ពុទ្ធបាទ៤រួត

ព្រះពុទ្ធជាមហាបុរសដ៏ប្រសើរទ្រង់មានសណ្ឋានអវៈយវៈព្រះរូប ព្រះកាយ ខុសពីមនុស្សធម្មតាតួយ៉ាងដូចជាកម្ពស់របស់ព្រះអង្គប្រវែង១៨ហត្ថ ព្រះហស្ថវែងដល់ជង្គង់ព្រះបាទទាំងគូមានផ្ទៃរាបស្មើ មានរូបចក្រប្រកបដោយកាំមួយពាន់ស្មើគ្នា។ នៅក្នុងព្រះបាទទាំងពីររបស់ព្រះពុទ្ធមានរូបសត្វ វត្ថុ ទេវតា ព្រហ្ម ដែលគេសន្មតថាជារូបមង្គលហៅថាមង្គល១០៨។ រូបទាំង១០៨នេះមិនមានសម្ដែងក្នុងគម្ពីរព្រះត្រៃបិដកឡើយ លុះសម័យតែងអដ្ឋកថា ទើបមានសេចក្ដីពន្យល់និងបង្ហាញរូបទាំងនេះ។ រីឯទីតាំងដែលព្រះពុទ្ធប្រតិស្ឋានពុទ្ធបាទមានសម្ដែងនៅក្នុងអដ្ឋកថាបុណ្ណោវាទសូត្រ នៅពេលព្រះអង្គយាងទៅប្រោសព្រះបុណ្ណៈទ្រង់បានប្រថាប់ស្នាមព្រះបាទពីរកន្លែងគឺលើភ្នំសច្ចពន្ធ និងស្ទឹងនម្មទា(សព្វថ្ងៃជាទឹកដីប្រទេសភូមា)។ នៅក្នុងអដ្ឋកថាធម្មបទ ខុទ្ទកនិកាយ ត្រង់រឿងមាគន្ធិយាព្រាហ្មណ៍ព្រះអង្គបានប្រថាប់ម្ដងទៀតប៉ុន្តែរលុបទៅដោយការអធិដ្ឋាន។ ក្នុងពង្សាវតារមហាវង្សស្រីលង្កាបានបញ្ជាក់ចំនួនពុទ្ធបាទមានបីកន្លែងគឹនៅលើភ្នំសុមនកូដ ឬស្រីបាទភ្នំសច្ចពន្ធ ស្ទឹងនម្មទា។ បើតាមគម្ពីរទាំងអស់នេះពុទ្ធបាទមានតែ៣ឋានប៉ុណ្ណោះ។ ចំណែករឿងអក្សរសិល្ប៍បាលីប្រទេសថៃបានអះអាងថាពុទ្ធបាទមាន៥ឋាន គឺស្ទឹងនម្មទា ភ្នំសច្ចពន្ធ ភ្នំសុមនកូដ ភ្នំសុវណ្ណមាលិក យោនកបុរី តាមរយៈពាក្យកាព្យបាលីវន្ទាមិពុទ្ធបាទ និងពាក្យកាព្យខ្មែរ ពុទ្ធបាទ៥ឋាន ថ្វាយបាយបត្តបូរ  សរសើរពុទ្ធស្ដាំ សរសើរពុទ្ធបាទឆ្វេង។ ពុទ្ធបាទបន្ថែមពីរកន្លែងក្រោយនេះ មិនមែនជាពុទ្ធបាទដែលព្រះពុទ្ធប្រតិស្ឋានទេហើយគ្មានសម្ដែងក្នុងគម្ពីរព្រះត្រៃបិដក និងអដ្ឋកថា ជាកាព្យបាលីរបស់អ្នកស្រុកយោនកបុរីតែងសម្រាប់សូត្រមនស្សការពុទ្ធបាទតែប៉ុណ្ណោះ។ រូបរាងពុទ្ធបាទមានពីរគឺ៖ ពុទ្ធបាទ១រួត គឺជាស្នាមបាទាព្រះពុទ្ធអង្គមានរូបកងចក្រនៅកណ្ដាល និងរូបមង្គលក៏មាន ហើយបាទាព្រះពុទ្ធខ្លះទៀតក៏ពុំមានឆ្លាក់ជារូបកងចក្រ រូបមង្គល និងមានត្រឹមស្នាមជើងក៏មាន។ សិល្បៈពុទ្ធបាទប្រភេទនេះ គឺមានបង្ហាញនៅប្រទេសឥណ្ឌា ភូមា ស្រីលង្កា ខ្មែរ ថៃដូចគ្នា (រូបលេខ១-៣)។

