ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿពិធីហៅព្រលឹងស្រូវនៅភូមិតានី (ខេត្តសៀមរាប)

ពិធីហៅព្រលឹងស្រូវនៅភូមិតានី (ខេត្តសៀមរាប)

ខ្មែរនៅតាមតំបន់មួយចំនួននៅមានជំនឿមួយទាក់ទងនឹងភោគផលដំណាំផ្សេងៗដែលគេទទួលបាន គឺអាស្រ័យទៅលើការដឹងគុណ ឬការសែនព្រេនដល់ធម្មជាតិ និងអ្នកតា ឬអារក្ខដែលនៅថែរក្សាក្នុងតំបន់របស់ពួកគេ។ អ្វីដែលជាការគោរពសំខាន់ជាងគេលើភោគផលកសិកម្មនោះ គឺ ស្រូវ ដែលគេតែងហៅថា ព្រះមេដែលជាតំណាងឱ្យជិវិត ឬអ្នកផ្តល់ការរស់នៅដល់ជិវិតមនុស្សផងទាំងពួង។ ដើម្បីតបស្នងសងគុណដល់ភោគផលនេះ គេតែងប្រារព្ធធ្វើពិធីមួយចំនួនដើម្បីរំលឹកដល់គុណនេះ។ នៅតំបន់ខ្លះ គេធ្វើពិធីឡើងអ្នកតា ខ្លះធ្វើពិធីបុណ្យភូមិ ឬដាលលាន និងជាពិសេសបុណ្យតំណាងឱ្យជាតិនោះគឺពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ដែលជាបុណ្យប្រពៃណីយ៉ាងសំខាន់ក្នុងការរំលឹកដល់គុណធម្មជាតិ និងភោគផលកសិកម្ម។ ប៉ុន្តែនៅមានតំបន់ខ្លះទៀតដែលគេមានពិធីពិសេសក្នុងការតបស្នងសងគុណដល់ភោគផលកសិកម្ម ពិសេសដំណាំស្រូវ គឺគេហៅថា ពិធីហៅព្រលឹងស្រូវ។ ក្នុងករណីនេះ ខ្ញុំលើកយកពិធីហៅព្រលឹងស្រូវរបស់អ្នកភូមិតានី ក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាបមកបង្ហាញជាឧទាហរណ៍។

ពិធីហៅព្រលឹងស្រូវ​ជាពិធីធំមានភាពគ្រឹកគគ្រេង និងចំណាយថវិកាច្រើនក្នុងការរៀបចំ ដូចនេះហើយពិធីនេះ ពុំត្រូវបានគេធ្វើជារៀងរាល់ឆ្នាំនោះទេ ពោលគឺគេធ្វើនៅពេលដែលប្រជាជនទទួលបានទិន្នផលច្រើន និងអ្នកភូមិស្រុកមានជីវភាពធូរធារច្រើន ទើបគេមូលមតិគ្នារៀបចំពិធីបុណ្យនេះឡើង។ តាំងពីឆ្នាំ២០០៨ រហូតមកដល់ពេលនេះ គឺមិនទាន់មានការធ្វើពិធីហៅព្រលឹងស្រូវនេះទៀតនោះទេ។

តើគោលបំណងនៃពិធីប្រារព្ធឡើងដើម្បីអ្វី?

ពិធីហៅព្រលឹងស្រូវជាពិធីមួយខុសប្លែកពីពិធីលៀងអារក្ខ មេមត់ និងសុំទឹកភ្លៀង ដែលពិធីទាំងនេះ ជាទូទៅគឺទាក់ទងនឹងអ្នកតា ព្រលឹងខ្មោច និងគ្រូបាធ្យាយជាដើម។

ការរៀបចំទីតាំងរោង និងគ្រឿងរណ្តាប់ផ្សេងៗ

ដោយសារពិធីបុណ្យហៅព្រលឹងស្រូវជាពិធីមួយដ៏ធំ ដូចនេះការរៀបចំរោង និងទីតាំងសក្ការៈផ្សេងៗត្រូវបានគេរៀបចំយ៉ាងហ្មត់ចត់ និងតាមទិសដៅអត្ថន័យជំនឿ និងសាសនាតាំងពីបុរាណមក។ ជាធម្មតាគេធ្វើរបងឫស្សីព័ទ្ធជុំវិញរាងជាការេ តំណាងឱ្យព្រំដែននៃរោងបុណ្យដែលមានច្រកចូលទាំង៤ទិស។ នៅតាមរបងនោះ គេមានដាក់រានទេព្តាតាមទិសទាំង៨ នៅខាងក្នុងរបង និងមានទង់ចំនួន៨ដែរនៅតាមទិសទាំង៨នោះ ដែល៧ជាទង់សាសនា និង១ជាទង់ប្រសូត្រ។ នៅផ្នែកខាងលិចនៃបរិវេណនោះ គេធ្វើរោងធំមួយដែលគេហៅថារោងបុណ្យ។ នៅផ្នែកកណ្តាល ខាងជើងរោងបុណ្យ គេធ្វើរោងមួយទៀតសំរាប់ហៅព្រលឹងស្រូវ គេហៅ រានហៅព្រលឹងស្រូវ។ នៅខាងលិចរានហៅព្រលឹងស្រូវ គេធ្វើរោងមួយទៀតសំរាប់បរិស័ទអង្គុយពេលប្រារព្ធពិធី តែនៅក្នុងរោងនោះ គឹសង់រានមួយរាងដូចជង្រុកសំរាប់ដាក់ស្រូវដែលអ្នកភូមិយកមកធ្វើពិធី គេហៅ រានពូនភ្នំស្រូវ។ នៅទិសឥសាន្តគេធ្វើរានទេវតា និងពិស្ណុកាអំពីចាក់ចេកយ៉ាងល្អប្រណិត។

ពិធីសំខាន់ៗក្នុងបុណ្យហៅព្រលឹងស្រូវ

កិច្ចសំខាន់បំផុតក្នុងពិធីនេះ គឺការហៅ និងជញ្ជត់ព្រលឹងស្រូវ ដែលគេជឿថាបាននាំមកនូវភោគផលយ៉ាងបរិបូរណ៍ដល់គ្រួសារ ឬផ្ទះរបស់ពួកគេ។ គេធ្វើកិច្ចនេះក្នុងវេលាទៀបភ្លឺ (ម៉ោងប្រហែល៤ព្រឹក) រហូតដល់ថ្ងៃរះ។  ក្នុងកិច្ចនេះ គឺតម្រូវឱ្យអ្នកភូមិចូលរួមក្នុងការសូត្រហៅព្រលឹងស្រូវ ដោយត្រាប់តាមអាចារ្យ រាល់ពាក្យដែលសម្គាល់លើឈ្មោះស្រូវ និងបញ្ចៀសឱ្យព្រលឹងស្រូវទាំងនោះគេចផុតពីមាត់សត្វនានា ហើយចូលមកដល់ផ្ទះរបស់ពួកគេ។

អត្ថបទដើម៖ លោក សុខ កែវ សុណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!