ទំព័រដើមប្រវត្តិសាស្ត្រទស្សនៈនៃការស្ថាបនាប្រាសាទអង្គរវត្តជាមួយចំនួន៦ និង១២

ទស្សនៈនៃការស្ថាបនាប្រាសាទអង្គរវត្តជាមួយចំនួន៦ និង១២

ក្នុងអត្ថបទ​ អាថ៌កំបាំងនៃកំពូលរបស់ប្រាសាទអង្គរវត្ត ខ្ញុំបានបង្ហាញរួចហើយអំពីទស្សនៈនៃការស្ថាបនាប្រាសាទអង្គរវត្តរបស់ព្រះបាទសូរ្យវរ្ម័នទី២ ទាក់ទងទៅនឹងជំនឿនៃសេចក្តីស្លាប់ ជាឋានព្រះវិស្ណុដែលព្រះអង្គ និងយាងទៅក្រោយការចូលទីវង្គត់។ អត្ថបទនេះ ខ្ញុំនឹងលើកយកចំនុចមួយទៀតដែលទាក់ទងនឹងទស្សនៈនៃការសាងសង់ប្រាសាទអង្គរវត្តជាមួយចំនួន៦ និងចំនួន១២។ វាមិនមានលក្ខណៈពិសេសច្រើនប៉ុន្មានទេ តែវាក៏ជារឿងមួយគួរឱ្យចាប់អារម្មណ៍ដែរ។

ហេតុអ្វីក៏ចំនួន៦ និង១២សំខាន់ចំពោះប្រាសាទអង្គរវត្ត?

ចំនុចនេះ គឺវាប្រហែលជាអាចទាក់ទងទៅនឹងព្រះនាមរបស់ព្រះអង្គ ដែលហៅថា សូរ្យ ឬសូរិយាគឺព្រះអាទិត្យ។ អ្វីទាំងអស់លើកលោកនេះ គឺពឹងផ្អែកទាំងស្រុងលើព្រះអាទិត្យ ដែលជាអ្នកផ្តល់ពន្លឺ និងកំដៅដល់សព្វវត្ថុ រុក្ខជាតិ សត្វ និងមនុស្សទាំងពួង។ ព្រះបាទសូរ្យវរ្ម័នទី២ ជាស្តេចដែលគោរពលើព្រះអាទិត្យជាខ្លាំង (ក្នុងអារ្យធម៌អេហ្ស៊ីបបុរាណ ស្តេចក៏គោរព និងត្រូវបានរាស្ត្រគោរពថាជាទេពនៃព្រះអាទិត្យដែរ) សូម្បីប្រាសាទ(អង្គរវត្ត)ដែលជាទីតម្កល់ព្រះសពព្រះអង្គ ក៏សាងសង់តាមដំណើរគោចររបស់ព្រះអាទិត្យក្នុង រយៈពេល១២ខែក្នុង១ឆ្នាំ ដោយចែកជារដូវធំ២ គឺរដូវប្រាំង៦ខែ និងវស្សា៦ខែ។ ការស្ថាបនាប្រាសាទអង្គរវត្ត គឺយកអ័ក្សសំខាន់តាមទិសកើតលិច ហើយយើងអាចឈរនៅត្រង់ប្រាង្គកណ្តាលរបស់ខ្លោងទ្វារចូលខាងលិច រួចមើលត្រង់ចំទៅកើតលើកំពូលកណ្តាលរបស់ប្រាសាទ នោះយើងនឹងសង្កេតឃើញដំណើររះនៃព្រះអាទិត្យរៀងរាល់ព្រឹក និងផ្លាស់ប្តូរពីកំពូលកណ្តាលទៅទិសត្បូង(ពីខែតុលាដល់ខែធ្នូ) រួចវិលត្រលប់មកវិញចំប្រាង្គកណ្តាល វិញ (ចន្លោះថ្ងៃទី២១ដល់២៣ ខែមិនា) រួចហួសទៅជើង (ពីខែមេសាដល់ខែកក្កដា) ហើយត្រលប់មកវិញចំប្រាង្គកណ្តាលដដែល (ចន្លោះថ្ងៃទី២១ដល់២៣ ខែកញ្ញា) ក្នុងរយៈពេល១ឆ្នាំ។ ដំណើរជាប្រក្រតីបែបនេះនិងមានជារៀងរាល់ឆ្នាំ ហើយព្រះអាទិត្យនិងរះចំពីលើកំពូលរបស់ប្រាង្គកណ្តាល(បាកាណ)របស់ប្រាសាទចំនួន២ដងក្នុង១ឆ្នាំ។ ក្នុងប្រទេសកម្ពុជា រដូវធំៗមាន២ គឺប្រាំង និងវស្សា ហើយខ្សែអ័ក្សពីកំពូលរបស់ប្រាង្គកណ្តាល មកកំពូលនៃប្រាង្គកណ្តាលរបស់ខ្លោងទ្វារចូលខាងលិច វាជាខ្សែខ័ណ្ឌចែករវាងរដូវប្រាំង និងវស្សាក្នុងគំនិតខ្មែរបុរាណ។ បើយើងប្រៀបធៀបមករដូវ និងអាកាសធាតុបច្ចុប្បន្ននេះ មានចំនុចប្រែប្រួលឬលម្អៀងបន្តិចហើយ។

