ទំព័រដើមនិទានកថាអក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ៤៥)

អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ៤៥)

(ស្នេហាលើទូក)

          អារុណឆ្លេឆ្លា មើលទៅក្រដាសនៅគល់ឈើម្តង មើលទៅរទេះទាំងពួងម្តង មើលទៅ វីរៈដែលដួលម្តង រួចទើបស្ទុះទៅលើកស្មាវីរៈឡើង។

ធ្វើយ៉ាងណា?

អញថារឿងអី?

អារុណបបូរមាត់ឡើងស្លាំង ភ្នែកធំៗ និយាយថាៈ

លោកគ្រូ ត្រូវគេចាប់ហើយ!

វីរៈក្រឡេកខ្វាច់មើលមុខអារុណ ភ្នែកឡេឡា

ស្អី…ឯងថាអី?

លោកគ្រូត្រូវគេចាប់ហើយ!

វីរៈក្រឡាប់ក្បាលទៅនិងដី រមៀលត្រឡុបតុបបួនដប់ជុំ ហូតដាវខ្វាច់កាប់អារុណញ៉ាំងៗឥត បង្អង់។ អារុណរងឆាំងៗ កាប់កូនឈើនៅជិតនោះដាច់ជាបួនដប់ដំណាត់ភ្លាមមួយរំពេច។ បើក្រៅពីអារុណប្រហែលរងដាវរបស់វីរៈមិនបានជាដាច់ខាត ព្រោះវីរៈកាប់មិនឲ្យដឹងខ្លួន សោះ។ វីរៈរងដាវរបស់អារុណ រួចកាប់ដីបុ័ងៗ ដួលទាំងខ្លួនភីង និយាយថាៈ

          អារុណអើយ! អញស្លាប់ហើយ!

          អារុណទៅចាប់វីរៈពីក្រោយខ្នង។ មិត្តទាំងពីរស៊កដាវចូលក្នុងស្រោមវិញ អង្គុយ ប្រកៀកគ្នានៅគល់ឈើ ក្រោមសំបុត្រអសិរពិសនោះ អារុណយកដៃម្ខាងអង្អែលច្របាច់ ថ្ងាស់និយាយយ៉ាងខ្សឹកខ្សួលថាៈ

          ធ្វើយ៉ាងណាឥឡូវ?

          វីរៈដកដង្ហើមធំ គ្រវីក្បាល បែកញើសថ្លោសៗ។

          មិនដឹងទេ។ អស់រលីងហើយ។ និយាយលែងកើតហើយ។

          អរុណនៅស្ងៀមសញ្ជឹងគិត រួចនិយាយយ៉ាងស្រួលបន្ថែមថាៈ

          ធ្វើម៉េចអោយគេចាប់បាន ប៉ុនលោកគ្រូហើយ?

          អញមិនដឹងទេ។

          ថាវាយចាញ់គេ ក៏ដូចជាមិនសម

          អញមិនដឹងទេ…

          ថាចាញ់ឧបាយកលគេ ក៏មិនសម។

          ហ៊ឺ! មិនដឹងទេ។

          តែអញឆ្ងល់ហេតុយ៉ាងម៉េចក៏គេចាប់ មានតែលោកគ្រូចេញតស៊ូបានសន្យានឹងយើង ពីមុន។ វីរៈលោតទាំងកណ្តូបសេះទាំងអង្គុយទៅចាប់យកសំបុត្រដែលបិទនឹងគល់ឈើ រួចមកអង្គុយជិតអារុណវិញ ហុចសំបុត្រហើយគំហ៊កថាៈ

          មើលទៅមើល។ មើលឲ្យអញស្តាប់ផង។

          អារុណអានថាៈ

          បងប្អូនរួមជាតិទាំងឡាយ

ថ្ងៃនេះរាជការបានចាប់មហាចោរម្នាក់ឈ្មោះ “មានន្ទ” ដែលបានភៀសខ្លួនទៅនៅទល់ដែន បង្កសង្រ្គាមចោរកម្មឡើង ដើម្បីដណ្តើមយករាជសម្បត្តិពីព្រះកម្ពុត។

