ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿទំនៀម​ដង្ហែអង្គព្រះកឋិន​ទានព្រះរាជទ្រព្យ

ទំនៀម​ដង្ហែអង្គព្រះកឋិន​ទានព្រះរាជទ្រព្យ

តាមទំនៀម​​ព្រះពុទ្ធសាសនា ចាប់ពីថ្ងៃ​១ រោច ខែអស្សុជ ដល់ថ្ងៃ១៥ កើត​ ខែកត្តិក ​​លោក​​​កំណត់ទុក​មក​ជា​ “កឋិនកាល” ពោលគឺគ្រប់​អារាម​ទាំងអស់​អាច​រៀបចំ​ធ្វើ​កឋិន​ទៅតាម​ពុទ្ធ​បញ្ញត្តិ និង​ពុទ្ធានុញ្ញាត។ ក្នុងរយៈ​កាលនេះ ព្រះ​ករុណា​​ជា​អម្ចាស់​ជីវិត​​លើ​ត្បូង ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​ទ្រង់តែង​ចេញ​ថត​ព្រះ​កឋិន​វេរ​​ប្រគេន​​ព្រះ​សង្ឃ​​​​គង់​ចាំព្រះវស្សា​តាម​វត្ត​នានា​ទាំង​នៅ​​ក្នុងរាជធានី និង​នៅ​តាម​បណ្តា​​ខេត្ត​​​ក្រៅខ្លះ តាមដែល​ទ្រង់​សព្វ​​ព្រះរាជហ្ឫទ័យ។ យោង​តាម​ឯកសារ​​ព្រះរាជពិធី​ទ្វា​ទស​មាស ទំនៀម​នេះ​ហៅ​ថា “អង្គ​ព្រះ​កឋិន​ទាន​​ព្រះរាជ​ទ្រព្យ” ហើយ​ព្រះ​បរម​រាជ​វាំង​បាន​ប្រតិ​បត្តិ​តាំង​ពី​​បុរាណ​អង្វែង​​​មក ដែល​​​​ព្រះមហាក្សត្រ​​​​ទ្រង់​យាង​ដង្ហែ​​​ផ្ទាល់ព្រះអង្គ ឬ​ទ្រង់​​ចាត់​ព្រះរា​​ជ​តំណាង​​​ដង្ហែ​​អង្គ​​ព្រះ​​កឋិនទាន​​នោះ​ក៏បាន។

យោងតាមឯកសារ នៅឆ្នាំ​១៩៤៧​ ព្រះបាទ​ សម្តេ​ច​​ព្រះ​នរោត្តម សុរាម្រឹតព្រះមហាកញ្ចនកោដ្ឋ និង សម្តេច​ព្រះមហាក្សត្រិយានីព្រះស៊ីសុវត្ថិ​​​មុនីវង្ស​ កុសុមនារីរ័តន៍​សិរីវឌ្ឍនា ទ្រង់បានថតព្រះកឋិនទាន​ថ្វាយ ព្រះបរមរតនកោដ្ឋ​ ដែល​ទ្រង់​​ព្រះផ្នួសនិង​​ភិក្ខុ​​៧អង្គ គង់ចាំព្រះវស្សា​អស់បីខែនៅព្រះវិហារ​ព្រះកែវមរកត​។ កិច្ច​សំខាន់ៗ​ក្នុង​គ្រា​នោះ គឺមាន​ការរៀបចំ​ចម្រើន​ព្រះបរិត្ត​ព្រះកឋិន​នៅ​វេលាព្រលប់ លុះ​ព្រឹក​ឡើង​ដង្ហែ​អង្គ​ព្រះ​ឋិនតាមវិថីនានា​ក្នុង​រាជធានីភ្នំពេញ រួចទើប​ដង្ហែចូលមក​កាន់​ព្រះវិហារ​ព្រះ​កែវ​មរកត​ ធ្វើកិច្ច​ក្រាលគ្រងអង្គព្រះកឋិន។ ក្នុងឱកាស​វេរអង្គ​ព្រះ​កឋិន​នោះ គេដឹង​ថា​នៅ​វេលា​​​យប់​ ព្រះបរមរតនកោដ្ឋ​ ទ្រង់​​ថ្វាយ​ព្រះ​សទ្ធម្មទេសនា​ចំពោះសម្តេច​ព្រះបរម​រាជ​បិតា សម្តេច​​ព្រះបរមរាជននី​នាថ​ និង​​​ព្រះ​រាជទាន​ដល់​ពុទ្ធ​បរិស័​ទ​ ទាំងព្រះសង្ឃ ទាំង​គ្រហ​ស្ថ ទាំង​គណៈរដ្ឋមន្រ្តី ព្រម​​ទាំងអស់​អ្នក​រាជការ​ទាំងឡាយ​​​រហូត​ដល់​វេលា​ម៉ោង​១០យប់។

