡើយ។
នៅយប់ដែលយើងដំណាលរឿងនេះ បើប្រសិនជាមានអ្នកដំណើរណាមួយមកឈប់អង្គុយលេងនៅលើរានអំពិលផ្អែម គេនឹងឮសំលេងនារីពិរោះក្រអៅអណ្តែតចេញមកល្វើយៗ ពីផ្ទះមួយដែលមានព្រឹក្សាដុះគ្របជុំវិញ។ ឳសំលេងអើយ ដែលរសាត់មកតាមវាយោជាមួយនឹងពិដោរ ក្រអួនត្រជាក់នៃផ្កាម្លិះ និងកុលាប ! ឳសំលេងអើយ ថ្លាដូចចរណៃ គួរឲ្យពិសម័យដល់ម្ចាស់សំលេងនេះពន់ប្រម៉ាន។
អ្នកដំណើរ កាលបើបានស្តាប់សំលេងនេះហើយ ក៏មិនងាយដកខ្លួនចេញពីរាននោះរួចទេ ព្រោះកំរណាស់ នឹងមានសំណាងបានស្តាប់សំលេង ដែលមានឳជារសយ៉ាងនេះឡើយ!
បើប្រសិនជាអ្នកដំណើរនោះ ឆ្ពោះភក្រ្តមើលត្រង់ទៅខាងកើតក៏មិនឃើញពន្លឺចង្កៀងចាំងពេញ តាមប្រឡោះស្លឹករុក្ខជាតិ ហើយនឹងឃើញមានផ្លូវមួយក្រាលឥដ្ឋ នាំជំហានទៅដល់ជណ្តើរនៃគេហដ្ឋានមួយដែលសង់ជារោង ដោយដំបូលប្រកក្បឿង ជញ្ជាំងក្តារឥតលាបថ្នាំ ដែលប្រែសំបុរទៅជាប្រផេះ ដោយត្រូវភ្លៀង និងត្រូវថ្ងៃ។ នៅយ៉ខាងមុខដែលភ្ជាប់នឹងរានហាលមានសង់ហោណាំង១ ប្រក់ស័ង្កសី និងមានបន្ទះឈើជាចំរឹងព័ទ្ធពីខាងមុខ។ នៅទីនេះមានក្តារងឿមួយធ្វើពីខ្លឹមក្រកោះខ្មៅរលើប។ អ្នកម្ចាស់មុននឹងបិទទ្វារដេក តែងមកសន្ធឹងយករំហើយនៅកន្លែងនេះ។
គេហដ្ឋានដ៏មានរបងស្តុកស្តម្ភ តែងស្ងាត់ជ្រងំ ដោយមានតែមនុស្សស្រីបីនាក់ឋិតនៅ។ យាយនួនមានអាយុ៥០ឆ្នាំប្លាយ ហើយសក់ស្កូវមួយៗ ហើយកោរខ្លី ដោយកាត់កាន់ឧបោសថមិនដែលខានឡើយ។ នេត្រគាត់ដែលមានពន្លឺថ្លាយង់ ហើយជ្រកនៅក្នុងរូង ព្រមទាំងមានថ្គាមមាំយ៉ាងរឹងមាំ សម្តែងឲ្យយល់ថាស្រ្តីនេះជាអ្នកចិត្តរឹងរូសមានៈណាស់។ តាំងតែប្តីគាត់ស្លាប់ចោលទៅកាលណាគាត់លះបង់ជំនួញជួញប្រែទាំងអស់។ គាត់ខំតែការពារធនធានដែលមានទាំងប៉ុន្មានទុកឲ្យកូនស្រីគាត់ ដែលគាត់មានសេចក្តីប្រតិព័ទ្ធលើសលប់ជាងអ្វីៗទាំងអស់។
នាងវិធាវី ជាបុត្រីយាយនួន។ នាងចម្រើនវ័យបាន១៧ឆ្នាំហើយ។ នាងមានរូបឆោមលោមពណ៌ស្រស់ចំប្រប់ រាងរាវទន់ភ្លន់ មុខមូលវែង ហើយទុកសក់ប្រះស្មាខ្មៅរលើប។ នាងជាអ្នកសុភាព ស្តាប់ដំបូន្មានម្តាយនាងជាដរាប។ កាលដែលនៅពីតូច នាងបានទៅរៀនអក្សរនៅសាលាវត្តពោធិវាល។ គ្រូនាងតែងសរសើរពីប្រាជ្ញារបស់នាង។ លុះនាងបានពេញជំទង់ហើយ ម្តាយនាងឲ្យឈប់រៀន ដូច្នេះនាងក៏នៅកាន់កាប់ការងារនៅក្នុងផ្ទះទៅ តែបើមានពេលទំនេរនាងតែងទៅសិក្សាភាសាសៀម និងរៀនប៉ាក់ជល់ជាមួយគ្រូស្រីម្នាក់ដែលនៅជិតផ្ទះនាង។ មិនបានប៉ុន្មានខែក្រោយមក នាងក៏ចេះមើលសៀវភៅរឿងសៀមបាន។ ឯបង្អួចផ្ទះ ស្រោមខ្នើយសោត ក៏មានក្បាច់ភ្ញីលម្អឡើងដោយស្នាដៃនាងក្នុងការអញ្ជុល។