          មហាចោរនេះបានបះបោរធ្វើឲ្យស្រុកទេសយើងរំជើបរំជួល ប្រឆាំងនឹងអំណាចរបស់ រដ្ឋ។ មហាចោរនេះមានចិត្តកំណាចលួចប្លន់អ្នកស្រុកនៅទន់ដែន មិនថាពេលណាជាពេល ណាឡើយ។

          ក្បត់ជាតិ សាសនា មហាក្សត្រ វាបានកាប់សម្លាប់ជនរួមជាតិយើងរាប់ពាន់នាក់ គ្មានត្រាប្រណី។

          មេចោរធំ វាចាប់ព្រះសង្ឈយកទៅធ្វើការជាប្រយោជន៍វាគ្មានមេត្តាសោះ។ ជនរួមជាតិ ទាំងឡាយ! គប្បីកុំស្តាប់ កុំជឿ កុំយកតម្រាប់តាម ​ “មហាចោរ”​ ប្ញស្យានេះឲ្យសោះ។

គប្បីជនរួមជាតិរស់នៅក្នុងសេចក្តីស្ងប់ស្ងៀមជានិច្ច រួចជួយចាប់បក្សពួកវាយកមកជូនរាជ ការ ដើម្បីនឹងធ្វើទុក្ខទោស កុំបីបង្អង់ឡើយ។

          ជនណាចូលគំនិត និងបក្សក្បត់នេះ ដោយជួយលួចលាក់ពួកមារកំណាច ជននោះ នឹងត្រូវទោសជាអាជ្ញាសឹកឥតត្រាប្រណីឡើយ។                                           

ធ្វើចេញពីអសនៈព្រះកម្ពុតសិរិសោភ័ណ

ព្រះកម្ពុត

          វីរៈស្តាប់សេចក្តីសំបុត្រនេះចប់ ហូតកំបិតស្នៀតចាក់ដីបុ័ងៗនិយាយថាៈ

          វាចេះតែចោរ វាចេះតែក្បត់ហើយ។ ហ៊ឹះក្បត់ៗ ៗ ចោរៗ ៗ គ្មានពាក្យអ្វីនិយាយទៀត ទេ!

          ឆ្កួត! វីរៈឯងឆ្កួត‌! ឥឡូវយើងគិតធ្វើយ៉ាងណាឲ្យបានលោកគ្រូមកវិញ?

          រកពឹងលាវនៅស្រុកកូប។ ឳ! មែនអញមានស្គាល់គេម្នាក់ គាត់នោះអាចនាំយើងទៅ ដល់ស្រុកលាវ​ រួចយើងទៅពឹងគេឲ្យលើកទ័ពមកជួយយើង…​វាយៗឲ្យខ្ទេចតែម្តងទៅ! មែនទេ?

អារុណនៅស្ងៀម។ វីរៈប្រឹងបញ្ជាក់ទៀតថាៈ

          មិនបានទេធ្វើសង្រ្គាមមួយៗត្រូវតែទៅពឹងគេទើបបាន។ មើល៍យើងគ្នាតិច លុយកាក់ ក៏គ្មាន អ្នកចេះដឹងក៏គ្មាន គ្រឿងអាវុធក៏មិនសូវសំបូរ ដំរី សេះ គោ ក្របី សម្រាប់ជិះធ្វើសឹកក៏ គ្មានយើងធ្វើអ្វីកើត?

          អារុណគ្រវីក្បាលសើច​​ ហើយនិយាយថាៈ

          មិនកើតទេ លាវក៏ក្រដូចតែយើងដែរ រួចចិត្តតស៊ូក៏មិនដល់យើងផង!

(សូមរងចាំតាមដានភាគទី៤២ នៅសប្តាហ៍ក្រោយ)

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!