ទំព័រដើមសិល្បៈព្រះវិហារ​បុរាណ​វត្ត​ព្រះឥន្រ្ទកោសីយ៍

ព្រះវិហារ​បុរាណ​វត្ត​ព្រះឥន្រ្ទកោសីយ៍

ស្ថិត​នៅតាម​បណ្តោយដងស្ទឹង​សៀមរាប ក្នុងទីរួមខេត្ត​សៀមរាប មាន​វត្ត​ចំនួន​​១២ កសាងឡើងប្រកប​ដោយ​ទឹកដៃសិល្បៈ​ប្លែកៗ​គួរឱ្យ​សិក្សា​ឈ្វេង​យល់។ ក្នុង​បណ្តា​វត្ត​ទាំង​អស់​ វត្ត​​ព្រះឥន្រ្ទកោសីយ៍​ជា​វត្ត​បុរាណ​​ស្ថិត​នៅ​ខាង​ដើមគេ​នៃ​ខ្សែ​ទឹក​ ត្រង់​ត្រើយ​ខាង​កើត​​ដងស្ទឹង​ ហូរ​ធ្លាក់​ឆ្ពោះ​ទៅ​ទន្លេ​សាប ដែល​មាន​ប្រភព​​​​ពី​ភ្នំគូលែន ​អតីតរាជធានីខ្មែរ​ដើម​សម័យ​​អង្គរ។ ប្រហែល​ផ្អែក​​លើ​លក្ខណៈភូមិសាស្រ្តនេះ ទើប​​ជា​ហេតុ​នាំឱ្យ​អ្នក​​​ស្រុក​​​ហៅវត្ត​ព្រះឥន្រ្ទកោសីយ៍ថា “វត្ត​លើ”។

វត្តព្រះឥន្ទ្រកោសីយ៍ មាន​ព្រះវិហារ​​មួយ​សង់ឡើងនៅ​​ជាប់​​​​​ខឿន​ប្រាសាទ​​បុរាណ “ប្រាសាទ​ព្រះឥន្រ្ទកោសីយ៍” ផ្នែក​​ខាងលិច។ អ្នក​ស្រាវ​ជ្រាវ​​យល់ថា ​​ឈ្មោះ​​​ប្រាសាទនិង​ឈ្មោះវត្ត ដែល​មាន​ឈ្មោះដូច​គ្នា​​ ប្រហែល​កើត​ឡើង​​នៅសម័យ​កណ្តាល ដ្បិត​ “កោសីយ៍​” ជាឈ្មោះ​ព្រះ​ឥន្រ្ទក្នុង​ព្រះពុទ្ធសាសនា មិន​មែន​​ព្រះឥន្រ្ទ​នៃព្រហ្មញ្ញ​សាសនា​​ទេ។ នៅទសវត្ស​១៩៧០ គេ​បាន​ជួស​ជុល​ប្រាសាទ​​​ឥដ្ឋនេះ ដោយ​​​​រក្សា​ទុក​នូវ​តឹកតាង​នៃការ​កែច្នៃ​តាម​លំនាំ​ព្រះ​ពុទ្ធសាសនា​សម័យ​កណ្តាល។

ដោយឡែក ព្រះវិហារ​វត្ត​ព្រះឥន្រ្ទកោសីយ៍ជា​ព្រះវិហារ​​ដ៏ចំណាស់​ ​ដែល​គេ​​យល់​​​ថា​​​មាន​​អាយុ​កាល​​ជាង​មួយសតវត្ស ព្រម​ទាំង​ឆ្លង​កាត់ការ​ដឹក​នាំរបស់​ព្រះចៅអធិការ​ ៧​ជំនាន់​​មកហើយ។ ព្រះវិហារ​នេះសាងសង់​បែរ​ទៅ​ទិសខាង​កើត​ ​នៅលើ​ខឿន​ឥដ្ឋ​និង​ថ្ម​បាយ​ក្រៀម​កម្ពស់​ប្រហែល​១ម៉ែត្រដោយ​ទុក​​បរិវេណ​ប្រាសាទ​និង​​សំណង់​​ចេតិយ​​​​បុរាណ​​​នានា​នៅ​មុខ​ព្រះវិហារ​។ Danielle & Dominique-Pierre Guéret ជា​អ្នក​​បើក​ផ្លូវ​ ​សិក្សា​​​អំពីវត្ត​អារាម​ជាង​៣០០០វត្តនៅកម្ពុជាយល់ថា ​ព្រះវិហារ​វត្ត​ព្រះ​ឥន្រ្ទ​កោសីយ៍​​​សាង​សង់​ឡើង​​នៅ​ចុង​សតវត្សទី​១៩។

