ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿទំនៀមបុណ្យ​​ប្រចាំឆ្នាំនៅទួលអ្នកតាព្រីងក្អែក

ទំនៀមបុណ្យ​​ប្រចាំឆ្នាំនៅទួលអ្នកតាព្រីងក្អែក

អ្នក​ស្រុក​រស់នៅ​​ជិត​ជើង​ភ្នំបាសិទ្ធ តែង​រៀបចំ​ប្រារព្ធ​ពិធីជា​ទំនៀ​ម​​​យ៉ាង​អធិកអធម​​មួយឆ្នាំម្តងហៅថា “ឡើង​អ្នក​តា​ព្រីងក្អែក” ឬ “ហែអ្នកតាព្រីង​ក្អែក”​។ ពិធីនេះគេ​ធ្វើ​នៅថ្ងៃ​៤កើត ដល់ថ្ងៃ៥កើត ខែជេស្ឋ (ឆ្នាំ​នេះត្រូវនឹងថ្ងៃទី​២៣-២៤ ខែ​ឧសភា ឆ្នាំ​២០២៣) នៅលើ​ទួល​​បុរាណមួយហៅថា “ទួល​អ្នក​តា​ព្រីងក្អែក” ឬ “អ្នក​តា​​គហេ”។ ចាស់ទុំ​ខ្លះ​បញ្ជាក់ថាមុន​ស្រុក​កើត​សង្រ្គាម ក្នុង​ថ្ងៃទី១នៃថ្ងៃឡើង​លោកតា​​(អ្នកតា) តែង​មាន​​កិច្ច​ទេសនា​​គ្រែបីរហូតដល់ថ្ងៃលិច។ បន្ទាប់មក ថ្វាយ​ល្បែង​របាំ​ដល់​​លោក​តា រហូត​ព្រឹក​ឡើង​​ប្រគេន​ចង្ហាន់​ព្រះសង្ឃ ដង្ហែលោកតា ប្រណាំ​ង​​សេះ​ គោ ក្របី​ជា​កិច្ច​បញ្ចប់​។ ប៉ុន្តែ​បច្ចុប្បន្ន​​ ទំនៀម​​សង្ខេប​ខ្លី​​តាម​ការ​ស្រុះ​ស្រួល​​មូល​មាត់​​របស់​អ្នក​ភូមិ​មក​​​​ត្រឹម​តែ​​ពូន​ភ្នំ​ខ្សាច់ សូត្រ​មន្ត ថ្វា​យ​ល្បែងរបាំ​ ប្រគេន​​ចង្ហាន់​ ​​ដង្ហែ​លោកតា និង​​ប្រណាំង​សេះ​ប៉ុណ្ណោះ​។

