ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿសេចក្តីសង្កេតតូចមួយអំពី​ “បាយបត្តបូរ” អ្នកស្រុកអង្គរ

សេចក្តីសង្កេតតូចមួយអំពី​ “បាយបត្តបូរ” អ្នកស្រុកអង្គរ

ជាទូទៅគេតែង​ឃើញ​ “បាយ​បត្ត​បូរ” ​​តែ​ក្នុង​រដូវ​ភ្ជុំ​បិណ្ឌតែប៉ុណ្ណោះ​​ ដ្បិត​ក្នុង​រយៈ​ពេល​​កាន់បិណ្ឌ​រហូត​ដល់ថ្ងៃ​ភ្ជុំបិណ្ឌ គេតែងពូត​បាយ​បិណ្ឌ និង​ធ្វើ​បាយ​បត្ត​បូរ។ ប៉ុន្តែ​តាមការ​សង្កេត​​ខ្លះៗ​ក្នុង​កិច្ច​ពិធី​ជា​​ទំនៀម​នៅតំបន់​អង្គរ គេ​​​ឃើញ​​​អ្នកស្រុក​រៀបចំ​​​​ភាជន៍​ ឬចាន​បាយ​​មួយ​តូច​ល្មម ហើយ​ស្អិត​ស្អាង​ផ្កាភ្ញី​​​យ៉ាង​​ផ្ចិត​ផ្ចង់​ហៅ​ថា “បាយ​​បត្ត​បូរ”។​​ ​រីឯពិធី​​បុណ្យ​ដែល​គេ​តែង​ឃើញ​រៀបចំ​​បាយ​បត្ត​បូរ​នេះ​មាន​​ដូចជា បុណ្យ​ចម្រើន​​អាយុ បុណ្យ​​បូជា​សព បុណ្យ​ទេស​​មហា​ជាតក៍​ និង​បុណ្យ​សុំ​ទឹក​ភ្លៀង​ជា​ដើម។ អ្នក​​ខ្លះពន្យល់​យ៉ាង​ខ្លី​ថា​បាយ​​បត្តបូរ​តែង​​ចំណាំ​ឃើញ​​ធ្វើ​ជានិច្ច​ក្នុង​​ពិធីណា  ដែល​មាន​​កិច្ច​រាប់បាត្រ​ព្រះ​សង្ឃ​​នៅ​ថ្ងៃ​ឆ្លងចប់​ពិធី​បុណ្យ ហើយ​​ការរៀបចំ​បាយ​នេះ​​សោត តែង​ខុស​គ្នា​បន្តិចបន្តួច​ទៅ​​​តាម​ពិធី​​​​​ ឬតាមស្រុកភូមិ​។

ក្នុងវចនានុក្រមខ្មែរ​ពន្យល់ថា “បាយបត្តបូរ” ជា​បាយ​បំពេញ​បាត្រ (បាយ​រាប់​បាត្រ) ​គឺបាយ​ដែល​ទាយក​គេ​បម្រុង​ទុក​ថែម ក្រែង​ភិក្ខុសង្ឃ​ឆាន់​មិន​គ្រាន់ ឬ​ហៅ​ម្យ៉ាង​ទៀត​ថា “បាយបិតបូរ” ជាបាយ​សម្រាប់​បំពេញ​ផល​ឱ្យ​ប្រេត គឺ​បាយ​ដែល​ទាយក​ប្រគេន​ភិក្ខុ​សង្ឃ ហើយ​ឧទ្ទិស​ផល​ជូន​បុគ្គល​ដែល​ចែក​ឋាន​ទៅ​កាន់​បរលោក។ ប៉ុន្តែ​យ៉ាង​ណាក្តី ចំពោះ​បាយ​បត្ត​បូរ​របស់​អ្នកស្រុក​តំបន់អង្គរ​​ ដែល​ខ្ញុំ​​សង្កេត​ឃើញ​ក្នុង​ឯកសារ​​ក្រសួង​វប្បធម៌​និងវិចិត្រសិល្បៈ និង​ក្នុង​ពិធី​ឡើង​មាឃ​នៅភូមិ​បង្កោង និង​ពិធី​បរិវាសកម្ម​​នៅ​វត្ត​រុន គឺពុំមែន​​រៀបចំ​សម្រាប់​បម្រុង​ការ​ខ្វះខាត​​ព្រះ​សង្ឃឆាន់ឡើយ សូម្បីតែគ្រហស្ថ​ក៏​​ពុំ​​​​ឃើញ​យក​​​បាយ​នោះ​ទៅបរិភោគដែរ។ តាម​ទំនៀម​អ្នកស្រុក​តំបន់​អង្គរ ចាត់ទុក​បាយបត្តបូរជាគ្រឿងសក្ការៈយ៉ាង​សំខាន់​​មួយ​ក្នុង​ចំណោម​គ្រឿង​សក្ការបូជា​ដទៃ​ទៀត ដ្បិត​ដូច​បាន​បញ្ជាក់​ត្រួស​ៗ​មក​​ខាងលើ​ថា​បាយ​នេះ​​គេ​ត្រូវ​ធ្វើ​ដោយយក​ចិត្ត​ទុកដាក់ និងតុបតែង​ស្អិត​ស្អាង​ផង ហើយ​តែង​ឃើញ​រៀបចំ​ពុំដែលរំលង។ ​ចំពោះរបៀបធ្វើ​ក៏ពុំ​ដូចគ្នា​ឡើយ សូម្បីតែនៅ​តំបន់អង្គរ​តែមួយ​ក៏ដោយ ពោល​គឺ​ខុស​គ្នា​ខ្លះៗ​ដោយ​អន្លើ។ ចំពោះឧទាហរណ៍​​​ស្រង់យកមក​បង្ហាញ​​ខាង​ក្រោម​​នេះ គឺជា​របៀបមួយ​ដែល​ក្រសួង​វប្បធម៌​និងវិចិត្រ​សិល្បៈ​សង្កេត​ក្នុង​​​ពិធី​បូជា​សព​នៅ​ភូមិ​​ដូន​ឪ ឃុំ​លាង​ដៃ ស្រុក​អង្គរ​ធំ (កាលពីឆ្នាំ​២០១៤)។

ដំបូង​គេ​យក​ចាន​ជាម (ឬ​ចាន​ទាប) ​មួយ ហើយ​​នៅ​លើ​ចាន​នោះ​គេ​​ដាក់​ចេក​ទុំ និង​ស្ករ​​​ត្នោត​រុំ​ស្លឹក​ចេក​​​​​កាច់​រាង​ជា​សាជី។ បន្ទាប់​​មក​យក​​​ចាន​គោម​​មួយ​ទៀត​មក​ដាក់​ត្រួត​​​​​ពីលើ​ចាន​​ជាម ហើយ​​នៅ​លើ​ចាន​​​គោម​​នោះ​​​មាន​ដាក់​បាយ​ដំណើប​ ​ព្រម​ទាំង​​ពំនូត​​​បាយ​ដំណើប​​​ចំនួន​១២ដុំ ហើយ​​កាច់​ស្លឹក​​​ចេក​ជា​រាង​សាជី​ចំនួន​​​១២ ដាក់​សៀត​ព័ទ្ធ​ជុំវិញ​ពំនូត​បាយ​ដំណើប​​ទាំង​នោះ។ នៅ​ពី​លើ​​ចាន​បាយ​ដំណើប​នោះ គឺ​ជា​ផ្នែក​កណ្តាល​ ឬអាចថា​តួ​ខ្លួន​នៃ​បាយ​បត្តបូរ គឺ​គេ​ដាក់​​កំណាត់​​កូន​ដើម​ចេក​ប្រវែង​​ប្រហែល​​ជា​មួយ​ចម្អាម ដោយ​ចិត​ផ្នែក​ខាងលើ​ឱ្យ​ស្រួច​ ហើយ​​យក​​ស្លឹក​ចេក​មក​រុំ​ព័ទ្ធ​ពី​ខាង​ក្រៅ​ចេញ​ជា​រាង​សាជី ព្រម​ទាំង​ដោយ​ផ្លែ​ស្លា​ខ្ចី​​ចំនួន​១២ ទៀន​​១២ ផ្កា​ចម្ប៉ា​ ផ្កា​លឿង​ ស្លា​ក្រៀមដាក់​ក្នុង​ថង់​ក្រដាស ទង់​ក្រដាស​ពណ៌​ក្រហម​និង​​ស ព្រម​ទាំង​ក្រដាស​ប្រាក់​។ បាយ​បត្ត​បូរ​នេះ​សម្រាប់យក​ទៅ​ដាក់​លើ​តុ​ចូល​បុណ្យ​​។​ ពេល​ធ្វើហើយ​រួច​រាល់ មុននឹង​យក​ទៅ​ដាក់​នៅលើ​តុ​ចូល​បុណ្យ​ យាយៗ​អង្គុយ​ព័ទ្ធ​វង់​ធ្វើ​កិច្ច​បង្វិល​​បាយ​បត្ត​បូរ​​៣ជុំ ដើម្បីឧទ្ទិស​ថ្វាយ​ចំពោះ​ព្រះសក្យ​មុនីចេតិយ ព្រម​ទាំង​សូត្រ​គាថា​​៣ចប់ថា “តុន​​តេង​ក្រឡេង​បុប្ផា តុម៉ឹង​វៃ ប៉ៃ​ម៉ឹង​វ៉ា ទៀន​ធូប​ម្លូ​ស្លា ថ្វាយ​ព្រះ​​ព្រះ​សក្យ​មុនីចេតិយ”។​ អ្នកខ្លះ​ពន្យល់បន្ថែម​ថា “បាយ​បត្តបូរ​តំណាង​ឱ្យ​ខ្លួ​ន​ម្តាយ​ ហើយ​ស្លា​១២ រមូរ​ម្លូ​១២ និង​ទៀន​១២ តំណាង​ឱ្យ​រន្ធ​ដោះ​ម្តាយ​ដែល​មាន​ម្ខាង​៦”។

ចំណែក​ការរៀបចំបាយ​បត្តបូរ​ក្នុង​ពិធីរាប់បាត្រ​ឆ្លង​បរិវាសកម្មនៅវត្ត​រុន ​ក្នុង​​ឃុំ​រុន​​តាឯក ស្រុក​បន្ទាយស្រី (ឆ្នាំ​២០២៣) ​គេយក​ពំ​នូត​បាយអង្ករ​ខ្សាយ​​ធម្មតា​ ពូត​ទំហំ​ប៉ុន​បាយ​​​​បិណ្ឌ (មិនកំណត់ចំនួន) រៀបក្នង​ថាសមួយ រួច​រៀបក្នុងសាជីស្លឹកចេញ​មួយទៀត​បន្តុប​​ពីលើ។ នៅមាត់ថាសនោះ គេបត់ស្លឹកចេករាងស្រដៀង​ត្របកផ្កាឈូក​សៀត​ជុំវិញ។ បន្ទាប់​មកគេ​បត់កន្ទោង​ស្លឹកចេក​​៥ ដាក់​លើ​ពំនូត​បាយ​នោះ ដោយ​ក្នុង​កន្ទោង​ខ្លះមាន​ដាក់​​បារី ម្លូ ស្លា…។ ចំណែក​ឯនៅជុំវិញ​សាជីស្លឹកចេក គេមាន​ដោត​​រមូរ​ស្លឹក​ម្លូ៥ ស្លា​ក្រៀម​៥ ហើយជា​ពិសេស​គេឃើញ​មាន​ដោត​ចំណិត​សាច់ដូង​៥ដែរ។ នៅ​ចុង​កំពូល​សាជី​ស្លឹក​ចេក​ គេដាក់​ធូប​៥សសៃ ដោត​ទង់ក្រដាស​ និង​លម្អ​ដោយ​ផ្កា​ចម្រុះ​​​ពណ៌ ព្រម​ទាំង​បូជា​ប្រាក់​ភ្ជាប់ជាមួយ​ផង។ បាយ​បត្តបូរនោះ គេយក​ទៅ​ដាក់​នៅ​លើ​តុ​រាប់​បាត្រ​។ ចំណែក​ឯ​ជំនឿពាក់​ព័ន្ធនឹង​​បាយ​បត្តបូរ​នៅ​ទី​នេះ អ្នក​ខ្លះ​​ពន្យល់​ថា​ក្រោយ​​ចប់​កិច្ច​ ​គេច្រើន​យកបាយ​បត្តបូរ​​កប់​ត្រង់​ដី​ភូមិ​ដែល​ធ្លាប់ដាំ​ដំណាំ​​​​​មិន​បាន​ផល ដោយ​​ជឿថា​នឹង​​ធ្វើ​ឱ្យ​ដីនោះល្អ ដំណាំ​ហុច​ផល​ច្រើន​​សម​ប្រាថ្នា​។ សូម​បញ្ជាក់ថា បរិវាសកម្មជា​ពិធី​​​ឱ្យ​ព្រះ​សង្ឃ​​លុបលាង​ទោស​កំហុស​ ខុស​វិន័យ​សង្ឃ​ ទោះ​ដោយ​​ចេតនា​ ឬ​អចេតនា​ក្តី។

ដោយឡែក​ ចំពោះរបៀបធ្វើបាយ​បត្តបូរនៅក្នុង​ពិធីឡើង​មាឃ​នៅភូមិ​បង្កោង ឃុំ​អំពិល​ ស្រុក​ប្រាសាទ​បាគង (ឆ្នាំ​២០២៣) គឺ​គេ​យក​បាយ​អង្ករ​ខ្សាយ​ធម្មតា​​​ដូច​នៅវត្ត​រុន ហើយពូត​ជា​ពំនូត​ដុំ​តូចៗ​ប៉ុន​បាយបិណ្ឌ ដោយមិនកំណត់​ចំនួនដែរ។ ប៉ុន្តែ​ពំនូត​​បាយ​នោះ​​គេចែកជា​បី​ផ្នែក។ មួយផ្នែក​រៀបជុំវិញ​មាត់ចាន​រាងធំបន្តិច​ រួចហើយ​មួយ​ផ្នែក​ទៀត​រៀប​ជុំវិញ​មាត់​ចាន​តូច​ជា​មុន​ ហើយ​ត្រួត​លើ​ចានធំ។ ចុង​ក្រោយ គឺ​យក​ពំនូត​​បាយ​មួយ​ចំណែក​​ខ្លះ​មក​រោយ​​ល្ង​ខ្មៅ​​បន្តិច ហើយ​​ដាក់ក្នុង​សាជីស្លឹកចេក​ បន្តុប​ត្រួត​លើ​ចាន​ទាំង​ពីរ។ ផុត​ពីនោះទើប​គេ​តុបតែង​ផ្កា​លើ​ពំនូត​បាយ​តាម​ថ្នាក់ៗ ព្រម​ទាំង​ដោត​រមូរ​ស្លឹក​ម្លូ ទៀន ធូប​ ជុំវិញ​សាជីស្លឹកចេក និង​​លម្អ​ផ្កា​នៅលើកំពូលសាជីស្លឹកចេក។ ចុង​ក្រោយ​​​បំផុត គេ​ដោត​កូន​ទង់​ក្រដាស​មាន​រាង​ផ្សេងៗ​ចម្រុះពណ៌ និង​បូជា​ប្រាក់ដាក់សៀត​លើ​បាយ​បត្តបូរ​​នោះ។ ក្នុង​ពេល​ពូត​បាយ​បត្តបូរ​នៅទីនេះ គេ​ទន្ទេញ​ពាក្យ​មួយឃ្លា​ស្រដៀង​នឹង​អ្នក​​ភូមិ​ដូន​ឪ ស្រុកអង្គរធំ​ដែរគឺ “តុនតេង​ក្រឡេងបុប្ផា​ ប៉ាក់​មឿង​វ៉ៃប៉ៃមឿង​វ៉ា ទៀន​ធូប​ភ្ញីផ្កា ថ្វាយ​ប៉ាក់​ឌិន”។ ប៉ុន្តែ​អ្វីដែល​គួរ​ឱ្យ​សង្កេត គឺ​អ្នកស្រុក​ធ្វើ​បាយ​បត្តបូរ​នេះក្នុង​ថ្ងៃចុង​ក្រោយ​នៃ​ពិធី​​ឡើង​​មាឃ ដែល​មាន​កិច្ចរាប់បាត្រ​។ បាយបត្តបូរ​នេះសោត​ គេយក​ទៅ​ដាក់​ខាង​ដើម​ជួរ​រាប់បាត្រ​ដូច​នៅ​វត្ត​រុនដែរ។ ក្នុង​ពេលរាប់បាត្រ អ្នកមានសទ្ធាខ្លះ​បូជា​ប្រាក់​សៀត​លើ​បាយ​បត្តបូរ​នោះជាមុន ទើបដួស​បាយ​ដាក់តាម​បាត្រ​នីមួយៗ។ អ្នក​ស្រុក​នេះ​ពន្យល់​ថា “ការបូជា​​បាយ​បត្ត​បូរ គឺប្រាថ្នា​ឱ្យ​ដល់​ម៉ែឪយាយតា ឱ្យ​ចេះឱ្យ​ដឹង​ កុំឱ្យ​ល្ងិត​ល្ងង់…”។ ចុង​ក្រោយបំផុត បាយនោះយក​ទៅឧទ្ទិសបោះចោល។

ជាសេចក្តីសង្ខេបមក បាយបត្តបូរ​ជាគ្រឿង​សក្ការៈ​យ៉ាង​សំខាន់​​របស់​អ្នក​ស្រុករស់​នៅ​តំបន់​អង្គរ ជាពិសេស​អ្នកស្រុក​​​​ដែល​លើក​មក​សង្កេត​ខាងលើ។ របៀបនៃការ​រៀបចំ​បាយ​នេះ ពុំដូចគ្នាឡើយដោយខ្លះ​ប្រើ​អង្ករ​ដំណើប រាប់ចំនួន​ត្រឹមត្រូវ តែខ្លះ​ប្រើ​បាយ​អង្ករ​ខ្សាយ​ធម្មតា ហើយ​មាន​បន្ថែម​ចំណិតដូង ទៀន​ធូប​ ម្លូ​ស្លា បារីជាដើម។ រីឯ​ជំនឿ​លើ​បាយ​នេះ គឺពាក់​ព័ន្ធដល់​ការ​ឧទ្ធិស​កុសល​ ដែលស្រដៀង​នឹង​ជំនឿ​លើ​បាយ​បត្តបូរ ឬ​បាយ​បិណ្ឌ​ដែល​ខ្មែរតែង​រៀបចំក្នុង​រដូវ​ភ្ជុំបិណ្ឌដែរ។ ប៉ុន្តែយ៉ាង​ណាក្តី គំនិត​ស៊ីជម្រៅលើ​បាយបត្តបូរ គួរតែមានការ​សិក្សា​វែងឆ្ងាយ​ ពិចារណាល្អិត​ល្អិនបន្ថែមទៀត៕

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!