ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿទំនៀមខ្លះក្រោយចូលឆ្នាំថ្មី

ទំនៀមខ្លះក្រោយចូលឆ្នាំថ្មី

បន្ទាប់ពីចូលឆ្នាំថ្មីរួច គេសង្កេតឃើញមាន​ពិធី​បុណ្យ​​ខ្លះបន្ត​ប្រារព្ធឡើង​​នៅតាម​ស្រុក​​​ភូមិ​នានា​ទៅ​តាម​ទំនៀម។ ពិធី​ជា​ទំនៀម​​ទាំង​នោះ គេ​​តែង​ធ្វើ​​ក្នុង​ចន្លោះ​ពេល​មួយ​​បន្ទាប់​​​ពី​ចូលឆ្នាំ​ហើយ​មួយ​រយៈខ្លី ពោលគឺ​​ធ្វើ​មុន​ដំណាច់ខែចេត្រ​ឆ្លង​ចូល​ដល់​ខែពិសាខ ហើយ​តំបន់​ខ្លះហៅជា​ទូទៅថា​ឆ្លង​ចូល​ឆ្នាំ​ ឬខ្លះហៅ​ថា​ឆ្លង​ចេត្រ ឬផ្តាច់​ចេត្រជាដើម​​។ ក្នុង​ខ្លឹមសារ​ខាងក្រោម ខ្ញុំសាកល្បងរៀបរាប់យ៉ាង​សង្ខេបជូន​ជ្រាប​អំពីទំនៀម​​ឆ្លង​ចូលឆ្នាំ​ជា​ទូទៅ ទំនៀម​សម្តែង​ល្ខោន​ខោល​ក្រោយ​ចូលឆ្នាំ​នៅវត្ត​ស្វាយ​អណ្តែត ទំនៀម​ទាញ​ព្រ័ត្រ​ថ្វាយ​អ្នកតា​ដើម​សំរោង​នៅស្រុក​កោះធំ និ​ងជា​ពិសេស​ទំនៀម​​​ឆ្លង​ចេត្រ​នៅភូមិ​នគរ​ក្រៅ និងនៅកំពង់ក្តី (ស្រុកជីក្រែង) ខេត្ត​សៀមរាប។​​​​ ជាការពិត​បន្ទាប់ពី​​ការ​ប្រារព្ធពិធីចូលឆ្នាំ​ចប់សព្វគ្រប់ទាំងបីថ្ងៃ តាម​ប្រពៃណីគេ​តែង​​ធ្វើពិធី​​សំខាន់​មួយ​ទៀត​គឺ​ “ឆ្លង​ចូលឆ្នាំ” ឬអ្នក​ខ្លះ​ហៅថា “ស្រង់ព្រះ”។ ជាទូទៅ​ពិធី​នេះ​​តែងប្រារព្ធ​ធ្វើ​នៅក្នុងវត្ត ហើយវត្ត​ខ្លះ​តែងរៀបចំធ្វើ​ក្នុង​ថ្ងៃ​ឡើង​ស័ក​តែម្តង។ កិច្ច​​​សំខាន់ៗ​ក្នុង​ពេលនោះ គេ​មើលឃើញមានពីរគឺ ផ្សឹក​ភ្នំខ្សាច់ និង​ស្រង់​ព្រះ។ ការ​ផ្សឹក​ភ្នំ​ខ្សាច់ គឺជាកិច្ច​ចាំបាច់ដែលគេជឿថាត្រូវ​តែធ្វើ ដ្បិត​ក្នុង​ថ្ងៃចូលឆ្នាំ​ពុទ្ធបរិស័ទ​​ជិត​ឆ្ងាយ​បាន​ធ្វើ​កិច្ច​ពូន​ភ្នំខ្សាច់ និង​បំបួស​ភ្នំខ្សាច់​ក្នុង​ជំនឿ​​ផ្តាច់កម្មពៀរ។ ដូច្នេះ​ក្នុង​ថ្ងៃ​ឆ្លងចូល​ឆ្នាំ គេ​ត្រូវ​ធ្វើ​កិច្ច​ផ្សឹក​ភ្នំខ្សាច់នោះវិញ ដ្បិត​កាល​ដែល​បំបួស​ភ្នំខ្សាច់គេ​យល់ថា​ ពំនូក​ខ្សាច់​នោះ​គឺ​ទុក​ដូចជា​​ “វាលុកចេតិយ”។ ចំពោះពិធីស្រង់ព្រះ គឺពុំ​ទាន់​ឃើញ​មាន​សេចក្តី​ពន្យល់​ច្បាស់​​លាស់​ក្នុង​ឯកសារ​ណាឡើយ តែពុទ្ធសាសនិក​ទូទៅ​ជឿថា​ពិធី​ស្រង់​ព្រះ​ជាការ​លាង​​ជម្រះនូវបាបកម្មទាំងឡាយដែលប្រព្រឹត្តិឡើងកាលពីឆ្នាំចាស់ ដើម្បីទទួលយក មកវិញ​នូវ​ពរជ័យសិរីសួស្តីក្នុងឆ្នាំថ្មី ជាពិសេសជាការសុំសេចក្តីសុខ សេចក្តីចម្រើន ត្រជាក់​ត្រជុំ​ក្នុងក្រុមគ្រួសារ។ ការ​រៀបចំកិច្ចស្រង់​ព្រះនេះសោត គេច្រើន​អប់ទឹក​ដោយ​ផ្កា និងគ្រឿង​ក្រអូប​ផ្សេងៗ​ រួចហើយកាន់សំដៅ​យក​ទៅវត្ត។ ជាទូទៅ​ព្រះពុទ្ធ​បដិមា​ដែល​គេ​តែង​រៀបចំ​កិច្ច​ស្រង់​ទឹកនោះ ច្រើន​ជា​ព្រះបដិមា​ក្នុង​ព្រះវិហារ ឬព្រះ​បដិមា​តម្កល់​លើនៅ​សាលា​ធម្មសភា ឬជាពិសេស​គឺព្រះពុទ្ធបដិមា​ដែល​ពុទ្ធបរិស័ទមាន​ជំនឿ​ថា​មាន​បារមីខ្លាំង​ពូកែ​​​ជា​ដើម។ មុននឹង​ធ្វើកិច្ចស្រោចស្រពស្រង់ព្រះ លោកអាចារ្យ ឬព្រះថេរ​អង្គ​ណាមួយ​តែង​ដឹកនាំធ្វើកិច្ច​វន្ទាខមាទោស​សិន។ បន្ទាប់មក​ព្រះថេរជាធំក្នុង​ជំនុំសង្ឃនោះ​និមន្ត​ស្រង់​​ព្រះ​ រួចហើយ​ព្រះសង្ឃអង្គផ្សេងបន្តបន្ទាប់ ទើប​ពុទ្ធបរិស័ទ​ស្រង់​ជាក្រោយ។