ទួលអ្នកតា​ព្រីងក្អែក ឬអ្នកតាគហេ

ដូចបាន​បញ្ជាក់​ខាងលើ “ព្រីងក្អែក” គឺជាឈ្មោះ​អ្នកតា​ដ៏ល្បី​មួយ​កន្លែង​ស្ថិត​នៅ​ក្បែរ​ជើង​ភ្នំបាសិទ្ធ។ ដើម​ឡើយអ្នកតានេះ​ឈ្មោះ “អ្នកតាគហេ” ដែលអ្នក​​ស្រុក​និទាន​ថា​ជា​បុព្វបុរស​ក្នុង​រឿង​បក្សីចាំក្រុង។ ប៉ុន្តែដោយសារខ្ទមអ្នកតាតាំង​នៅ​ក្រោ​ម​​ដើម​ព្រីង​​ក្អែក​​ធំ​មួយ​ (អ្នក​ខ្លះ​ថាដើមនោះជាព្រីងបាយ, ខ្លះថាព្រីងដោះក្របី) ទើបគេហៅជាប់​មក​រហូត​ថា “អ្នកតា​ព្រីង​ក្អែក”។ ចំពោះរឿង​បក្សីចាំក្រុងនោះ អ្នកស្រុកខ្លះនៅចងចាំបាន​ថា​ កាល​ពី​ព្រេង​​នាយ​​មាន​ស្តេចមួយអង្គ​ ប្រើឱ្យហោរទស្សន៍ទាយ​ជោគជតារាសី​របស់ខ្លួន​ដឹង​​​​ថា​នឹង​មាន​អ្នកដណ្តើម​រាជ្យ។ ស្តេចអង្គនោះប្រើគេ​ឱ្យ​គេតាមរក ​រហូតឃើញ​កុមារ​ម្នាក់​​កើត​​​មក​​មាន​រូបកងចក្រលើបាតដៃ យល់ថាជាអនាគតអ្នកដណ្តើមរាជ្យរបស់ខ្លួន ក៏​ឱ្យ​គេ​តាម​សម្លាប់។ ប៉ុន្តែដោយ​បុណ្យ​បារមី បានតាម្នាក់ឈ្មោះគហេ ពរកុមារនោះ​រត់​គេច​គ្រប់​ច្រក​ល្ហក​រហូត​មក​​ដល់​​ភ្នំបាសិទ្ធ យកកុមារនោះទៅទុកក្នុងរូងភ្នំ ហើយតាគហេ​ក៏​ដើរ​ឈាន​​​ថយ​ក្រោយ​ ដើម្បី​បង្វែង​ដាន​រហូតមកដល់ទីទួលសព្វថ្ងៃដែលគេហៅថា “ទួលអ្នកតាព្រីង​ក្អែក” ឬ “ទួល​​​អ្នកតា​​​គហេ”។ តាំងពីដើមមក គេ​ដឹងថា​អ្នកតាព្រីងក្អែក​ពុំ​ដែល​មានរូបស្នង ឬមានកិច្ច​បញ្ចូល​រូប​ឡើយ ពោលគឺក្រោយមក​មាន​តែ​រូបសំណាក​មួយ​សាងពីស៊ីម៉ងត៍​ តម្កល់​ក្នុង​ខ្ទម​ក្រោម​ដើម​​ព្រីងប៉ុណ្ណោះ​ (ខាងមុខ​ខ្ទម​មានដើម​ពោធិធំមួយ)។ រូបសំណាក​នេះ​ គេសាងឡើង​មាន​​​មុខ​មាំ មាន​ពុកមាត់​ ពុក​ចង្កា ចិញ្ចើម​​ក្រាស់ អង្គុយ​ពែនភ្នែន ដៃឆ្វេង​ដាក់​លើ​​ក្បាល​ជង្គង់ ដៃ​ស្តាំ​​​​កាន់ដំបង ហើយ​មាន​សម្លៀក​បំពាក់​ពណ៌ខ្មៅ។ បន្ថែមពីលើនោះ គេយក​ក្រណាត់​​ក្រហម​មក​​ដណ្តប់ថ្វាយ​ បង់ក និងជួត​ក្បាល។ លើសពីនេះ​នៅក្នុង​ខ្ទម​ដែល​ទើប​​​សង់ថ្មី(ឆ្នាំ​២០១៨) គេ​ឃើញ​ដាក់តម្កល់​ចម្លាក់​ស៊ីម៉ងត៍​​បែកបាក់មួយ និង​រូប​សំណាក​​ផ្សេងៗ​​ជាច្រើន​តៀត។ នៅខាងមុខរូប​សំណាក​ទាំងនោះ គេតម្កល់​រូប​មាន់គក​​​​​មួយគូ​ធ្វើ​ពីស៊ីម៉ងត៍​​​​​​​​​ ហើយនៅខាងក្រៅខ្ទម​មាន​តម្កល់​​មាន់គក​ស៊ីម៉ងត៍​មួយ​គូ​​ទៀត ​នៅ​​​​អម​​​សង​ខាង​។ រីឯ​ដើម​ព្រីង​ខាងក្រោយខ្ទម​នោះ គេ​បាន​កាត់​មែក​ធំដែល​ទោរ​លើ​ខ្ទម ឆ្លាក់​ជា​រូប​សំណាក​មួយ​ចេញពីមែកនោះ​ ជាប់​នឹង​​​ដើម ជា​រូប​ភេទប្រុស​ស្លៀកក្បិន លែង​ខ្លួន​ទទេ ដៃស្តាំលីដំបង។ អ្នកស្រុកពន្យល់ថា រូបនេះក៏ជា​រូប​​សំណាក​​អ្នកតា​ព្រីង​ក្អែក ហើយនៅជាប់​ខ្ទមអ្នកតាគេសង់សាលាបុណ្យ​មួយ​ខ្នង​ដែរ។​

