វត្តពោធិរោងសេះ ឬអ្នកស្រុកហៅថា “វត្តសំបូរ” ស្ថិតក្នុងឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ពោលគឺស្ថិតនៅខាងកើតរមណីយដ្ឋានប្រវត្តិសាស្រ្តក្រុមប្រាសាទសំបូរព្រៃគុក ចម្ងាយប្រហែលជាង១០គីឡូម៉ែត្រប៉ុណ្ណោះ។ សព្វថ្ងៃនៅក្នុងបរិវេណវត្តសំបូរ គេឃើញមានព្រះវិហារពីរសាងទន្ទឹមគ្នា។ ព្រះវិហារខាងឆ្វេង គឺជាព្រះវិហារចាស់ ដែលជាសំណង់ដ៏ល្អឆើត សាងសង់ឡើងក្នុងរវាងដើមទសវត្សទី៤០ នៃចុងសម័យអាណាព្យាបាលបារាំង។ លក្ខណៈស្ថាបត្យកម្មនៃព្រះវិហារនេះ មានទម្រង់ជាព្រះវិហារជហ្វាពីរ គ្រឿងបង្គុំឈើ ពិតានឈើ និងមានសសរបេតុងជិត៥០ដើម តែគ្មានជញ្ជាំងឡើយ។ ព្រះវិហារបែបនេះ គឺជាលក្ខណៈសំណង់បុរាណមួយបែប ដែលកម្រឃើញមាននៅបណ្តាខេត្តផ្សេងៗ។ រីឯព្រះវិហារថ្មីកសាងជាប់នឹងគ្រឹះព្រះវិហារចាស់ ហើយរួចរាល់ជាស្ថាបពរ និងបានធ្វើបុណ្យបញ្ចុះសីមាឆ្លងក្នុងឆ្នាំ២០១៥។


ព្រះវិហារចាស់វត្តសំបូរ កសាងឡើងនៅលើខឿនកម្ពស់ប្រហែល១ម៉ែត្រ។ បន្ទាប់ពីសាងសង់ព្រះវិហារថ្មីរួចជាស្ថាពរមក ខឿនព្រះវិហារទាំងពីរបានរៀបភ្ជាប់គ្នាធ្វើជាខឿនទី១ នៃព្រះវិហារថ្មី។ ដោយឡែកបើនិយាយតែព្រះវិហារចាស់ គេសង្កេតឃើញថាជាព្រះវិហារដែលមានកម្ពស់ទាបល្មម ដំបូលប្រក់ក្បឿងស្រកាលេញ ជ្រាលចុះសងខាងពីរថ្នាក់។ នៅចុងព្រំដំបូលខាងមុខបំពាក់ជហ្វាមួយ ហើយចុងព្រំដំបូលខាងក្រោយក៏បំពាក់ជហ្វាមួយដែរ។ នៅចំកណ្តាលព្រំដំបូល រចនាលម្អក្បាច់មួយផ្ទាំង មានចារឹកភ្ជាប់នឹងលេខ “1941” ដែលក្បាច់លម្អមួយផ្ទាំងនេះក៏ឃើញចម្លងប្រើបន្តលើព្រំដំបូលព្រះវិហារថ្មីដែរ។ រីឯនៅតាមចែងដំបូលនីមួយៗ លម្អដោយនាគចែងក្នុងមួយជ្រុងចំនួន៣ ដែលក្បាលនាគខ្លះមានការរចនាពីសសៃដែកធ្វើជាអណ្តាតនាគប្រកបដោយសិល្បៈយ៉ាងល្អវិសេស។



