ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹកប្រាសាទតារស់ K.៣៤៩

សិលាចារឹកប្រាសាទតារស់ K.៣៤៩

​តាម​គេហទំព័រ​ក្រុមការងារ​ផែន​ទីស្ថានីយបុរាណវិទ្យានៃប្រទេសកម្ពុជា (CISARK) បាន​ឱ្យដឹង​ថា ​​​​ប្រាសាទតារស់ មានទីតាំងនៅភូមិអូរក្សាន្ត ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មានចម្ងាយ៧គីឡូម៉ែត្រ(គ.ម.)ខាងកើតស្រុកជាំក្សាន្ត ៥គ.ម.ខាងកើតភូមិអូរក្សាន្ត និងនៅខាងត្បូងប្រាសាទនាគបួសឬអ្នកបួស។ ទិន្នន័យ​ក្នុងគេហទំព័រខាងលើ​ ​បាន​បញ្ជាក់​ថា ប្រាសាទនេះមានឈ្មោះផ្សេងទៀតដូចជា ប្រាសាទសូម៉ាប់ គឺ​ហៅតាម​ឈ្មោះ​ព្រៃដែលប្រាសាទនេះស្ថិតនៅ និង​ជាប្រាសាទត្រពាំងកកោះផង​ដែរ​។ នៅ​បរិវេណ​ប្រាសាទតារស់​ មានប្រាង្គបីរាងបួនជ្រុងស្មើដែលសាងសង់ពីឥដ្ឋ រត់​លើ​អ័ក្សជើងត្បូង បែរមុខទៅទិសខាងកើត និង​មានហោត្រៃមួយសង់ពីឥដ្ឋដែរនៅទិសអាគ្នេយ៍។ ប្រាសាទ​នេះក៏មាន​កំពែងឥដ្ឋ​​ ហើយ​ព័ទ្ធជុំវិញដោយគូទឹកផង និង​ចុះលេខ​ ៣០៤ ក្នុងបញ្ជី​ប្រាសាទបុរាណ​ខ្មែរ​របស់លោក លុយណេត៍ ឌឺ ឡាហ្សុងគីយែរ។ នៅក្នុងសៀវភៅប្រទេសកម្ពុជា​ ទាំង​បីក្បាល របស់លោក អៃម៉ូនីញ៉េរ ពុំមាន​សរសេរអំពីប្រាសាទនេះនៅតំបន់ម្លូព្រៃនោះទេ ដែល​អាចបញ្ជាក់បានថា លោកពុំបានចុះទៅដល់ ឬមានអ្នករាយការណ៍​អំពីប្រាសាទ​នេះ ទៅ​ដល់​លោកនោះឡើយ។

ប្រាសាទតារស់មានសិលាចារឹកពីរផ្ទាំងគឺ K.៣៤៩ និង K.៣៤៨។ សិលាចារឹកចុះលេខសម្គាល់ K.៣៤៩ ស្ថិតនៅលើមេទ្វារខាងត្បូងនៃប្រាង្គកណ្តាល ចំណែកនៅគោបុរៈខាងកើតនៃផ្លូវចូលខាងលិច នៅលើមេទ្វារខាងជើងមានសិលាចារឹកមួយផ្ទាំងទៀតដែលចុះលេខ K.៣៤៨។ សិលាចារឹក K.៣៤៩ មានចំនួន៣២បន្ទាត់ ចារជាភាសាខ្មែរ។ សិលាចារឹក K.៣៤៨ គឺជាសេចក្តីតពីសិលាចារឹក K.៣៤៩ មានចំនួន៣៦បន្ទាត់ និងចារជាភាសាខ្មែរ។ នៅពេលនេះយើងលើកយកតែសិលាចារឹក K.៣៤៩ មកសិក្សាតែប៉ុណ្ណោះ។

សិលាចារឹក​ប្រាសាទតារស់ K.៣៤៩ (ប្រភពរូប៖ CISARK)

