ទំព័រដើមទំនៀមទម្លាប់បុរាណជំនឿកិច្ចវត្ត​ព្រះសង្ឃគង់ចាំ​ព្រះវស្សា

កិច្ចវត្ត​ព្រះសង្ឃគង់ចាំ​ព្រះវស្សា

តាម​ទំនៀម​ជា​ប្រពៃណី​នៃពុទ្ធសាសនិក​ក្នុងសង្គមខ្មែរ​ ទាំង​រាស្រ្តសាមញ្ញ និង​ព្រះ​មហា​ក្សត្រ តែងរៀបចំ​​ប្រគេនទៀន​ព្រះវស្សា​ និង​អារាធនា​ព្រះ​សង្ឃ​ “ចូលព្រះ​វស្សា” និង​ “គង់​​​ចាំព្រះវស្សា”​​ ដែល​កំណត់​​ពី​ថ្ងៃ ​១រោច ខែ​អាសាឍ (រវាង​ខែ​កក្កដា) ដល់​​ថ្ងៃ ១៥កើត ខែ​​អស្សុជ (រវាង​ខែកញ្ញា)។ ក្នុង​រយៈ​ពេល​បី​ខែ​នេះ ព្រះសង្ឃដែលគង់​ចាំព្រះវស្សា​ក្នុង​វត្ត​នីមួយ​ៗ​ តែង​​គោរពប្រតិបត្តិ​​កិច្ច​វត្ត​តាម​ក្រឹត្យ​វិន័យ​​យ៉ាង​ខ្ជាប់​ខ្ជួន ​ទៅតាម​ពុទ្ធបញ្ញត្តិ និង​ពុទ្ធានុញ្ញាត​​ បើពុំ​នោះ​សោត​ទេ សមណសង្ឃ​ទាំង​ឡាយ​នឹង​ត្រូវ​​​អាបត្តិ។ មិន​តែ​ប៉ុណ្ណោះ​ក្នុង​វេលា​គង់​ចាំព្រះវស្សា ព្រះសង្ឃ​បាន​ឱកាស​ប្រតិបត្តិ​ធម៌​វិន័យ​ហ្មត់ចត់ ម៉ឺងម៉ាត់ ពិសេស​​ផ្នែក​គន្ថធុរៈ ពោលគឺ​ការ​សិក្សា​គម្ពីរ​ព្រះ​ត្រៃបិដក និង​វិបស្សនាធុរៈ ដែល​បាន​ដល់​ការ​​ធ្វើ​សមាធិ​ចម្រើន​​ធម៌ដើម្បី​ឃើញ​ច្បាស់​នូវ​សេចក្តី​ពិត​ក្នុង​លោក​ ជម្រះ​នូវ​គ្រឿង​មន្ទិល​សៅហ្មង​ក្នុង​ចិត្ត។

ជាការ​ពិត​​​ហេតុ​នៃការ​ប្រារព្ធចូលព្រះវស្សា​ ឬគង់ចាំព្រះវស្សា​​ក្នុង​ព្រះ​ពុទ្ធសាសនា​មាន​​សេចក្តី​លើក​ឡើង​ស្រដៀងគ្នា​ថា ក្នុងដើម​សម័យ​ពុទ្ធកាលការ​គង់ចាំព្រះវស្សា​របស់​ព្រះសង្ឃ​ពុំ​ទាន់​បញ្ញត្តិ​ឡើយ ដោយ​ព្រះសង្ឃ​អាច​និមន្ត​ទៅកាន់ទីផ្សេងៗ​បាន​គ្រប់ពេល​វេលា។ ឃើញ​បែប​​នេះមនុស្ស​ទាំង​ឡាយ​​ក៏​ពោលទោស​តិះដៀល​បន្តុះ​បង្អាប់ថា ពួក​សមណៈ​​ជា​សាក្យ​បុត្តិយ៍ មិន​សម​នឹង​ដើរ​ (ខុស​រដូវ​កាល) ជាន់​ស្មៅ​ស្រស់ ជាន់​សត្វ​ល្អិត​ៗ​ឱ្យ​​វិនាសសោះ។ សូម្បីអ្នកកាន់​លទ្ធិ​ដទៃ​​ក៏​គង់​សម្ងំ​​ឈប់​សម្រាក​ចាំវស្សា ឬសូម្បី​ពួក​សត្វ​ស្លាប​​ទៀត​សោត​ក៏​គង់​ធ្វើ​សំបុក​លើ​ចុង​ឈើ​ ហើយ​សម្ងំ​ឈប់​សម្រាក​​ក្នុង​វស្សាដែរ។ ពេល​មនុស្ស​ទាំង​ឡាយ​កំពុង​លើក​ទោស​បែបនេះ ពួកភិក្ខុ​ទាំង​នោះ​ក៏​បាន​ឮច្បាស់​នឹង​​ត្រចៀក​ផ្ទាល់ ហើយនាំ​​សេចក្តី​​នោះ​ទៅ​ក្រាប​​ទូល​​ព្រះ​​សម្ពុទ្ធ។ ព្រះអង្គ​ទ្រង់​ធ្វើ​ធម្មីកថា​ ត្រាស់​ហៅ​ភិក្ខុ​ទាំង​ឡាយ​មក​​អនុ​ញ្ញាត​ថា ម្នាល​ភិក្ខុ​ទាំង​ឡាយ តថាគត​អនុញ្ញាត​ឱ្យ​ភិក្ខុ​ចូលវស្សា។

