ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿជំនឿរាំត្រុដិក្នុងរដូវចូលឆ្នាំថ្មី

ជំនឿរាំត្រុដិក្នុងរដូវចូលឆ្នាំថ្មី

“ត្រុដិ” ជាពាក្យ​សំស្រ្កឹត​ដែល​ក្លាយមកពីពាក្យ “ត្រស្តិ” ​មាន​ន័យ​ថា “ដំណើរ​កាត់​, ការ​ផ្តាច់”។ សង្គមខ្មែរ​ចាត់ទុកត្រុដិ គឺជាល្បែងរបាំ​​​ដែល​អ្នក​ស្រុក​តែង​លេងក្នុង​រដូវ​ចូល​ឆ្នាំ ពោលគឺ​ក្នុង​ន័យ​​​ផ្តាច់​ឆ្នាំ​ចាស់​ចូលឆ្នាំ​ថ្មី។ ​បើតាម​ចំណាំ អ្នក​រាំត្រុដិ ​គឺជា​ក្រុម​​មនុស្ស​ស្រី​​ប្រុស​តែង​ខ្លួន​ជា​ ព្រាន ព្រាយ យក្ស ទន្សោង និងប្រើស​ជាដើម ហើយ​អ្នក​ស្រាវជ្រាវ​យល់ថា​របាំនេះមាន​ដើម​កំណើត​​ក្នុង​ខេត្ត​ភាគខាងជើង។ បច្ចុប្បន្នរបាំ​ត្រុដិ​ហាក់​ក្លាយ​ជា​ទម្រង់​សិល្បៈ​ទស្សនីយ​ភាព​ ដែលគេស្គាល់​ទូទៅ​ថា​ជា​របាំ​សម្រាប់សម្តែង​​​  បណ្តេញ​​​ឧបទ្រព្យ​ចង្រៃ និង​រៃអង្គាស​ប្រាក់​​​យក​មកកសាង និង​ជួស​ជុល​សមិទ្ធិ​ក្នុង​សហគមន៍​ ជា​ពិសេស​នៅ​តាម​វត្ត​អារាម។ បច្ចុប្បន្ន​ គេសង្កេត​ឃើញ​នៅតាម​បណ្តា​ក្រសួង មន្ទីរ ​និង​ក្រុមហ៊ុន​​នានា​ តែង​រៀបចំ​ទទួ​ល​​ក្រុម​របាំ​ត្រុដិ​​មក​សម្តែង​ក្នុង​រដូវ​ចូលឆ្នាំ​។

បើផ្អែក​តាម​ឯកសារ​ប្រពៃណីខ្មែរ​​ ​ប្រមូល​ចងក្រង​ដោយ​​ក្រុម​ជំនុំ​ទំនៀម​ទម្លាប់ខ្មែរ​ក្នុង​រវាងពាក់​កណ្តាល​សតវត្សរ៍​ទី​២០រៀបរាប់ថា “ត្រុដិ​ជា​ល្បែង​លេង​ក្នុង​រដូវ​ចូលឆ្នាំ​ ច្រើន​មាន​​តែ​ក្នុង​​ខេត្ត​សៀមរាប ហើយ​មាន​ចាស់ស្រុក​ម្នាក់​ជា​មេដឹក​នាំ​កូន​ត្រុដិ​​ឱ្យ​លេង​។ ជិត​ដល់​រដូវ​ចូល​ឆ្នាំ​ ចាស់ស្រុក​នោះ​ដាស់​តឿន​កូនស្រុក​​ឱ្យ​ធ្វើ​​កញ្ឆា ធ្វើ​មុខ​យក្ស​ ធ្វើ​ប្រើស​ ធ្វើ​កាំភ្លើង ធ្វើ​ដង​សន្ទូច ធ្វើ​ក្រចក​ម្រាមដៃ រកទិញឬធ្វើ​ស្គរ ប៉ី (វង់ខ្លះ​មាន​ទ្រផង) ហើយ​ត្រូវ​មាន​អ្នក​ច្រៀង​ដែល​មាន​សំឡេង​ពីរោះ មាន​ទាំង​អ្នក​ស្ពាយ​សំពាយ​​​​ផង ព្រោះ​ល្បែង​នេះ​លេង​សូម​មាស​ប្រាក់ សំពត់​​សៅ​អាវ​ស្បៃ អំបោះ…បាន​របស់​​ទាំង​​នោះ​​មក​​ឱ្យ​ពួក​អ្នក​សំពាយ​ ស្ពាយ​តាម​រហូត​អស់​រដូវ​ចូលឆ្នាំ​ ទើប​ព្រម​គ្នា​យក​ទៅ​​​ប្រគេន​​លោក​សង្ឃ​ ហើយ​សូម​សំណែន​សំណល់​មក​ចែកគ្នា​គិត​ជា​ថ្លៃ​នឿយ​​ហត់​។ ឯ​គ្រឿង​​​ប្រដាប់​​លេង​ ក៏​រួប​រួម​គ្នា​ទុក​ក្នុង​វត្ត​ ឬយក​ទៅទុក​ឯ​ផ្ទះ​តាម​ម្ចាស់​របស់​រៀងៗ​ខ្លួន​ក៏មាន ដល់​​ពេល​ចូល​ឆ្នាំ​ថ្មី​ ក៏​យក​របស់​ទាំងនោះ​មក​លេង​ទៀត។ បើមាន​របស់​ឯណា​បាក់​បែក​ ក៏ជួស​ជុល​ ឬ​ធ្វើ​​ឡើង​​ជា​ថ្មី លេង​ទៅតាម​លំអាន​ដើម។ វង់ខ្លះ​លេង​រហូត​ពីខែ​ចេត្រ ដល់​​ពិសាខ​ក៏​ឋមាន”។