រូបសំណាកអ្នកតា​ព្រីងក្អែក

ជាទូទៅ ​តាម​ទំនៀមឡើង​អ្នកតា​ព្រីងក្អែក ក្នុងថ្ងៃទី១​ គេតែង​រៀបចំ​កាច់​បាយ​​សី​​មួយ​គូថ្វាយ​អ្នកតា​ និងមួយ​គូទៀត​ថ្វាយ​ព្រះពុទ្ធរូប​ក្នុងសាលាបុណ្យ​។ ទន្ទឹម​នឹង​នេះ គេមាន​រៀបចំធ្វើ​សង្ឃឹក​ពីដើម​ចេក​សម្រាប់​ដាក់សំណែន​ ព្រម​ទាំង​ពូន​ភ្នំ​ខ្សាច់​​ជុំវិញ​ខ្ទម​អ្នកតាផង។ បន្ទាប់មក​ ក្នុង​វេលា​ម៉ោង​ប្រហែល​៤ល្ងាច គេនិមន្ត​ព្រះសង្ឃ​ចម្រើន​​ព្រះបរិត្ត (ពុំមាន​កិច្ច​សម្តែង​ធម្មទេសនា​ទេ) រួចទើប​អញ្ជើញ​កូន​ល្ខោន​មក​ច្រៀង​ថ្វាយ​​មុខ​ខ្ទម​អ្នកតា​តាម​ទំនៀម។ កិច្ចរាំថ្វាយ​នេះ​អ្នកស្រុក​ពន្យល់ថា​ ដ្បិត​​​​លោកតា​ព្រីង​ក្អែក​ចូលចិត្ត​​សិល្បៈ​ល្បែង​​របាំ ហេតុ​នេះ​ត្រូវ​តែរក​​វង់សិល្បៈ​​ណាមួយ​មក​សម្តែង​​​​ក្នុង​ពិធី​បុណ្យ​ប្រចាំ​ឆ្នាំ​ជានិច្ច ពុំ​ដែល​ខកខាន​ឡើយ​។​ ដូច្នេះ​​គ្រប់​ក្រុម​សិល្បៈ​ដែល​មក​សម្តែង​កំដរ​បុណ្យ​នេះត្រូវ​តែមកច្រៀង​រាំ​ថ្វាយ​នៅ​​មុខ​ខ្ទម​អ្នកតា​ជា​មុន​សិន។ បើ​តាម​ការ​រៀប​រាប់​របស់​អ្នកភូមិខ្លះ​នៅ​ចាំ​បាន​ថា វង់​សិល្បៈ​​ផ្សេងៗដែល​ធ្លាប់មកសម្តែង​ក្នុង​ពិធី​ឡើង​អ្នកតា​​ព្រីងក្អែកកន្លង​មក​មាន​ដូច​ជា ​អាយ៉ៃស្មៀន​ម៉ាញ យីកេ​តាឃី​​ យីកេ​ខេត្ត​តាកែវ ​ល្ខោន​​​ខេត្ត​កំពង់ចាម និង​វង់​សិល្បៈ​ផ្សេងៗទៀត​ដែលពុំចាំឈ្មោះ។