ផ្អែក​លើ​​ការ​សិក្សា​ក្នុង​ពុទ្ធប្រវត្តិក៏បានឱ្យដឹងដែរថា ក្រោយ​ពីព្រះសម្មាសម្ពុទ្ធ​​ទ្រង់​បាន​សម្តែង​នូវ​ព្រះ​ធម្ម​ចក្កប្បវត្តនសូត្រ​ ឬហៅថា “ប្រោស​បញ្ចវគ្គីយ៍​ភិក្ខុ” នៅ​ថ្ងៃ​​១៥កើត ខែ​អាសាឍ​​រួ​ចហើយ ព្រះអង្គ​បន្ត​គង់​នៅ​ព្រៃ​ឥសិបតនមិគទាយ​វ័ន​​​​ចំនួន​៣ខែ ទម្រាំ​នឹង​ផុត​រដូវ​វស្សា​។ ទំនៀម​នេះ​បាន​ប្រព្រឹត្ត​ទៅ​ជា​ទម្លាប់​របស់​ព្រះ​ពុទ្ធ​អង្គ​ក្នុង​ការ​គង់​នៅ​​មួយ​កន្លែង​​រយៈ​ពេល​​៣ខែក្នុង​រដូវ​វស្សា​ រហូត​ក្រោយ​មក​ព្រះ​សម្មា​សម្ពុទ្ធ​​​ក៏​​អនុញ្ញាត​​​ឱ្យ​ភិក្ខុ​និង​សាមណេរ​ទាំង​ឡាយ​នៅគង់​ជា​ប្រចាំ​នៅ​តាម​វត្ត​ ឬ​កន្លែង​​ណា​មួយ​រយៈ​ពេល​៣​ខែ​​​​ នារដូវ​វស្សា​ ហើយ​ដែល​សង្គមខ្មែរ​ហៅថា “ព្រះ​សង្ឃ​គង់​ចាំ​ព្រះវស្សា”។

ព្រះសម្មាសម្ពុទ្ធទ្រង់​សម្តែង​នូវ​ព្រះធម្មចក្កប្បវត្តនសូត្រ​ប្រោស​បញ្ចវគ្គីយភិក្ខ

តាមទម្លាប់ខ្មែរ នៅក្នុង​ឱកាស​អារាធនា​ព្រះសង្ឃ​​ចូល​ព្រះវស្សា ពុទ្ធបរិស័ទតែង​តែ​នាំ​យក​​នូវទេយ្យ​ទាន​​​ផ្សេងៗ ​ប្រគេន​ព្រះសង្ឃ​​ប្រើប្រាស់​ក្នុង​វេលា​គង់​ចាំព្រះវស្សា​​​​​ដូចជា ទៀន ធូប ប្រេង ស្បង់ ចីវរ សំពត់សាដក អង្ករ ទឹក​ត្រី​ ទឹកស៊ីអ៊ី​វ និង​គ្រឿងសម្ភារៈ​ដទៃ​ទៀត​​ដែលរាប់​ទុក​ជា​បច្ច័យ​បួន​។ ប៉ុន្តែអ្វីដែលគេ​សម្គាល់ឃើញសំខាន់​ជា​ពិសេស​ជាងគេ គឺទៀន​ព្រះវស្សា ដែល​គេ​តែង​និយាយ​ថាជា​វត្ថុ​សំខាន់​ ​ត្រូវ​មាន​ខ្នាត​​ត្រឹមត្រូវ​ ហើយ​ប្រើ​សម្រាប់​អុជ​​នៅក្នុង​ព្រះវិហារ ​មិនឱ្យ​រលត់សោះឡើយ​ក្នុង​ថេរ​វេលា​​​​​​៣​ខែ។ ឯកសារ​ព្រះរាជពិធី​ទ្វាទស​មាស​បញ្ជាក់ថា រៀងរាល់ឆ្នាំ​នៅក្នុង​ខែអាសាឍ ព្រះមហា​ក្សត្រ​​ទ្រង់​តែង​យាង​បំពេញ​ព្រះរាជ​ពិធី​សិត​ទៀន​វស្សា​ថ្វាយ​ព្រះរតនត្រ័យ​ប្រព្រឹត្តទៅ​​នៅ​​ព្រះទីនាំង​​ទេវាវិនិច្ឆ័យ។​

