ទំព័រដើមនិទានកថាផ្កាស្រពោន (ភាគទី៤)

ផ្កាស្រពោន (ភាគទី៤)

ភាគទី៤

យាយនួនលុះឮវាចារយាយផៃថាដូច្នេះ ក៏ភ្ញាក់ខ្លួនព្រឺត ស្ទុះក្រោកអង្គុយឡើង ហើយនិយាយថាៈ អាវីកូនមើលប៉ុណ្ណឹងចុះ យប់ក្រែលល្មមរកដេករកពួនហើយ។ កុំភ្លេចថាយើងត្រូវភ្ញាក់ពីព្រឹក និងរកធ្វើការធ្វើងារនឹងគេ។

នាងវិធាវីឮហើយ ក៏ម្នីម្នាក្រោកអង្គុយយកដៃក្បឹតសក់បិទក្រាំង ហើយកាន់ចង្កៀងចូលទៅខាងក្នុង។ យាយផៃគាត់ក៏ជញ្ជូនប្រអប់ស្លា និងផ្តិលដែលនៅរាយខាងក្រៅដាក់ទៅខាងក្នុងផ្ទះដែរ។

         បន្តិចក្រោយមក គន្លឹះទ្វារក៏ស្រែកគ្រាំងៗ។ នាងវិធាវីផ្លុំភ្លើងពន្លត់ ហើយប្រវ៉ាចូលទៅនិន្ទ្រាប្របនឹងមាតានាង។

អាវីកូនឯងងងុយដេកហើយឬនៅ?

នៅទេម៉ែ តើម៉ែមានការអ្វី?

គ្មានការអ្វីធំដុំទេ ម៉ែចង់និយាយនឹងឯងបន្តិច។

ឯងស្គាល់ប៊ុន ធឿនឬទេ?

នាងវិធាវី កាលបើឮឈ្មោះបុរសឡើង ក៏ព្រឺព្រួចសប្បាយមួយសន្ទុះ។ តែលុះនឹកឃើញ     ផ្សេងៗក៏មានភ័យតក់ស្លុតទៅវិញ ដោយមានបារម្ភក្រែងមានគ្រោះកាចយ៉ាងណាមកបៀតបៀនដល់មិត្តនាងក៏មិនដឹង។ នាងខំសង្កត់វិតក្កហើយឆ្លើយថាៈ

ម៉ែ! ខ្ញុំចាំមិនភ្លេចទេ ពីដើមបងធឿនគាត់តែងនាំខ្ញុំលេងបាយឡុកបាយឡ។ អឺ ឯងដឹងរឿងប៊ុន ធឿននេះ! កាលឪពុកឯងគេនៅរស់ គេរាប់អានគ្រួសារប៊ុន ធឿននេះ   ណាស់។ ឪពុកឯង និងចិកប៊ុនថន ឪពុកប៊ុនធឿននេះ ជាក្លើម្រាក់ចិត្តមួយនឹងគ្នា រកស៊ីមានបានជាមួយគ្នា ហើយ…(ត្រង់នេះយាយនួនគាត់ឈប់អាក់មួយសន្ទុះ ហាក់ដូចរកពាក្យនិយាយគ្មាន)…ហើយបាននិយាយផ្តែផ្តាំទុកដាក់ឯងនេះ ជាគូនឹងប៊ុនធឿន ដល់កាលណាចៅប៊ុននជាប់ឌីប្លូម។ បានជាឪពុកឯងហ៊ានប្តេជ្ញាយ៉ាងនេះ ព្រោះសំឡឹងឃើញចិកប៊ុនថនមានទ្រព្យធនធានល្មមចែកកូនគេ ឲ្យស្គាល់តែសេចក្តីសុខបាន។ ឥឡូវនេះកូន ម៉ែពិបាកចិត្តពេក ចិកប៊ុនថន ធ្លាក់ខ្លួនក្រដាបខ្លាំងណាស់ទៅហើយ…។