ផ្អែក​លើ​លក្ខណៈទូទៅនៃព្រះវិហារ​វត្ត​ព្រះឥន្រ្ទកោសីយ៍ ​គេ​មើល​ឃើញ​មាន​លំនាំ​ប្រហាក់​ប្រហែល​ព្រះវិហារ​វត្តព្រះឥន្រ្ទកោសា​ដែល​ស្ថិត​នៅក្បែរនោះ និង​ស្រដៀង​ព្រះវិហារវត្ត​​ដំណាក់ដែល​ស្ថិត​នៅប្របដង​ស្ទឹង​ខិត​ទៅ​ផ្នែក​ខាង​ត្បូង (សូមមើល​គំនូរ​ផែន​ទីខាងលើ)។ ព្រះវិហារ​នេះ​សង់​​អំពី​ឥដ្ឋ​បូក​កំបោរ​បាយ​អ ហើយ​ប្រើ​ប្រាស់​ឈើ​ធ្វើ​ជា​គ្រឿង​បង្គុំ​សំខាន់​នៅផ្នែក​ខាងលើ។ រីឯ​ខ្លោងទ្វារ​ចូល​ព្រះវិហារ​ទាំងបួន​ទិស និង​ផ្នែក​ខាង​លើ​​នៃសសរ​បាំង​សាច មាន​​ការ​រចនា​ទម្រង់កោងដូចដងធ្នូ ដែលភាគច្រើន​គេយល់ថា​ជា​​ផ្នែក​មួយ​នៃ​ឥទ្ធិពលសិល្បៈស្ថាបត្យកម្ម​សម័យ​បារាំង​។ ​​ ចំពោះដំបូល​ព្រះវិហារ​ ប្រក់​ក្បឿង​ស្រកាលេញ មាន​ពីរថ្នាក់​ជ្រាល​ចុះ​​មក​ក្រោម ដោយ​មាន​បំពាក់​លម្អ​ជហ្វា​ពីរ​នៅចុង​ដំបូល​ខាងមុខ និង​ជហ្វា​ពីរ​ទៀត​នៅចុង​ដំបូល​​ខាង​ក្រោយ។ អ្នក​ស្រាវជ្រាវ​ចាត់​ថ្នាក់​ព្រះវិហារ​បែប​នេះជា​ប្រភេទវិហារ​​ជហ្វា​បួន ឬ​អ្នក​ខ្លះ​ហៅ​ថា “វិហារ​បុរាណ”​។ រីឯនៅ​តាម​ចុង​ចែង​ដំបូល​នីមួយៗ​ បំពាក់​ដោយ​នាគ​ដងក្តារ​សណ្តូក​ភ្ជាប់​ទៅគល់ជហ្វា។ លើសពីនេះនៅលើ​កំពូល​ព្រំ​ដំបូល គេឃើញ​មាន​​​​លម្អ​ក្បាច់​កាច់​ពី​ដែក​​រចនា​ជា​រូប​កង់ពុទ្ធចក្រផងដែរ។

ការ​លម្អ​លើផ្ទៃហោជាង​ព្រះវិហារ គេ​សង្កេតឃើញ​ហោ​ជាង​ខាង​កើត​រំលេចដោយ​​រូបទេពមួយអង្គ​មាន​ដៃបួន ឈរ​ជាន់ក្បាល​ព្រះកាល (រាហ៊ូ) ក្នុង​កាយ​វិការ​ហាក់​ស្រដៀង​​​ចម្លាក់​ព្រះឥសូររាំ​តាម​ហោជាង​ប្រាសាទ​បុរាណ។ ​ប៉ុន្តែ​ក្នុង​​​ដៃ​ស្តាំ​ខាងលើ​ កាន់​កងចក្រ ដៃស្តាំ​ខាង​ក្រោម​កាន់គ្រាប់ព្រួញ ហើយ​ដៃឆ្វែង​ខាងលើ​កាន់​ត្រីសូល៍ ដៃឆ្វេង​ខាងក្រោម​កាន់​ធ្នូ។ រីឯ​លើ​ផ្ទៃហោជាង​ខាងលិច មាន​រូប​ទេពមួយ​អង្គ​ត្រឹម​ពាក់​កណ្តាល​​​ខ្លួន​ខាង​លើ ដៃទាំងពីរ​ស្រាក់ត្រកងទងក្បាច់ ផ្គុំបាតដៃប្រណម្យ​ស្មើ​ទ្រូង។ ចំណែក​ផ្នែក​ខាង​ក្រោម​ដង​ខ្លួនគេ​ឆ្លាក់​ជារូប​ក្បាល​រាហ៊ូ​ខ្ជាក់​​ទង​ផ្កា ព័ទ្ធ​ពេញ​ផ្ទៃ​ហោជាង​យ៉ាង​​​រស់​​រវើក។