ព្រះឆាយាលក្ខណ៍​ព្រះបរមរតនកោដ្ឋ កាលទ្រង់ព្រះ​ផ្នួស និង​ប្រទាន​ព្រះធម្មទេសនា​ក្នុង​ឱកាសអង្គព្រះកឋិន​ដង្ហែ​ចូល​ព្រះវិហារ​ព្រះកែវមរកត (?)
(រូបថត៖ បញ្ជីបណ្តោះអាសន្ន​នៃសាស្រ្តាស្លឹករឹតខ្មែរ ភាគ១)

ដោយឡែកបើសង្កេតនៅក្នុង​រាជ្យ ព្រះករុណា ព្រះបាទ​សម្តេច​ ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទំនៀម​ដង្ហែអង្គ​ព្រះ​កឋិន​​ទាន​នៅតែ​បន្ត​តាម​លំអាន ហើយតែង​ដង្ហែ​ទៅកាន់​អារាម​នានា​​ក្នុង​រាជធានីភ្នំ​ពេញ និង​​តាម​​បណ្តា​ខេត្ត​។ ទំនៀម​នេះ តែងរៀប​ចំ​​ព្រះ​រាជ​ពិធីចម្រើន​ព្រះ​បរិត្ត​អង្គ​ព្រះ​កឋិន​​នៅ​​ប្រាសាទ​​ព្រះទីនាំង​ទេវា​វិនិច្ឆ័យ​ ​ដោយមាន​​ព្រះរាជ​​វត្ត​មានព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​​​ត្បូង សម្តេចព្រះមហាក្សត្រី​ព្រះវរមាតាជាតិខ្មែរ ព្រះ​ញាតិ​​វង្សានុវង្ស ថ្នាក់​ដឹកនាំ និង​មន្រ្តីរាជការចូលចាប់មគ្គផល​តាម​ព្រះរាជសទ្ធា និង​សទ្ធា ដោយអារធនា​និមន្ត​ព្រះសង្ឃ​​បំពេញ​កិច្ច​ស្វាយធ្យាយ​ព្រះបរិត្ត​អង្គ​កឋិន​ទាន វេរអង្គព្រះកឋិន និង​ស្វា​ធ្យាយ​​ពុទ្ធ​ជ័យមង្គល។

ព្រះរាជពិធីចម្រើន​ព្រះបរិត្ត​អង្គព្រះកឋិន​ទាន​ព្រះរាជទ្រព្យនៅប្រាសាទ​ព្រះទីនាំងទេវានិច្ឆ័យ
ឆ្នាំ២០១៧ (ប្រភព៖ www.norodomsihamoni.org)

ព្រះរាជពិធីចម្រើន​ព្រះបរិត្ត​អង្គព្រះកឋិន​ទាន​ព្រះរាជទ្រព្យនៅប្រាសាទ​ព្រះទីនាំងទេវានិច្ឆ័យ
ឆ្នាំ២០១៧ (ប្រភព៖ www.norodomsihamoni.org)

