ទំព័រដើមនិទានកថារឿងផ្កាស្រពោន (ភាគទី៥)

រឿងផ្កាស្រពោន (ភាគទី៥)

ថ្ងៃនោះឯងនាងបានហៅសំឡាញ់ជាល្បែងថា បងប៉ូលៗ។ ប៊ុនធឿនក៏ឆ្លើយហៅនាងថា អូន វៀហ្សីនី វិញ។ នាងនឹកដល់កាលដែលប៊ុនធឿនជិតឡើងរថយន្តចាកចេញទៅរៀនក្រុងភ្នំពេញ។ ថ្ងៃនោះប៊ុនធឿន បានខ្សិបនឹងនាងថាៈ

អូន! បួនឆ្នាំទៀត យើងនឹងជួបគ្នាលែងឃ្លាតហើយ។ នាងវិធាវី កន្ទក់កន្ទេញទោម្នេញនិន្ទ្រាមិនលក់​ ចេះតែប្រែបម្រះខ្លួន ហាក់ដូចពូកកន្ទេលនាងក្លាយទៅជារងើកភ្លើង។

នៅជិតខាង យាយនួនគាត់ស្រម៉ុកក្រោកក្រាកៗ។ នៅខាងក្រៅផ្ទះ ខ្យល់បក់ហ៊ូរៗបោកធាងដូងទៅលើដើមជំពូរ។ មាត់មាន់ក៏រងាវម្តងៗល្វើយៗ ឯសំរែកខ្លែងស្រាក់ក៏បញ្ចេញឡើងធ្វើឲ្យព្រឺខ្លួន ជនណាដែលមានដំណេករឹង។

ភូមិកំពង់ព្រះ ជាភូមិមួយនៅចំងាយ១៥គីឡូ ពីក្រុងបាត់ដំបង។ ថ្នល់ក្រាលជ័រទៅភ្នំពេញ ពុះកាត់ភូមិនេះចំពាក់កណ្តាល។ អ្នកស្រុកទាំងអស់គ្នារកទទួលទានតែនឹងស្រែ និងស្រូវប៉ុណ្ណោះ។ នៅតាមមាត់ថ្នល់ទាំងសង្ខាង មានផ្ទះថ្ម ឬផ្ទះឈើប្រក់ក្បឿងជារបស់ចិន ឬកូនចៅចិន ដែលមានរបរលក់ដូរទំនិញខោអាវ ម្លូស្លា ទឹកត្រី ទឹកស៊ីអ៊ីវ ខ្ទឹម ម្រេច និងស្រា។ នៅខាងក្រោយ ឬចំហៀងគេហដ្ឋាននេះមានជង្រុកធាត់ៗធំៗ។ ផលទាំងពួងដែលកើតឡើងដោយញើស ដោយឈាមអ្នកស្រែទាំងនោះតែងប្រមូលគរនៅក្នុងជង្រុងនេះ។ ដល់រដូវ វស្សាពេលដែលស្រូវតែងឡើងថ្លៃក្រឺតៗ មានរថយន្តផ្ទុកបើកចេញចូលគគ្រឹកគគ្រេង​ដឹកជញ្ជូនស្រូវទៅដាក់ស្ថានីយ៍បាត់ដំបង។

នៅចុងភូមិខាងត្បូង ត្រង់មាត់អូរមុខវត្ត មានផ្ទះមួយខ្នងសង់ជារោងដោល ដ៏មានដំបូលប្រកក្បឿងដែលស្លែកាន់ ហើយជ្រកក្រោមក្រោមស្វាយមួយដើមដ៏មានមេឃសាខា។ នៅទីធ្លាផ្ទះនោះឯង គេមានដាំដើមកុលាប ម្លិះ និងចំប៉ា ដែលមានផ្ការីកស្គុះស្គាយជាលម្អ ហើយមានគន្ធល្វឹងល្វើយរសាត់ទៅតាមវាយោ។ ផ្ទះនេះមានសភាពស្ងាត់ជញ្ជ្រងឥតមានមាន់ខ្តត ទា ឬជ្រូក ស្រែកដូចនៅផ្ទះអ្នកជិតខាងឡើយ។ ផ្លូវខ្សាច់មួយសំបុរលឿងឆ្អិនសម្រាប់នាំអ្នកដំណើរចុះពីថ្នល់ធំទៅកាន់ជណ្តើរឈើ ដែលលាបថ្នាំពណ៌ខៀវចាស់។

