សិលាចារឹកមួយផ្ទាំងនេះ ធ្លាប់បានសិក្សាចុះផ្សាយដោយលោក ស៊ក សឺដែស នៅក្នុងឆ្នាំ១៩៥៣ ក្នុងសៀវភៅសិលាចារឹកនៃប្រទេសកម្ពុជា ក្បាលទី៥ របស់លោក។ លោកបញ្ជាក់ថា សិលាចារឹកនេះរកឃើញនៅក្នុងឃុំជាងដែក ខណ្ឌត្របែក ខេត្តព្រៃវែង ប៉ុន្ដែបច្ចុប្បន្ន គឺស្ថិតនៅក្នុងភូមិពោធិ៍ ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ទីតាំងនេះស្ថិតនៅចម្ងាយ៧០០ម៉ែត្រភូមិត្បែង និង៥០ម៉ែត្រនៃទិសឦសានវត្តថ្កូវ។ ទួលតាប៉ែន ជាទួលមានសំណល់ឥដ្ឋរាយប៉ាយ មានកសិន្ធុព័ទ្ធជុំវិញ។ លោក សឺដែស បានសិក្សាសិលាចារឹកនេះតាមរយៈសំណៅផ្ដិតដែលលោកទទួលបានប៉ុណ្ណោះ និងពុំមានរូបថតសិលាចារឹកផ្ទាល់ឡើយ។ ក្រុមការងារស្រង់ និងធ្វើផែនទីបុរាណវិទ្យាខ្មែរ ក៏ពុំបានប្រទះឃើញសិលាចារឹកនេះ អំឡុងពេលចុះសិក្សាស្រាវជ្រាវផងដែរ និងសង្ស័យថាសិលាចារឹកនេះបានបាត់ទៅហើយ។
សិលាចារឹកនេះ ចារនៅលើថ្ម គូសរាងរចនាជាសន្លឹកសីមា មានចារអក្សរ១០បន្ទាត់ ប៉ុន្តែតាមសេចក្តីអត្ថបទ គឺពុំទាន់ចប់នៅឡើយ។ ភាសាដែលប្រើចារ គឺភាសាខ្មែរ និងមានចុះកាលបរិច្ឆេទនៅក្នុងមហាសករាជឆ្នាំ៨៧៨ ត្រូវនឹងគ្រិស្ដសករាជឆ្នាំ៩៥៧។ ខ្លឹមសារនៅក្នុងអត្ថបទ និយាយអំពីព្រះរាជបញ្ជារបស់ព្រះមហាក្សត្រ ដែលមិនបញ្ចេញព្រះនាម ប៉ុន្ដែបើតាមកាលបរិច្ឆេទនេះ គឺត្រូវនឹងព្រះបាទស្រីរាជេន្ទ្រវម៌្មទេវ។ ទ្រង់បានចេញព្រះរាជសាសន៍កំស្ដែងអញរាជកុលមហាមន្ត្រី និងមន្ត្រីជាច្រើនរូបទៀត ឱ្យយកបន្ទូលរបស់ទ្រង់ត្រាស់បង្គាប់វាបឫសី ដើម្បីស្ថាបនាសិលាចារឹកនេះ នៅស្រុកជ្រៃភ្លុកថ្វាយដល់ប្រាសាទបឹងថ្ម ដើម្បីកុំឱ្យមាននរណាមករំខានបង្កហេតុនានា។ គួរបញ្ជាក់ផងដែរថា រាជកុលមហាមន្ត្រី ជាមហាមន្ត្រីទទួលបន្ទុកខាងអប់រំខ្សែរាជវង្ស និងរៀបចំព្រះរាជពិធីនានា ដែលគោរម្យងារនិងតួនាទីនេះ មានបន្ដរហូតមកដល់សម័យទំនើប។ មហាមន្ត្រីចុងក្រោយគេបង្អស់ នៅក្នុងរាជវាំងខ្មែរ គឺលោកឧកញ៉ាមហាមន្ត្រី ញឹក នូវ។
អំណានអត្ថបទជាអក្សរខ្មែរទំនើប
១- ៨៧៨ឝក·ទ្វាទឝិកេត្បុឞ្យអាទិត្យវារ
២- នូមាន៑វ្រះឝាសនធូលីវ្រះបាទធូលិ
៣- ជេង៑វ្រះកម្រតេង៑អញ៑តកំស្ដេង៑
៤- អញ៑រាជកុលមហាមន្ត្រិនូខ្លោញ៑វលត
៥- ខ្លោញ៑គ្លាង៑នាត្រីនីនូខ្លោញ៑វលត
៦- ខ្លោញ៑រង្វាង៑នាឯកបន្ទ្វល៑វ្រះឝាសនធូលីវ្រះ
៧- បាទធូលីជេង៑វ្រះកំម្រតេង៑អញ៑តវាប៑
៨- ឫឞីប្រត្យយប្រេស្ឋាបនាប្រឝស្ដតគិស្រុកជ្រៃ
៩- វ្ល្វក៑ឱយ៑តកម្រតេង៑ជគត្បិង៑ថ្មោវ្វំ
១០- ជាបិមាន៑វក្រវ្វំជាបិវ្រ
សេចក្ដីប្រែសម្រួលជាភាសាខ្មែរទំនើប
មហាសករាជឆ្នាំ៨៧៨ ទី១២កើត ខែបុស្ស ថ្ងៃអាទិត្យ មានព្រះរាជសាសន៍ធូលីព្រះបាទធូលីជើងព្រះគម្ដែងអញ(ត្រាស់)ដល់កំស្ដែងអញរាជកុលមហាមន្ត្រី និងខ្លោញពលជាប្រធានឃ្លាំងថ្នាក់ទី៣ ខ្លោញពលជាប្រធានរង្វាងថ្នាក់ទី១ (ឱ្យ)ទូលព្រះរាជសាសន៍ធូលីជើងព្រះគម្ដែងអញឱ្យដល់វាបឫសីជាមន្ត្រី ត្រាស់ឱ្យកសាងសិលាចារឹក(នេះ) គឺស្រុកជ្រៃភ្លុកថ្វាយដល់គម្ដែងជគតបិងថ្ម។ ពុំគប្បីមានអ្វីរារាំង ពុំគប្បីមាន…
អត្ថបទដោយ៖ លោក ហ៊ុន ឈុនតេង