​ចំពោះ​ទំនៀម​សម្តែង​ល្ខោនខោល​​ក្រោយថ្ងៃ​ចូល​ឆ្នាំ​ ប្រចាំនៅវត្ត​ស្វាយ​អណ្តែត​ ស្ថិត​​ក្នុង​​ស្រុក​ល្វាឯម ខេត្ត​កណ្តាល គឺ​ជា​​ទំនៀមរបស់​​អ្នកស្រុក​តែង​ប្រារព្ធ​នៅ​ថ្ងៃ​សៅរ៍​ នៃ​សប្តាហ៍​ទី​១​បន្ទាប់ពីចូលឆ្នាំថ្មីរួច។ ការ​សម្តែង​​​នេះ​ គឺជាកង្វល់​ធំរបស់អ្នក​ស្រុក​ដែល​​ត្រូវ​រៀបចំ​​ធ្វើ​ក្នុង​បរិវេណ​វត្ត​ ក្នុង​ន័យ​ជា​ “ពិធី” (ពុំមែន​ជា​សិល្បៈ​មើលលេង​កម្សាន្ត) មាន​ការ​ចូល​រូប​ និង​បន់​ស្រន់ ពោលគឺ​សម្តែង​ជា​តង្វាយ​​ដល់​ “អស់​លោក” (អ្នកតា) និង​បារមី​ប្រចាំ​វត្ត​ ដើម្បីបួង​សួង​សុំទឹកភ្លៀង​​។ ការ​សម្តែង​នោះ​សោត​ គឺជា​ធម្មតា​មាន​រយៈ​ពេល​បីថ្ងៃ។ ថ្ងៃ​ទី​១ ឬហៅថា​ថ្ងៃ​ហោម​រោង​ គេធ្វើ​កិច្ច​ “យាង​ទសមុខ” មក​តម្កល់​ក្នុង​រោង​​ពិធី។ បន្ទាប់​មក គេធ្វើ​កិច្ច​សំពះគ្រូ និង​រាំថ្វាយ​បារមី​ក្នុង​ព្រះវិហារ។​ ក្នុង​ថ្ងៃទី​២ គេ​សម្តែង​សាច់​រឿង​ផ្សេងៗ​តាម​ការ​កំណត់​របស់​អ្នក​ដឹកនាំ តែនៅយប់ចុងក្រោយ​គេត្រូវ​លើ​ក​យក​អន្លើ​ “កុម្ភកាណ៌​​​ទប់ទឹក​” ​មក​សម្តែង ដោយ​ជឿថា​ការសម្តែងអន្លើនេះ​នឹង​នាំ​ឱ្យ​ស្រុក​ភូមិ​មាន​ទឹកគ្រប់គ្រាន់សម្រាប់ប្រកប​របរ​កសិកម្ម ព្រម​ទាំង​បាន​សុខសប្បាយ។