ទៀន​ព្រះវស្សា​អុជ​តម្កល់​ក្នុង​ព្រះវិហារ​

ចំពោះក្នុង​ឱកាស​ធ្វើកិច្ច​ចូលព្រះវស្សា​នៅ​ល្ងាច​ថ្ងៃ១រោច ខែអាសាឍនោះ ព្រះ​សង្ឃ​ក្នុង​វត្ត​ទាំងអស់​ត្រូវ​ជួប​ជុំគ្នា​ក្នុង​ព្រះវិហារ សូត្រ​ប្រារព្ធ​ចូលព្រះវស្សា ដោយ​មាន​ព្រះ​ចៅអធិការ​ក្នុង​វត្ត​នីមួយៗ​ជាអ្នក​ដឹក​នាំ។ ក្នុង​វេលា​នោះ​ព្រះចៅអធិការ​វត្ត​តែង​ក្រើន​រំលឹក​​ដោយ​ធម្មសាសន៍ដូចជា ព្រះសង្ឃគង់ចាំព្រះវស្សាទាំងអស់​ត្រូវ​តាំង​ចិត្ត​គង់​​ស្ថិត​នៅ​​ក្នុង​វត្ត​​ដែល​បាន​យក​ជាទី​ចាំព្រះវស្សា​ឱ្យ​បាន​គ្រប់​ទាំង​៣ខែ ឬ​៨៨រាត្រី ចៀស​វាង​កុំឱ្យ​ដាច់​​វស្សា​ដោយ​មិន​ចាំបាច់។ ទន្ទឹមនឹង​នោះ ព្រះសង្ឃគង់ចាំវស្សាទាំងអស់​ត្រូវ​សិក្សា​ឱ្យ​បាន​ច្បាស់​និង​អនុវត្ត​តាម​ធម្មចក្កប្បវត្តនសូត្រ ដោយ​ការ​វៀរចាក​នូវ​អន្តធម៌ គឺធម៌​ជ្រុល​ទាំង​សង​ខាង ប្រកាន់ខ្ជាប់​ក្នុង​មជ្ឈិមាបដិបទា ឬផ្លូវ​កណ្តាល និង​ដើរ​តាម​មគ្គទាំង៨។ មិន​​តែប៉ុណ្ណោះ ត្រូវ​ដាស់​តឿន​​ខ្លួនឯង​ឱ្យ​បាន​ញឹក​ញាប់ទៅតាម​​អភិណ្ហប្បច្ចវេក្ខណធម៌​ទាំង​១០ ដែល​ព្រះបរម​គ្រូ​បាន​ដាស់​តឿន​ឱ្យ​ប្រព្រឹត្តជា​ប្រចាំ ដើម្បី​ចម្រើន​ដល់ខ្លួន​ជា​បព្វជិត។ លើស​ពីនេះ នៅក្នុង​វេលាគង់ចាំព្រះវស្សា ទាំងភិក្ខុសង្ឃនិង​សាមណេរទាំងអស់ ត្រូវ​ធ្វើ​កិច្ច​វត្ត​នមស្សការ​ថ្វាយ​បង្គំព្រះរតនត្រ័យ​ឱ្យ​បាន​ទៀង​ទាត់​ទាំងព្រឹក ទាំងល្ងាច និង​ចម្រើន​​​​ព្រះបរិត្ត ព្រម​ទាំង​ផ្សព្វ​ផ្សាយ​នូវ​មេត្ត​ធម៌​ដល់សព្វសត្វផង។

