ទំព័រដើមប្រវត្តិសាស្ត្របដិមាហរិហរៈក្នុងសិល្បៈខ្មែរ

បដិមាហរិហរៈក្នុងសិល្បៈខ្មែរ

តើហរិហរៈជាអ្វី?

ហរិហរៈ ជាភាសាសំស្រឹ្កមានន័យសំដៅលើការរួមគ្នាពាក់កណ្តាលរវាងព្រះវិស្ណុនិងព្រះសិវៈ។​ “ហរិ” ជាឈ្មោះមួយក្នុងចំណោមឈ្មោះដ៏ច្រើនរបស់ព្រះវិស្ណុ ដែលមានភាគតួខ្លួននៅផ្នែកខាងឆ្វេង។​ ចំណែក “ហរៈ” ក៏ជាឈ្មោះមួយក្នុងចំណោមឈ្មោះជាច្រើនរបស់ព្រះសិវៈដែរ ដែលមានចំណែកតួខ្លួននៅផ្នែកខាងស្តាំ។ និយាយជាខ្លីមកហរិហរៈ គឺជាតួអង្គទេពម្នាក់ដែលកើតឡើងពីការផ្សំគ្នាពាក់កណ្តាលពីព្រះវិស្ណុ និងពាក់កណ្តាលពីព្រះសិវៈ។ ជាទូទៅ ហរិហរៈ មានព្រះកេស១ដែលមួយចំហៀងខាងស្តាំជាព្រះភ័ក្រ្តរបស់ព្រះសិវៈ និងមួយចំហៀងខាងឆ្វេងជាព្រះភ័ក្រ្តរបស់ព្រះវិស្ណុ។ ចំណែកព្រះហស្ថមានចំនួន៤ គឺ២ខាងស្តាំជាព្រះហស្ថរបស់ព្រះសិវៈដែលមានកាន់កេតណភណ្ឌ២ (ខាងលើកាន់ត្រីសូល និងខាងក្រោមកាន់ស្គរ(?) ហើយព្រះហស្ថខាងឆ្វេង២ជារបស់ព្រះវិស្ណុមានកាន់កេតណភណ្ឌ២ដែរ ​(ខាងលើកាន់កងចក្រ និងខាងក្រោមកាន់ដំបង)។ យើងអាចសំគាល់បានថាខាងស្តាំជាតួអង្គព្រះសិវៈដោយសារការតុបតែងមុខ គឺជួនកាលមានពុក មាត់ និងភ្នែកទី៣ពាក់កណ្តាលបញ្ឈរនៅលើថ្ងាស និងមានរចនាម៉ូតភ្នួងសក់ជាម្កុដ (ជទមកុដ) ម្យ៉ាងស្អាតជាមួយនឹងចំណិតព្រះខែផ្តេក (ជួនកាលពាក់កណ្តាល) ទៀតផង គឺផ្ទុយស្រឡះពីព្រះភ័ក្រ្តរបស់ព្រះវិស្ណុដែលពុំមានតុបតែងលម្អអ្វីបន្តិចសោះ មានតែភ្នួងសក់រាងជាស៊ីឡាំងត្រង់ ឬហៅថាកិរីដមកុដ។​ 