ផ្ទះនេះនៅស្ងាត់ជ្រងំ គ្មានឮមាត់មនុស្សសោះ ឮតែនាឡិកាភ្លេងមួយដើរតិកតក់ តិកតក់ និងសូររ៉ោៗ នៃយន្តដេរមួយ។ នៅជិតបង្អួចដែលបែរមុខទៅរកធ្លា និងយុវនារីម្នាក់ធាត់មាំ ស្លៀកសំពត់ខ្មៅចងក្បិនពាក់អាវទេសឯកស។ អង្គុយខិតខំធ្វើការ ឥតមើលនាយអាយឡើយ។ មាណវីនេះ ទុកសក់ប្រាសស្មារ ឯដងខ្លួននាងក៏ងក់ងើបៗ​ យោលចុះឡើង ដោយជើងនាងធាក់ឈ្នាន់យន្ត ហើយបណ្តាលឲ្យរំជួលដល់ទៅខ្សែកមាស ដែលភ្ជូរបណ្តោងនិល មួយគ្រាប់នៅលើសុរង។ នាងខំធ្វើការនេះខ្ជាប់ខ្ជួនណាស់ ទាល់តែមានញើសគ្រាប់ល្អិតៗដេរដាសលើចុងច្រមុះ។

នៅខាងស្តាំមាត់ទ្វារ មាកក្តារងឿធំក្រាស់មួយ ដែលជូតខាត់ឡើងរលោងស្រិល។ នៅលើក្តារងឿនេះ បុរសម្នាក់ស្លៀកខោលាញ់ខ្មៅ ខ្លួននៅទទេ ដេកជើងគងអន្ទាក់ខ្លា ដៃស្តាំគងថ្ងាសនៅស្ងៀមស្តូក។ តើគាត់ដេកលក់ឬ? មិនមែនលក់ទេ ព្រោះយូរៗម្តងគាត់យកដៃស្តាំដែលគងថ្ងាសនោះទៅស្រវ៉ាចាប់ក្រម៉ាមួយមកបក់មូស និងរុយដែលធ្វើឲ្យគាត់មានរំខាន។

ក្រោយពីនោះបន្តិចមក គេឃើញគាត់ប្រែខ្លួនមកខាងឆ្វេង ហើយមានសំដីយ៉ាងទន់ផ្អែមទៅកាន់នាងក្រមុំដែលដេរយន្តថា៖

សោភ័ណ កូនម៉ោងប៉ុន្មានហើយ? នារីនោះក៏ឈប់ដេរ ហើយដើរមកសំឡឹងមកនាឡិកាធំដែលដើរតិកតក់ តិកតក់។ ម៉ោងជិតបួនហើយចិក។ អឺល្មមឈប់ដេរហើយកូន។ រកឧស ទឹក ដាំបាយទៅ។ ចាស ចាំខ្ញុំបង្ហើយអាវនេះមួយរំពេចសិន ព្រោះគេអ្នកជួលបន្ទាន់យកល្ងាចនេះ។ យី ចុះប៊ុន ធឿន វាទៅណាបាត់ទៅណ៎? បងគាត់ទៅជួយស្ទូងម៉ែចិក បុរសនេះកាលបើឮបុត្រីខ្លួនថាដូច្នោះហើយ ក៏ដកដង្ហើមធំ​ តែនៅស្ងៀមមិនចេញស្តីថាអ្វីឡើយ។ ចិក ប៊ុន​ ថននេះ គាត់អាយុ៥០សិបប្លាយឆ្នាំហើយ។ សក់គាត់នៅខ្មៅ តែកាត់ខ្លី រូបរាងគាត់នៅរឹងមាំណាស់ មុខរាហ៍ ថ្ងាសទូលាយ ដែលមានរស្មីភ្នែកថ្លាយង់ មកសំដែងឲ្យឃើញថា បុរសនេះជាមនុស្សចិត្តល្អ មានសណ្តោសដល់អ្នកជិតខាង។ កាលពីមុនគាត់មានបាវព្រាវ  មានញាតិមិត្តចុះឡើងកុះករណាស់។ ឥឡូវនេះគាត់មានសេចក្តីព្រួយ ដោយគាត់មានគ្រោះថ្នាក់ខាតក្នុងជំនួញស្រូវយ៉ាងសំបើម។ សម្បត្តិទ្រព្យ ទូរ គ្រឿងមាសប្រាក់ និងស្រែភ្លឺខ្លះ គាត់បានលក់យកប្រាក់សងជំពាក់បំណុលស្រេចហើយ។ គ្រានេះគាត់នៅសល់សឹងតែសំបកផ្ទះទទេ។ ខ្ញុំកំដរអ្វីវាចេញទៅនឹងគេដទៃ លើកលែងតែតាសូមួយ ដោយគាត់ធ្លាប់បម្រើពឹងពាក់អាស្រ័យមកជាយូរថ្ងៃហើយ។

សូមអ្នកអានទាំងឡាយជ្រាបថា ចិក ប៊ុន ថន គាត់មិនមែនក្រដុនដាបដល់ថ្នាក់សុំទាននោះក៏ទេដែរ។ តែមនុស្សយើង ដែលធ្លាប់មានមុខមាត់នឹងគេហើយ លុះមកធ្លាក់ក្នុងអន្លង់នៃសេចក្តីព្រួយដូច្នេះ ក៏សឹងតែមានចិត្តរំខានម៉ងសៅពុនប្រមាន។

