ទំព័រដើមសិល្បៈសារបានព្រះវិហារ​វត្ត​រោង​ដំរី

សារបានព្រះវិហារ​វត្ត​រោង​ដំរី

វត្ត​រោង​ដំរី ស្ថិត​នៅ​ក្នុង​សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ខេត្ត​ព្រៃវែង។ ព្រះវិហារ​វត្ត​នេះជា​ព្រះវិហារ​ជហ្វា​បួន​ដ៏​ធំ​ទូលាយ​ ហើយបើផ្អែក​តាម​សាវតារវត្ត​​ឱ្យដឹង​ថា​ព្រះ​វិហារ​កសាង​ឡើង​តាំង​​ពី​​​​រ​វាង​ពាក់​​​​កណ្តាល​ទសវត្សរ៍​ទី​៤០ ​ដែល​បាន​ឆ្ល​ង​កាត់​សង្រ្គាម​​​ជា​ច្រើន​ជំនាន់​មក​ហើយ។ អ្នក​ស្រុក​​​​និទាន​ថា ដើម​ឡើយ​នៅ​ក្នុង​ព្រះ​វិហារ​វត្ត​ធ្លាប់​​តម្កល់​​ព្រះ​ពុទ្ធ​បដិមា​សំរឹទ្ធ​មួយ​ព្រះអង្គ​​ដ៏​មាន​បារមី​​ខ្លាំង​​ពូកែ។ ប៉ុន្តែ​ជា​អកុសលនៅ​សម័យ​​​កម្ពុជា​​ប្រជា​ធិបតេយ្យ ​គេ​បានយក​ព្រះ​វិហារ​ធ្វើ​ជា​កន្លែង​ចិញ្ចឹម​សត្វ ហើយក្នុងរវា​ង​​​​ទសវត្សរ៍​​ទី៩០ ព្រះបដិមា​សំរឹទ្ធ​ត្រូវ​ជន​ទុច្ចរិត​ចូលប្លន់​​យក​ទៅបាត់ទាំង​យប់។

ជាការពិត បើផ្អែក​តាម​​ផ្ទាំង​ចារឹក​​ចារជាប់​​ជញ្ជាំង​ខាងលិច​នៃ​ព្រះ​វិហារ​វត្ត​រោង​​ដំរី​​​(រូបលេខ​២) ឱ្យ​ដឹង​ថាចាប់តាំងពីកកើត​វត្តមក វត្តនេះ​បាន​ការ​ផ្ចុង​ផ្តើម​​ជ្រោម​ជ្រែងខ្លាំង​​ពី​សំណាក់​​​ព្រះ​សង្ឃ​​មួយ​​អង្គ​ព្រះនាម​ យក់ យិម ដែល​មាន​នាទី​ជា​ព្រះចៅអធិការ​​​​​​វត្ត​ និង​ជា​អតីត​អនុ​គណ​​គណៈ​មហានិយាយ​​ ​ដឹកនាំ​​រៀបចំ​បរិវេណវត្ត​ ចាក់ដី​បំពេញ​ថ្លុក​​ត្រពាំង​ឱ្យ​រៀបស្មើ​ ជីកស្រះ១ និង​សាង​កុដិ​ក្បឿងចំនួន​៨ ​នៅក្នុង​ឆ្នាំ​១៩២៥​។ លុះ​ដល់​ឆ្នាំ​១៩៣៦ ព្រះ​​អង្គ​​បាន​ដឹកនាំកសាង​សាលា​បាលី សាលា​សម្មាធិ ជាវ​គម្ពីរព្រះត្រ័យ​បិដកតម្កល់​ទុក​ក្នុង​សាលា ហើយ​​និមន្តអាចារ្យ​មក​បង្រៀនផង។ ​ចូល​ដល់​ឆ្នាំ​១៩៤៦ ព្រះ​អង្គ​បាន​ដឹក​នាំ​ពុទ្ធ​​បរិស័ទ​​កសាង​​ព្រះ​វិហារ​ជា​ថ្មី​។ ដូច្នេះ​តាម​រយៈ​​​សេចក្តី​ចុងក្រោយ​នេះ បានន័យ​ថា​​​ព្រះ​វិហារ​​វត្ត​រោង​ដំរី​កកើត​​ឡើង​​យូរ​យារ​ណាស់មកហើយ។