រីឯទំនៀម​ទាញព្រ័ត្រក្រោយថ្ងៃចូលឆ្នាំនៅក្នុង​ឃុំ​កំពង់​កុង ស្រុកកោះធំ ខេត្ត​កណ្តាល​ គឺជា​ពិធី​យ៉ាង​សំខាន់​របស់​អ្នកស្រុក​ដែល​ប្រារព្ធថ្វាយ​អ្នកតាប្រចាំភូមិ (អ្នកតា​ដើម​សំរោង)បន្ទាប់ពីចូល​ឆ្នាំ​រួច​​ពីរ​​ឬបីថ្ងៃ។ អ្វីដែល​គួរ​ឱ្យ​ពិចារណាក្នុង​ពិធីនេះ គឺការ​យកព្រ័ត្រ​ដែលវេញ​ពីផ្តៅ​មក​ទាញ​ផ្តាច់​មុខខ្ទម​អ្នកតា​ ដោយ​មាន​ព្រះសង្ឃ​ប្រោះព្រំផង។ សូមកុំភ្លេចថា​ក្នុង​សៀវភៅ​មហា​សង្រ្កាន្ត​បុរាណៗ​លោកតែង​ហៅ​ល្បែង​ទាញ​ព្រ័ត្រ​ជា​ល្បែង​នក្ខត្តឫក្ស ពោល​​គឺ​ពុំមែន​ជាល្បែង​លេង​ល្បង​កម្លាំងគ្នា​យក​​ចាញ់​ឈ្នះ​​ក្នុង​ន័យ​ជា​កីឡាឡើយ។ រីឯ​ការ​ទាញព្រ័ត្រផ្តាច់មុខ​ខ្ទម​អ្នកតានេះ គេ​យល់ថា​ជា​និមិត្ត​​រូប​នៃការ​ដាច់ឆ្នាំ​ចាស់​ចូលឆ្នាំ​ថ្មី ពោលគឺ​ការបញ្ចប់​វដ្ត​កសិកម្ម​ចាស់​ផ្តើម​ចូល​វដ្ត​កសិកម្ម​​​​​ថ្មី។