ថ្ងៃទី២ នៅវេលា​ព្រឹក បន្ទាប់ពី​ធ្វើកិច្ច​ប្រគេន​ចង្ហាន់​​ព្រះ​សង្ឃ​រួច​ គេ​ធ្វើ​កិច្ច​ដ៏​សំខាន់​មួយ​ហៅ​ថា ​​“ហែអ្នកតា”។ ​កិច្ច​នេះ​អធិកអធម​ក្រៃលែង ដ្បិត​​អ្នក​ភូមិ ​(ជាពិសេស​យុវ​ជន)​​ នាំគ្នា​​​យក​ធ្យូង​គូរ​មុខ​ លាបខ្លួនឱ្យខ្មៅ ស្លៀក​ពាក់​តុបតែង​ខ្លួន​​ជា​តួអង្គ​ផ្សេងៗ ខ្លះស្លៀក​ពាក់​ដូចជា​ឥសី ឬស្តេច អាមាត្រ ឫអ្នក​ខ្លះធ្វើដូចត្លុក យក្ស អ្នកគុន​ ឬស្លៀក​បាក់​ខោអាវ​រហែក​ច្រើន​បែប​ច្រើន​យ៉ាង​តាម​ចិត្ត​ចង់ ពុំមាន​អ្នកណា​បង្គាប់​បញ្ជា ឬរៀបចំ​កំណត់តួ​អង្គ​ទេ​… ដោ​យអ្នក​ខ្លះ​​មាន​កាន់​ដំបង ​ដាវ កាំបិត… ព្រម​ទាំង​មាន​ភ្លេង​ មាន​​ស្គរ​​ឆៃយ៉ាំ​គគ្រឹក​​គគ្រេង​ ដង្ហែតាមភូមិ​ចូលមក​ទួល​អ្នកតា​ព្រីងក្អែក។ តួ​អង្គ​ទាំង​​នោះ​ហាក់​ដូចជា​​ពុំមាន​​អ្នកណា​ពន្យល់ច្បាស់​លាស់ជាតួអង្គ​អ្វី​ឱ្យ​ប្រាកដ​ឡើយ អ្នកខ្លះ​ថា​​ជា​ពួក​មនុស្ស​​ព្រៃ ពួក​​​អ្នកលេង ពួកព្រាយ​ ឬខ្មោច​ជាដើម។ ក្នុង​ក្បួន​ដង្ហែ​តាម​ភូមិ (ចម្ងាយ​ផ្លូវ​​ប្រហែល​ជិត​២គីឡូម៉ែត្រ) ក្រុមមនុស្ស​តុប​តែង​​ខ្លួន​ខាងលើនោះ ​ច្រើន​ដើរ​ក្រោយ​អ្នក​សែង​​សង្ឃឹក ហើយ​ធ្វើ​អាការៈ​ដូចជា​កាចបន្លាច​គេឯង​ផង ជា​ពិសេស​​គឺបន្លាច​ក្មេងៗ។ ទន្ទឹម​នឹងនេះ អ្នកភូមិ​តាមផ្ទះខ្លះ​​ក៏​​ចូលជា​ប្រាក់​​ទៅ​ក្នុង​ក្បួន​ដង្ហែ ឬ​អ្នក​ខ្លះ​មាន​សំណែន​ស្រូវ​ អង្ករ ពោត​ សណ្តែក ល្ង ខ្ចប់​ដាក់ចូល​ក្នុង​​សង្ឃឹក។ បន្ទាប់​ពីដង្ហែ​មក​ដល់ទួលអ្នកតា គេនាំ​គ្នា​ហែជុំវិញខ្ទម​អ្នកតា​បីជុំ​។​ ពេលនោះ អ្នក​តុបតែងខ្លួន​ជា​អ្នកគុន​ក៏​សម្តែង​ធ្វើ​ជា​វាយ​តប់​ប្រយុទ្ធគ្នា​ខ្លះផង អ្នក​ខ្លះ​ស្រែក​ធ្វើ​ជា​សំឡេង​ចេកចាចពុំ​ដឹង​ភាសាអ្វីឱ្យប្រាកដផង​​។ល។ ប៉ុន្តែចំពោះ​​​សង្ឃឹក​​ គេ​ដង្ហែ​​យក​ទៅចោល​ឆ្ងាយ​តាម​ទិស​ដែល​លោក​អាចារ្យ​ចង្អុល។

លុះចប់កិច្ចដង្ហែ​អ្នកតា តាមទម្លាប់​គេតែង​រៀបចំ​ប្រណាំងសេះ។  អ្នក​ភូមិ​និទាន​ថា កាល​ស្រុកសម្បូរសេះ សម្បូររទេះ គេជិះសេះ បរទេះដង្ហែអ្នកតា​ផង។ ប៉ុន្តែឆ្នាំនេះ​ ក្នុង​ស្រុក​ភូមិ​ពុំមាន​សេះ ពុំមានរទេះ​អាច​យក​មក​ដង្ហែ​បានទេ ពោលគឺ​មាន​​តែសេះ​ពីរ​គូ​យក​មក​ប្រណាំងថ្វាយ​​​អ្នកតា​​បង្រ្គប់កិច្ច។ បន្ទាប់​ពីចប់​ការ​​​ប្រណាំង​រួច គេ​យក​សេះទាំងនោះ​មក​​ជួបជុំគ្នា​​មុខ​ខ្ទម​អ្នកតា ​មុននឹង​វិល​ត្រឡប់​ទៅ​​ផ្ទះរៀងខ្លួន។ ការ​​ប្រណាំង​​នេះ​ក៏ពុំ​​មាន​វាល​ធំទូលាយ​ដូចមុនដែរ ដ្បិត​តំបន់ជុំវិញដែលធ្លាប់ជា​វាល​ស្រែ​​ល្វឹងល្វើយ​ កំពុង​អភិវឌ្ឍន៍​​​វិស័យ​​លំនៅដ្ឋាន។ ប៉ុន្តែ​យ៉ាង​ណា​ក្តី ការ​ប្រណាំង​សេះ​ថ្វាយអ្នកតា​​នេះ​ហាក់​ដូចជា​នៅ​ចងចាំក្នុង​ចិត្ត​អ្នកភូមិ​ ដ្បិត​នៅជញ្ជាំង​ស្នាក់ការ​ភូមិ​មុខ​ខ្ទមអ្នកតា​ គេបាន​គូ​ទេសភាពភូមិស្រុកនិងការប្រណាំង​សេះ​ផងដែរ។ មិន​តែប៉ុណ្ណោះក្នុង​ខ្លឹម​សារ​​ចម្រៀង​​បុរាណបទ “​សេះអូនអាផ្កាយ” ច្រៀង​ដោយ​លោក​ យិន សារិន និង​អ្នកនាង​ នួន សារី ​ក៏​រៀប​រាប់​ទិដ្ឋភាពប្រណាំងសេះ​ថ្វាយអ្នកតាព្រីងក្អែក។