លោក លុយណេត៍ ឌឺ ឡាហ្សុងគីយែរ បានបង្ហាញព័ត៌មាន​អំពីសិលាចារឹកទាំង​ពីរ​នេះ នៅ​​ក្នុង​សៀវភៅរបស់លោក ដែលបោះពុម្ព​ផ្សាយ​នៅក្នុងឆ្នាំ​១៩០៧។ តាមរយៈឯកសា​រ​នេះហើយ ទើប​លោកសាស្ត្រាចារ្យ ហ្ស៊ក សេដេស បានសិក្សាសិលាចារឹកប្រាសាទតារស់ K.៣៤៨ និង K.៣៤៩ ជាភាសាបារាំងនៅក្នុងសៀវភៅ សិលាចារឹកនៃប្រទេសកម្ពុជា ក្បាលទី៥ បោះពុម្ពផ្សាយឆ្នាំ១៩៥៣។ ចំណែកលោកសាស្ត្រាចារ្យ ហ្វីលីព ចេណ្ណឺរ បានសិក្សាសិលាចារឹកទាំងពីរនេះជាភាសាអង់គ្លេសនៅក្នុងស្នាដៃរបស់លោក Part xml, № 41 និងបានចេញផ្សាយនៅគេហទំព័រ http://sealang.net/ok/corpus.htm

អត្ថបទចារឹកនេះចុះកាលបរិច្ឆេទនៅមហាសករាជឆ្នាំ៨៧៦ ត្រូវនឹងគ្រិស្ត​សក​រាជ​ឆ្នាំ​៩៥៤ ពោលគឺនៅរាជ្យព្រះបាទស្រីរាជេន្ទ្រវម៌្មទេវ(គ.ស.៩៤៤-៩៦៨)។ អត្ថន័យនៃសិលាចារឹក គឺជាព្រះរាជបញ្ជានៃព្រះបាទស្រីរាជេន្ទ្រវម៌្មទេវ ត្រាស់​បង្គាប់ដល់ស្តែងអញម្នាក់នៅរុទ្រាដែលមានឋានៈជាចតុរាចារ្យថ្នាក់ទី២ ឱ្យទូលព្រះបន្ទូលទៅស្តែញសិវាចារ្យឱ្យទៅបញ្ចុះគ្រឹះកប្រាសាទនៅព្រះ​ក្តី(ព្រះកុដិ)ស្រីយសោធរាស្រម នៅសិវបាទ(ប្រាសាទនាគបួសឬអ្នកបួស)។ អ្នកនៅប្រាសាទសិវបាទបានថ្វាយដី២កន្លែងដល់ស្តែញសិវាចារ្យ។ ដីមួយនៅសង្វើយគាត់បានថ្វាយដល់អាស្រមវិញ។ ក្រោយមកគាត់ជាវដីនោះពីអ្នកទាំងនោះ និងជាវដីពីរកន្លែងទៀត។

យសោធរាស្រម គឺជាអាស្រម​ដ៏សំខាន់មានទីតាំងនៅតាមទីតាំងផ្សេងៗគ្នា​ក្នុង​រាជ្យ​ព្រះបាទស្រីយសោវម៌្មទី១ ដែលអ្នកស្រាវជ្រាវបារាំង គឺលោក ដូមីនិក សូទីហ្វ ចាត់ទុកជាសីមាកំណត់វិសាលភាពអាណាចក្រអង្គរ។ លោកបានចូលរួម​បង្កើត​គម្រោងស្រាវជ្រាវមួយ​ដោយ​​ដាក់ឈ្មោះថា «យសោធរាស្រម/Yaśodharāśrama» ដែលស្ថិតនៅក្រោម​អន្ដរ​ស្ថាប័ន EFEO/EPHE/APSARA។ ការស្រាវជ្រាវអំពីអាស្រមនេះ នៅតែបន្ដ​ការសិក្សា​នៅតាមបុរាណដ្ឋាននានា ឯលទ្ធផលជារួម នៅវែងឆ្ងាយទៅទៀត។​