ដោយឡែក ទំនៀម​ឆ្លង​ចេត្រ​ ឬផ្តាច់ចេត្រ​នៅក្នុង​ខេត្ត​សៀមរាប គឺជា​ទំនៀម​ដែល​គេ​សម្គាល់ឃើញ​ប្រារព្ធជាប់ពាក់ព័ន្ធនឹង​អ្នកតាដែរ។ អ្នកស្រាវជ្រាវពន្យល់ថា “ឆ្លងចេត្រ” នៅ​ទី​នេះគ្រាន់តែមានន័យថា ឆ្លងផុតពីខែចេត្រចូលទៅខែពិសាខ ដែលជាខែ​ចាប់​ផ្តើម​ធ្លាក់​ភ្លៀង ពោលគឺខែដែលគេចាប់ផ្តើមដាស់ដីភ្ជួររាស់ជាដើម។ យ៉ាងណាក្តី អ្នកភូមិ​ខ្លះ​អាច​ធ្វើពិធីឆ្លងចេត្រ​ រួច​ហើយ​ស្រង់ព្រះពុទ្ធរូប​ ភ្ជាប់នឹង​បុណ្យ​ផ្សេងទៀតដែរដូចជា​បុណ្យ​ផ្កា​​ប្រាក់ជាដើម។ ​ប៉ុន្តែជា​ទំនៀម បន្ទាប់ពីចប់ចូលឆ្នាំ​ប្រហែល​កន្លះខែ​ ភូមិភាគ​ច្រើន​ស្ថិត​នៅ​ជុំវិញ​​តំបន់​អង្គរតែង​ធ្វើបុណ្យ​ឆ្លង​ចេត្រ​នៅសាលាបុណ្យ ឬសាលា​ឆទាន​ក្នុងភូមិនិង​​និមន្ត​​ព្រះសង្ឃឆាន់​ក្នុង​ថ្ងៃបញ្ចប់។ ក្នុងថ្ងៃបញ្ចប់ ឬថ្ងៃឆ្លងនោះ អ្នកភូមិរៀបចំ​ទឹក​​អប់​លាយ​រមៀត និង​ផ្កាភ្ញីសម្រាប់ស្រង់ព្រះ។ ឧទាហរណ៍​មួយក្នុង​រូបខាងក្រោមនេះ គឺជា​ពិធី​ឆ្លង​ចេត្រ​នៅភូមិនគរក្រៅ ដែលគេ​ប្រារព្ធនៅសាលា​ឆទានក្នុង​ភូមិ (ឆ្នាំ​២០១៤)។ ក្នុង​ពិធីនោះ នៅ​រសៀល​ថ្ងៃសូត្រមន្ត ​គេមាន​ពូន​ភ្នំខ្សាច់ជាធម្មតា​ដូចថ្ងៃចូលឆ្នាំនៅវត្ត​ដែរ។ លុះព្រឹក​ឡើង​ថ្ងៃឆ្លង​ គេធ្វើកិច្ច​ផ្សឹ​កភ្នំខ្សាច់ និមន្ត​ព្រះសង្ឃឆាន់ រួច​ទើប​ធ្វើកិច្ច​ស្រង់​ព្រះ និង​ស្រង់​ទឹក​ជូន​ចាស់​ទុំ​ក្នុង​ភូមិ។ ផុត​ពីនោះ អ្នកភូមិនាំគ្នាដង្ហែផ្កាប្រាក់​ទៅ​ប្រគេ​ព្រះសង្ឃ​ និង​ធ្វើ​កិច្ច​ស្រង់​ព្រះនៅវត្ត​ទេពប្រណម្យ​ ស្ថិត​ក្នុង​បរិវេណ​ប្រាសាទអង្គរធំ។