ដោយឡែក បើលើក​យក​ប្រវត្តិត្រុដិ​តាម​សម្តីអ្នកភូមិ​គោកក្រសាំង(?) ​ចុះ​ផ្សាយ​ក្នុង​ឯកសារ​ខាងលើ​ដដែល​ថា “ត្រុដិមាន​តាំងពី​ព្រះអង្គ​ចូល​ទៅ​ទ្រង់​ផ្នួស​ ព្រះ​អង្គ​យក​ត្រុដិ​​នេះ​​​ដង្ហែ​ចូលបួស​ សម្រាប់​ជា​មគ្គុទេសក៍​នាំ​មុខ​ ទទួល​ហែ​ព្រះអង្គ​ទៅ​ដល់​ព្រៃ​កំសាន មាន​​មារ​តំណែង​ខ្លួន​ធ្វើ​ជា​ប្រើស​មក​ផ្ចាញ់​ព្រះអង្គ បាន​ងោះ​ទាំង​ពីរ​​បាញ់​ប្រើ​ស​នោះ​ស្លាប់​​ទៅ ​ក៏ក្តៅ​ក្រហាយ​ដល់​ព្រះ​ឥន្រ្ទ​ទេវតា​ លោក​បង្អុរ​ភ្លៀង​មក​ ព្រះអង្គ​​ក៏​បាន​ទៅ​បួស”។ ទោះបីយ៉ាង​ណាក្តី ក្នុង​ខ្លឹមសារ​រៀបរាប់ខាងលើ​​ នាំ​ឱ្យយើង​មើល​ឃើញ​ថា​​ត្រុដិ​ពាក់​ព័ន្ធនឹង​ជំនឿ​លើ​ធម្មជាតិ សត្វ និង​ទឹកភ្លៀង​សម្រាប់​ឆ្នាំ​ខាងមុខ​។ មិន​តែ​ប៉ុណ្ណោះ ចំពោះ​ការ​រៀបរាប់​​ឧបករណ៍​សម្តែង និង​គ្រឿង​ភ្លេងក៏ឃើញប្រែប្រួលតាម​ក្រុម តាម​ភូមិ​ស្រុក​​ដែរ។ ចំណែក​ឯការ​ភ្ជាប់សាច់រឿង​ទៅនឹង​ព្រះសម្មាសមុទ្ធ គឺ​ជា​​រឿង​ធម្មតា​​ក្នុង​ព្រេងនិទានខ្មែរ​ ដែលគេតែង​សង្កេត​ឃើញ​មក​ជា​ហូរហែ។ សូម​បញ្ជាក់​ថា​​ ចំពោះ​អ្នកស្រុក​សៀមរាប និង​តំបន់ខ្លះទៀត​តែង​លេង​ត្រុដិម្យ៉ាង​ទៀត​ហៅថា “ត្រុដិ​នាង​ម៉េវ​” ពេលស្រុក​ភូមិ​រាំងស្ងួត​ពុំមានភ្លៀង​ធ្លាក់។

ត្រុដិ​សម្តែង​នៅ​តាម​ប្រាសាទជូន​គណអធិបតី​ទស្សនា​កម្សាន្ត​ (ប្រភព៖?)

