ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿកិច្ចច្រត់ព្រះនង្គ័លនៅតំបន់ប្រាសាទសំបូរព្រៃគុក

កិច្ចច្រត់ព្រះនង្គ័លនៅតំបន់ប្រាសាទសំបូរព្រៃគុក

តាមទំនៀមទម្លាប់ខ្មែរតាំងពីបុរាណកាលមក នៅដើមដំបូងនៃការបើករដូវធ្វើស្រែចំការ តែងតែមានប្រារព្ធពិធីមួយជាទៀងទាត់ដែលគេស្គាល់ថា “ច្រត់ព្រះនង្គ័ល”។ ភាគច្រើន មនុស្សម្នាតែងស្គាល់ព្រះរាជពិធីច្រត់ព្រះនង្គ័លដែលរៀបចំឡើងជាថ្នាក់ជាតិ ប្រារព្ធនៅវាលមេរុ ក្បែរព្រះ-បរមរាជវាំង ក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តផ្សេងៗ។ ដោយឡែក យ៉ាងហោចណាស់មានភូមិចំនួនពីរនៅតំបន់ប្រាសាទសំបូរព្រៃគុក ដែលនៅរក្សាប្រពៃណីច្រត់ព្រះនង្គ័លបានមកដល់សព្វថ្ងៃ គឺភូមិសំបូរ (ស្រុកប្រាសាទសំបូរ) និងភូមិចំណាស់ចាស់ (ស្រុកប្រាសាទបល្ល័ង្ក)។ លំដាប់នៃកិច្ចពិធីច្រត់ព្រះនង្គ័លភូមិទាំងពីរ មានលក្ខណៈខុសគ្នាខ្លះ ប៉ុន្តែមានអត្ថន័យរួមគ្នាមួយ គឺការសុំពរជ័យមង្គលពីអ្នកតាចាស់ស្រុក ដើម្បីបើករដូវធ្វើស្រែចម្ការឱ្យមានទឹកភ្លៀងគ្រប់គ្រាន់ និងសុំសេចក្តីសុខសប្បាយ ចៀសឆ្ងាយពីរន្ទះបាញ់នៅរដូវវស្សា។ តើកិច្ចច្រត់ព្រះនង្គ័លនៅភូមិទាំងពីរមានលំដាប់លំដោយយ៉ាងណាខ្លះ?

នៅក្នុងភូមិសំបូរ គេតែងប្រារព្ធពិធីនេះឡើងនៅក្នុងពិសាខ ដែលកាលបរិច្ឆេទច្រើនតែប្រហាក់ប្រហែលនឹងព្រះរាជពិធីច្រត់ព្រះនង្គ័លរបស់ថ្នាក់ជាតិ។ ប៉ុន្តែ អ្នកស្រុកមានត្រណមមួយ គឺត្រូវតែរើសឱ្យចំថ្ងៃអង្គារ និងថ្ងៃសៅរ៍។ គេពន្យល់ថា ថ្ងៃអង្គារ គឺជាថ្ងៃរឹងដែលពពួកអមនុស្សមានសិទ្ធិចេញក្រៅ រីឯថ្ងៃសៅរ៍ពេលរសៀល គឺជាថ្ងៃដែលពពួកអមនុស្សអាចទទួលសំណែនរបស់មនុស្សបានពេញលេញ។ កិច្ចនេះ គេប្រារព្ធឡើងនៅទីតាំងខ្ទមអ្នកតាចាស់ស្រុក (អ្នកតាទ្វារ) នៅត្រង់កណ្តាលភូមិ ហើយគេបន្តទៅដល់ទីតាំងដីស្រែនានា។ នៅក្នុងកិច្ចនោះ អ្នកស្រុកបានយកលាជដែលមានគ្រាប់ធំៗពត់ចេញជារាងរង្វង់ ដោយនៅលើនំនាឡិមកពីផ្ទះរៀងៗខ្លួន ដោយគេសន្មតថា នំនាឡិប្រៀបដូចជាដីដែលកំពុងដាំដុះដំណាំស្រូវ ហើយដាក់វាចូលទៅក្នុងកញ្រ្ចែង ឬល្អី ឱ្យឈ្មោះថា «ព្រលឹងស្រូវ»។