ចំពោះហោជាងទាំងពីរនៃព្រះវិហារចាស់វត្តសំបូរ គឺរចនាជារូប និងក្បាច់លម្អនៅលើផ្ទៃស៊ីម៉ងត៍។ នៅត្រង់ផ្ទៃកណ្តាលនៃហោជាងខាងមុខ គេឆ្លាក់រូបព្រះពុទ្ធគង់ក្រោមដើមពោធិធំមួយដើម ដោយមានភិក្ខុប្រាំអង្គកំពុងថ្វាយបង្គុំ ព័ទ្ធជុំវិញដោយកម្រងក្បាច់ ភ្ញីទេសយ៉ាងរស់រវើក។ ទិដ្ឋភាពត្រង់នេះ ទំនងសិល្បករចង់បង្ហាញត្រង់ឈុតមួយដកស្រង់ចេញពីរឿងពុទ្ធប្រវត្តិ ត្រង់ឈុត “ព្រះអង្គប្រោសបញ្ចវគ្គីយ៍” បន្ទាប់ពីព្រះអង្គបានត្រាស់ដឹង។ ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់ គេឆ្លាក់កាយវិការព្រះពុទ្ធគង់លើបល្ល័ង្ករ័ត្ន(?) ព្រះហស្តស្តាំគងលើព្រះបាទស្តាំ ចុងម្រាមសំយ៉ុងចុះក្រោម ព្រះហស្តឆ្វេងដាក់ផ្ងារស្របលើព្រះបាទឆ្វេង។ ចំណែកឯហោជាងខាងក្រោយ គេឆ្លាក់ជារូបទេពមួយអង្គកាន់គ្រឿងសាស្រ្តាក្នុងព្រះហស្តទាំងសងខាង ឈរលើដំរីក្បាលបី។ ទេពអង្គនេះ ប្រហែលគេចង់ឆ្លាក់សំដៅដល់តួអង្គព្រះឥន្រ្ទ គង់លើជំនិះជាដំរី (ឰរ៉ាវ័ណ) ដែលតែងនិយមឃើញឆ្លាក់នៅតាមផ្តែរ ឬហោជាងប្រាសាទបុរាណនានា។ សូមបញ្ជាក់ថា ការលាបពណ៌លើគ្រឿងលម្អស្ថាបត្យកម្មផ្នែកខាងលើដូចជា ជហ្វា ព្រំដំបូល ក្បាលនាគ ហោជាង ក្បាច់គល់ហោជាង និងក្បាច់រងស្បូវជាដើម គេសង្កេតឃើញហាក់ដូចជាពុំទាន់រួចរាល់ហើយស្រេចឡើយ ដ្បិតផ្នែកខ្លះគេឃើញមានពណ៌ផ្ទៃមេឃស្រាល ផ្នែកខ្លះមានពណ៌ផ្កាឈូក ហើយផ្នែកខ្លះមានពណ៌ដីលែង។


ដោយឡែក ចំពោះរចនាសម្ព័ន្ធសំណង់ផ្នែកខាងក្រោម គេសង់ឡើងដោយមានសសរបេតុងរាង៨ជ្រុងចំនួន៤៨ដើម ដោយចែកចេញជាល្វែងគ្រឹះនៅកណ្តាល អមដោយរបៀង និងបាំងសាចដូចព្រះវិហារបុរាណផ្សេងៗដែរ តែពុំមានជញ្ជាំងបាំងបិទជុំវិញឡើយ។ លក្ខណៈព្រះវិហារនេះ ស្រដៀងនឹងព្រះវិហារវត្តឥន្ទកុមារដែលកសាងឡើងនៅដើមសតវត្សទី១៩ ស្ថិតនៅភាគខាងជើងនៃខេត្តកំពង់ធំនោះដែរ។ សសរខ្លះនៃព្រះវិហារនេះមានលាបពណ៌ និងគូរក្បាច់ផ្សេងៗលម្អតាំងពីគល់សសររហូតដល់ក្បាលសសរ។ ប៉ុន្តែសសរខ្លះ ពុំលាបពណ៌អ្វីឡើយ គឺរក្សាពណ៌សាច់ស៊ីម៉ងត៍ដដែល។ រីឯចន្លោះសសរបាំងសាចនៃព្រះវិហារវត្តសំបូរ នៅតាមត្រង់ទិសធំៗទាំងបួន និងទិសតូចៗជុំវិញ គេសង្កេតឃើញមានតម្កល់សន្លឹកសីមាឆ្លាក់ពីថ្មភក់។ សន្លឹកសីមាទាំងនោះពុំបញ្ចុះភ្ជាប់ទៅនឹងគ្រឹះព្រះវិហារឡើយ ពោលគឺតម្កល់លើទ្រនាប់ថ្មមួយដុំរាងបួនជ្រុង។ ចំណែកឯនៅចុងល្វែងគ្រឹះផ្នែកខាងលិច គេសាងបល្ល័ង្ក(អាសន៍ព្រះ?) មានចន្លោះលំហខាងក្រោម តម្កល់ព្រះបដិមាព្រះជីវ៍ធំ គង់ក្នុងកាយវិការផ្ចាញ់មារ សាងពីស៊ីម៉ងត៍ អមដោយព្រះពុទ្ធបដិមាតូចធំផ្សេងៗទៀត។ នៅលើក្បាលសសរខ្លះគេឃើញមានចំណារឈ្មោះម្ចាស់សទ្ធាសាងសសរ និងកាលបរិច្ឆេទព.ស.២៥០៥ ឆ្នាំ១៩៦២។