ជាទូទៅ បដិមាសាស្រ្តបែបសំយោគរវាងទេពពីរ ជាលទ្ធិដ៏ពេញនិយមរបស់ខ្មែរនាសម័យមុនអង្គរ ពិសេសយើងឃើញមានតាំងពីរចនាបថភ្នំដាមកម្ល៉េះ។ ហរិហរៈ គឺមានលក្ខណៈដូចគ្នាទៅនឹងព្រះនាងទុគ៌ាដែលទទួលនូវកំលាំងរួមបញ្ជូលពីទេពផ្សេងៗ ដើម្បីផ្តុំជាថាមពលដ៏មហាសាលមួយក្នុងតួនាទីបង្កើត និងការពារ និងតួនាទីបំផ្លាញអ្វីមួយដែលជាភាវៈអាក្រក់នៅក្នុងលោក។​ ក្នុងសិល្បៈឥណ្ឌា ហរិហរៈ គឺជាការលាយបញ្ចូលគ្នារវាងព្រះសិវៈ និងព្រះវិស្ណុ ដែលគេស្គាល់ថា សន្ករនារាយណ ជាទម្រង់កំពូលនៃទេព ដែលមានឆ្លាក់នៅតាមជញ្ជាំងប្រាសាទមួយចំនួន ក្នុងប្រទេសឥណ្ឌានាសតវត្សទី៦មកម្ល៉េះ។  ចំណែកក្នុងសិល្បៈខ្មែរ ហរិហរៈ ពុំឃើញមានក្នុងចម្លាក់ក្រឡោតទាប ឬក្រឡោតខ្ពស់ទេ។ យើងឃើញមានតែបដិមាជាទូទៅធ្វើអំពីថ្ម ពុំមានធ្វើអំពីលោហៈទេ។ បដិមាហរិហរៈ ក៏មានចាប់ពីជិតពាក់កណ្តាលសតវត្សទី៦ (រចនាបថភ្នំដា) មកដែរ គឺបដិមាហរិហរៈនៅអាស្រមមហាឫស្សី។​ ការគោរពលើ ហរិហរៈ គឺជាលិទ្ធិពេញនិយមមួយក្នុងសង្គមខ្មែរនាសម័យមុនអង្គរ ហើយបានបាត់បង់នៅក្នុងសម័យអង្គរ។ បដិមាហរិហរៈមួយផ្សេងទៀតរកឃើញនៅបាថេ អាចមានអាយុកាលចំណាស់ជាងបដិមាហរិហរៈនៅអាស្រមមហឫស្សី បើពិនិត្យមើលអំពីរូបរាង និងជំហររបស់បដិមានោះ។​  ក្រៅពីនេះព្រះកេសហរិហរៈ មួយផ្សេងទៀតប្រហេលរកឃើញដោយលោក E. Aymonier នៅតំបន់ព្រៃកប្បាស (ព្រះកេសនេះត្រូវបានគេយកទៅតាំងនៅសារមន្ទីរ ហើយដងខ្លួននៅសារមន្ទីរជាតិភ្នំពេញ ក្រោយមកបានគេបានស្នើសុំយកមកភ្ជាប់គ្នាវិញ រួចដាក់តាំងក្នុងសារមន្ទីរជាតិភ្នំពេញសព្វថ្ងៃ)។ បើធ្វើការប្រៀបធៀបផ្ទៃមុខ និងការតុបតែងលម្អជាមួយនឹងបដិមាហរិហរៈនៅអាស្រមមហាឫស្សីឃើញថា មានលក្ខណៈ ដូចគ្នាទៅនឹងអ្វីដែលគេស្គាល់ថារចនាបថភ្នំដាដែរ។

មកដល់សតវត្សទី៧ ការគោរព និង កសាងបដិមាហរិហរៈនៅតែបន្ត តួយ៉ាងដូចជាបដិមាហរិហរៈនៅប្រាសាទតួខាងជើងលេខ១០នៃក្រុមខាងជើងប្រាសាទសំបូរព្រៃគុក (N10) គឺជាបដិមាហរិហរៈធ្វើអំពីថ្មភក់ កំពស់១៦៦សង់ទីម៉ែត្រ។​ បដិមាហរិហរៈក្នុងសារមន្ទីរជាតិអង្គរដែលរកឃើញក្នុងខេត្តកំពង់ចាម មានលក្ខណៈ និងរូបរាងដូចគ្នាទៅនឹងបដិមាដទៃទៀតដែលស្ថិតនៅក្នុងរចនាបថព្រៃក្មេង​ (៦៣៥គ.សដល់៧០០គ.ស)។​ នាចុងសតវត្សទី៧ដើមសតវត្សទី៨ ហរិហរៈហាក់ដូចជាត្រូវបានគេគោរពកាន់តែច្រើន ដោយសារយើងឃើញមានបដិមាទេពនេះមានចំនួនច្រើននៅតាមប្រាសាទនានា ដូចជាហរិហរៈប្រាសាទអណ្តែត (ដែលគេឱ្យជារចនាបថមួយអន្តរកាលរវាងរចនាបថព្រៃក្មេង និងរចនាបថកំពង់ព្រះ) ហរិហរៈត្រពាំងផុង(I) និងហរិហរៈរកឃើញនៅខេត្តកំពង់ចាម។ រចនាបថមួយដែលមាន រយៈពេលវែងស្ទើរតែពេញ១សតវត្សក្នុងសិល្បៈខ្មែរ គឺកំពង់ព្រះ (៧០៦គ.សដល់៨០០គ.ស) ក៏មានបដិមាហរិហរៈដែរ ដូចជាហរិហរៈត្រពាំងផុង(II) ហរិហរៈនៅប្រាសាទភូមិប្រាសាទ ហរិហរៈរកឃើញនៅខេត្តកំពង់ចាមមួយផ្សេងទៀត។ មកដល់សម័យអង្គរជាសម័យកាលដែលមានការរីកចំរើនខាងសំណង់ស្ថាប័ត្យកម្មប្រាសាទ និងបដិមាសាស្រ្តនៃអាណាចក្រខ្មែរ តែការបង្ហាញលើលទ្ធិហរិហរៈហាក់ដូចជាមិនសូវមានការពេញនិយម ពោលយើងឃើញមានបដិមាហរិហរៈតិចតួចណាស់។ ព្រះកេសហរិហរៈមួយ សព្វថ្ងៃតាំងនៅសារមន្ទីរ Guimet ត្រូវបានគេរកឃើញហើយសន្និដ្ឋានថាស្ថិតក្នុងរចនាបថបាខែង (៨៩៣គ.សដល់៩២៥គ.ស)។ បដិមាហរិហរៈដែលយើងឃើញក្នុងសិល្បៈខ្មែរចុងក្រោយគេ គឺជាព្រះកេសបដិមាហរិហរៈក្នុងរចនាបថប្រែរូប (៩៩៤គ.សដល់៩៦៨គ.ស)។