ចំពោះស្ថាននាម «ភ្នំសិវបាទ» គឺជាស្ថាននាមសំខាន់មួយ ដែលអ្នកស្រាវជ្រាវជាច្រើន​បានខ្វល់ខ្វាយសិក្សា ដ្បិតថាស្ថាននាមនេះ ទាក់ទងនឹងព្រឹត្តិការណ៍សំខាន់មួយក្នុងរាជ្យព្រះបាទស្រីសូរ្យវម៌្មទី២។ នៅរបៀងខាងត្បូង ជ្រុងខាងលិចនៃប្រាសាទអង្គរវត្ត មានចម្លាក់ប្រជុំពលនិងព្យុហយាត្រាកងទ័ព នៅលើភ្នំនិងចុះពីភ្នំសិវបាទនេះ។ តាមព័ត៌មាន​សិលាចារឹកកន្លងមក ភ្នំសិវបាទ មានចំនួនបីទីតាំងគឺ ភ្នំសិវបាទបូព៌ ភ្នំសិវបាទបស្ចិម និងភ្នំសិវបាទ។ លោក សុខ កែវ សុវណ្ណារ៉ា​ ធ្លាប់សិក្សា​ពីស្ថាននាមនេះ ចុះផ្សាយក្នុង​ AMS អរិយធម៌ខ្មែរនាពេលកន្លងមករួចហើយ។ សូមអានឯកសារនោះលម្អិត តាមរយៈតំណភ្ជាប់​នេះ៖ https://ams.com.kh/khmercivilization/detail/7809