ព្រះសង្ឃគង់នៅវត្តល្វា (សៀមរាប) កំពុង​ធ្វើកិច្ចវត្ត​ក្នុងវេលា​គង់ចាំព្រះវស្សា

នៅក្នុង​វេលាគង់ចាំព្រះវស្សា​នេះ ​គេដឹងថាព្រះសង្ឃ​តែងមាន​តំណម​យ៉ាង​តឹងរ៉ឹង​ដាច់ខាត គឺមិនអាច​និមន្ត​ចេញក្រៅវត្ត​ឱ្យ​ហួស​កន្លង​រំលង​រាត្រីឡើយ ពោល​គឺ​ត្រូវ​និមន្ត​ត្រឡប់ចូលវត្ត​វិញ​មុនថ្ងៃរះ។ ប៉ុន្តែមាន​ហេតុខ្លះ​ដែល​ព្រះអង្គទ្រង់​ពុទ្ធានុញ្ញាត​ឱ្យ​និមន្ត​កន្លង​​​រាត្រីបានដូចជា ទៅថែទាំមាតាបិតាឈឺ គ្រូឧបជ្ឈាយ៍អាពាធ ឬ​ពុទ្ធ​បរិស័ទ​នៅ​ទីឆ្ងាយ​​និមន្ត (មិនអាចត្រឡប់មកបាន) ត្រូវសុំ​សត្តហៈ​មុននិមន្ត​ចេញពី​វត្ត (បាន​៦ យប់​៦ថ្ងៃ) តែ​ត្រូវ​​ត្រឡប់មកវិញមុនថ្ងៃរះនៃថ្ងៃទី៧។​ ក្រៅពីការប្រវត្តិកិច្ច​វត្ត​តាមគន្លង​វិន័យខាងលើ នៅ​ក្នុង​សង្គម​ខ្មែរ​គេ​តែង​សង្កេត​ឃើញ​ទម្លាប់តាម​ស្រុកភូមិខ្លះ ព្រះសង្ឃ​តែង​​និមន្ត​ជ្រើស​រើស​​​វត្ត​​ដើម្បីគង់​ចាំ​ព្រះ​វស្សា ដែល​ខ្លួនអាច​មានឱកាស​សិក្សា​រៀនសូត្រ​ក្នុង​។ បើព្រះសង្ឃ​ក្មេង​វស្សា​​ដែល​ទើប​នឹង​បួស​រៀន ច្រើនតែរៀនធម្មវិន័យ (ថ្នាក់​ត្រី ថ្នាក់​ទោ ថ្នាក់ឯក)​ ក្នុង​វេលា​នោះ។  ​​មិន​តែប៉ុណ្ណោះ ទម្លាប់​ស្រុកខ្លះតែង​ចាត់វេនគ្នា​យក​ចង្ហាន់​មក​ប្រគេនព្រះសង្ឃ​គង់​​​ចាំ​ព្រះវស្សា មិន​ឱ្យ​ព្រះសង្ឃនិមន្ត​ចេញ​​បិណ្ឌបាត្រ​ឡើយ ពោលគឺ​គង់នៅក្នុង​វត្ត​សិក្សា​រៀនសូត្រ ថែទាំវត្តតាម​ក្រឹត្យវិន័យ​។ ដោយឡែក​ក្នុង​រយៈ​ពេល​​ចូល​ព្រះ​វស្សា​​នេះ​ផង​ដែរ ​គេ​សម្គាល់​ឃើញថា​បុរាណខ្មែរ​​​តែង​​មាន​តំណម​មិន​ប្រារព្ធ​កិច្ច​អ្វី​ឡើយ​​ដូច​ជា រៀមមង្គល​ការ​កូនចៅ ឬឡើង​ផ្ទះ​ថ្មី​ជាដើម​ ដ្បិត​លោក​យល់ថា​ជា​វេលាឥត​មាន​ឫក្ស​​​ល្អ ឥតមាន​ជោគ​ជ័យ និង​ឥតមាន​ស្រី​សួស្តី វៀរលែង​តែ​បុណ្យ​ខ្មោច​ដែល​ចៀស​ខាន​មិន​​ប្រារព្ធមិនបាន៕

ព្រះសង្ឃបោសសម្អាតវត្ត​ក្នុងវេលាគង់ចាំព្រះវស្សា
ព្រះបន្លឺ​ជួងជាសញ្ញា​ត្រូវ​និមន្ត​ចូលថ្វាយបង្គំព្រះក្នុង​ព្រះវិហារ

អត្ថបទដោយ៖ ហៀន សុវណ្ណមរកត

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,100SubscribersSubscribe
- Advertisement -spot_img
error: Content is protected !!