ឳពុទ្ធោ! ខ្ញុំអាណិតណាស់! យាយនួនធ្វើហាក់ដូចជាមិនឮសំដីបុត្រីគាត់ ហើយក៏ចរចាទៅទៀតថាៈ ពីឆ្នាំមុនៗនេះ ចិកប៊ុនថង គាត់ជួញស្រូវចេះតែខាតសម្បត្តិ គាត់ចេះតែរបេះទៅៗ​។ នៅក្នុងវស្សានេះ គាត់បានខ្ចីប្រាំងបាំង (ធនាគារ) ចំនួន១០០០០រៀល ទិញស្រូវផ្ទុកទូកប៉ុកចាយមួយ ដឹកចុះទៅព្រៃនគរតាមទន្លេសាប។ ឥឡូវនេះកូនអើយ មានព្យុះបោកទូកនោះធ្លាយលិចកណ្តាលទន្លេហើយ…។ កន្ទុយពាក្យយាយនួនរលាយសូន្យក្នុងផែនស្ងប់ស្ងៀមនៃរាត្រី។ នាងវិធាវីសែនខ្លោចផ្សារក្នុងចិត្ត ដោយនឹកអាណិតដល់ប៊ុនធឿន។ បើប្រសិនណាជានាងមានធនធាន ជាកម្មសិទ្ធិខ្លួនឯងវិញ ម្លេះសមនាងរត់ទៅជួយគ្រួសារដែលរងគ្រោះនេះឲ្យផុតពីសេចក្តីទោសទុក្ខ…បើនឹងសំឡឹងទៅចិត្តម៉ែខ្លួន?…នាងក៏គ្មានរំពឹងសោះឡើយ។ យូរបន្តិចមក យាយនួននិយាយខ្សាវៗតទៅទៀតថា៖

ទ្រព្យសម្បត្តិឪពុកប៊ុនធឿន រលាយអស់រលីងហើយ។ គ្រឿងមាសប្រាក់កែវកង និងស្រៃភ្លឺ មើលទៅក៏លក់បញ្ចាំគ្មានសល់ ដើម្បីយកប្រាក់សងបាំង និងសងគេអ្នកដទៃឯទៀតផង។ អស់រលីងហើយ មុខតែវេទនាពុំខាន! ម៉ែមិនដឹងគិតធ្វើដូចម្តេចទេ។ នែ៎កូន អញមានចិត្តគិតឯងយ៉ាងបំផុត ប្រាក់កាសអញមិនមានក្រាស់ក្រែលប៉ុន្មានទេ ល្មមគ្រាន់តែទុកឲ្យឯងមិនព្រួយលំបាកទៅថ្ងៃក្រោមប៉ុណ្ណោះ។ ឥឡូវប៊ុនធឿនក្រហើយ។ ម៉ែមានប្រសាសន៍យ៉ាងនេះមិនត្រូវទេ បងធឿនធ្លាក់ក្រខាងទ្រព្យធនមែនពិត តែគេនៅមានសម្បត្តិមួយយ៉ាងទៀតប្រពៃណាស់ គឺចំណេះវិជ្ជា។ បើកាលណាគេប្រឡងជា​ប់ឌីប្លូមហើយ…

ត្រង់នេះយាយនួន​ គាត់នឹកក្នាញ់នឹងសំដីកូនគាត់ពេក គាត់ក៏បញ្ចប់សេចក្តីដោយពាក្យចំអកទៅវិញថា៖

គេដើរលេងប៉ោឡែប៉ោឡោ គេផឹកស្រាស្រវឹងងងុល គេដើរចោលប្រពន្ធកូន ទុកឲ្យដេកត្រាំទឹកភ្នែកនៅផ្ទះ! ម៉ែខ្ញុំស្គាល់ចិត្តប៊ុនធឿន តាំងពីតូចដូចគ្នាមក។ គាត់មិនមែនជាមនុស្សខូចកាចដូចម៉ែថានោះទេ។