ពីដើមមក គាត់បានខ្នះខ្នែង ម៉ត់ចត់ ក្នុងវិជ្ជាជីវៈណាស់។ ឥឡូវសេចក្តីទុក្ខព្រួយធ្វើឲ្យគាត់ទន់ដៃទន់ជើងរកនឹកធ្វើការងារអ្វីពុំកើត។ នាងសោភ័ណ លុះឈប់ដេរហើយ ក៏ដើរចូលទៅក្នុងជើងក្រាន ហើយកាន់ពោតមួយចាន យកមកជូនឪពុកៈ

ចិក នេះពោតស្ងោរក្តៅៗ ចិកពិសារទៅផ្អែមល្អណាស់។ ចិក ប៊ុន ថន គាត់យកដៃគះចាននោះចេញ ហើយឆ្លើយថាៈ ទេកូន ឯងទុកឲ្យម៉ែ និងបងឯងស៊ីចុះ គេធ្វើការនឿយ ចិកមិនឃ្លានទេ។ នាងសោភ័ណមិនឆ្លើយតបថាអ្វីឡើយ។ នាងឈរសំលឹងមុខឪពុកធ្វើភ្នែក   លឹងឡង់មួយសន្ទុះក៏ស្ទុះទៅយកក្រមាបង់កមកខ្ទប់មុខជូតទឹកភ្នែក។

ដើម្បីនឹងបន្លប់សេចក្តីចំបែងក្នុងចិត្ត នាងក៏យកខ្អមមួយចុះទៅដងទឹកអណ្តូងដាក់ពាង យកពូថៅពុះឧស រួចហើយបង្កាត់ភ្លើងស្លរដណ្តាំទុកជូនគ្រួសារនាង។

សែងព្រះអាទិត្យអស់ស្តង្គត ចាំងស្លឹកដើមត្នោតដែលដុះក្នុងខឿនវត្តឡើងក្រហម រ៉ែៗ។ ចាបដែលសំបុក្រភ្ជូររយោងទៅចុងធាងរុក្ខជាតិ ក៏និយាយប្រឡែងគ្នាទ្រហឹងអឹងកង។ នៅពេលនោះស្ត្រីម្នាក់អាយុកណ្តាលមនុស្ស និងក្មេងកំឡោះម្នាក់មុខស្ងួតស្ងប់ សំបុរស្បែកឡើងទង់ដែង ដោយត្រូវកំដៅថ្ងៃ ដើរមកពីខាងត្បូងចូលមកក្នុងភូមិ។ មនុស្សទាំងពីរនេះ ស្លៀកពាក់ខោអាវធ្លុះ ហើយមានដំណើរធេងធោង ដោយអស់កម្លាំងជ្រុលពេក។

ប៊ុន ធឿន ក្មេងកំឡោះនោះឯងឈ្មោះ ប៊ុន ធឿន ដែលយើងបានស្គាល់ពីមុនមកហើយ ត្រឡប់មកពីជួយដកស្ទូងនាងង៉ាន់ជាម្តាយ។

ពួកកូនសិស្សទាំងឡាយក្នុងវិសម្សកាល តែងបានសម្រាកសម្រាន្តលេងសើចសប្បាយ។​ មិនដូច្នោះឡើយ ប៊ុន ធឿន គ្នាធ្វើការយ៉ាងដុនដាប។

លុះដល់ផ្ទះហើយ ប៊ុនធឿន ក៏ចូលទៅផ្លាស់ខោអាវស្រែស្លៀកសារ៉ុង ទុកខ្លួននៅទទេ ទើបមកអង្គុយជិតឪពុកធ្វើមុខជូរស្ងួត។ នាងសោភ័ណ ឃើញគ្រួសារមកជួបជុំហើយ ក៏ទៅលើកម្ហូបបាយដាក់លើក្តារងឿ អញ្ជើញម៉ែឪ និងបងឲ្យពិសារ ឯខ្លួននាងក៏ចូលអាស្រ័យជាមួយ ដែរ។ ដើម្បីនឹងបង្វែងផ្លូវពីសេចក្តីតឹងទ្រូងចេញ នាងសោភ័ណក៏ធ្វើជាសាកសួរទៅម្តាយថាៈម៉ែ ម៉ែស្ទូងបានប៉ុន្មានហើយ? អឺកូនបានស្រែពីរហើយ។ ប៊ុន ធឿន ចេះស្ទូងរហ័សណាស់។ អ្នកផងគេតែងនិយាយថា ក្មេងដែលបានរៀនសូត្រនៅសាលាបារាំង ច្រើនស្អប់ខ្ពើមការងារស្រៃចំការ។ បងឯងនេះធ្វើឲ្យឃើញថា និយាយដូច្នោះជាការមិនពិតឡើយ។

(សូមតាមដានភាគទី៦ នៅសប្តាហ៍ក្រោយ)

រៀបរៀងដោយ៖ កញ្ញា មាស សុភាព

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!