ចំពោះរណ្តាប់​អង្គ​ព្រះកឋិន​ជា​ទូទៅ​ មាន​៣ប្រភេទគឺ ទី១ រណ្តាប់​អង្គ​ព្រះកឋិន​១​សម្រាប់ ប្រគេន​ព្រះថេរ១ព្រះអង្គដែលក្រាល​គ្រងមានដូចជា ចីវរ១ត្រៃ គឺស្បង់ ចីវរ សង្ឃាដី អង្ស័ក​ វត្ថពន្ធ ព្រម​ទាំង​បរិក្ខាមាន​បាត្រ ផ្លិត កំសៀវ ចានស្រាក់ ចាន ស្លាបព្រា កន្ទេល ខ្នើយ​ តែ ស្ករ ទៀន ធូប។ល។ ទី២ រណ្តាប់​ញត្តិ២សម្រាប់ ប្រគេន​ព្រះថេរ២ ព្រះអង្គ​ដែល​សូត្រ​ញត្តិមាន​ដូចជា ចីវរ១លៀង គឺស្បង់១ ចីវរ១ និង​បរិក្ខា​ផ្សេង ដោយ​លើក​លែង​តែ​បាត្រ។ ទី៣ រណ្តាប់បរិក្ខា​​ គឺ​ស្បង់ជាច្រើន សម្រាប់​ប្រគេន​ភិក្ខុជា​បរិស័ទ​​ដែល​គង់​ក្នុង​វត្ត​នោះ ១ព្រះអង្គ​ មាន​ស្បង់១ និង​សំពត់​សាដក​ជា​ច្រើន​ទៀត​សម្រាប់​សាមណេរ (រូបលេខ​៦)។ បន្ទាប់​ពី​វេរប្រគេន និង​ចាត់​ព្រះរាជ​តំណាង​រួចហើយ រណ្តាប់​ និង​ទេយ្យវត្ថុ​ទាំងអស់​នេះ តែង​រៀបចំ​យ៉ាង​ផ្ចិតផ្ចង់​តម្កល់​លើ​ព្រះទីនាំងរាជរថ ដើម្បី​ត្រៀម​​ដង្ហែ​ទៅកាន់ទីអារាម​ ដែល​ព្រះមហាក្សត្រទ្រង់​មាន​ព្រះរាជសទ្ធា​​ថ្វាយ​អង្គ​ព្រះ​កឋិន​​ព្រះរាជទ្រព្យ​ នៅ​ព្រឹក​បន្ទាប់។

ចាប់តាំងពីឆ្នាំ​២០០៦ មកអង្គព្រះកឋិនទានព្រះរាជទ្រព្យ​ បាន​ដង្ហែ​ទៅកាន់​វត្ត​​ជា​ច្រើន​​ដូចជា​ វត្តសាមគ្គីរាជរ៉ារាម​ ឃុំ​រកាធំ ស្រុកច្បារមន ខេត្តកំពង់ស្ពឺ (ឆ្នាំ​២០០៦)។ វត្ត​វង្សារាម ឃុំ​ផ្លូវទូក ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង (ឆ្នាំ​២០០៨)។ វត្ត​ស្វាយ​ពពែ ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន (ឆ្នាំ​២០០៩) និងវត្តបទុមវតី​រាជ​វរារាម រាជធានី​ភ្នំពេញ​ (ឆ្នាំ​២០១០)។ វត្តមាតិការាម ឃុំរាធរ ស្រុកព្រះសេ្តច ខេត្តព្រៃវែង (ឆ្នាំ​២០១៣)។​ វត្ត​ព្រះឥន្ទកោសី សង្កាត់ស្វាយតឿ  ក្រុងស្វាយវៀង ខេត្តស្វាយរៀង (ឆ្នាំ​២០១៤)។ វត្ត​មាតិការាម ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង (ឆ្នាំ​២០១៥)។ វត្ត​ស្វាយ​ពពែ​ រាជធានីភ្នំពេញ (ឆ្នាំ​២០១៦)។ វត្តកុលម្ពវ័ន (ហៅវត្តតាកុល) ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង (ឆ្នាំ​២០១៧)។ វត្តទង់ជាតិខេមរារាម ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត (ឆ្នាំ​២០១៨)។ វត្តព្រះពុទ្ធមានសិរី ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (ឆ្នាំ​២០១៩)។ វត្តតេះធម្មជាតារាម ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី (ឆ្នាំ​២០២០)។ វត្តគំរាប​រុក្ខារាម ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង (ឆ្នាំ​២០២១) និង​វត្ត​ស្វាយ​ពពែ​ ស្ថិត​ក្នុង​រាជធានីភ្នំពេញ (ឆ្នាំ​២០២២)។