ជាងនេះទៅទៀត អ្នកចូលរួមក៏បានយកដើមសណ្តែកព្រៃមកកាន់កន្លែងប្រារព្ធពិធីផង ដោយសន្មតដើមនោះជា “ដើមព្រះភូមិ” ហើយក៏ជានិម្មិតរូបនៃព្រលឹងស្រូវផង។ ព្រលឹងស្រូវដែលគេកាន់មកពីផ្ទះ គឺគេយកទៅតម្រៀបនៅក្នុងខ្ទមអ្នកតា ហើយដើម  សណ្តែកព្រៃគេយកទៅដោតនៅតាមសសររោងអ្នកតា ឬដើមឈើនៅកន្លែងប្រារព្ធពិធីនោះ។ យើងសង្កេតឃើញថា គ្រឿងរណ្តាប់ដែលមាននៅពេលនោះ គឺមិនខុសគ្នាពីការឡើងអ្នកតាចាស់ស្រុកឡើយ ឧទាហរណ៍ មាន់ឆ្កាង ពែ សង្ឃឹក (ដាក់របស់របរបញ្ជូន)។ល។ ជាកិច្ចចាប់ផ្តើម ជម្មឿងជាអ្នករៀបចំកិច្ចនេះ ចាប់ផ្តើមរៀបចំពិធីសែនព្រេនដល់អ្នកតាចាស់ស្រុក ដោយអញ្ជើញក្រុមអមនុស្សមកសេពសោយសំណែនដែលគេបានរៀបចំ។ ពេលសែនព្រេនរួចរាល់ ពិធីបញ្ជូនក៏ចាប់ផ្តើមឡើង ដែលភាគច្រើនអ្នកកាន់មាន់ឆ្កាងជាមនុស្សចាស់ ពែនិងសង្ឃឹកជាកូនក្មេង ហើយអ្នកចូលរួមផ្សេងទៀតកាន់ព្រលឹងស្រូវនិងដើមព្រះភូមិមកជាមួយផង ហើយដង្ហែទៅទិសខាងត្បូង។ គេជឿថា ទិសខាងត្បូង គឺជាទិសពិសេសមួយដែលអាចនាំឧបទ្រព្យចង្រៃចេញពីភូមិ ព្រោះខ្យល់នៅតំបន់នោះបក់ពីជើងទៅត្បូង។ នៅពេលនោះ អ្នកចូលរួមបានយកដើមព្រះភូមិមួយដើមរបស់ខ្លួនទៅដោតនៅតាមដីស្រែរៀងៗខ្លួន ដោយគេត្រណមថា ពេលដើរទៅដោតមិនត្រូវងាកក្រោយ ហើយដោតដើមព្រះភូមិឱ្យចំមុខផ្លូវទឹកដែលហូរចូលស្រែ ឬយ៉ាងហោចណាស់ត្រូវដោតឱ្យចំពាក់​កណ្តាលស្រែ។ ការដោតនៅមុខផ្លូវទឹកដែលហូរចូលស្រែនេះ ក្នុងជំនឿថា បន្ទាប់ពីបានសែនព្រេនដល់អ្នកតារួចមក នឹងមានទឹកបរិបូណ៌សម្រាប់បង្កបង្កើនផលស្រូវ។ រីឯ ដើមព្រះភូមិផ្សេងទៀតដែលនៅសល់ ត្រូវចងផ្គួបគ្នាជាមួយព្រលឹងស្រូវ ហើយយកវាទៅដោតនៅក្នុងច្រមនៅតាមសសរកន្លោងផ្ទះរៀងៗខ្លួន។