ដោយឡែក ចំពោះបំណង​និង​អត្ថន័យ​នៃពិធីបុណ្យជា​ទំនៀម​ខាងលើ អ្នក​ស្រុក​​និយាយដោយខ្លីថា រៀបចំឡើង​តាំងពីដូនតា​ ដើម្បីសុំសេចក្តីសុខសប្បាយ​ដល់​មនុស្ស​សត្វ​ និង​សុំ​ទឹក​ភ្លៀង​​ពីលោកតាព្រីងក្អែក។ ប្រការត្រង់នេះ ហាក់ដូចជា​សំខាន់ដែលត្រូវ​ពិចារណា ដ្បិត​ភូមិស្រុកនេះ ដើមឡើយ​ជា​វាលស្រែល្វឹង​ល្វើយ អ្នកស្រុក​ប្រកបរបរ​ធ្វើ​ស្រែ ចិញ្ចឹម​សេះ ចិញ្ចឹម​គោក្របីជាកម្លាំង​អូសទាញ។ ចំណែក​ឯការ​ដង្ហែ​​អ្នកតា​ដ៏គគ្រឹក​គគ្រេង មាន​គូរមុខ​មាត់​ ស្លៀកពាក់​តែងខ្លួនចម្លែកៗនោះ ប្រហែល​ជា​គំនិត​នៃការ​បន្លាច ឬ​បញ្ចៀស​ចង្រៃ​ឧត្បាទ​ផ្សេងៗចេញពីក្នុងភូមិដូច​នៅក្នុង​តំបន់អង្គរ (សៀមរាប) ឬតំបន់​កោះកេរ (ព្រះវិហារ​)​ ជាដើម។ សូមសង្កេតថា ថ្វីបើ​ពុំមានអ្នកណា​ពន្យល់​ថា​ការ​តុប​តែង​ខ្លួននោះ​ជាអ្វី​ឱ្យប្រាកដ តែបើមើល​ឱ្យ​ល្អិត ​តួអង្គខ្លះ​គេតែងខ្លួន​ជាមនុស្ស​ស្គមស្គាំង​ គូរ​ឆ្អឹង​ជំនីរ ខ្លះស្លៀក​ស្លឹកចេក ខ្លះស្លៀក​ចំបើងស្ងួត ស្លៀក​ខោអាវ​រហែករយ៉ៃ… ដើរ​ឆ្លង​កាត់​ភូមិ​ស្រុក។ ដើម្បីបញ្ចៀសទិដ្ឋភាពនេះ គេយកស្រូវ​អង្ករ ឬរបស់ផ្សេងៗ រួមទាំងប្រាក់ខ្លះ​ផង​ចូលរួម​ក្នុង​ន័យ​បញ្ចៀស​​ឱ្យ​ចេញឆ្ងាយ សុំ​ឱ្យ​បានសុខសប្បាយ។ ប៉ុន្តែយ៉ាងណាក្តីគំនិត​ពិចារណា​​ល្អិតល្អន់វែង​ឆ្ងាយ​ជាង​នេះ គួរតែក្លាយជា​ការ​សិក្សា​ស៊ីជម្រៅ​ទៅថ្ងៃមុខបាន៕

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!