បើផ្អែកលើប្លង់ទាំងមូលរបស់ប្រាសាទអង្គរវត្ត យើងអាចទាញយកចំនុចជាឧទាហរណ៌មួយចំនួនទាក់ទងនឹងលេខ៦ និង១២

១.ចំនួន៦៖ យើងអាចពិនិត្យមើលលើរចនាសម្ព័ន្ធផ្សេងៗ ដូចជា៖

(ក)ជណ្តើរចុះឡើងនៅតាមស្ពានហាលភ្ជាប់ពីខ្លោងទ្វារខាងលិចមកក្តារបែន គឺមានចំនួន១២ ដោយចែកជាពីរ គឺ៦នៅខាងត្បូង និង៦នៅខាងជើង។ (ខ)ប្រាសាទអង្គរវត្តមានលក្ខណៈពិសេសមួយ គឺមានបណ្ណាល័យចំនួន៦ ដោយជាទូទៅបណ្ណាល័យមានតែ២ទេនៅតាមប្រាសាទ។ (គ)មានស្រះ៦ ដែល៤ជាស្រះនិមិត្តរូបនៅថែវព្រះពាន់ និង២ជាស្រះពិតនៅខាងក្រៅ។ (ឃ)ចម្លាក់នៅថែវខាងជើងស្លាបខាងកើតបង្ហាញពីព្រះវិស្ណុចំនួន៦ដង។ (ង)សរសេរទ្រដំបូលថែវភ្ជាប់ពីប្រាង្គកណ្តាលមកថែវទី៣លើរួតបាកាណ ជាទូទៅមាន៦ក្នុងជ្រុងនីមួយៗ។

២.ចំនួន១២៖ ជាចំនុចពិសេសមួយរបស់ប្រាសាទអង្គរវត្ត។ យើងអាចឃើញតាមរយៈ

 (ក)កំពូលទាំង១២។ (ខ)ជណ្តើរឡើងចុះទាំង១២របស់ស្ពានហាលខាងក្នុង។ (គ)ជណ្តើរឡើងខឿនខាងក្រៅ។  (ឃ)ជណ្តើរទាំង១២របស់ខឿនទី៣/រួតបាកាណ។ (ង)អ្វីដែលសំខាន់នោះ គឺការរៀបចំចម្លាក់ព្រះបាទសូរ្យវរ្ម័នទី២នៅលេខរៀងទី១២។ នៅថែវខាងត្បូងស្លាបខាងលិច យើងឃើញមានចម្លាក់ព្រះបាទសូរ្យវរ្ម័នទី២ចំនួន២ (ទី១)គឺចម្លាក់ព្រះអង្គអង្គុយលើបល្ល័ង្គ (ក្នុងសិលាចារឹក K.298 ថានៅលើភ្នំសិវបាទ/វ្នំសិវបាទ) ពិភាក្សារឿងពលទ័ពជាមួយមន្ត្រីទ័ពដទៃទៀត។ ក្រោយពីពិភាក្សារៀបចំហើយ ពលទ័ពទាំងនោះចុះពីលើភ្នំ ធ្វើព្យុហយាត្រាទៅទិសខាងកើត។ ពលទ័ពទាំងនោះមានចំនួន២០ក្រុម រួមទាំងពលទ័ពរបស់ព្រះបាទសូរ្យវរ្ម័នទី២ផង។ ក្រុមនីមួយៗដឹកនាំដោយមេទ័ពម្នាក់ ហើយមេទ័ពទាំងនោះ រួមទាំងព្រះបាទសូរ្យវរ្ម័នទី២ផង គឺជិះលើខ្នងដំរីរៀងខ្លួន។ បើយើងរាប់ពីមេទ័ពទី១រហូតដល់ទី១២ យើងនឺងឃើញព្រះបាទសូរ្យវរ្ម័នទី២ស្ថិតនៅលេខរៀងទី១២។ នេះមិនមែនជាការចៃដន្យនោះទេ គឺវាជាការរៀបចំសម្រាប់ព្រះអង្គ។