ដូចបាន​បញ្ជាក់​មកខាងលើ ព្រះវិហារ​វត្ត​រោង​ដំរីជា​ទម្រង់​ព្រះវិហារ​ជហ្វាបួន​មួយ​បែប​ដែល​​សាងសង់​​ឱ្យ​មាន​លក្ខណៈ​ធំទូលាយ​ជាង​ព្រះវិហារ​ជហ្វា​បួន​ផ្សេងៗ។ ដំបូល​​​ព្រះ​វិហារ ​គេសង់​ឡើង​ឱ្យ​មាន​​រាង​​ជ្រាលចុះ​សង​ខាង​​បីថ្នាក់​ ​ហើ​យ​​ប្រក់​​ប្រភេទ​ក្បឿង​​រលោង (គេពុំ​ចាំថា​ជួសជុល​ឆ្នាំណា​ឡើយ​) ​(រូបលេខ​៣-៤)។ ព្រះវិហារ​នេះ​សង់​នៅ​លើ​​ខឿន​​​ថ្មខ្ពស់​បី​​ថ្នាក់ មាន​ជណ្តើ​រ​ឡើង​តែ​ផ្នែក​​ខាង​មុខ​ និង​ខាងក្រោយ ព្រម​ទាំង​មាន​ទ្វារ​ចូល​ខាងក្រោយ​ពីរ ខាងមុខបី និង​ចំហៀង​សង​ខាង​ម្ខាង​ពីរ។ ជុំវិញ​​ព្រះវិហារ​​ មានសសរ​បេតុង​មូលធំៗ និង​ជញ្ជាំង​រៀប​ឥដ្ឋ​បូក​កំបោ​រ​បាយ​អរ ទ្រ​ដំបូល​និង​​គ្រឿង​បង្គុំ​​ឈើ​​ផ្នែក​ខាងលើ។ មិន​តែប៉ុណ្ណោះ នៅ​ជុំ​វិញ​​​​ខឿនព្រះវិហារ​​ គេ​សង្កេត​ឃើញ​​មាន​​ចេតិយ​បុរាណៗ​ដែល​មាន​សភាពបាក់​បែក​មួយ​​​ចំនួន​​គួរឱ្យ​កត់​សម្គាល់។

ព្រះវិហារ​មើល​ពីក្រោយ

ដោយឡែក ប្រសិនបើមើល​លម្អិត​​លើការ​តុប​តែង​​នៅ​​តាម​ចុង​​ដំបូល គេឃើញ​​មាន​លម្អ​​ដោយ​នាគ​​ចែង​ ហើយ​តាម​ក្បាល​សសរ​ជុំវិញ​ លម្អ​ដោយ​​គ្រុឌ​និងអៃរ៉ា​​​ ព្រម​ទាំង​មាន​ក្បាច់​រង​ស្បូវ​​ចាក់​ពុម្ពស៊ីម៉ងត៍​យ៉ាង​ល្អ​វិចិត្រ​ផង។ រីឯក្បាច់លម្អ​តាម​សសរ​​​ជាប់​ជញ្ជាំង និង​ក្បាច់​លម្អ​ស៊ុម​ទ្វារ-បង្អួច​ទាំងអស់ជុំវិញ​ព្រះវិហារ ក៏ប្រើ​ជា​ប្រភេទ​ជា​​ក្បាច់​​ពុម្ពស៊ីម៉ងត៍​ដែរ​។ ប៉ុន្តែ​យ៉ាងណាក្តី គេសម្គាល់ឃើញ​​សន្លឹក​ទ្វារ​-បង្អួច​​នៃព្រះ​វិហារ​​​​នេះ​​ ជា​ប្រភេទ​សន្លឹក​ទ្វារ​-បង្អួច​​ធ្វើ​អំពីឈើលាត​យ៉ាង​សាមញ្ញ​ ពុំមាន​រចនា​ក្បាច់​​លម្អ​អ្វី​ច្រើន​​ឡើយ ពោលគឺមានតែ​ក្បាច់​លើ​​បន្ទះ​ឈើ​​​ត្រង់​ចុង​ក្តារ​សន្លឹក​ទ្វារ​-​បង្អួច​​ទល់​មុខ​​​គ្នា​តែប៉ុណ្ណោះ។​​

ចំណែកឯការ​លម្អ​លើ​ហោជាង​នៃព្រះវិហារ​វត្តរោង​ដំរីនេះ គេសង្កេតឃើញ​​​​មាន​លក្ខណៈ​ដូច​គ្នា​ទាំង​សងខាង ពោលគឺ​​សន្លឹកក្បាច់​ដូច​គ្នា​ទាំង​ហោជាង​មុខ និង​ហោជាង​​ក្រោយ។ នៅត្រង់​កណ្តាល​ផ្ទៃ​ហោជាងទាំង​ពីរ​ គឺគេ​រចនា​ឱ្យ​មានជារូប​​​ជើង​ពាន​ទ្រគម្ពីរ និង​​ផ្លិត​​ចាមរ​ ហើយ​នៅ​ចុង​កំពូល​មាន​ពន្លឺរង្សី។ ស្ថិត​នៅសងខាង​រូប​នេះ គឺមាន​​ឆ័ត្រ​រួត​មួយ​គូ ​ព្រម​ទាំង​​មាន​ឆ្លាក់​ក្បាច់​ភ្ញី​ទេស​លាយ​ព័ទ្ធជុំវិញ​​ពេ​ញ​ផ្ទៃហោជាង។ តាម​រយៈ​លក្ខណៈ​​ក្បាច់​លម្អលើហោជាង​នេះ គេមើល​ឃើញដូច​គ្នា​ទាំង​ស្រុង​នឹង​ក្បាច់ហោជាង​វត្ត​សំសមី (កសាង​ឆ្នាំ​១៩៣១ បញ្ចុះ​សីមាឆ្នាំ​១៩៤៤) ដែល​ស្ថិត​​ក្នុង​ក្រុង​ព្រៃវែង។ សូម​រម្លឹក​ថា​​បើ​ផ្អែក​តាម​ចារឹក​មួយ​ផ្ទាំង​ខាងលើ គេដឹង​ថា​ព្រះតេជ​គុណ​ យក់ យិម គឺ​ជា​ព្រះ​ចៅ​អធិការ​​វត្ត​រោង​ដំរី ​ដែល​ព្រះអង្គ​ធ្លាប់គង់នៅ​រៀនសូត្រ​ក្នុង​វត្ត​សំសមី មុននឹង​និមន្ត​មក​ធ្វើ​ជា​ព្រះ​ចៅ​អធិការ​វត្ត​រោង​ដំរី។