អត្ថបទដើមជាអក្សរទំនើប

១-      ៙៨៧៦ឝកនុមាន៑វ្រះឝាសនធុលីវ្រះបា

២-      ទធុលីជេង៑វ្រះកំម្រតេង៑អញ៑ឝ្រីរាជេ

៣-     ន្ទ្រវម៌្មទេវតស្តេង៑អញ៑អាយ៑រុទ្រាតចតុ

៤-      រាចាយ៌្យណាទោបន្ទ្វល៑តស្តេញ៑ឝិវាចា

៥-      យ៌្យប្រេមោក៑ទុក៑ជេង៑ឥត៑តគិវ្រះ

៦-      កុតិឝ្រីយឝោធរាឝ្រមអាយ៑ឝិវបាទ

៧-      គិតំរ្រ្វច៑វ្រះកុតីនុវខ្លោញ៑អ្នក៑វ្រះកុ

៨-      តិយនុស្តេញ៑ខ្លោញ៑វ្នំមនុបាទមូលកំម្រ

៩-      តេង៑ជគត៑ឝិវបាទឱយ៑ទក្ឞិណាផ្ទៃ

១០-    ករោំអាយ៑ស្វាយ៑យ៌្យប៑តស្តេញ៑ឝិវាចា

១១-    យ៌្យមន៑កឆ្លោង៑គិវ្រះកុតិឝ្រីយឝោធរា

១២-    ឝ្រមគិតំរ្រ្វច៑វ្រះកុតិនុខ្លោញ៑អ្នក៑ផោង្ងនុ

១៣-   ស្តេញ៑ខ្លោញ៑វ្នំមនុបាទមូលកំម្រតេង៑ជ

១៤-    គត៑ឝិវបាទឱយ៑ទក្ឞិណាផ្ទៃករោំអាយ៑

១៥-    សំវេយ៑តស្តេញ៑ឝិវាចាយ៌្យកគិនោះ

១៦-    ផ្ទៃករោំនោះតជាទក្ឞិណាហោង៑វិង៑ជៅ

១៧-   សោត៑តគិតំរ្រ្វច៑វ្រះកុតិនុខ្លោញ៑អ្នក៑

១៨-    វ្រះកុតិនុស្តេញ៑ខ្លោញ៑វ្នំមនុបាទមូលនុកំ

១៩-    ម្រតេង៑ជគត៑ឝីវបាទគិទ្រវ្យនុជៅវ៑

២០-    ផ្ទៃករោំនោះតម្រ្យ១វត៑១វៅទិចំទោង៑ប្រ

២១-    ក៑១វៅទិម្វយ៑តិបទិគះ១ស្វោក៑១ខល៑ប្រក៑២

២២-   មាស៑លិង៑១តាម្រទ្រវ១កមន្ទលុ២ក្របិ៥

២៣-   ចន្ល្យាក៑វាស៑៥ឱយ៑ហ្វប៑លេវ្ឭ·រីយ

២៤-    ផ្ទៃករោំតោយ៑ទក្ឞិណវ្រៃបតៅតិជៅ

២៥-    តវាប៑ហ្ឫទយវាប៑អាវាប៑ទាតាញធម៌្ម

២៦-    តាញ៑បីត៑នុវ៑កុលេស្មោង៑វ្នស៑ផោង្ងគិទ្រវ្យ

២៧-   នុជៅវនោះភូមិនោះវៅទិជ្យង៑៦ចន្ល្យា

២៨-   ក៑វាស៑២ស្រុភៃ២ឱយ៑ហ្វប៑នុវវេលេវ្ឭ·រិយ៑

២៩-   ផ្ទៃករោំតោយ៑ទក្ឞិណនោះហឆ្លោង៑យោ

៣០-   ក៑តិជៅតវាប៑បិត៑វាប៑ធម៌្មនុអ្មេវាប៑ធម៌្ម

៣១-   គិទ្រវ្យនុជៅទោប៑១ថ្នប៑[[១]]ផ្កាត្រសិក៑១ស្វោក៑[[១]]

៣២-   ឱយ៑ហ្វប៑លេវ្ឭឱយ៑ផ្លាស៑·​

អត្ថបទប្រែសម្រួល

(១-៥) មហាសករាជឆ្នាំ​៨៧៦ នូវមានព្រះសាសន៍ធូលីព្រះបាទធូលីជើងព្រះគម្តែងអញ​​​ស្រីរាជេន្ទ្រវម៌្មទេវ (ត្រាស់)ដល់ស្តែងអញនៅឯរុទ្រាជាចតុរាចារ្យនាថ្នាក់ទី២ (ឱ្យ​ទូល​​ព្រះ​)បន្ទូល(ឱ្យ)ដល់ស្តែញសិវាចារ្យ (ដើម្បី)ប្រើមកបញ្ចុះគ្រឹះក(ប្រាសាទ)ឥដ្ឋនៅព្រះ​ក្ដី​​(កុដិ​​)​ស្រីយសោធរាស្រមឯ(ប្រាសាទ)សិវបាទ។

(៦-១១) តម្រួតព្រះក្ដី ប្រធានអ្នកបម្រើព្រះក្ដី ស្តែញខ្លោញភ្នំ(ចៅអធិការប្រាសាទ) និងបាទមូល(មេក្រុមអ្នកបម្រើនៃប្រាសាទ)គម្តែងជគតសិវបាទ ថ្វាយគ្រឿងរណ្តាប់បូជា(ជា)ដីនៅឯស្វាយរៀបដល់ស្តែញសិវាចារ្យ។

(១១-១៦) នា(ពិធី)ឆ្លងព្រះកុដិស្រីយសោធរាស្រម តម្រួតព្រះក្ដី ប្រធាន​អ្នកបម្រើទាំងឡាយ ស្តែញខ្លោញភ្នំ និងបាទមូល(មេក្រុមអ្នកបម្រើនៃប្រាសាទ)គម្តែងជគតសិវបាទ ថ្វាយគ្រឿងរណ្តាប់បូជា(ជា)ដីនៅឯសង្វើយ​ដល់ស្តែញសិវាចារ្យ។ គឺដីនោះ (ស្ដែញ​សិវា​ចារ្យ) ​ថ្វាយ​ជាគ្រឿងរណ្តាប់​បូជា(អាស្រម)វិញ។

(១៦-២៣) (ដីនោះ)ជាវពីតម្រួតព្រះក្ដី ប្រធាន​អ្នកបម្រើព្រះក្ដី ស្តេញខ្លោញភ្នំ បាទមូល និង(ប្រាសាទ)គម្ដែងជគតសិវបាទ។ ទ្រព្យ(ដែលយកទៅ)ជាវដីនោះ(មាន)ដំរី១ វាត់(ខ្សែក្រវាត់?)១ ថូវៅទិជំទង់(ធ្វើពី)ប្រាក់១ ថូវៅទិមួយ(ធ្វើពី)ដី បទិគះ(កន្ថោរស្ដោះ)១ ស្ពក១ ខាលប្រាក់២ មាស១តម្លឹង ថូទង់ដែង(តាម្រទ្រវ)១ ថូកមណ្ឌលូ២ ក្របី៥ សម្លៀក៥វាស់ ឱ្យ(ដីសម្រាប់គោក្របី)ស៊ី(ស្មៅ)លើភ្លឺ។