កិច្ចនេះនៅមិនទាន់ចប់សព្វគ្រប់នៅឡើយទេ ពោល គឺអ្នកស្រុកទាំងក្មេង ទាំងចាស់ត្រូវអង្គុយប្រមូលផ្តុំគ្នានៅវាលស្រែខាងត្បូងភូមិដដែល ដើម្បីរង់ចាំរំអិលថ្មដែលគេយកមកពីប្រាសាទសំបូរព្រៃគុក។ នៅអំឡុងពេលដែលគេកំពុងប្រារព្ធពិធីនៅអ្នកតាទ្វារ (ត្រង់កណ្តាលភូមិ) នៅខ្ទមអ្នកតាចាស់ស្រុកនៅសំបូរព្រៃគុកឯណោះ មានកិច្ចមួយទៀតដែលគេហៅថា “កិច្ចដុសរំអិលថ្ម”។ ការដុសយករំអិលថ្មនេះ ធ្វើឡើងដោយមនុស្សប្រុសមួយក្រុមនៅខាងមុខជណ្តើរបុរាណក្នុងក្រុមប្រាសាទសំបូរ (ក្រុមខាងជើង)។ កិច្ចដុសរំអិលថ្មនេះទំនងកើតមានឡើងរាប់សតវត្សរ៍មកហើយ ទើបបានជាជណ្តើរជាច្រើននៅក្រុមប្រាសាទសំបូរ ក្លាយទៅជាក្រហូងធំៗអស់ទៅហើយ។ ការដុសរំអិលថ្ម គេត្រូវយកទឹកមកស្រោចនៅលើផ្ទាំងថ្មជណ្តើរបុរាណរបស់ប្រាសាទ ហើយយកឥដ្ឋមកដុសបង្កើតបានជា រំអិល ឬកំអែលថ្ម ដែលមានពណ៌ទឹកក្រូចដូចពណ៌របស់ឥដ្ឋដែរ។ បុរសមួយក្រុមដែលជាអ្នកដុសរំអិលថ្ម​ ក៏មានត្រណមដូចគ្នា គឺមិនត្រូវនិយាយរកនរណាឡើយកំឡុងពេលដែលគេកំពុងដុស។ ពេលដុសបានហើយ គេយករំអិល ឬកំអែលថ្មនោះ មកដាក់នៅលើស្លឹករុក្ខជាតិមួយប្រភេទឈ្មោះថា “ប្រទាលអោបជុំ” (អ្នកស្រុកហៅជាក្រៀមភាសាថា “អាជុំ”)។ បន្ទាប់មក ពិធីដង្ហែរំអិលថ្មពីខ្ទមអ្នកតាចាស់ស្រុកឆ្ពោះទៅកាន់ទីស្រែដែលមនុស្សកំពុងរង់ចាំក៏ចាប់ផ្តើមឡើង។ ពេលទៅដល់ទីស្រែ បុរសម្នាក់ដែលគេស្គាល់ថាជាជម្មឿង (អ្នករៀបចំកិច្ច) បានតំណាងឱ្យអ្នកភូមិដែលចាំទទួលរំអិល​ថ្មបានសួរឆ្លើយឆ្លងគ្នាទៅក្រុមបុរសកាន់រំអិលថ្ម។ ពេលនោះ ការដណ្តើមរំអិលថ្មក៏ចាប់ផ្តើមឡើង មានទាំងមនុស្សចាស់ និងកូនក្មេង។ មនុស្សចាស់ បានយករំអិល ឬកំអែលថ្មនោះទៅចឺមនៅលើថ្ងាស​ក្មេងៗ ដែលគេជឿថា ការចឺមនៅលើថ្ងាសក្មេងៗនេះ ដើម្បីសុំសេចក្តីសុខសប្បាយ ចៀសផុតពីរន្ទះបាញ់ ដ្បិតនៅរដូវវស្សាក្មេងៗនៅក្នុងភូមិនេះហើយដែលតែងទៅឃ្វាលគោប្រឈមនឹងរន្ទះបាញ់ជាងចាស់ៗ។ ដូច្នេះហើយទើបបានជាគេឃើញបង្គោលឈើនៅជុំវិញខ្ទមអ្នកតាទ្វារមានបន្ទះដែកស្រោបព័ទ្ធជុំវិញតាមជំនឿរបស់ខ្មែរក្នុងការពាររន្ទះ។ ការដាក់បន្ទះដែកស្រោបជុំវិញបែបនេះ ក៏គេឃើញមាននៅតាមកំពូលប្រាសាទបុរាណរបស់ខ្មែរដែរ តួយ៉ាងនៅប្រាសាទភ្នំត្រប់ ខេត្តកំពង់ចាម ជាដើម។ កិច្ចដុសរំអិលថ្មនេះ ហាក់ដូចមានន័យស្រដៀងនឹងរឿងព្រះក្រឹស្ណដែរ ត្រង់ឈុតព្រះក្រឹស្ណទ្រភ្នំបាំងភ្លៀងផ្គររន្ទះរបស់ព្រះឥន្រ្ទការពារក្មេងៗគង្វាលគោ ព្រោះការលាបរំអិលថ្មក៏បំណងគេចពីរន្ទះរបស់ព្រះឥន្រ្ទដូចគ្នា។ កិច្ចដុសរំអិលថ្ម និងកិច្ចច្រត់ព្រះនង្គ័លដែលរៀបរាប់ខាងលើ ហាក់ដូចជាកិច្ចពីរផ្សេងគ្នា តែមានន័យរួមមួយ គឺការរីកចម្រើនដុះដាលនៃភោគផល គ្រាន់តែមួយជាស្រូវ និងមួយទៀតជាមនុស្ស។