ទន្ទឹមនឹងនេះ នៅផ្នែកខាងលើ គេក្រាលពិតានឈើត្រង់ចន្លោះល្វែងគ្រឹះ ព្រមទាំងគូរគំនូរផង។ សាច់រឿងគំនូរទាំងនោះ ខ្លះដកស្រង់ពីរឿងពុទ្ធប្រវត្តិ ខ្លះគូរបង្ហាញអំពីព្រះអាទិត្យ ព្រះចន្រ្ទដូចព្រះវិហារដទៃដែរ។ មិនតែប៉ុណ្ណោះ នៅត្រង់ធ្នឹមលើព្រះជីវ៍គេមានចារបញ្ជាក់ចំណងជើងឈុតដែលដកស្រង់មកគូរ ព្រះនាមព្រះចៅអធិការ និងកាលបរិច្ឆេទសាងគំនូរថា “[បន្ទាប់ទី១] កាលព្រះអង្គទ្រង់នាំពួកភិក្ខុចំនួន៥០០អង្គ ហោះឧទ្យានទៅកាន់នគរកបិលពស្តុ [បន្ទាប់ទី២] ចៅអធិការ អ៊ុន នឹងគ្រូសូត្រ សួន ព្រមទាំងឧបាសកនឹងឧបាសិកាចំណុះ [បន្ទាត់ទី៣] ជើងវត្តបានកស្អាងគំនូរនេះក្នុងឆ្នាំ១៩៦១”។ ចំណែកលើធ្នឹមមួយទៀត ស្ថិតនៅខាងមុខព្រះជីវ៍មានចំណារបញ្ជាក់ថា ជាងគំនូរឈ្មោះ មុន មូល មកពីឃុំស្វាយសាច់ភ្នំ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។


ឈុតខ្លះនៃគំនូរលើពិតានព្រះវិហារចាស់វត្តសំបូរ
បើផ្អែកតាមចំណារជាប់តាមផ្ទាំងគំនូរខ្លះៗដូចរៀបរាប់ខាងលើឱ្យដឹងថា ការលម្អក្បាច់រចនាតាមសសរ ធ្នឹម និងគំនូរលើពិតាន សាងឡើងនៅរវាងឆ្នាំ១៩៦១-១៩៦២។ លើសពីនេះ បើយោងតាមការសិក្សារបស់ Danielle និង Dominique-Pierere Guéret យល់ថាព្រះវិហារចាស់វត្តសំបូរកសាងឡើងនៅក្នុងឆ្នាំ១៩៤១។ ការយល់ឃើញនេះ ប្រហែលយកតាមលេខ “1941” ឆ្លាក់ជាប់នឹងក្បាច់លម្អលើកណ្តាលព្រំដំបូលព្រះវិហារដូចរៀបរាប់មកខាងលើ។ ដូច្នេះប្រសិនបើគិតមកដល់បច្ចុប្បន្ន ព្រះវិហារចាស់ក្នុងវត្តសំបូរកសាងឡើងបានជិត៩០ឆ្នាំមកហើយ។ ចំណែកឯការលាបលនគូរក្បាច់លម្អ និងគំនូរលើពិតានគឺធ្វើឡើងក្រោយកសាងព្រះវិហារបានរយៈពេល២០ឆ្នាំ។ ប៉ុន្តែយ៉ាងណាក្តី គេសង្កេតឃើញពុទ្ធបរិស័ទដែលមានជំនឿដក់ជាប់នឹងមត៌កបុរាណរបស់ដូនតា នៅតែចូលទៅគោរពបូជា ថ្វាយផ្កាភ្ញី ធូបទៀន ដល់ព្រះពុទ្ធបដិមាក្នុងព្រះវិហារចាស់។ សង្ខេបសេចក្តីមក សំណង់ព្រះវិហារចាស់វត្តសំបូរ គឺជាភស្តុតាងយ៉ាងសំខាន់នៃការកសាងព្រះវិហារបែបបុរាណ ដែលគ្មានជញ្ជាំង។ ស្ថាបត្យកម្មបែបនេះ ហាក់ដូចជាបានរៀបចំឱ្យពន្លឺ និងខ្យល់ចេញចូលក្នុងព្រះវិហារបានល្អ ដើម្បីឱ្យព្រះសង្ឃ និងពុទ្ធបរិស័ទងាយស្រួលរៀបចំកិច្ចពិធីផ្សេងៗ៕
អត្ថបទដោយ៖ ហៀន សុវណ្ណមរកត