(២៣-២៨) រីឯដីនៅខាងត្បូងព្រៃផ្តៅដែលជាវពីវាបហឫទ័យ វាបអា វាបទា តាញ​ធម៌ តាញបិត និងក្រុមគ្រួសារជាអ្នកវាស់វែង។ ទ្រព្យ​(ដែលយកទៅ)ជាវ​ដីនោះ​(មាន) ថូ​វៅ​ទិ​​​៦ជញ្ជីង សម្លៀក​២វាស់ ស្រូ​៤០ ឱ្យ(ដីសម្រាប់)ពពែ(ស៊ីស្មៅ)លើភ្លឺ។

(២៨-៣២) រីដី​នៅទិសខាងត្បូង​នោះ​(ដែល)(ធ្វើពិធី)ឆ្លង(និង)យក​ (គឺ)​ជា​ពី​វាបបិត​ វាប​​ធម៌​​ និង​ម្ដាយវាបធម៌។ ទ្រព្យ​(ដែលយកទៅ)ជាវ(មាន) ទោប១ ផួយឬផាហ៊ុម១ ផ្កា​សៀត​​ត្រចៀក​ឬផ្កាត្រសេក​១ ស្ពក១ ឱ្យ​(ដីសម្រាប់​សត្វស៊ីស្មៅ)លើភ្លឺ ឱ្យ​(កន្លែង)​ផ្លាស់​(សត្វ)។

វាក្យសព្ទសំខាន់ៗ

កុតិ (សំ. កុដិ) > ក្តី​៖ លំនៅរបស់អ្នកបួស, នៅសម័យបុរាណពាក្យនេះមានន័យដូច “តួប៉មប្រាសាទ” ដែរ។

ខ្លោញ៑អ្នក៑៖ < ខ្លោញ៑+អ្នក៑។ ខ្លោញ៑ >ខ្លោង៖ មេខ្លោង, ប្រធាន។ អ្នក៑ ៖ អ្នកបម្រើ។ ខ្លោញ៑អ្នក៑ គឺប្រធានអ្នកបម្រើ។

ឆ្លោង៑ > ឆ្លង៖ ធ្វើបុណ្យសម្រេចបញ្ចប់ ឲ្យចម្រើនកុសលថែមឡើងទៀត។

ត្រសិក៑៖ ~ត្រចៀក, ត្រសេក។

តំរ្រ្វច៑៖ អ្នកមានតួនាទីដើរត្រួតត្រា មើលខុសត្រូវ។ ពាក្យនេះសៀមយកមកប្រើជា ตำรวจ (អានថា តាំរួត) មានន័យថាប៉ូលិស ហើយខ្មែរយកបន្តពីសៀមមកក្លាយជា តម្រួត មានន័យ​ថាដាក់ត្រួតបន្តុបលើគ្នា ឬអ្នកត្រួត។

ទក្ឞិណា (សំ.)៖ រង្វាន់ឬប្រាក់សគុណចំពោះគ្រូ ឬព្រាហ្មណ៍, តង្វាយ,…។

ទុក៑ជេង៑ឥត៑៖ ទុកជើងឥដ្ឋ, បញ្ចុះគ្រឹះកសាងប្រាសាទឥដ្ឋ។

បាទមូល (សំ.)៖មេក្រុមអ្នកបម្រើ។

ផ្ទៃករោំ៖ ផែនដី, ដី។ ឧទាហរណ៍៖ គម្តែងផ្ទៃក្រោម គឺម្ចាស់ផែនដី(ព្រះរាជា)។

វ្ឭ  > ភ្លឺ។

ស្តេញ៑ខ្លោញ៑វ្នំម៖ ចៅអធិការប្រាសាទ។ វ្នំម~វ្នំ > ភ្នំ មានន័យថាភ្នំផង និងប្រាសាទផង។ នៅទីនេះគឺសំដៅដល់ប្រាសាទ។

ស្មោង៑វ្នស៑ ៖ អ្នកវាស់វែង។ ស្មោង៑ < សោង៑ (សង់) + [-ម៑-], វ្នស៑ < វស៑ (វាស់) + [-ន៑-]។

អត្ថបទដោយ៖ លោក ហ៊ុន ឈុន តេង

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!