ក្រៅអំពីបដិមា យើងក៏ឃើញមានសេចក្តីរៀបរាប់ផងដែរ អំពីទេពហរិហរៈនៅក្នុងសិលាចារឹកខ្មែរបុរាណ។ យ៉ាងហោចណាស់យើងឃើញមានពាក្យហរិហរៈ៤ដងក្នុងសិលាចារឹកនាដើមសតវត្សទី១០ដល់សតវត្សទី១៣ ដែលសិលាចារឹកទាំងនោះជាទូទៅនិយាយអំពីឈ្មោះទីតាំងកន្លែងមួយហៅថា ហរិហរល័យ។​ ហរិហរល័យ ជារាជធានីបុរាណមួយដែលគេគិតថាជាបុរីដែលស្ថាបនាឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២ (៨០២គសដល់៨៥០គ.ស) ហើយស្ថិតនៅតំបន់រលួស(សៀមរាប)សព្វថ្ងៃ ឬជាឈ្មោះពិតរបស់ប្រាសាទលលៃ។​​ យើងពុំឃើញមានការបរិយាយអំពីហរិហរល័យក្នុងសិលាចារឹកសតវត្សទី៩ ឬក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២ទេ គឺគេដឹងតាមរយៈសិលាចារឹកសតវត្សទី១០ ទី១១និងទី១៣។ សិលាចារឹកប្រាសាទស្រងែ K.933 មានកាលបរិច្ឆេទឆ្នាំ១០១៣គ.ស​ ក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី១ មួយផ្នែកនិយាយរំលឹកអំពីការកសាងអាស្រមមួយដល់ព្រះរាជគ្រូរបស់ព្រះបាទជ័យវរ្ម័នទី៥ នៅហរិហរៈល័យនាឆ្នាំ៩០០សក​ (៩៧៨គស)។​   សិលាចារឹកប្រាសាទស្វាយព្រាហ្ម K.848 និយាយអំពីព្រះរាជបញ្ជាមួយនៅតំបន់ហរិហរៈ។ សិលាចារឹកមួយទៀតនៅប្រាសាទស្តុកកក់ធំ K.235 (១០៥២គ.ស)​ ចារដោយព្រះរាជគ្រូម្នាក់រៀបរាប់អំពីគ្រួសាររបស់គាត់ ដែលបានបម្រើស្តេចតាំងពីរាជ្យព្រះបាទជ័យវរ្ម័នទី២មក នៅតំបន់ ហរិហរៈល័យ។

សរុបមកយើងឃើញថាការគោរពលើបដិមា ឬលទ្ធិហរិហរៈរបស់ខ្មែរ គឺប្រហាក់ប្រហែលគ្នាទៅនឹងឥណ្ឌាតាំងពីសតវត្សទី៦មក ហើយលទ្ធិនេះទៀតសោត គឺពេញនិយមនៅក្នុងសម័យមុនអង្គរ ពិសេសសតវត្សទី៧ និងទី៨។ តាមរយៈព្រះកេសពីរដែលមួយអាចនៅក្នុងរចនាបថបាខែង និងមួយទៀតក្នុងរចនាបថប្រែរូប នេះសបញ្ជាក់ឱ្យឃើញថាលទ្ធិហរិហរៈនៅមានការគោរពរហូតដល់ពាក់កណ្តាលសតវត្សទី១០ មកដល់សតវត្សទី១១ យើងពុំឃើញមានការគោរលទ្ធិហរិហរៈបន្តទៀតនោះទេ។

អត្ថបទដើម៖ លោក សុខ កែវ សុវណ្ណារ៉ា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!