ចំណែកឯនៅភូមិចំណារចាស់វិញ គេប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅខ្ទមអ្នកតាចាស់ស្រុកក្នុងភូមិ ហើយក៏ជ្រើសរើសយកថ្ងៃអង្គារ ឬថ្ងៃសៅរ៍ដូចគ្នាដែរ។ ក្នុងពិធីនោះ អ្នកស្រុកបានធ្វើព្រលឹងស្រូវដែលធ្វើពីលាជដោតនៅលើនំនាឡិដូចនៅភូមិសំបូរដែរ ប៉ុន្តែអ្នកចូលរួមមិនមានយក​ដើមសណ្តែកព្រៃ (ដើមព្រះភូមិ) មកជាមួយដូចភូមិសំបូរទេ។ ផ្ទុយទៅវិញ គេបានយកពូជស្រូវរបស់ខ្លួនមកពីផ្ទះមកកាន់ទីកន្លែងប្រារព្ធពិធី។ ជាងនេះទៅទៀត អ្វីដែលគួរកត់សម្គាល់ខ្លាំងនោះគឺ អ្នកចូលរួមត្រូវយកក្រមា និងមួកមកក្រាលនៅខាងមុខខ្ទមអ្នកតា។ នៅក្នុងកិច្ចនោះ ក្រមា គឺតំណាងឱ្យដីស្រែ ហើយមួកតំណាងឱ្យទឹក។ ព្រលឹងស្រូវ គឺតម្រៀបនៅក្នុងខ្ទមអ្នកតាដូចនៅភូមិសំបូរដែរ រីឯគ្រាប់ពូជស្រូវត្រូវចាក់ចូលចាន ឬកញ្ជើធំរួមគ្នាមួយ។ អ្នកភូមិមានជំនឿថា អ្នកតាដែលការពារដីស្រែចំការនៅក្នុងសហគមន៍របស់ពួកគេមានឈ្មោះថា “យាយរដ្ឋ” និង “តាកែវ”។ យាយរដ្ឋ ជាអមនុស្សស្រីនៅក្នុងសហគមន៍នេះពាក់សង្វារឈៀង។ ដូច្នេះហើយ រូបស្នងរបស់យាយរដ្ឋ ក៏ត្រូវមានពាក់សង្វារឈៀងដូចគ្នាដែរ។ បន្ទាប់ពីបានធ្វើពិធីសែនព្រេន និងទទួលបានការប្រោះព្រំពីអ្នកតាចាស់ស្រុក (យាយរដ្ឋ) រួចមក ជម្មឿងទី១ (អ្នករៀបចំកិច្ច) បានយកពូជស្រូវមកព្រោះនៅលើក្រមានិងមួក ក្នុងបំណងថា សូមឲ្យការធ្វើស្រែចំការ ឬការដាំដុះស្រូវដំណាំនាដូវថ្មីនេះ កើតការបែកគុម្ពល្អ និងមានទឹកភ្លៀងពេញបរិបូណ៌។ ពេលជម្មឿងទី១បាចរួច ជម្មឿងសួរថាតើការព្រោះនេះស្មើភាពគ្នានិងសព្វគ្រប់គ្នាហើយឬនៅ? មានឆកមានល្វែងឬអត់? បើអ្នកចូលរួមឆ្លើយថា “នៅទេ” នោះនឹងមានជម្មឿងទី២ និងទី៣ មកព្រោះម្តងទៀត រហូតដល់អ្នកចូលរួមឆ្លើយថា “សព្វគ្រប់ហើយ” ទើបចាស់ស្រុកឱ្យអ្នកចូលរួមប្រមូលពូជស្រូវនោះ។ ការប្រមូលទៀតសោត គេត្រូវយកពូជស្រូវពាក់កណ្តាលបរិច្ចាកជូនរដ្ឋ (បរិច្ចាកជូនអ្នកតាចាស់ស្រុក) ហើយពាក់កណ្តាលទៀតយកទៅដាក់នៅក្នុងច្រមនាសសរកន្លោងតាមផ្ទះរៀងខ្លួន ដែលគេហៅថា “មេស្រូវ” ដើម្បីការពារកុំឱ្យពូជស្រូវមានភាពភិតភ័យនៅពេលគេចាប់ផ្តើមយកពូជស្រូវទៅបង្កបង្កើនផល ឱ្យកើតការបែកគុម្ពល្អ មានទឹកភ្លៀងពេញបរិបូណ៌។

ជារួមមក កិច្ចច្រត់ព្រះនង្គ័លនៅតំបន់សំបូរព្រៃគុក បានបង្ហាញឱ្យឃើញពីការរក្សាមត៌កអរូបិយមួយដ៏ពិសេស ដែលស្ទើរតែមិនមាននៅតំបន់ដទៃទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ លំដាប់លំដោយនៃកិច្ចច្រត់ព្រះនង្គ័លនៅក្នុងភូមិទាំងពីរ (ភូមិសំបូរ និងភូមិចំណារចាស់) ដែលបានរៀបរាប់ខាងលើ មិនមានលក្ខណៈដូចព្រះរាជពិធីច្រត់ព្រះនង្គ័លដែលរៀបចំឡើងដោយថ្នាក់ជាតិនោះទេ ប៉ុន្តែអត្ថន័យរួម ហាក់ដូចជាពុំខុសគ្នាឡើយ គឺការបើករដូវធ្វើស្រែ និងសូមឱ្យមានទឹកភ្លៀងពេញបរិបូណ៌៕

អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!