ទំព័រដើមនិទានកថាអក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ៥៤)

អក្សរសិល្ប៍៖ រឿង មហាចោរនៅទល់ដែន (ភាគ៥៤)

(ថ្កើងត្រង់ណា)

           នាយបម្រុងតុបតែងខ្លួនយ៉ាងអង់អាច។ បុរសសៀតកាំបិតស្នៀតមួយនៅចង្កេះជិតដាវមួយយ៉ាងវែង។ បុរសចាប់យកកូនសោរច្រវ៉ាក់ពីកន្លែងមានន្ទយកទៅចាក់។ មិនយូរប៉ុន្មានព្រះនាងបានរួចពីចំណង។

          បុរសកាន់ដៃនាងរត់កាត់ជំរំខ្មាំង។ សេះមួយយ៉ាងធំដាក់អានស្រេចរងចាំគេ។ ដល់ ហើយមាណពលោតលើខ្នងសេះភ្លែត ហើយឳនខ្លួនចាប់នាងស្ទួយលើកឡើង។ អាជានេយ្យក៏ បំផាយវឹងយ៉ាងលឿនស្លុងក្នុងទីងងឹត។ អ្នកយាមរហ័សដូចព្រួញស្រែកវ៉ាសឡើងស្ទុះរត់ទៅចាប់មុខ សេះង៉ក។ នាងបម្រុងកាប់ផូងដួលខ្ពោក។ សេះក៏បោលវឹងទាហានបួនដប់នាក់ក៏ស្ទាក់ជាប់ទៀត។ សេះរេចុះឡើងដោយដាវនាយបម្រុង និងដាវទាហានក៏លាន់ឮចែសៗ។ សេះរេចុះឡើងរត់វឹងទៅ ទៀត។ ខាងទាហានក៏រត់តាមក៏ពុំទាន់ឡើយ។

            មិនយូរប៉ុន្មាន សេះខាងទាហានទាំងបួនក៏ដេញប្រកិតជាប់ពីក្រោយខ្នងសេះព្រះនាងខត្តិ យាណីដែលភ័យរកពេលណាមកប្រៀបពុំបានឡើយ។ លុះដល់មាត់ស្ទឹង នាយបម្រុងបង្អោបនាងមណី លោតប្រូងទៅក្នុងទឹក។ ទាហានទាំងបួនដែលមកជាបន្ទាន់ក្រឡេកឃើញនាយបម្រុងហែលទឹកជិត ដល់ត្រើយម្ខាងស្រេចនាំទាំងនេះទៅផង។ មានទាហានពីនាក់មិនចេះហែលទឹក អ្នកដែលចេះក៏ហក់ ប្រូងឥតបង្អង់ឡើយ។ លុះបានដល់ត្រើយម្ខាងហើយ ពលរបស់មានន្ទក៏ឡើងលើខ្នងសេះយ៉ាង ប្រញាប់ប្រញាលបន្ទាន់ដេញតាម។ សេះនាយបម្រុងរត់កាត់ទៅភ្នំស្វាយ។ លុះដល់ច្រកតូចមួយសេះ នោះក៏ចូលទៅ។

            ទាហានទាំងពីរក៏ចូលតាម។ អ្នកឃើញស្ងាត់ រួចងងឹតស្លុង។ បុរសស្ទាបៗចូលទៅ។ រូងកាន់តែជ្រៅទៅៗ។ ដៃដែលស្ទាបក៏ប៉ះឃើញមាត់ទ្វារដែលទើបនឹងបើក។ ផុតពីមាត់ទ្វារនេះ ស្រាប់តែមាន ពន្លឺចង្កៀងប្រេងកាតភ្លឺរន្ទាលពីបន្ទប់ខាងក្នុងមក។ ទាហានទាំងពីរដកដាវប្រថុយចូលទៅទៀត។ អ្នកបានឃើញរូងនេះធំមានតុ ជើងម៉ា ស្អាតស្អំតែមានពីងពាងព័ទ្ធដោយអន្លើ បង្ហាញឲ្យឃើញថាគ្មាន មនុស្សនៅឡើយ។ គេព្រឺក្បាលខ្ញាកៗទាំងពីរនាក់ តែប្រុងខ្លួនជានិច្ច។ ទាហានម្នាក់ទៅលើកយក ចង្កៀងមួយមកដើរលបៗមើលនាយអាយរកច្រកទៅមុខទៀត។ លុះទៅដល់តុតូចមួយនៅកៀន ឃើញមានសំបុត្រមួយសរសេរថា ​”ដើរបីជំហានពីតុនេះទៅខាងឆ្វេងនឹងឃើញពាងទឹកមួយ លើក ពាងទឹកនោះឡើងនឹងឃើញសំបុត្រមួយទៀត ដែលអាចនាំផ្លូវទៅមុខទៀតក្នុងរូងនេះ”។