ទោះបីជា​យ៉ាងណាក៏ដោយ បើរំឭកឡើង​វិញអំពីហេតុ​នាំឱ្យកើត​ទំនៀម​កឋិន គេ​ចាំ​ថា នៅ​សម័យ​​ពុទ្ធកាល​មាន​ភិក្ខុ​​៣០​អង្គ ​និមន្ត​ទៅថ្វាយ​បង្គំព្រះសម្ពុទ្ធនៅវត្ត​ជេតពន។ គាប់​ជួនរដូវស្សាមកដល់​ ​ភិក្ខុ​​ទាំង​​នោះ​ក៏ផ្អាកដំណើរ​​ ហើយ​​គង់ចាំព្រះវស្សា​តាម​វិន័យ​បញ្ញត្តិ​បីខែ។ លុះបវារណា​ចេញ​​​ព្រះវស្សារួច ក៏បន្ត​ដំណើរ​ដោយ​​ផ្លូវ​ដ៏សែន​ឆ្ងាយ​ លំបាក​ក្រៃ មាន​ភ្លៀង​បែក​ភក់​ល្បាប់​ផង ទទឹក​ប្រឡាក់​ដិតដាម​ត្រៃ​ចីវ​រដោយប្រការផ្សេងៗ ព្រម​ទាំង​​នឿយហត់​ទ្រុឌ​ទ្រោម​​កាយ ទម្រាំ​បាន​គាល់​ព្រះសម្ពុទ្ធ។ ព្រះដ៏មានព្រះភាគជា​អគ្គ​បុគ្គល ​យល់​​ភិក្ខុទាំង៣០អង្គ​មាន​ត្រៃចីវរ​សៅហ្មង​ដូច្នោះ ទ្រង់ក៏​អនុញ្ញាត​កឋិនត្ថារ​វិនយ​កម្ម​ ពោល​គឺ​អនុញ្ញាត​ឱ្យ​ភិក្ខុ​ដែល​បាន​នៅចាំព្រះវស្សា​រួច​ហើយ​ក្រាល​កឋិន​បាន។ អំពី​នោះ​​មកមាន​នាងវិសាខា​ជាដើម​ គឺ​ជាអ្នកមានសេចក្តីជ្រះថ្លា​ដង្ហែ​កឋិន​វេរ​ប្រគេនព្រះ​សង្ឃ​តាម​ពុទ្ធានុញ្ញាត។

នាងវិសាខាដង្ហែកឋិនវេរប្រគេព្រះសង្ឃតាមពុទ្ធានុញ្ញាត (គំនូរវត្តសុវណ្ណសាគរ, ខេត្តកណ្តាល)

ជារួមមក អង្គកឋិនទានព្រះរាជទ្រព្យ គឺជា​ព្រះរាជពិធី​មួយ​យ៉ាង​សំខាន់​ ដែល​​ព្រះ​មហាក្សត្រ​តែង​ប្រតិបត្តិ​តាំងពីអង្វែងមក។ ព្រះរាជ​សកម្មភាពនេះ ​ស្តែងឱ្យ​ឃើញពី​ព្រះ​រាជ​សទ្ធា និង​ការយក​ព្រះរាជហ្ឫទ័យ​ទុកដាក់​ចំពោះព្រះពុទ្ធសាសនា ជាពិសេសគឺ​ការ​ទំនុក​បម្រុង​ដល់ទីអារាម​ខ្វះខាតនៅតាម​បណ្តាខេត្ត៕

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!