ផ្នែកខាងក្នុងព្រះវិហារ មាន​សសរឈើមូលពីរជួរអម​សងខាងល្វែងគ្រឹះ ទ្រ​គ្រឿង​បង្គុំ​ផ្នែក​ខាងលើ ឥតមាន​ពិតាន​ឡើយ។ នៅលើ​សសរ​ទាំងអស់​ពុំមាន​ក្បាច់ ឬគំនូរ​លម្អ​អ្វីទេ ពោលគេទុកជា​សសរ​លាត។ ប៉ុន្តែ​ស្ថិត​នៅ​ជាប់​គល់សសរ​នីមួយៗ​ គេ​តម្កល់​សន្លឹក​សីមា​ឆ្លាក់​អំពីថ្ម។ នៅផ្នែកខាងលិច​ជាប់​ជញ្ជាំង​ គឺ​ជា​បាល្ល័ង្ក​តម្កល់​ព្រះពុទ្ធបដិមា​​ព្រះជីវ៍​ធំ ដែល​មាន​ក្បាច់រចនា​ទឹបទឹកមាស។ ព្រះពុទ្ធបដិមា​គង់ក្នុង​កាយ​វិហារ​​ផ្ចាញ់មារ (មារវិជ័យ លាប​ពណ៌​មាស ដែលជា​ពណ៌និយម​ក្នុង​សម័យ​ថ្មី។​ គំនូរក្នុង​ព្រះវិហារ ​គូរជា​ផ្ទាំង​ធំៗមួយ​ជួរត្រឹម​លើ​បង្អួច បង្ហាញអំពីរឿងពុទ្ធប្រវត្តិ ដោយ​ផ្តើម​​ពីទេវតា​យាង​សន្តុសិតទេវបុត្រ​ឱ្យ​ច្យុត​មក​ចាប់​កំណើត ទ្រង់​​​សុបិន​​និម្មិត ប្រសូត្រ​ អភិសេក ចេញបួស​ ត្រាស់​ដឹង…រហូត​បញ្ចប់ត្រង់​ព្រះ​អង្គ​​បរិនិព្វាន​លើ​ជញ្ជាំង​ខាង​កើត ​ដែល​​ជា​របៀបចាប់ផ្តើមនិង​បញ្ចប់​​រឿង​ពុទ្ធប្រវត្តិ​បែប​​ទី១​។ ​អ្វីគួរឱ្យកត់សម្គាល់នៃគំនូ​រ​​ព្រះវិហារនេះ គឺ​ត្រង់​​ឈុត​​ព្រះ​អង្គ​បាន​ត្រាស់ ដែលមាន​ពួក​មារ​​ផ្ចាញ់​គូរនៅលើ​ជញ្ជាំង​ខាងជើង។ ​តាម​ការ​សិក្សា គេយល់ថា​គំនូរ​ព្រះវិហារនេះ​គូរក្នុង​ដើមទសវត្ស​១៩៥០ ហើយ​ជួស​ជុល​​នៅ​ក្នុង​​ឆ្នាំ​១៩៨៨ ដឹក​នាំដោយ​លោកតា ឌី ព្រឿង ស្របគ្នា​នឹង​ការ​ជួស​ជុល​ដំបូល​ ដឹក​នាំ​ដោយ​​លោកតា​ ឈិត ស្តើង។

ទោះយ៉ាងណាក្តី ដូចបានបញ្ជាក់ខ្លីមកខាងលើ ព្រះវិហារ​នេះធ្លាប់បាន​ជួស​ជុល​ទាំង​គំនូរ​ ដំបូល និង​លាបថ្មីកែលម្អ​សោភ័ណ្ឌភាពជាហូរហែកន្លងមក។ ទន្ទឹម​នឹង​នេះ កាល​ពីខែមករា ដើមឆ្នាំ២០២២ អាជ្ញាធរជាតិអប្សរា​បាន​​រៀបចំ​គម្រោង​ជួស​ជុល​ព្រះវិហារ​នេះ​ម្តងទៀត។ ប៉ុន្តែ​ជាអកុសល កាល​ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២២ ដំបូល​ព្រះវិហារ​បាន​ស្រុត​បាក់​ខូច​ខាត​មួ​យ​ផ្នែក​ធំ។

រួមសេចក្តីមក ព្រះវិហារ​វត្ត​ព្រះឥន្រ្ទកោសីយ៍ ជាសំណង់​បុរាណ​ដ៏សំខាន់​ ដែល​មាន​រចនាសម្ព័ន្ធពាក់ព័ន្ធនឹង​ប្រាសាទបុរាណ។ ព្រះវិហារ​នេះ ក៏ជា​តឹកតាង​នៃការ​រៀបចំ​​​រចនា​សម្ព័ន្ធវត្ត​អារាម​សម័យកណ្តាល​នៅតំបន់ជុំវិញក្រុង​អង្គរ។ រីឯ​កា​រ​ទម្រង់​សំណង់​និង​ការ​តុបតែង​លម្អ ហាក់​មាន​ឥទ្ធិពល​ទំនើប​ខ្លះ។ ប៉ុន្តែ​ទោះជាបែបណាក្តី ​គំនូរក្នុង​ព្រះវិហារ ក៏ជា​សិល្បៈដ៏ល្អវិចិត្រមួយ​​ បង្ហាញអំ​ពីរបៀប​គូរ​រឿង​ពុទ្ធប្រវត្តិតាម​លក្ខណៈ​បុរាណផង​ដែរ៕

អត្ថបទដោយ៖ កញ្ញា ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!