ចំពោះ​ទំនុក​ចម្រៀង​​រាំត្រុដិ គេសង្កេត​ឃើញ​មាន​សេចក្តីមិនដូចគ្នាឡើយ ពោលគឺ​ប្រែប្រួល​តាម​ការ​និយម​នៃ​វង់ត្រុដិនីមួយៗ​ ទំនុក​ខ្លះ​គេ​អាច​បង្កើត​ភ្លាម​ៗ​តាម​ហេតុ​ការណ៍​​ជាក់​ស្តែង​។ ប៉ុន្តែ​ជារួម​ទំនុក​ច្រៀង​​ទាំង​នោះ​ហាក់​ដូចជា​រៀបរាប់​ទិដ្ឋភាព​ក្រុម​អ្នក​រាំត្រុដិ​ ដើរ​​​ដាច់សង្វែង​កណ្តាល​ថ្ងៃក្តៅ​ មាន​រទេះ មានគោ… ចូល​មក​សុំ​រាំមុខ​ផ្ទះ​អ្នកស្រុក ដើម្បី​ឱ្យ​​គេ​ដាក់​ទានរបស់​របរផ្សេងៗ រួច​ហើយ​ឱ្យ​ពរជ័យ​គេ​ជាការ​តបស្នង។ ខាង​ក្រោម​នេះ​ជា​ទំនុក​ច្រៀង​ក្រុមត្រុដិបាត់ដំបងគឺ៖

-ត្រុដិយើង​ដល់​ហើយ​ដល់​ជើង​របង រទេះ​ដល់ផង​ខ្សែ​រងចង្រ្កង់​ ឱណានាង​ណា​ខ្សែ​ចង​ចង្រ្កង់។

-កញ្ឆា​របងបែក បងហែក​ហាលថ្ងៃ កញ្ឆា​ចង្រៃ​បាន​អ្វីលៅគិន ឱណា​នាង​ណា បានអ្វី​​លៅគិន។

-អាដែង​កនយើង​ឯង​មើល​អី្វនុះ ឃើញ​ស​សំព្រុស​ ដូច​ជា​ក្រមុំ។ ឱណា…

-ដឹងដៃអ្នករហាល​ ធ្វើស្រែ​ឥតដាល​ បានស្រូវ​បីការុង បើនាង​មិន​ជឿ​ទៅ​មើល​ឯក្នុង​ បានស្រូវ​បីការុង​​ស៊ីផង​លក់​ផង។ ឱណា…