ពុទ្ធបាទម្យ៉ាងទៀត គឺពុទ្ធបាទ៤រួតដែលជាស្នាមបាទារបស់ព្រះពុទ្ធត្រួតលើគ្នា៤ជាន់មានរូបកងចក្រកណ្ដាលព្រះបាទរូបមង្គល១០៨នៅជុំវិញ(រូបលេខ៤)។

ប្រវត្តិពុទ្ធបាទ៤រួត

ពុទ្ធបាទ៤រួតជាពុទ្ធសិល្បៈថ្មី កើតនៅប្រទេសថៃចុងពុទ្ធសតវត្សរ៍ទី១៩ក្នុងសម័យសុខោទ័យមានបួនកន្លែងគឺនៅសុខោទ័យ ស្រីសញ្ជនាល័យ បាងផាន និងព្រះបាងដោយយកគម្រូតាមពុទ្ធបាទនៅភ្នំសុមនកូដក្នុងរជ្ជកាលស្ដេចលង្កាព្រះនាម ព្រះមហាធម្មរាជាលិទៃ។ ពុទ្ធបាទប្រភេទនេះ ប្រទេសឥណ្ឌា ភូមា លង្កា ដែលជាប្រទេសប្រតិបត្តិព្រះពុទ្ធសាសនាតាំងពីបុរាណមក គឺពុំទាន់មានឡើយ ប៉ុន្តែនៅប្រទេសថៃនិទានតំណាលពីព្រះពុទ្ធសមណគោត្តមនិមន្តទៅប្រោសវេនេយ្យសត្វនៅបច្ចន្តប្រទេស ជាមួយភិក្ខុសង្ឃ៥០០អង្គទ្រង់យាងដល់ភ្នំវេភារៈបព៌តក៏ទតយល់ស្នាមពុទ្ធបាទ ដែលព្រះពុទ្ធ៣អង្គបានត្រាស់ដឹងក្នុងកន្លងមកជាន់ទុកក្នុងទីនោះហើយព្រះអង្គក៏បរិវិតក្កពិចារណាឃើញថាជាពុទ្ធវិន័យពីបុរាណទើបព្រះអង្គប្រតិស្ឋានស្នាមព្រះបាទមួយទៀត ត្រួតពីលើស្នាមព្រះបាទរបស់ព្រះពុទ្ធមុន។ ទើបព្រះអង្គត្រាស់ទៅភិក្ខុសង្ឃទាំង៥០០អង្គក្នុងទីនោះឱ្យស្គាល់ថាកន្លែងជាតម្កល់ពុទ្ធបាទរបស់ព្រះសម្មាសម្ពុទ្ធទាំង៥ព្រះអង្គក្នុងភទ្រកប្បនេះគឺ ព្រះពុទ្ធកក្កុសន្ធៈ ព្រះពុទ្ធកោនាគមនៈ ព្រះពុទ្ធកស្សបៈ ព្រះសមណគោត្តម ព្រះអរិយមេត្តេយ្យ។ក្រោយពីព្រះសមណគោត្តមបរិនិព្វានបាន២០០០ឆ្នាំក៏មានអព្ភូតហេតុកើតឡើងនៅលើភ្នំវេភារធ្វើឱ្យប្រជារាស្ត្រ ស្ដេចក្នុងក្រុងឈៀងម៉ៃ ដឹងថាមានពុទ្ធបាទនៅលើកំពូលភ្នំក៏នាំគ្នាទៅបូជានមស្សការពុទ្ធបាទរហូតដល់រជ្ជកាលស្ដេចក្រោយធ្វើមណ្ឌបគ្របពីលើពុទ្ធបាទ។ លុះមកដល់ពុទ្ធសករាជ២៤៧២ទើបមានព្រះសង្ឃជនជាតិលានណា និងបរិស័ទ៥០០នាក់ទៅរុះរើមណ្ឌបចាស់ធ្វើមណ្ឌបថ្មីគ្របពីលើពុទ្ធបាទ។

