ទំព័រដើមនិទានកថាអក្សរសិល្ប៍ខ្មែរ៖ រឿង មហាចោរនៅទល់ដែន (ភាគ៦៦)

អក្សរសិល្ប៍ខ្មែរ៖ រឿង មហាចោរនៅទល់ដែន (ភាគ៦៦)

(ក្បួនការពារឯករាជ្យ)    

            អារុណមកកាន់ដៃមានន្ទនិយាយថាៈ

            ខ្ញុំនឹកលោកគ្រូណាស់!

            មានន្ទសើចៈ

            ខ្ញុំអរគុណអារុណណាស់!

            អារុណសើចៈ

            ចុះហេតុម៉េច បានជាលោកគ្រូមិនឲ្យពួកយើងសម្លាប់និលពេជ្រចោលទៅ?

            ពីព្រោះបើអារុណឯងសម្លាប់ ធ្វើម៉េចខ្ញុំបានសម្លាប់។ ខ្ញុំបានសន្យាជាដាច់ខាតថា ខ្ញុំនឹងសម្លាប់និលពេជ្រដោយដៃខ្ញុំ។

            វីរៈ នាយកត នាយឡំ មហាកាល អារុណស្រែកដំណាលគ្នាៈ

            ឳ! បើដូចនោះ សូមលាលោកគ្រូហើយ។

            មហាកាលបន្ថែមខ្សឹបៗទៀតថាៈ

            យើងទៅលួចសេះព្រះកម្ពុតជិះទៅសិរីសោភ័ណទាន់។

            នាយកតនិយាយខិបខុបថាៈ

            ខ្ញុំបានស្គាល់កន្លែងពួកវាបម្រុងយកមាសទៅលាក់ហើយ គឺលាក់ក្នុងភ្នំដែលឆ្នាំមុនខ្ញុំធ្លាក់      អណ្តូងនោះឯង។

            វីរៈតបថាៈ

            បើដូច្នោះ យើងទៅចាំវានៅមាត់ច្រកភ្នំបានហើយ។

            អារុណច្រានគេច្រានឯងៈ

            ជយោ! ទៅកុំនៅយូរវាខូចការ លាហើយលោកគ្រូ!

            និលពេជ្រដែលនៅឆ្ងាយពីគេ ឃើញគេឳបខ្សឹបគ្នាក៏រឹតតែភ័យទៅទៀត ដោយមិនដឹងជាគេ និយាយពីរឿងអ្វីឡើយ។

            ជនទាំងប្រាំគោរពមានន្ទរួចចេញដំណើរទៅ។ មានន្ទងាកទៅរកនិលពេជ្រនិយាយយ៉ាងនឹងនួនថាៈ

            បងនិល

            ព្រះបាទទាន!

            បងនិលឯងចង់សម្លាប់ខ្ញុំ ឥឡូវមកសម្លាប់ចុះ។

            ខ្ញុំរងចាំពេលក្រោយបន្តិចទៀតសិន!

            អញ្ចឹងក៏បាន! ឥតទាស់អ្វីទេ ឯខ្ញុំក៏ចង់សម្លាប់បងនិលឯងដែរហើយខ្ញុំចង់តែសម្លាប់ពេលនេះឯង!

            សូមលោកគ្រូកុំភ័យ ប្រាកដជាយើងបានជួបគ្នាទាន!

            មិនទៀងទេ!

            លោកគ្រូនឹកស្មានថា ខ្ញុំមិនហ៊ានចាក់ជាមួយលោកគ្រូឬ?​

            ទេ! ទេ! ខ្ញុំទុកបងនិលឯងជាមនុស្សក្លាហានទៅហើយ។ ប៉ុន្តែបានជាខ្ញុំចង់ពេលនេះ ពីព្រោះខ្ញុំអាចស្លាប់នឹងដៃអ្នកឯទៀតមុនពេលដែលខ្ញុំសម្លាប់បងឯង។

            និលពេជ្រញញឹមៈ

            បើពីឥឡូវនេះទៅដល់ពេលដែលហយើងណាត់ជួបលោកគ្រូស្លាប់ គឺជាសេចក្តីស្តាយមួយយ៉ាងធំរបស់ខ្ញុំ។

            បើដូច្នោះតើអ្វីដែលបង្គាប់មិនឲ្យបងឯងមានចិត្តចង់អោយស្លាប់ក្នុងពេលនេះ?