            ទាហានទាំងពីរអរផង ភ័យផង ក៏ងាកទៅឆ្វេងឃើញពាងទឹកមួយមែន។ ជនទាំងពីរស្ទុះទៅ លើកពាងនោះឃើញសំបុត្រមួយទៀតសរសេរមិនដឹងពីរាជ្យណាមកទេ អក្សររលុបលែងចង់ច្បាស់ អស់ទៅហើយ។ បើកសំបុត្រឡើងឃើញ អក្សរថាៈ

            “ដើរស្របជញ្ជាំងខាងស្តាំឃើញបំពង់ប្ញស្សីមួយ។ នៅលើបំពងប្ញស្សីនោះមានចង្កៀង លើក ចង្កៀងនោះចេះ យកបំពង់ប្ញស្សីនោះមកទាញ អ្នកនឹងឃើញកូនសោមួយ។ យកកូនសោនោះទៅ ចាក់ចំរន្ធដែលអ្នកឈរលើកចង្កៀងនោះឯង នោះអ្នកនឹងទៅដល់បន្ទប់មួយដែលមានគ្រែមាស សម្រាប់ដេក”។

            ទាហានទាំងពីរនាក់ក៏ធ្វើតាម ស្រាប់តែឃើញដូចសំបុត្រមែន។ លុះយកសោទៅចាក់បើក ឡើងក៏ឃើញមានជណ្តើរមួយចុះទៅក្រោមទៀត។ បុរសទាំងពីរក៏ចុះទៅបន្ទប់ខាងក្រោមឥតបង្អង់។ បន្ទប់នេះមានចង្កៀងប្រេងកាតភ្លឺដូចបន្ទប់ខាងលើដែរ។ បុរសឃើញគ្រែមាសមែន អ្នកត្រេកអរក្រៃ ពេកនិយាយខ្សឹបគ្នាថាៈ

            វារត់ទៅណាមិនឃើញ កតឯងយល់ថាម៉េច?

            យើងនៅក្នុងអន្ទាក់ហើយ តោងប្រុងខ្លួនឪ្យមែនទែន។ ឡំឯងខ្លាចឬ?

            ហ៊ឺ! ទៅខ្លាចអី កតឯងមិនស្គាល់ចិត្តយើងទេ?

            យើ កន្លែងនេះសុទ្ធតែមាសពេជ្រសម្បើមណាស់។ គឺញើសក្អែលឈាមរាស្រ្ត ពួកវាយកមក លាក់នៅទីនេះ។ ហ៊ឺស! គិតទៅអាណិតរាស្រ្តណាស់គេហុតឈាមរាល់ថ្ងៃនៅតែមិនដឹងខ្លួនទៀត។ រួចមានខ្លះនោះ ឆ្កួតថាអាណិតគេទៀត។

            ឳ! ជំងឺខ្មែរអ្វីក៏ធ្ងន់ធ្ងរម៉េះទេ។ ជាតិជិតរលាយទៅដោយសារពួកនិគ្រន្តទាំងនេះ នៅតែខ្មែរមិន ទាន់ភ្ញាក់ខ្លួនទៀត។

            ទឹកមុខជនទាំងពីរឡើងក្រៀមក្រោះគួរអាណិតក្រៃពេក។      

            បញ្ហាខ្មែរត្រូវគេជញ្ជក់ឈាម

            បញ្ហាខ្មែរត្រូវមនុស្សភាគតិចសង្កត់សង្កិន

            បញ្ហាខ្មែរដែលវេទនារហេមរហាមគ្មានបានដោះស្រាយសោះ ហើយហាក់ដូចជាជំពាក់ ស្មុគ្រស្មាញណាស់រកផ្លូវដោះស្រាយមិនរួច ដោយរាស្រ្តហាក់គ្មានភ្ញាក់រលឹកសោះក្នុងរឿងជាតិ។

            នាយកត និងនាយឡំក្រឡេកមើលឆ្វេងស្តាំឃើញមាន តុ ទូ និងគ្រឿងប្រដាប់ផ្សេងៗច្រើន អនេកដែលសុទ្ធសឹងតែមានតម្លៃ។

            នាយកតនិយាយខ្សឹៗថាៈ

            យើងដេកលើគ្រែនេះហើយ លបចាំព្រឹកស្អែកដល់មានពន្លឺស្រួលបួលយើងដើរមើលទីនេះ ឪ្យសព្វគ្រប់ទៅទៀត។

            អឺ! បើដូច្នេះកតឯងយាមដល់ពាក់កណ្តាលយប់អាធ្រាត្រយើងយាមវិញម្តង។

            យល់ព្រម!

            ក្នុងមួយវិនាទីនោះ ស្រាប់តែគ្រែភ្លាត់ខាងក្រោមជនទាំងពីររមៀលដូចដុំដីធ្លាក់ទៅក្នុងរណ្តៅ មួយយ៉ាងជ្រៅដាច់ស្រយាល ងងឹតឥតមើលឃើញអ្វីត្រជាក់ដូចសំរិទ្ធ។

(សូមរងចាំតាមដានភាគទី៥៥ នៅសប្តាហ៍ក្រោយ)      

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
17,400SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!