អ្នកស្រុកបានដំណាលថា ព្រះវិហារវត្តដារ ឬវត្តដារសិលារាម ជាសំណង់សម័យសង្គមរាស្រ្តនិយម ដែលសេសសល់ពីសង្រ្គាមច្រើនជំនាន់មកហើយ។ វត្តនេះស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧ (ក្រចេះ-ស្នួល) ក្នុងភូមិសាស្រ្តឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ហើយជាវត្តដែលមានព្រះវិហារចាស់មួយសង់អំពីឈើ និងកំបោរបាយអ។ ក្នុងសម័យសាធារណរដ្ឋខ្មែរ ព្រះវិហារវត្តដារធ្លាប់រងគ្រោះពីគ្រាប់ផ្លោង ហើយនៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យគេបានយកព្រះវិហារនេះធ្វើរោងកាត់ដេរ។ ប៉ុន្តែក្រោយសង្រ្គាមរលត់ទៅ ពុទ្ធបរិស័ទជិតឆ្ងាយបានរៀបចំជួសជុល សាងព្រះជីវ៍ថ្មី គូរគំនូរឡើងវិញ និងកែលម្អរចនាសម្ព័ន្ធព្រះវិហារជាបន្តបន្ទាប់។
ជាការពិត បើយោងតាមសារបានវត្តដែលចាររក្សាទុកនៅក្នុងកុដិព្រះចៅអធិការឱ្យដឹងថា មុននឹងមានវត្តដារ នៅក្នុងភូមិស្រុកនេះមានវត្តមួយអ្នកស្រុកហៅថា “វត្តភូមិពោធិ៍”។ វត្តភូមិពោធិ៍ កកើតឡើងតាំងពីរវាងឆ្នាំ១៩៣២ មានទីតាំងស្ថិតនៅខាងត្បូងផ្លូវជាតិលេខ៧សព្វថ្ងៃនេះ ចម្ងាយប្រហែល៧០០ម៉ែត្រ ហើយដឹកនាំដោយព្រះចៅអធិការដំបូងព្រះនាម “នៅ”។ ប៉ុន្តែចូលមកដល់រវាងឆ្នាំ១៩៣៧ ដោយពុំដឹងហេតុអ្វីឱ្យប្រាកដ អ្នកស្រុកបានមូលមាត់គ្នារុះរើរំកិលវត្តភូមិពោធិ៍ មកកសាងនៅលើកូនទួលមួយស្ថិតនៅប្របខាងត្បូងផ្លូវជាតិលេខ៧វិញ ហើយហៅថា “វត្តដារ” រហូតមក។ លុះដល់រវាងដើមសម័យសង្គមរាស្រ្តនិយម ដឹកនាំដោយព្រះចៅអធិការព្រះនាម ចាន់ យ៉ត បានចាប់ផ្តើមកសាងព្រះវិហារមួយសម្រាប់គោរពបូជាតាមទំនៀមព្រះពុទ្ធសាសនា ហើយដែលឃើញគង់នៅមកដល់បច្ចុប្បន្ន។ បច្ចុប្បន្នគេមើលឃើញថាព្រះវិហារវត្តដារ គឺជាព្រះវិហារដ៏ចំណាស់មួយនៅក្នុងតំបន់ដែលមន្ទីរវប្បធម៌និងចិត្រសិល្បៈខេត្តក្រចេះ បានចុះក្នុងបញ្ជីសំណង់បុរាណនៅក្នុងវត្តតាំងពីឆ្នាំ២០១៩។ ព្រះវិហារនេះមានទទឹង១២ម៉ែត្រ និងបណ្តោយប្រវែង២១ម៉ែត្រ ហើយកសាងនៅលើកូនទួលមួយ មានខឿនពីរថ្នាក់ ព័ទ្ធជុំវិញដោយបង្កាន់ដៃនាគ។ នៅខឿនថ្នាក់ទី១ មានជណ្តើរនៅផ្នែកខាងមុខ និងខាងក្រោយ។ រីឯខឿនថ្នាក់ទី២ គឺមានជណ្តើរនៅចំហៀងសងខាង និងជណ្តើរផ្នែកខាងមុខ-ខាងក្រោយដែរ។ ប៉ុន្តែគេដឹងថារចនាសម្ព័ន្ធខឿនជុំវិញព្រះវិហារនេះទើបតែពង្រីកបន្ថែមក្នុងរវាងឆ្នាំ២០១៥។

តាមរយៈរូបថតរវាងទសវត្សទី៩០ រចនាសម្ព័ន្ធដើមនៃព្រះវិហារវត្តដារ គឺមានជណ្តើរខឿនពីរថ្នាក់ព័ទ្ធជុំវិញ តែគ្មានបង្កាន់ដៃនាគដូចសព្វថ្ងៃឡើយ។ ខឿនខាងក្រោមមានជណ្តើរ៣កាំ ហើយខឿនខាងលើមានជណ្តើរ៧កាំ។ មិនតែប៉ុណ្ណោះសសរបាំងសាចជុំវិញ គឺជាសសរជ្រុង មានចាប់ល្បាក់តាមគល់សសរ និងក្បាលសសរ។ រីឯដំបូលប្រក់ក្បឿងស្រកាលេញ បំពាក់លម្អដោយនាគចែងតាមចុងចែងនីមួយៗ។ ទន្ទឹមនឹងនោះគេសង្កេតឃើញថានៅលើហោជាងព្រះវិហារទៀតសោត គ្មានក្បាច់លម្អអ្វីទាំងអស់ ពោលគឺជាផ្ទៃហោជាងលាត។
សព្វថ្ងៃព្រះវិហារវត្តដារ ហាក់ដូចជានៅរក្សាទម្រង់ស្ថាបត្យកម្មចាស់បានមួយភាគធំ ពោលគឺនៅជាប្រភេទព្រះវិហារជហ្វាបួន ប្រក់ក្បឿងស្រកាលេញ និងរក្សាទុកគ្រឿងគ្រោងដំបូលឈើ។ នៅតាមចុងព្រំដំបូលខាងមុខមានជហ្វា២ ខាងក្រោយមានជហ្វា២ ចំណែកឯតាមចែងដំបូល គឺជានាគចែងដដែល។ ដូចគ្នានោះដែរក្បាច់លម្អនៅលើទ្វារនីមួយៗក៏នៅតែជាក្បាច់ដើមដដែល។ ប៉ុន្តែចំពោះសសរបាំងសាចជុំវិញព្រះវិហារ គេបានប្តូរជាសសរបេតុងមូល ហើយនៅតាមក្បាលសសរនីមួយៗលម្អដោយរូបកិន្នរ និងគ្រុឌ។
ចំណែកឯហោជាងព្រះវិហារវត្តដារនៅផ្នែកខាងមុខនិងខាងក្រោយ បានជួសជុលនិងកែលម្អថ្មីជាហោជាងឥដ្ឋបូកកំបោរបាយអ។ នៅលើផ្ទៃហោជាងទាំងពីរ គេរចនាក្បាច់ និងរូបលម្អដូចគ្នាទាំងស្រុង ពោលគឺជាក្បាច់ និងរូបយ៉ាងសាមញ្ញដែលមានរូបជើងពានតម្កល់គម្ពីរមួយ និងបាំងក្លស់មួយនៅខាងលើ។ ចំណែកផ្ទៃជុំវិញ បិទលម្អដោយក្បាច់ផ្កាច័នតូចៗជុំវិញ។ រីឯនៅត្រង់ជាយគែមហោជាងទាំងនោះ គេបិទក្បាច់ចង្វាយ និងក្បាច់ពងត្រី ដែលជាប្រភេទក្បាច់ចាក់ពុម្ពស៊ីម៉ងត៍។ សូមបញ្ជាក់ដែរថា នៅលើផ្ទៃហោជាងទាំងពីរនោះ ក្រៅពីក្បាច់យ៉ាងសាមញ្ញដូចបរិយាខាងលើ គេពុំឃើញមានចំណារកាលបរិច្ឆេទឬព័ត៌មានអ្វីពាក់ព័ន្ធនឹងព្រះវិហារនេះឡើយ។

ដោយឡែក នៅផ្នែកខាងក្នុងព្រះវិហារវត្តដារគេសាងឡើងឱ្យមានបីល្វែង។ អ្នកស្រុកពន្យល់ថា មុនការជួសជុលនៅផ្នែកខាងក្នុងនៃព្រះវិហារវត្តដារ គឺមានសសរឈើពីរជួរខាងមុខបល្ល័ង្កព្រះជីវ៍។ នៅផ្នែកខាងលើ ជាពិតានឈើ ហើយពុំមានគំនូរអ្វីពាក់ព័ន្ធនឹងរឿងពុទ្ធប្រវត្តិ តែមានគូររង្វង់ធំៗបីដូចឆពណ្ណរង្សី។ មិនតែប៉ុណ្ណោះ ព្រះជីវ៍ក្នុងព្រះវិហារ គេតម្កល់លើបល័ង្កឈើ។ ប៉ុន្តែចាប់ពីក្រោយឆ្នាំ១៩៩៨ គេបានសាងបាល្ល័ង្កថ្មថ្មីជំនួសវិញ ហើយបន្ទាប់មក គេរៀបឥដ្ឋផ្អោមសសរទាំងពីរជួរនោះឱ្យធំ ដើម្បីពង្រឹងការទល់ទ្រគ្រឿងបង្គុំផ្នែកខាងលើ។ ចំណែកឯពិតានឈើ គេទើបនឹងរុះរើចេញប្រហែលបី ឬបួនឆ្នាំមុន ដ្បិតដោយសារសភាពពិតាននោះពុកផុយខ្លាំងពេក។

ចំពោះគំនូរលើជញ្ជាំងខាងក្នុងនៃព្រះវិហារវត្តដារ គឺបានបំផ្លាញខូចខាតកាលពីសម័យសង្រ្គាម ហើយនៅក្នុងឆ្នាំ១៩៨៨ ទើបគេគូរឡើងវិញដូចឃើញសព្វថ្ងៃ។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ គឺព្រះសង្ឃ និងអាចារ្យ គណៈកម្មការវត្តបានមូលមាត់គ្នារក្សាផ្ទាំងគំនូរដើមមួយផ្ទាំងទុកជាភស្តុតាង។ ទន្ទឹមនឹងនេះ គេសង្កេតឃើញរបៀបគូរបង្ហាញប្រធានបទគំនូរថ្មីទៀតសោត គួរឱ្យចាប់អារម្មណ៍ក្រែលែង ដ្បិតគេដឹងថាជាងគំនូរខ្លះគឺជាអ្នកស្រុកដូចជាឈ្មោះ “ញឹម សាម៉ុន, មាស វុទ្ធា, និងចង់ ហេង(?)” ដែលទំនងគូរបង្ហាញតាមចំណេះ និងការយល់ឃើញផ្ទាល់ ហើយការបង្ហាញប្រធានបទរឿងនៅលើជញ្ជាំងហាក់ដូចជាចម្រុះគ្នារវាងសាច់រឿងវេស្សន្តរ និងពុទ្ធប្រវត្តិផង។ គំនូរចាស់ដែលគេរក្សាទុក