-ដៃអ្នក​ស្រុក​ភាស ស៊ីតែសម្ល​ជាស​ ជុំ​អាចម៌​ចេញ​ខ្លាញ់។ ឱណា…

-ដឹង​ដៃអ្នក​ប្រដាក កាត់​សក់​សាកញ៉ាក ធ្វើ​ដង្ខៅ​លេង​ស្រី។ ឱណា…

-រមាំង​នាង​អើយ​វារាំង​គន្លង វាដេញ​ជល់​បង​វាកង​កន្ទុយ។ ឱណា…

-សន្ទូច​បងមួយ​ពង់​វង់ត្រឡោក​ បង្កៃ​លើ​គោក​កន្ជន​ភ្លាត់​ភ្លៅ។ ឱណា…

-សន្ទូច​បងដាច់​ បងលុយ​ទៅ​ចង ក្រពតខាំបង​ខាំ​ដាច់​ខ្នង​ជើង. ឱណា…

-ផ្ទះ​ធំ​ឈ្នៀង​ហាប់ ក្រមុំ​ច្រើន​កប​ នៅកៀន​ជញ្ជាំង​។ ឱណា…

-ផ្ទះធំរោង​ដោល ម្ចាស់គេ​រត់​ចោល​ ធុំ​ក្លិន​ស្រាខ្លាំង។ ឱណា…

-អាទង់​កន់ឆែត​ នៅអែបកៀន​ទឹក យក​មក​ក្មាតផឹក ក្មាតរាំ​ឱ្យ​មើល។ បើផ្អែក​តាម​សេចក្តីសង្កេត​ទំនៀម​រាំត្រុដិ​របស់​អ្នកស្រុក​​ក្នុង​ខេត្ត​ឧត្តរមាន​ជ័យ ដែល​​ជា​ខេត្ត​ភាគខាងជើងដែរ គេ​ឃើញច្បាស់ថា ខ្លឹមសារ​ចម្រៀង​ត្រុដិ​នោះ​​​មាន​ចំណុច​ស្រដៀង​គ្នា​នឹង​អ្នកស្រុក​បាត់​ដំបងដោយ​អន្លើៗ។ ចំពោះ​អត្ថន័យ​ធំ​នៃការ​លេង​ត្រុដិ អ្នក​ស្រាវជ្រាវ​យល់ថា​ លេង​ក្នុង​ន័យ​សុំទឹកភ្លៀង ហើយ​សូម្បីតែ​តួ​អង្គ​ដង្ខៅ​​ដើរ​នាំត្រុដិនោះ ខ្លះ​ហៅ​ថាមេភ្លៀង ឬមេនាគ។ លើស​ពីនេះ ការដែលម្ចាស់ផ្ទះជះទឹកដាក់​ក្រុម​ត្រុដិ​ក៏សុទ្ធតែ​ជាការ​ឧបកិច្ចសូមឱ្យ​ភ្លៀងធ្លាក់មកនៅខែពិសាខខាងមុខ។ មិន​តែ​ប៉ុណ្ណោះ​ចំពោះ​​​​ការបាញ់​សម្លាប់ប្រើសដែលជាចំណុចធំបង្អស់នៃល្បែងត្រុដិ​ គេ​យល់​ថា​ “និមិត្ត​រូប” នៃ​ការ​បញ្ចៀសភាពរាំងស្ងួត។ សូម​បញ្ជាក់​ដែរថា ​នៅតាម​តំបន់ខ្លះ​ក្រោយ​សម្តែង​ដល់​ត្រង់​​ឈុត​​បាញ់​ប្រើស​ងាប់ហើយ គេតែង​ប្រោះទឹក​ដាក់​ប្រើស​នោះ ហើយ​ខ្លះ​ថែម​ទាំង​​ និម​ន្ត​​ព្រះ​សង្ឃ​ប្រោះទឹកផង​ក៏មាន។ ដោយ​យល់ពីអត្ថន័យ និង​ខ្លឹមសារជា​ទំនៀម​​ដូច​​រៀបរាប់មកខាងលើ គេ​សម្គាល់​​ឃើញ​​ក្រសួង​ មន្ទីរ​ សាលា​រៀន និងក្រុមហ៊ុន​តូច​ធំ​កាន់​តែ​​និយម​គាំ​ទ្រ​​របាំត្រុដិ​ រាំក្នុងរដូវ​ចូល​ឆ្នាំ​ថ្មី​កាន់​តែផុសផុលឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​​ឆ្នាំ។

សង្ខេបសេចក្តីមក របាំត្រុដិដែលអ្នកស្រុកភាគខាងជើងតែងលេងក្នុង​រដូវចូល​ឆ្នាំ​ គឺមាន​អត្ថន័យ​ធំពាក់ព័ន្ធនឹង​ជំនឿលើទឹកភ្លៀងសម្រាប់ឆ្នាំថ្មី។ ចំណែក​ឯរបាំត្រុដិ​ដែល​គេ​តែង​សង្កេតឃើញ​សម្តែង​តាមទីសាធារណៈនានា ហាក់​មានលក្ខណៈ​ជា​សិល្បៈ​ទស្សនីយ​ភាព សម្តែង​ក្នុងន័យ​អបអរសាទរឆ្នាំថ្មី និង​ក្នុង​ជំនឿ​បណ្តេញឧបទ្រព​ចង្រៃ​ផ្សេងៗ ទន្ទឹ​ម​នឹង​ការ​បង្ហាញ​ឱ្យ​ឃើញ​ពីការ​គាំទ្រ​សិល្បៈ​ប្រពៃណីផងដែរ៕

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!