តើប្លង់ប្រាសាទអង្គរវត្តអាចមានទំនាក់ទំនងទៅនឹងអ្វីផ្សេងទេ? ជាយោបល់បន្ថែមរបស់ខ្ញុំ រចនាសម្ព័ន្ធសំខាន់ខាងក្នុងរបស់ប្រាសាទអង្គរវត្ត គឺអាចមានទំនាក់ទំនងនឹងជំនឿលើសត្វអណ្តើក ពោលគឺប្លង់របស់ប្រាសាទនេះមានលំនាំតាមរូបរាងរបស់អណ្តើក (ប្លង់ទី៤) ដែលយើងពុំធ្លាប់ឃើញមានពីមុនមកចំពោះប្រាសាទខ្មែរ។ បើយើងប្រៀបធៀបសំណង់ត្រឹមក្តារបែនមកខាងកើត គឺក្តារបែនតំណាងឱ្យក្បាលអណ្តើក ហើយថែវទី១ និងរចនា  សម្ព័ន្ធខាងក្នុងគឺជាខ្លួនអណ្តើក។ ម្យ៉ាងទៀតចំនួន៦ និងចំនួន១២ គឺអាចទាក់ទងទៅនឹងចំនួនស្រកានៅស្នូកអណ្តើក ដែលមានចំនួន៣ជាន់ ឬថ្នាក់។​ បើយើងចែកពាក់កណ្តាលនៃស្នូកអណ្តើក ជាន់ទី១មានស្រកាចំនួន១២ ជាន់ទី២មានស្រកាចំនួន៦ និងជាន់ទី៣មានស្រកាចំនួន៣។ ចំនុចនេះវាទាក់ទងទៅនឹងជំនឿរបស់ខ្មែរលើសត្វអណ្តើក ជាសត្វតំណាងឱ្យអាយុវែង និងខ្លាំងក្លាអាចលើក ឬទ្រទំងន់ធ្ងន់ ហេតុដូចនេះហើយយើងតែងជួបប្រទះបដិមាជាសត្វអណ្តើកនៅក្បែរ ឬក្រោមគ្រឹះប្រាសាទ ឬសំណង់ផ្សេងៗរបស់ខ្មែរ។ ម៉្យាងវិញទៀត ក្នុងហិណ្ឌូសាសនា សត្វអណ្តើកក៏តំណាងឱ្យអវតារបស់ព្រះវិស្ណុ ដែលព្រះអង្គបានក្រឡាខ្លួនទ្រភ្នំមណ្ឌរក្នុងការកូរសមុទ្រទឹកដោះដែរ។ នៅថែវខាងកើតស្លាបខាងត្បូងមានចម្លាក់កូរសមុទ្រទឹកដោះយ៉ាងធំ នឹងបង្ហាញពីសត្វអណ្តើកទ្រភ្នំផងដែរ។ ទាំងនេះគ្រាន់តែជាពត៌មានបឋមលើទស្សនៈ នៃការសាងសងប្រាសាទអង្គរវត្តជាមួយនឹងចំនួន៦ និង១២។ វាទាមទារឱ្យមានការស្រាវជ្រាវបន្ថែមទៀត ដើម្បីពង្រឹងលើទ្រឹស្តីមួយនេះ។

អត្ថបទដើម៖ លោក សុខ កែវ សុវណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!