គឺស្ថិតនៅលើជញ្ជាំងខាងជើងចុងខាងកើត។ គំនូរមួយផ្ទាំងនោះ បង្ហាញឱ្យឃើញពីទឹកដៃគូរយ៉ាងល្អវិចិត្រ នៅត្រង់ឈុតព្រះអង្គប្រោសពុទ្ធមាតានៅស្ថានត្រៃត្រិង្ស ឬខ្លះហៅថាព្រះអង្គយាងចុះជណ្តើរកែវ។ ឈុតត្រង់នេះហាក់ដូចជាសំខាន់ក្រៃលែងនៅក្នុងគំនូរតាមវត្ត ហើយតែងសង្កេតឃើញនិយមគូរមិនដែលភ្លេចឡើយ។ គេដឹងថាក្រោយពេលត្រាស់ដឹង ព្រះពុទ្ធអង្គយាងទៅសម្តែងធម៌ប្រោសមាតាដែលលាចាកលោក ហើយទៅចាប់កំណើតនៅស្ថានត្រៃត្រិង្ស។ ក្នុងពេលនោះមានព្រះឥន្រ្ទ ទេវតា និងទេពធីតាយ៉ាងច្រើនយាងមកស្តាប់ធម៌អស់រយៈពេល៣ខែ។ លុះយាងត្រឡប់មកវិញ ព្រះអង្កចុះតាមជណ្តើរកែវដ៏អស្ចារ្យ ដែលមានព្រះឥន្រ្ទ និងពពួកទេពនិករហែហមយ៉ាងគគ្រឹកគគ្រេង។


(រូបថត៖ វត្តដារ)
ចំណែកឯគំនូរថ្មី ភាគច្រើនគេគូរបង្ហាញសាច់រឿងជាតកផ្សេងៗ (រឿងវេស្សន្តរគូរច្រើនផ្ទាំង) នៅលើជញ្ជាំងចំហៀង។ ចំណែកនៅលើជញ្ជាំងខាងកើត ឈមនឹងព្រះជីវ៍ ដែលមានផ្ទៃជញ្ជាំងធំ គេគូរកណ្ឌខ្លះនៃរឿងវេស្សន្តរនៅជួរខាងលើ។ រីឯជួរខាងក្រោម គេគូរពុទ្ធប្រវត្តិបួនផ្ទាំងគឺ ព្រះអង្គទ្រង់ប្រសូត្រ នាងសុជាតាថ្វាយចង្ហាន់ សម្តែងបដិហារ្យ និងទ្រង់ចូលបរិនិព្វាន (សូមមើលរូបលេខ១៣ ម្តងទៀត)។ នៅលើផ្ទៃជញ្ជាំងចំហៀង ត្រង់កន្លែងទំនេរខ្លះ គេគូរឈុតផ្សេងៗក្នុងពុទ្ធប្រវត្តិនៅក្រោមរឿងជាតកដែរ។ ដូច្នេះជារួមមក គេមើលឃើញថាព្រះវិហារវត្តដារ គឺជាសំណង់បុរាណដែលបានជួសជុលច្រើនសារ ក្រោយទទួលរងគ្រោះដោយសង្រ្គាមជាច្រើនលើក។ រចនាសម្ព័ន្ធសំខាន់ខ្លះបានកែប្រែថ្មី តែអ្វីគួរឱ្យកត់សម្គាល់គឺស្លាកស្នាមគំនូរចាស់លើជញ្ជាំងព្រះវិហារបង្ហាញឱ្យឃើញទឹកដៃយ៉ាងវិចិត្រ។ ប៉ុន្តែយ៉ាងណាក្តី ចំពោះគំនូរថ្មីគេសង្កេតឃើញមានលក្ខណៈប្លែក ដ្បិតហាក់ដូចជាជាងគំនូរចង់រំឭកអំពីអតីតជាតិ (ជាតក) របស់ព្រះសម្មាសម្ពុទ្ធច្រើនជាងក្នុងជាតិជាព្រះពុទ្ធ (ពុទ្ធប្រវត្តិ)៕


អត្ថបទដោយ៖ ហៀន សុវណ្ណមរកត