            ពីព្រោះខ្ញុំមានមិត្តបួន គឺខ្ញុំមួយ ឯកនេះពីរ មហារន្ទះនេះបី និងលោកកាមានេះបួន។ យើងទាំងបួនសន្យានឹងគ្នាថា សម្លាប់លោកគ្រូឲ្យបានជាមួយគ្នា។ បើក្នុងពេលនេះ ខ្ញុំសម្លាប់លោកគ្រូម្នាក់ឯងទៅ​គឺខ្ញុំក្បត់មិត្តទាំងបីនាក់ទៀត។​

            សម្លាប់ខ្ញុំយ៉ាងណាទៅដល់ទៅបួននាក់ បើខ្ញុំម្នាក់ឯង។

            ងាយណាស់។ ខ្ញុំកាត់ក្បាលលោកគ្រូ ឯកគេវះយកថ្លើមប្រមាត់ រន្ទះគេកាត់ដៃ និងជើង លោកកាមាគេហុតឈាមលោកគ្រូ។

            និលពេជ្រប្រហែលជាខឹងណាស់ ពីព្រោះគេឮសូរធ្មេញដែលសង្កៀតគ្នា រួចនិយាយទៅទៀត ថាៈ

            ហេតុនេះសូមលោកគ្រូរងចាំបន្តិចទៀតចុះ រង់ចាំពេលគឺថ្ងៃដែលយើងទាំងបួននាក់ដាក់ដៃលើលោកគ្រូនោះឯង!

            ខ្ញុំប្រឹងរងចាំថ្ងៃនោះប្រាកដ ប៉ុន្តែខ្ញុំបារម្ភខ្លាចក្រែងខ្ញុមិនបានរស់ដល់ថ្ងៃដែល យើងត្រូវជួបគ្នានោះ។ ខ្ញុំគិតឃើញថា ពេជ្រឯងត្រូវតែឆ្លៀតឳកាសល្អដែលយើងបានជួបគ្នានេះ។

            ទេ!

            ឯងខ្លាចស្លាប់ឬ? ហាស់ៗ និលពេជ្រខ្លាចស្លាប់! មិនអីទេចាំពេលក្រោយក៏បាន!

            ថាតែប៉ុណ្ណោះ មានន្ទលោតផ្លោតតាមបង្អួចចូលបាត់ក្នុងគុម្ពចេកទៅ។ មនុស្សចាស់ម្នាក់ស្ទុះមកចាប់ដៃមានន្ទ ដែលឆ្លើយថាៈ

            បាទ! អញ្ជើញលោកគ្រូ!

            គឺតាគីរីសុមេរុ ដែលចំនួនមួយអាទិត្យមកហើយ បានដើរតាមមានន្ទ

            ទៅចៅ! ចេញពីទីនេះឲ្យឆាប់ៗ ត្បិតខ្យល់នៅទីនេះមិនល្អចំពោះយើងទេ។ មិនអីទេ! គង់យើងបានជួបនឹងពួកវាមិនខាន។

            លោកតាបានឮខ្ញុំនិយាយនឹងនិលពេជ្រទេ?

            ឮទាំងអស់ តាចាំស្តាប់ក្រោមផ្ទះនេះឯង។

            ជនទាំងពីរចាប់ដៃគ្នា ដើរយ៉ាងលឿនចេញទៅទិសខាងសិរិសោភ័ណវិញ បីដូចពួកម៉ាកពីរនាក់ដែលស្រលាញ់គ្នាជីវិតមួយ។

            ចំណែកខាងនិលពេជ្រកាលណាបានឃើញមានន្ទចុះបាត់ហើយ ក៏ស្ទុះរត់ចេញដើរបោលទៅឯកងទ័ពហៅបានមិត្តគេទាំងបួនមកមួរំពេច។ មិត្តទាំងបួននេះ ដេញតាមមានន្ទធ្លាយចូលមកតាមច្រកគុម្ពចេក ដែលមានន្ទភៀសខ្លួនទៅ។ និលពេជ្រ សួរអ្នកស្រុកម្នាក់ថាៈ

            វាទៅណាហើយ?

            ខ្ញុំមិនដឹងជាគេទៅណាទេ ប៉ុន្តែដែលខ្ញុំដឹង គឺគេទៅបាត់ទៅហើយ! ហើយប្រហែលជាមិនជិតឡើយ!

            មិត្តទាំងបួនបញ្ចូលដាវក្នុងស្រោមវិញ ដោយពោលថាៈ

            គង់តែយើងជួបនឹងវាទេ ថ្ងៃក្រោយ! អានេះវាចូលដៃនឹងខ្មាំងទៀត រួចមិនប្រាប់ឯង។

            ពិតមែនមិត្តទាំងបួនបានប្តេជ្ញា ថានឹងសម្លាប់មានន្ទដោយបែបខាងលើនោះឯង ហើយសន្មត គ្នាថា មិនសម្លាប់មានន្ទម្នាក់ឯងឡើយ។

              (សូមរងចាំតាមដានភាគទី៦៧ នៅសប្តាហ៍ក្រោយ)    

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!