ចំណែកឯឧទាហរណ៍មួយទៀត គឺទំនៀម​ទាញព្រ័ត្រផ្តាច់ចេត្រ (ឬឆ្លងចេត្រ) នៅ​ស្ពានកំពង់ក្តី ស្ថិត​ក្នុងស្រុកជីក្រែង ខេត្តសៀមរាប។ ក្នុង​ទំនៀមនេះ គេឃើញ​មាន​កិច្ច​ពីរគឺ សែនព្រេន​ថ្វាយ​ភ្លេង​នៅ​ខ្ទម​អ្នកតា “តាគង់” និង​ទាញព្រ័ត្រ​លើ​ស្ពា​ន​​កំពង់ក្តី ដែល​ជា​ស្ពាន​បុរាណ (ស.វ.ទី១២)។ ចំពោះកិច្ច​ថ្វាយភ្លេងនៅទួល​អ្នកតា គឺដើម្បីបួង​សួង​សុំសេចក្តីសុខ សុំឱ្យមានភ្លៀងធ្លាក់ល្អ។ បន្ទាប់មកគេនាំគ្នា​កាន់ចប រនាស់​ (រនាស់ដៃ) ធ្វើ​​ជា​​កាប់រាស់ដី​ក្បែរ​ខ្ទម​អ្នកតា ដោយ​​អ្នកខ្លះ​ដើរ​តាម​ក្រោយ​ព្រាច​គ្រាប់ពូជផង (រូបលេខ​១២)។ កិច្ចចុង​ក្រោយ គេនាំគ្នា​​ទាញ​​ព្រ័ត្របីដង​នៅ​​មុខ​ខ្ទម​អ្នកតា ទើបនាំគ្នាទៅធ្វើកិច្ច​នៅលើ​ស្ពាន​។ កិច្ច​ដំបូង​​នៅទីនេះ គេនាំគ្នា​សូត្រនមស្ការមុខ​ក្បាល​នាគ​បង្កាន់​ដៃ​ស្ពាន។ បន្ទាប់មក​ទើប​គេ​​សែន​ព្រេន​ថ្វាយ​ភ្លេងបីបទ។ ចុងក្រោយ អ្នកស្រុក​នាំគ្នា​​ទាញ​ព្រ័ត្រ​លើ​ស្ពាន​នេះ​ម្តង​ទៀត​ជា​កិច្ចបញ្ចប់។ សូម​បញ្ជាក់ថា ពិធីឆ្លងចេត្រ​នៅទីនេះពុំឃើញមាន​កិច្ច​ពាក់​ព័ន្ធនឹង​ព្រះសង្ឃដូច​បណ្តាភូមិផ្សេងឡើយ។

សរុបសេចក្តីមក បើមិន​និយាយ​ពីពិធីស្រង់ព្រះ​ឆ្លង​ចូលឆ្នាំ​តាមវត្ត​ដែល​ប្រារព្ធ​ជាទូទៅ​ គេឃើញា​ទំនៀម​​ខ្លះៗក្រោយថ្ងៃចូលឆ្នាំ​បញ្ចប់ទៅថ្មីៗ​ប្រារព្ធនៅតាម​ភូមិ​ស្រុក​​នីមួយៗដែល​លើ​កម​ក​បង្ហាញ​​ខាងលើនេះ គឺមានលក្ខណៈ​ពិសេស​ទីទៃពីគ្នា​គួរឱ្យ​ចាប់​អារម្មណ៍សិក្សា​ស្រាវជ្រាវ​វែងឆ្ងាយតទៅមុខ។ ន័យជា​ធំ​នៃពិធីទាំងនោះ ភាគច្រើ​ន​ពាក់​ព័ន្ធ​នឹង​ជំនឿ​នៃការ​បន់ស្រន់សុំទឹកភ្លៀង សម្រាប់​រដូវកសិកម្មថ្មីក្នុង​ខែពិសាខ​ ដែល​រាប់​ជា​ដើម​ឆ្នាំនៃការ​ធ្វើស្រែចម្ការ៕

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត


អាំង ជូលាន ២០១០-២០១១: ៣២-៣

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!