ដូចធ្លាប់ដឹងមកហើយថា នៅចុងសម័យហ្វូណនបដិមាជាច្រើនដែលគេបានរកឃើញនៅតំបន់ភាគខាងត្បូងច្រើនតែទាក់ទងជាមួយនិកាយវៃស្នវ (និកាយព្រះវិស្ណុ)។ ក្រោយមកបន្តិច នៅរវាងដើមស.វ.ទី៧ ការគោរពដល់និកាយសិវហាក់មានភាពលេចធ្លោយ៉ាងខ្លាំងនៅក្នុងសង្គមខ្មែរ ជាពិសេស គឺការប្រតិស្ថានសិវលិង្គយ៉ាងច្រើនសន្ធឹកសន្ធាប់ពាសពេញអាណាចក្រចេនឡា។ ជាការគួរកត់សម្គាល់ នៅស.វ.ទី៩ ជាពិសេសនៅក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៣ ការគោរពបូជាព្រះវិស្ណុចាប់ផ្តើមមានសន្ទុះឡើងវិញយ៉ាងខ្លាំង ហើយគេដឹងទៀតថាព្រះបរមបច្ឆាមរណនាមរបស់ទ្រង់ក៏មានទំនោរទៅរកនិកាយវិស្ណុដែរ ពោល គឺ វិស្ណុលោក។ នៅក្នុងសម័យនោះ គេបានរកឃើញបដិមាព្រះវិស្ណុជាច្រើន ជាពិសេស គឺនៅតាមប្រាសាទមួយចំនួននៅលើភ្នំគូលែន ហើយភាគច្រើនសុទ្ធសឹងជាបដិមាព្រះវិស្ណុមានព្រះហស្តបួន។ នៅក្នុងអត្ថបទនេះ យើងនឹងបង្ហាញអំពីបដិមាព្រះវិស្ណុមួយដែលរកឃើញនៅប្រាសាទរូបអារក្ស នៅលើភ្នំគូលែន ហើយលោក Phillipe Stern ចាត់ចូលនៅក្នុងសិល្បៈរចនាបថគូលែន។ តើបដិមាព្រះវិស្ណុមកពីប្រាសាទរូបអារក្ស មានប្រវត្តិ និងលក្ខណៈដូចម្តេចខ្លះ?
បដិមាព្រះវិស្ណុនេះ រកឃើញតាមរយៈការធ្វើកំណាយនៅប្រាសាទរូបអារក្ស (លើភ្នំគូលែន) ស្រុកស្វាយលើ ខេត្តសៀមរាប នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ១៩៣៦ ក្នុងពេលដែលលោក Phillipe Stern ចុះសិក្សាស្រាវជ្រាវនៅតំបន់ភ្នំគូលែន។ នៅពេលរកឃើញដំបូង បដិមានេះបានបាក់បែកផ្នែកមួយចំនួន ជាពិសេសព្រះហស្តទាំងពីរដែលស្ថិតនៅផ្នែកខាងក្រោម និងផ្នែកព្រះសិរនៅខាងក្រោយ។ បដិមានេះធ្វើអំពីថ្មភក់ មានកម្ពស់ប្រវែង ១,៤២ម៉ែត្រ និងទទឹង ០,៥៧ម៉ែត្រ ហើយបានបញ្ជូនមករក្សាទុក និងដាក់តាំងបង្ហាញនៅសារមន្ទីរជាតិហ្គីមេត ទីក្រុងប៉ារីស ប្រទេសបារាំងនៅក្នុងឆ្នាំ១៩៣៦។ បដិមានេះ សិល្បករស្ថាបនាឡើងដោយមានក្បាច់រាងដូចដែកក្រចកសេះជុំវិញដើម្បីធ្វើជាជន្ទល់សម្រាប់ទប់ ហើយបច្ចេកទេសបែបនេះ គឺយើងធ្លាប់ឃើញមាននៅក្នុងរចនាបថភ្នំដា និងរចនាបថសំបូរព្រៃគុក ពោល គឺមានន័យថាសិល្បករនៅក្នុងរចនាបថគូលែននេះ ត្រឡប់ទៅប្រើប្រាស់បច្ចេកទេសដើមឡើងវិញ។
បដិមាព្រះវិស្ណុរកឃើញនៅប្រាសាទរូបអារក្ស (មើលពីខាងមុខ និងក្រោយ)
បដិមានេះពាក់មកុដរាងស៊ីឡាំងខ្ពស់ ដែលជាទម្រង់ទូទៅនៃបដិមារចនាបថគូលែន ប៉ុន្តែមកុដនេះហាក់មានកម្ពស់ខ្ពស់ជាងរចនាបថមុនៗ។ បដិមាមានទម្រង់ព្រះភក្រ្តរាងមូលទ្រវែងក្នុងទម្រង់ស្ងប់ស្ងាត់ (សមាធិ) ច្រមុះមានខ្ទង់ ស្លឹកត្រចៀកវែង ចិញ្ចើមដាច់ចេញពីគ្នា ព្រះនេត្រធ្មេចបិទ (មានត្របក) បបូរមាត់ក្រាស់ និងមានពុកមាត់ក្រាស់រាងដូចទឹករលក។ ការបង្ហាញពុកមាត់បែបនេះ គេធ្លាប់ឃើញមានម្តងនៅលើបដិមាព្រះហរិហរដែលរកឃើញនៅប្រាសាទអណ្តែត ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ប៉ុន្តែបដិមាព្រះវិស្ណុព្រះហស្តប្រាំបីដែលគេរកឃើញនៅលើភ្នំដា ស្រុកអង្គរបុរី ខេត្តតាកែវ ពុំមានពុកមាត់ដូចបដិមាព្រះវិស្ណុរកឃើញនៅប្រាសាទរូបអារក្សឡើយ។ ដងខ្លួនបដិមាមានទំហំមិនធំមិនតូច ហើយវាមានភាពស៊ីគ្នាជាមួយនឹងស្មារបស់បដិមា។ បដិមានេះស្លៀកសំពត់ខ្លី ដោយមានជាយសំពត់ធ្លាក់សំយាកលើភ្លៅខាងឆ្វេង ហើយមានជាយធ្លាក់សំយ៉ុងរាងដូចយុថ្កាចំនួនពីរជាន់ ដែលផ្នែកខាងក្នុងមានប្រវែងវែងជាងផ្នែកខាងក្រៅ។ ជាទូទៅ បដិមារចនាបថគូលែន ដែលមានជាយរាងដូចយុថ្កាធ្លាក់ចំនួនពីរជាន់បែបនេះ គឺមិនសូវឃើញមានឡើយ។ ព្រះហស្តខាងស្តាំផ្នែកខាងលើកាន់កងចក្រ ហើយផ្នែកខាងក្រោមបានបាត់បង់ទៅហើយ ប៉ុន្តែជាទូទៅព្រះហស្តខាងស្តាំផ្នែកខាងក្រោមនេះច្រើនតែកាន់ដុំមូល (ផែនដី)។ រីឯព្រះខាងឆ្វេងផ្នែកខាងលើកាន់ខ្យងស័ង្ខ ហើយផ្នែកខាងក្រោមក៏បាត់បង់ដែរ តែយើងអាចដឹងថាទំនងជាកាន់ដំបង ដ្បិតជាទូទៅបដិមាព្រះវិស្ណុដែលរកឃើញនៅលើភ្នំគូលែន ឬតំបន់ផ្សេងទៀតដែលស្ថិតនៅសម័យកាលរចនាបថគូលែនជាមួយគ្នា គឺច្រើនតែឃើញបដិមាព្រះវិស្ណុដែលមានព្រះហស្តបួនកាន់កេតនភណ្ឌដូចៗគ្នាបែបនេះឯង។
(លម្អិតពាក់កណ្តាលខ្លួខាងលើ)
(មើលពីមុខ ចំហៀងខាងឆ្វេង)
លក្ខណៈជាទូទៅនៃបដិមាព្រះវិស្ណុរកឃើញនៅប្រាសាទរូបអារក្ស គឺមិនសូវខុសគ្នាឆ្ងាយពីបដិមាចំនួន ៦ ផ្សេងទៀតឡើយ។ ក្នុងនោះមានបដិមាព្រះវិស្ណុចំនួន ៣ រកឃើញនៅប្រាសាទដំរីក្រាប (បដិមាចំនួន ២ ក្នុងចំណោម ៣ នេះ កំពុងរក្សាទុកនៅសារមន្ទីរជាតិកម្ពុជា ដែលរកឃើញដោយលោក Pierre Dupont ក្នុងឆ្នាំ១៩៣៨) បដិមាព្រះវិស្ណុចំនួន ២ រកឃើញនៅប្រាសាទថ្មដាប់ (បដិមាទាំង ២ នេះ រកឃើញដោយលោក Phillipe Stern ក្នុងឆ្នាំ១៩៣៦ ដែលសព្វថ្ងៃបដិមាមួយរក្សាទុកនៅសារមន្ទីរជាតិកម្ពុជា និងមួយទៀតរក្សាទុកនៅសារមន្ទីរជាតិហ្គីមេត ប្រទេសបារាំង) និងបដិមាព្រះវិស្ណុ ១ ទៀតរកឃើញនៅប្រាសាទរូបអារក្សដូចគ្នា (សព្វថ្ងៃនៅសារមន្ទីរឯកជនមួយនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស)។
ជារួមមក បដិមាព្រះវិស្ណុព្រះហស្តបួនដែលរកឃើញនៅប្រាសាទរូបអារក្ស (លើភ្នំគូលែន) អាចចាត់ទុកថា ជាសិល្បៈព្រហ្មញ្ញសាសនានិកាយវៃស្នវដែលបានបន្តពីសម័យមុនៗ ជាពិសេសសម័យហ្វូណន (រចនាបថភ្នំដា)។ លក្ខណៈទូទៅរបស់បដិមានេះ គឺមានលំនាំទៅរករចនាបថដំបូងៗនៃសិល្បៈខ្មែរ ជាពិសេស គឺប្រើប្រាស់បច្ចេកទេសទប់ដោយចម្លាក់រាងដូចដែកក្រចកសេះ និងទប់ដោយដំបង។ ការលម្អនៅលើសំពត់របស់បដិមានេះ វាអាចជាមូលដ្ឋានគ្រឹះមួយដែលបានកែប្រែខ្លះៗនៅសម័យបន្តបន្ទាប់៕
អត្ថបទដោយ៖ លោក ម៉ង់ វ៉ាលី