នរណាដឹង? នរណាមើលធ្លុះ? ម៉ែយល់គំនិតកូនឯងអស់ហើយ។ កូនឯងនេះមានចិត្តចង់ពឹងផ្អែកទៅលើប្រាក់ខែថីឌីប្លូម! ៣០ប្លាយរៀល! ធ្វើដូចម្តេចក៏ស៊ីមិនគ្រាន់ដែរ។ នេះថាគ្មានជំពាក់ឆ្វាក់អ្វីផង។ បើប្រសិនជាមានជាប់ជំពាក់គេទៀត កូនឯងមុខជាតោកយ៉ាកពុំខាន។ ទ្រព្យអ្វីដែលម៉ែនឹងចែកឲ្យកូនឯងទាំងប៉ុន្មាន ទៅមុខជាប្តីឯង យកទៅសងបំណុលគេអស់ហើយ។ ឳកូនអើយ! ជឿម៉ែចុះ ក្នុងលោកនេះបើមានសម្បត្តិហើយ សេចក្តីទុក្ខសោកនានាឥតមកបៀតបៀនបានឡើយ។ ម៉ែយល់ថាប៊ុនធឿនជាមនុស្សមានកម្មវេរាក្រាស់ក្រៅ មិនមែនជាគូរព្រេងរបស់កូនឯងទេ។ ដូច្នោះហើយ បានជាទេវតាដែលចាំរក្សាកូនឯង លោកនាំបង្កើតហេតុភេទឲ្យឃើញថាកូនឯងនេះគ្មានចំណងនិស្ស័យនឹងប៊ុនធឿនសោះទេ។

យាយនួនគាត់ឈប់មួយលើក ឯនាងវិធាវីក៏នៅស្ងៀមឡិនឡង់។ មួយស្របក់ក្រោយមក ទើបគេឮមាត់ម្តាយនាងនិយាយតទៅទៀត៖

កូនអើយឯងកុំអាក់អន់ថ្វី ចូរនាងរក្សាចិត្តនាងឲ្យនឹងហ្ន៎ បំភ្លេចប៊ុនធឿនចោលទៅ។ ដល់ថ្ងៃក្រោយទៅ លុះនាងបានប្រកបដោយតែសុវត្ថិភាព និងសុភមង្គល នាងនឹងនឹកឃើញថា ម៉ែគាត់និយាយត្រូវមែន។

ក្នុងវេលានោះគេឮសំលេងស្អកនាឡិកា វាយម៉ោង១២អាធ្រាត្រ យាយនួនគាត់នៅស្ងៀមលែងស្តី គាត់ប្រែខ្លួនទៅម្ខាងហើយនិន្ទ្រាលក់ទៅ។​

នាងវិធាវីខ្សិកខ្សួលអន់អួល ទឹកនេត្រាហូរល្ហែងស្រប់អស់ភក្រ្ត។ នាងគិតឃើញថា ម្តាយនាងនិយាយខុសទាស់ច្រើនកន្លែង។ តែនាងជាយុវតីមួយដែលធ្លាប់ស្តាប់បង្គាប់ម្តាយជានិច្ចនិរន្តិ៍ នាងមិនដែលហ៊ានតបវាចារឆ្លងឆ្លើយនឹងម្តាយនាងដោយរឹងត្អឹងឡើយ។ មួយវិញទៀតនាងមានខ្មាសច្រើន។ បើកាលណាឮគេនិយាយពីគូស្រករឡើង ខេមរកញ្ញាយើងជាធម្មតាតែងតែនៅស្ងៀមមិនចរចាទេ ទោះត្រូវចិត្តឬមិនត្រូវចិត្តក៏ដោយ។ ប៊ុនធឿន! នាងស្រមៃឃើញមុខកំឡោះនេះពីមុខភ្នែកនាង។ នាងគេងជញ្ជឹងឃើញកាលពីកុមារតូចៗតែងលេងជាមួយគ្នា នាងនឹងឃើញថា កាលដែលប៊ុនធឿនមកលានាងទៅប្រឡងឯភ្នំពេញ ហើយយប់ឡើងនាងតែងតែអុជធូបបូជាទេវតាសូមឲ្យបងប៊ុនធឿនបានសម្រេចក្នុងការប្រឡងនេះ។ នាងនឹងឃើញកាលដែលប៊ុនធឿនត្រឡប់មកពីក្រុងភ្នំពេញវិញ ហើយមានទឹកមុខរីករាយ ដោយបានជ័យជំនះក្នុងការរៀនសូត្រ។ នាងនឹកឃើញព្រែភ្លឺព្រាលដែលប៊ុនធឿនទិញមកផ្ញើនាង។ នាងនឹងឃើញកាលដែលប៊ុនធឿននិទានរឿង ប៉ូល និងវៀហ្សីនី ប្រាប់នាង។ (សូមរង់ចាំភាគបន្តនៅសប្តាហ៍ក្រោយ………….)

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!