អ្នកផ្ទះទី៣ គឺយាយផៃ។ គាត់បាននៅបម្រើគ្រួសារយាយនួននេះតាំងតែពីមុនសម័យដែលនាងវិធាវីមកចាប់បដិសន្ធិ។ គាត់មានអាយុចាស់ជាងយាយនួនទៅទៀត ស្បែកគាត់ក៏សឹងស្វិតជ្រីវ សក់គាត់ក៏សឹងស្កូវស្ទើរគ្មានសល់មួយសរសៃទៅហើយ។ នាងវិធាវីតែងរាប់អានគាត់ដូចជាសត្វញាតិពេញទី។ មួយទៀតយាយផៃគាត់ក៏មិនចង់ដើរទៅណាឡើយ ព្រោះគាត់ធ្លាប់បីបមនាងវិធាវី ហើយធ្លាប់ស្រឡាញ់តាំងតែពីកូនង៉ាមក។ គាត់ហៅយុវតីនេះថា នាងតូចៗដូច្នេះ។
នៅយប់ដែលយើងពណ៌នានេះ យាយនួនគាត់មានកង្វល់ក្នុងចិត្ត ហើយគាត់បានបបួលកូនគាត់ឲ្យមើលក្រាំងព្រះលក្សិណវង្សគ្រាន់កែអផ្សុក។
នៅពេលនោះ ចង្កៀងធូបមួយអុជដាក់ចំរើនលើក្បាលដំណេកនៃនាងវិធាវី។ នារីនេះស្លៀកសំពត់ខ្មៅ ពាក់អាវព្រែសាច់ម៉ដ្ឋពណ៌កុលាប ហើយកាលណានាងយារដៃឆ្វេង បើកសន្លឹកក្រាំងម្តងៗឡើង ចិញ្ចៀនពេជ្រទាំងគ្រាប់ត្បូងមួយ ដែលជាគ្រឿងលម្អនៃដៃនាង ក៏ដេញភ្លើងភ្លឺព្រោងព្រាយ។ នាងអានរឿងព្រះលក្សិណវង្ស ធ្វើបទបញ្ចេញសំលេង មូលក្រអៅពិរោះឥតឧបមា។ គឺសំលេងនេះ ដែលអ្នកដំណើរបានស្តាប់ឮល្វើយៗពីធ្លាមាត់កំពង់។
ពេលនោះយាយនួន មានមុខស្ងួត ដេកនៅស្ងៀមអែបនូវកៀនបុត្រីគាត់។ ឯភ្នែកគាត់សំលឹងដោតពិដានខ្ជាប់ធ្វើឲ្យយល់ថា វិញ្ញាណស្ត្រីនេះអណ្តែកអណ្តូងទៅក្នុងគំនិតអ្វីមួយ ដែលមានសណ្ឋានកណ្តាញ់ចាក់ស្រែះ ដូចអំបោះដែលសំផុរហើយរកដើមរកចុងមិនឃើញជាពុំខាន។
ចំណែកយាយផៃវិញ គាត់អង្គុយត្របោមជង្គង់ ខ្នងផ្អែកជញ្ជាំង ហើយស្តាប់ធ្វើមាត់ប្រហើរ។ លុះមើលដល់ត្រង់ព្រះលក្សិណវង្ស ជឿតាមពាក្យក្លែងនាងយីស៊ុន ហើយប្រើឲ្យពេជ្ឈឃាតយកចៅព្រាហ្មណ៍ទៅសម្លាប់ យាយផៃគាត់ជូតទឹកភ្នែកយ៉ាងញឹកញាប់។ លុះគេបណ្តើរឲ្យនាងព្រាហ្មណ៍កេសរស្រែកអាក្រោសតាមផ្សារ យាយផៃគាត់ខឹងខ្លាំងណាស់ទប់មិនបាន ក៏ស្ទុះក្រោកឈរឡើងហើយស្រែកថា៖ អញថាហើយ !…ថាកុំឲ្យមកតាម…ប្រុសឥឡូវតែយ៉ាងនេះឯង ! បានថ្មីចោលចាស់ ឥតពិគ្រោះពិចារណាទេ !
ឮសំដីនេះហើយ នាងវិធាវីដែលកំពុងជក់តាមរឿងក៏បែរភក្រ្តមកមើលឃើញយាយផៃ គាត់ស្ទុះក្រញេងក្រញាងដូច្នោះ នាងក៏ញញឹមធ្មេញថ្លាដូចផ្កាម្លិះ ហើយសួរទៅដោយសំដីផ្អែមថាៈ អីម៉េចម៉ែផៃ !
ស្ត្រីនេះកាលបើឮសំដីនេះហើយ ក៏ភ្ញាក់ដឹងខ្លួនដូចគេទើបក្រោកពីដេក។ នៅស្រឡឹងកាំងមួយសន្ទុះទើបឆ្លើយតបថាៈ
អត់ទោសឲ្យខ្ញុំចុះនាងតូច ខ្ញុំខឹងណាស់ ខឹងនឹងមនុស្សដែលធ្វើការអ្វីមិនបានពិចារណា រករាក់ជ្រៅវែងឆ្ងាយសោះ។
រៀបរៀងដោយ៖ កញ្ញា មាស សុភាព