ចំពោះផ្នែក​ខាងក្នុងព្រះវិហារ គេសង់ឡើង​ឱ្យ​មាន​បីល្វែងយ៉ាង​ធំទូលាយ ពោលគឺ​ល្វែង​​គ្រឹះ​នៅ​​កណ្តាល និងអម​ដោយ​របៀងសងខាង​ដូច​ព្រះវិហារ​ជហ្វា​បួន​ទូទៅដែរ។ ចំណែកឯ​នៅផ្នែក​ចុងខាងលិច​នៃល្វែងគ្រឹះ គឺជា​បល្ល័ង្ក​តម្កល់​ព្រះជីវ៍​ធំ​មួយ។ សូម​រម្លឹក​​ថា ក្នុង​សម័យ​កម្ពុជា​ប្រជា​ធិបតេយ្យ គេ​បាន​យក​ព្រះវិហារ​វត្ត​នេះ​​ធ្វើ​​ជា​កន្លែង​​ចិញ្ចឹម​​ជ្រូក។ ក្រោយ​សង្រ្គាម​បញ្ចប់ទៅ​ ព្រះសង្ឃ និងពុទ្ធបរិស័ទ​បាន​រៀបចំ​ជួស​ជុល​ព្រះ​វិហារ​​វត្ត​នេះ​​ឡើង​វិញជា​ច្រើនលើកច្រើនសារ។ ក្នុង​ឆ្នាំ​១៩៨១ បាន​កសាង​បល័ង្ក និង​ព្រះ​ជីវ៍ថ្មី​ ហើយ​រហូត​មក​ដល់​ក្នុង​ឆ្នាំ​​២០០៨ ទើបគេ​បានលុប​គំនូរ​ចាស់​លើ​ជញ្ជាំង​ជុំវិញព្រះវិហារ​ចោល ហើយ​​សាង​គំនូរ​ជាថ្មីម្តងទៀត។ ទន្ទឹម​នឹង​នេះ ផ្អែក​លើ​សំណេរ​កត់ត្រា​ក្នុង​ព្រះវិហារឱ្យ​ដឹង​ថា ទាំងបល្ល័ង្ក ព្រះជីវ៍ និង​គំនូរ​ថ្មី​ក្នុ​ងព្រះវិហារ​ គឺជា​ស្នាដៃជាង​ឈ្មោះ ភឿក ទ្រី។ គំនូរ​ទាំងនោះសោត គឺជា​គំនូរ​របៀបថ្មីនិយាយ​ពីរឿង​ពុទ្ធ​ប្រវត្តិ និង​រឿង​ជាតកដូច​បណ្តាព្រះវិហារ​សង់ថ្មីៗដែរ។

សរុបសេចក្តីមក ព្រះវិហារ​វត្តរោង​ដំរី គឺជាស្ថាបត្យកម្ម​ព្រះពុទ្ធសាសនា​ចុង​សម័យ​បារាំង​ ដែល​ធ្លាប់បាន​ឆ្លង​កាត់​ការ​បំផ្លិចផ្លាញ​ក្នុង​សម័យ​សង្រ្គាម និង​បាន​ជួស​ជុល​ថែ​ទាំ​គោរពបូជា​រាប់ជំនាន់មកហើយ។ ទម្រង់ស្ថាបត្យកម្ម ការលម្អស្ថាបត្យកម្ម​ និង​ទឹក​ដៃ​សិល្បៈ​​​គំនូរ ក៏បង្ហាញ​ឱ្យ​ឃើញ​ពីការវិវឌ្ឍ​ និង​ការនិយម​ចូល​ចិត្ត​របស់​អ្នក​ស្រុក​ក្នុង​ផ្នែក​សិល្បៈ​ព្រះពុទ្ធសាសនាដែរ៕

អត្ថបទដោយ៖ ហៀង​ សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!