ពុទ្ធសិល្បៈពុទ្ធបាទ៤រួត

បណ្ដាពុទ្ធបាទនៅប្រទេសឥណ្ឌា លង្កា ភូមា ខ្មែរ និងថៃ យើងឃើញមានតែ២ប្រទេសប៉ុណ្ណោះក្នុងចំណោមប្រទេសដែលកាន់ព្រះពុទ្ធសាសនាគឺប្រទេសថៃនិងប្រទេសខ្មែរដែលមានពុទ្ធសិល្បៈពុទ្ធបាទ៤រួត ព្រោះពុទ្ធសិល្បៈប្រភេទនេះបង្កើតឡើងផ្សារភ្ជាប់ជាមួយនិទានរបស់អ្នកស្រុកឈៀងម៉ៃនៅចុងពុទ្ធសតវត្សរ៍ទី១៩។ ដូច្នេះហើយទម្រង់ពុទ្ធសិល្បៈពុទ្ធបាទនេះមានលក្ខណៈខុសគ្នាពីសម័យមួយទៅសម័យមួយ(រូបលេខ៥-៨)។

ពុទ្ធសិល្បៈពុទ្ធបាទនៅប្រទេសខ្មែរ ទើបតែប្រទះឃើញនៅពាក់កណ្ដាលសតវត្សរ៍ទី២០ក្នុងបណ្ណាល័យវត្តទីឃវ័ន(ព្រៃវែង)ស្ថិតនៅសង្កាត់ពងទឹកខណ្ឌដង្ក រាជធានីភ្នំពេញ(អតីតបុរាណដ្ឋាន)ប្រភេទថ្មថ្លើមអណ្ដើកសាងឡើងនៅឆ្នាំ១៩២៩។

សរុបមកពុទ្ធសិល្បៈពុទ្ធបាទជានិមិត្តរូបនៃព្រះពុទ្ធអង្គសម្រាប់ពុទ្ធសាសនិកគោរពបូជានៅសម័យបុរាណរហូតមកដល់បច្ចុប្បន្ន។ ពុទ្ធបាទជាសាសនវត្ថុមួយក្នុងចំណោម៥ដែលព្រះពុទ្ធបានកំណត់ឱ្យបរិស័ទគោរពប្រណិប័តន៍តាងព្រះអង្គ។ ចំណែកពុទ្ធសិល្បៈពុទ្ធបាទកើតឡើងនៅថៃប្រទេសនិងវិវត្តន៍ជាបែបផែនផ្សេងៗ ពីទម្រង់ពុទ្ធសិល្បៈដើមទៅតាមការនិយមនិងគំនិតច្នៃប្រឌិតតាមសម័យកាលនីមួយៗ។ ចំពោះប្រទេសខ្មែរក៏ទទួលយកគម្រូពុទ្ធបាទប្រភេទនេះរួមផ្សំនឹងអ្វីខ្លួនមានបង្កើតបានជាសិល្បៈមួយបែបទៀត៕

អត្ថបទដោយ៖ រឹម ទិត្យបញ្ញា

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,000SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!