ទំព័រដើមនិទានកថារឿង មហាចោរនៅទល់ដែន

រឿង មហាចោរនៅទល់ដែន

ភាគទី (ថ្កើងត្រង់ណា)

          ទឹកស្ទឹងសិរីសោភណ្ឌ ហូរវឹងឥតស្រាកស្រាន្ត នាំគល់ឈើពណ៌ខ្មៅដែលមានឬសបះ ច្រងាងគួរឲ្យសម្បើមក្នុងចិត្ត និងកំទេចកំណាត់ឈើតូចតាចពាសពេញគង្គា។ ខាងកើតរង្វង់ ព្រះសុរិយាមូលក្រឡង់ប៉ុនចង្អេរ លេចឡើងសន្សឹមៗពណ៌ក្រហមឆ្អិនឆ្អៅសាច់មួយ។ ក្អែក ទាំងឡាយហិចហើរឆៀងឆាប​​ ស្រែកយំគំនាប់ព្រះសុរិយាពេលព្រឹក ដែលត្រជាក់ដល់ដួង ចិត្តមនុស្សលោក។

          ពពកស ក្រហម​ ខៀវ វាសផ្ទៃគំនូរមួយដ៏ល្អឆើតឆាយ រកសិល្បករណាមួយគូរឲ្យបាន ដូចផងពុំបាន។ ផ្ទៃមេឃបៃតងស្អាប់លាតសន្ធឹងដ៏ធំទូលាយ បីដូចចិត្តស្អុះស្អាប់ដ៏ធំទូលាយ ដូច្នោះដែរ។

          ទូកមានន្ទ កំពុងឆ្លងកាត់ធម្មជាតិដ៏ចម្លែកនេះ។ តាមមាត់បង្អួចទូកនេះ ព្រះនាងមណី អង្គុយសម្លឹងធម្មជាតិយ៉ាងស្រងូតស្រងាត់ ធីតាស្រលាញ់ធម្មជាតិពេលព្រឹកនេះជាពន់ ពេក។ តែអនាគតរបស់នាងគ្មានរស្មីសប្បាយដូជធម្មជាតិឡើយ។ សន្តានចិត្តខ្លោចផ្សាស្តាយ ភ័យព្រួយខ្លាចខានបានឃើញធម្មជាតិដ៏ត្រចេះត្រចង់នេះដែលបានឆ្លងកាត់រូបស្រី។ នាង សួរថា ​”អញត្រូវស្លាប់ពេលនេះហើយឬអី? នឹងទីពឹង ពឹងលើទេវតារកទេវតាមិនឃើញ។ នឹងទីពឹងលើមនុស្សលើទូកទាំងអស់សុទ្ធតែខ្មាំង។ នឹងទីពឹងលើនាយបម្រុង ប្រុសនេះ ខ្សោយណាស់គ្មានអំណាចអ្វីទេ។ នឹងពឹងលើខ្លួនឯងៗ ជាប់គុកគេទៅហើយ។ នឹងពឹងលើ ល្បិចតំរេះខ្លួន មានន្ទជាបងដឹងអស់គ្មានសល់ថែមទាំងធ្វើឬកខែងមកបើកចំហរឲ្យរត់ថែម ទៀត”។

          ព្រះនាងប្រះខ្លួនប្រូសទៅលើពូក។ ស្រីនឹកជាចុងក្រោយបង្អស់ថា “ណ្ហើយតាម ដំណើរទៅចុះ គឺថាតាមយថាកម្មទៅចុះ”។ បើវាសនាត្រូវស្លាប់ក៏ស្លាប់ បើត្រូវរស់ក៏រស់។

បន្តិចស្រាប់តែនាងបានឃើញមានន្ទសម្រូតខ្លួនចុះតាមបង្អួចមក។ មានន្ទសើចដាក់ នាងយ៉ាងរីករាយ។ ធីតាធ្វើមិនឃើញ នៅស្ងៀមធ្មឹងដដែល។

          មានន្ទលោតឆ្គុបមកលើក្តារ ច្រត់ដៃលើចង្កេះយ៉ាងសង្ហា។ នាងនៅស្ងៀមដដែល។ មានន្ទនិយាយទៀតថាៈ

          អូនគេងស្រួលទេយប់មិញ?

          ព្រះនាងមណីពេបមាត់ ឆ្លើយថាៈ

          គ្មានដែលស្រួលទេ មនុស្សជាប់គុកនោះ!

