ទំព័រដើមនិទានកថារឿង មហាចោរនៅទល់ដែន (ភាគ៦៧)

រឿង មហាចោរនៅទល់ដែន (ភាគ៦៧)

(ផែនការសម្ងាត់)    

             ក្បួនការពារឯករាជ្យ បានមកដល់ស្រុកមង្គលបុរី។ គឺនៅទីនេះហើយ ដែលព្រះនាង ខត្តិយាណីកែវមណីបម្រុងនឹងសម្រេចផែនការទីពីរបស់ព្រះនាង គឺផែនការផ្តាច់ជីវិតព្រះកម្ពុតជា ឪពុកមា រួមដៃជាមួយមេទ័ពកាមា និងសហជីវិនខ្លះដែលគេអាចរាប់អស់នឹងម្រាមដៃ មាននិលពេជ្រ និលឯក​បក្សីជាដើម។

            មួយថ្ងៃផុតទៅ ការតឹងតែងក្នុងស្រុកក៏ចេះតែរឹតធំឡើង។ គំនិតជាន់លើសរិសារាស្រ្តទាំងអស់ ដើម្បីដំឡើងខ្លួន ឲ្យខ្ពស់ផុតគេផុតឯង ធ្វើឲ្យមនុស្សដែលចិញ្ចឹមគំនិតនេះ គិតចេះតែខុស ប្រព្រឹត្តចេះ តែឆ្គង។​

            មើលហ៎។ ផែនការព្រះនាងមណីចេះតែអាក្រក់ទៅៗ ឥតត្រើយ។ ក្នុងរាត្រីនោះ កញ្ញាឯកបាន ប្រជុំអស់សហជីវិនដើម្បីអោយជនទាំងនេះទទួលកិច្ចបញ្ជាជាចុងក្រោយបង្អស់។

            ក្នុងរាត្រីដដែលនេះ មានន្ទមហាចោរនៅទល់ដែន ដែលធីតាឆើតស្មានថាស្លាប់ទៅហើយ នោះ កំពុងទទួលទានបាយយ៉ាងស្ងប់ស្ងៀមស្រួលបួលជាមួយតាគីរីសុមេរុក្នុងផ្ទះតៀមតូចមួយ មានន្ទអង្គុយនៅមាត់បង្អួចដៃកាន់ភ្លៅមាន់បរិភោគយ៉ាងឆ្ងាញ់ពិសា។

            នៅពីមុខផ្ទះតៀមនេះ គេហដ្ឋានដ៏ស្តុកស្តម្ភអើតកម្ពស់ត្រដែតទៅក្នុងមេឃងងឹត។ យូរៗ មានន្ទបង្ហើបស្បៃងបង្អួចចោលកន្ទុយភ្នែកទៅលើស្លាបព្រិលមាត់ទ្វារនៃគេហដ្ឋានដ៏ស្តុកស្តម្ភនោះ ដែលបិទជិតឃើញតែពន្លឺចង្កៀងជះលឹមៗ មកខាងក្រៅ។

            មានន្ទសួរតាសុមេរុថាៈ

            ផ្ទះនោះជាផ្ទះអ្នកណា?

            តាសុមេរុសម្លឹងមើលតាមមានន្ទ មាត់ទំពាសាច់មាន់បណ្តើរ តបបណ្តើរៈ

            ផ្ទះនោះគឺជាផ្ទះព្រះកន្ថាថន។ ពីដើមគេមានប្រាក់ច្រើន គេតែងសង់ផ្ទះត្រង់នេះ ត្រង់នោះ សម្រាប់មកលំហែលេង។ រួចគ្មានអ្នកណាមួយហ៊ានចូលសំរាកឬចូលលេងក្នុងផ្ទះនោះបានឡើយ។ មើលចុះតាមិនដែលឃើញមាត់ទ្វារនិងមាត់​បង្អួចផ្ទះនេះបើកម្តងណាទេ គឺឃើញតែគេបិទដូច្នោះ ឯង។

            មានន្ទសញ្ជឹងគិតចងចញ្ចើម។ បុរសនឹកដល់រាស្រ្តអ្នកដែលអត់ផ្ទះនៅ ក្មេងៗអត់សាលារៀន ។ល។ អ្នកគ្រវីក្បាល! រួចគ្រវាត់ឆ្អឹងមាន់ព្រួសទៅលើក្តារនិយាយថាៈ

            ទេ! ពេលនេះ មានមនុស្សចូលទៅប្រជុំនៅទីនោះឯង។ ខ្ញុំចង់ដឹងតើគេប្រជុំរឿងអ្វី?

            តាសុមេរុនិយាយសំឡេងធ្ងន់ៗថាៈ

            ហ៊ឺស! គេធ្វើអ្វី! គេមានអ្វីធ្វើ ក្រៅពីប្រជុំគ្នាដើម្បីបង្កកល្លិយុគអ្វីមួយនោះ ត្បិតចៅជ្រាបស្រាប់ ហើយស្ត្រីកែវមណីគេប្រជុំនោះ។

            មែន! ខ្ញុំឃើញស្រ្តីនេះរំកិលខ្លួនចោលទៅក្នុងផ្ទះនោះឯង រួចកាមា រួចនិលពេជ្រ រួចនិលឯក។

            តាគីរីក្រោកឈរចាក់ទឹកតែពីកែវដកដង្ហើមធំ រួចនិយាយថាៈ

            ណ្ហើយចៅអើយ! តាមតែគេទៅ គេធ្វើអ្វីក៏ធ្វើចុះ។ តែតាបានជួបចៅពេលនេះ តាចង់និយាយ លេងជាមួយចៅអោយបានយូរ តែខ្លាចចៅរវល់គំនិតពេក។ មានន្ទឈប់មើលទៅផ្ទះខាងមុខបែរមក ចាប់ពែងតែផឹកក្អឿកនៅធ្មឹងឥតមើលមុខតាគីរីឡើយ! តាគីរីបម្រះខ្លួនទៅលើជើងម៉ាមួយវែង អុជខ្សៀបង្ហុយផ្សែងនិយាយថាៈ

            ប្រហែលចៅមិនចង់ស្លាប់តាទេ ពីព្រោះចៅមិនដឹងចិត្តតាសោះ

            មានន្ទរិះរកមើល តើតាគីរៅជាទីគោរពនេះចង់និយាយអំពីអ្វី? អ្នកនឹកមមៃថា ប្រហែលតាគីរី ចង់និយាយពីទេវីកាឡកិណ្ណីហើយ។ អនុស្សាវរីយ៍ចាស់ដ៏ឆួលឆេះឡើងឥតស្រាកស្បើយឡើយ។ អ្នក ខាំធ្មេញញីអស់បេះដូង។ បើក្រៅពីតាគីរី​ មានន្ទមុខជាវាយដុំមិនខាន។ តែ …នេះទោះខឹងយ៉ាងណាក៏ ត្រូវគោរពគាត់ជាចាស់ទុំដែរ។

            មានន្ទធ្វើជាសើចតិចៗ

            ហាស៎ៗ លោកតាចង់មានប្រសាសន៍ពីអីសុំឲ្យមានប្រសាសន៍មក! ធ្លាប់ស្គាល់ខ្ញុំស្រាប់!

            អើ! តាសដឹងហើយថាចៅមានចិត្តខ្លាំង ចៅមានចិត្តដាច់។ តាសរសើរចៅណាស់ ព្រោះថា កើតមកជាកូនប្រុសត្រូវតែមានចិត្តដូច្នោះឯង…

            មានន្ទញញឹមស្ងួត តែចុកណែនអស់ដើមទ្រូង មុខឡើងក្រហមតែបុរសស្តាប់ឥតប្រកែក ឡើយ ដូចតទៅៈ

            រឿងអីលោកតា ខ្ញុំចង់ដឹងណាស់ មានប្រសាសន៍មកកុំព្រួយបារម្ភអ្វី ខ្ញុំស្តាប់ទាំងអស់ បើរឿង ល្អខ្ញុំតាម រឿងអាក្រក់ខ្ញុំមិនតាម។

            អឺៗ! ប្រសើរណាស់! ប្រសើរណាស់ចៅ!

            តាគីរិលូករាវក្នុងហោប៉ៅហកសំបុត្រមួយមកបង្ហាញមានន្ទ។ មានន្ទស្ទុះភ្លែតទៅជិតតាគីរី ប្រាថ្នាហកសំបុត្រនោះមកមើលភ្លាម។ តែតាគីរីរាដៃៈ

            កុំអាលៗ ជារឿងសំខាន់ណាស់!

            សំខាន់យ៉ាងណាខ្ញុំចង់ដឹង?

            គង់តែចៅបានដឹងទេ

            និយាយពីអ្វី?

            គង់តែចៅបានដឹងទេ! តែមុននឹងយកសំបុត្រនេះ សូមសច្ចាអោយតាសិន!

            សច្ចាយ៉ាងណា?

            សច្ចាថា មើលសំបុត្រនេះចប់ចុងចប់ដើម មានអារក្ខទេវតា ព្រះឥន្ទ្រ ព្រះព្រហ្ម អារក្សអ្នកតា បិសាច បង់បត់ជាសាក្សី។

            ខ្ញុំសច្ចា! សច្ចាយ៉ាងណាទៀត?

            សច្ចាថា មើលសំបុត្រនេះរួចឲ្យពិចារណា!

            បាទ!

            អើ! មើលចុះ។(សូមរងចាំតាមដានភាគទី៦៨ នៅសប្តាហ៍ក្រោយ)

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!