          មានន្ទញាក់ភ្នែកអុជបារីមួយជក់ផ្សែងហុយទ្រលោមៈ

          មើលចុះតើខ្វះអី? ពូកក៏មាន ទឹកក៏មាន ខ្យល់ក៏មាន ចង្កៀងក៏មាន ម្តេចក៏មិនស្រួល ទៀត?

          ព្រោះទីនោះជាគុក!

          មានន្ទសើចក្អាកក្អាយ។

          គុករបស់បង មិនដូចគុករបស់អូនទេ…

          ធីតាកាត់យ៉ាងរហ័សថាៈ

          ខុសត្រង់ណា?

          មានន្ទនិយាយមួយៗថាៈ

          គុករបស់អូនជាឋាននរកដែលមនុស្សជាប់ខ្នោះ ជាប់ច្រវ៉ាក់ ដេកលើដីដូចឆ្កែ ហាល ខ្សល់រងាដូចជ្រូក ធ្វើការធ្ងន់ៗដូចគោ ត្រូវគេវាយបង្ខំវាយដំដូចសត្វ ស៊ីបាយដូចសត្វ។

          ឯគុករបស់បង ជាគុកសម្រាប់មនុស្ស ឲ្យចេះគិត ឲ្យចេះធ្វើការឲ្យស្រលាញ់ការ…បងស្គាល់គុកអូន ព្រោះអូនបានយកបងទៅដាក់គុក!

          ព្រះនាងមណីភ្ញាក់ខ្លួនព្រើតនឹងសំដីនេះ។ បបូរមាត់នាងឡើងស្ទាំងព្រោះនាងយល់ថាមានន្ទដឹងថា គឺនាងនេះហើយដែលធ្វើបាបខ្លួន។ នាងភ័យដោយមិនដឹងថាមានន្ទ សងសឹកបែបណាវិញទេ។ នាងខ្មាស ព្រោះនាងជាស្រីមិនគួរមានចិត្តអាក្រក់ដល់ម្លឹងសោះ។ តែធីតាខំប្រឹងធ្វើទឹកមុខដើម្បីកុំអោយប្រុងដឹងថា នាងគិតយ៉ាងណាឡើយ។ ឯមានន្ទក៏និយាយ ធ្វើព្រងើយឥតលួចមើលអទឹកមុខនាងឡើយ ដោយមកអង្គុយនៅលើពូកចុងជើងនាង។ បុរសបន្តវាចាទៀតថាៈ

          តែទោះគុករបស់បងស្រួលក៏ដោយ ក៏សូមអូនកុំខឹង។ មិនតែប៉ុណ្ណោះត្រូវអូនដឹងថា ” កង់ត្រាចកង់ធ្នង់ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី”។

          យី! គិតទៅបុរាណមានប្រាជ្ញាមែន ចេះនិយាយសមហើយត្រូវផងហ្ន៎! អូនឃើញទេ? ហេតុអ្វីអូនក៏ត្រូវធ្វើល្អ បងក៏ត្រូវធ្វើល្អនោះវាអស់មានទុក្ខហើយ? ចំពោះស្រុកយើង ពេលនេះយើងនៅខ្ញុំគេប្រាកដជាពេលក្រោយ យើងទៅជាអ្នកជាវិញមិនខាន។

          នារីញញឹមយ៉ាងស្ងួតៈ

          ខ្ញុំខ្ជិលស្តាប់ណាស់បង!

          អូ! អូនខ្ជិលស្តាប់ គឺបំបិទភ្នែក បំបិទត្រចៀក បំបិទខួរក្បាលអូនឲ្យនៅតែក្នុងទ្រូងងងឹត ហើយ។ …ទេ! អូនមានភ្នែកតោងមើល មានត្រចៀកតោងស្តាប់ មានខួរក្បាលតោងគិត កុំបង្រួញជីវិតឯងដូច្នោះ។

(សូមរងចាំតាមដានភាគទី៥២ នៅសប្តាហ៍ក្រោយ)      

                                                                            

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img
[td_block_social_counter custom_title="បណ្ដាញសង្គម" youtube="channel/UCQE2E5oPq8tW6l25lkBr5PA" style="style8 td-social-boxed td-social-font-icons" f_header_font_family="318" f_header_font_size="eyJhbGwiOiIyMiIsInBvcnRyYWl0IjoiMjAiLCJwaG9uZSI6IjE4In0=" header_color="#59090f" facebook="108963744277019" tiktok="@apsaramediaservices" tdc_css="eyJhbGwiOnsibWFyZ2luLXRvcCI6IjIwIiwiZGlzcGxheSI6IiJ9fQ=="]
- Advertisement -spot_img
error: Content is protected !!